សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 5, 2011

រដ្ឋាភិបាល​ស្នើ​សុំ​ជំនួយ​ពី​អ.ស.ប.​ដើម្បី​សង្គ្រោះ​អ្នក​រង​គ្រោះ​ដោយ​ទឹក​ជំនន់

 FA/Mondulkeo
២៩-កញ្ញា-២០១១៖ ទឹក​ជំនន់​ជន់​លិច​ភូមិ​មួយ
ស្ថិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ស្វែង​រក​ជំនួយ​ពី​អន្តរជាតិ រាប់​ទាំង​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.) ផង ដើម្បី​ដោះស្រាយ​ការ​ខូចខាត​នានា ដោយសារ​គ្រោះ​ទឹក​ជំនន់​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១១ នេះ។

 រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១១ បាន​ស្នើ​សុំ​ប្រធាន​អង្គការ​ស្បៀង និង​កសិកម្ម របស់​អង្គការ​សហប្រជាជាតិ ហ្វាវ (FAO) ឲ្យ​ជួយ​ផ្ដល់​ស្បៀង​អាហារ និង​ស្រូវ​ពូជ​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ដល់​កសិករ​ខ្មែរ​ប្រមាណ ២​សែន​គ្រួសារ ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ខេត្ត​ចំនួន​១៥។
ការ​ស្នើ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក ហោ ណាំងហុង ជា​ឧបនាយករដ្ឋមន្ត្រី ជាមួយ​អ្នកស្រី នីណា ប្រែនស្រ្តាប់ (Nina Brandstrup) ដែល​ជា​ប្រធាន​ថ្មី​របស់​អង្គការ​អាហារ និង​កសិកម្ម របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (Food and Agriculture Organization of the United Nations)។ 
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​នោះ​ថា ទឹក​ជំនន់​ឆ្នាំ​២០១១ នេះ មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុនៗ ដែល​កម្ពុជា​ត្រូវការ​ជំនួយ​អន្តរជាតិ​ជា​បន្ទាន់ ៖ «អ្វី​ដែល​សំខាន់​នៅ​ពេល​ចំពោះ​មុខ​នេះ គឺ​ប្រជាពលរដ្ឋ​ដែល​ទទួល​ផល​ប៉ះពាល់​ហ្នឹង ត្រូវការ​ស្បៀង​អាហារ​ជា​បន្ទាន់។ ទី​២ គឺ​ស្រូវ​ពូជ។ បន្ទាប់​ពី​ទឹក​ដែល​ស្រក​ទៅ​វិញ គឺ​ត្រូវការ​ដាំ​ដុះ​ជា​បន្ទាន់ ដូច្នេះ​ស្រូវ​ពូជ​ជា​បញ្ហា​សំខាន់»
ហោ ណាំហុង ហ្វាវ ៣០៥
៤-តុលា-២០១១៖ លោក​រដ្ឋមន្ត្រី និង​ជា​ឧបនាយករដ្ឋមន្ត្រី ហោ ណាំងហុង ជួប​ជាមួយ​ប្រធាន​ថ្មី​របស់​អង្គការ​ស្បៀង និង​កសិកម្ម របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា អ្នកស្រី នីណា ប្រែនស្រ្តាប់ (Nina Brandstrup)។ RFA/Sok Serey
លោក កុយ គួង បាន​ដក​ស្រង់​ប្រសាសន៍​របស់​អ្នកស្រី នីណា ប្រែនស្រ្តាប់ នៅ​ក្នុង​ជំនួប​នោះ​ថា  ៖ អ្នកស្រី​នឹង​ពិនិត្យ​មើល​សំណើ​នេះ​នៅ​ពេល​ដែល​អ្នកស្រី​ជួប​ជាមួយ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា ដើម្បី​លម្អិត​អំពី​បញ្ហា​ជំនួយ​នេះ ៖«ក្រុម​ការងារ​អ្នកស្រី​នឹង​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ​ឯង»
ប្រជាពលរដ្ឋ​ឈ្មោះ សុធន់ នៅ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង បាន​ថ្លែង​ថា ស្រូវ​ពូជ​ប្រដេញ​ទឹក​បាន​ឡើង​ថ្លៃ​ពី ១.៤០០​រៀល ក្នុង​១​គីឡូក្រាម​មក​តម្លៃ ២.៧០០​រៀល ក្នុង​១គីឡូក្រាម ៖ «ទឹក​ជំនន់​ឥឡូវ​ហូរ​កាត់ បាក់​ផ្លូវ​បាក់​អី ប៉ុន្តែ​ផ្ទះ​ខ្ញុំ​អត់​អី​ទេ ផ្ទះ​ខ្ញុំ​ខ្ពស់។ ដាច់​ផ្លូវ​ច្រើន​ណាស់ ហើយ​ទៅ​ទឹក​ទន្លេ​លិច​ហូរ​តាម​ភូមិ ដើរ​ទៅ​ណា​មិន​រួច នៅ​តែ​លើ​ផ្ទះ ហើយ​ប្រជាជន​អត់​បាយ​ច្រើន​ណាស់។ ស្រែ​រលួយ រលួយ​អស់ ក្បែរ​ភូមិ​ក៏​រលួយ​ដែរ​លោក»
ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១​នេះ បាន​សម្លាប់​ប្រជាពលរដ្ឋ​ចំនួន ១៤៨​នាក់។ ដី​ស្រែ​ចំនួន​ជាង ៣​សែន​ហិកតារ​បាន​រង​ការ​លិចលង់។ ប្រជាពលរដ្ឋ​ជាង ១​សែន​៧​ម៉ឺន​គ្រួសារ រង​ផល​ប៉ះពាល់។ ផ្លូវ​ជាតិ​ប្រវែង​ជាង ១០០​គីឡូម៉ែត្រ រង​ការ​ខូចខាត និង​ផ្លូវ​លំ​នៅ​តាម​ជនបទ​ប្រវែង​ជាង ១.៨០០​គីឡូម៉ែត្រ បាន​រង​ការ​ខូចខាត។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​បន្ទាន់​មួយ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដើម្បី​ចាត់​វិធានការ​ដោះស្រាយ​គ្រោះ​ទឹក​ជំនន់​ជា​បន្ទាន់ ដោយ​បាន​សម្រេច​ផ្ដល់​ជំនួយ​ថវិកា​ចំនួន ២០០​លាន​រៀល ស្មើ​នឹង ៥​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ខេត្ត​នីមួយៗ ក្នុង​ចំណោម​ខេត្ត​ចំនួន ១៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់។ 
រដ្ឋាភិបាល​បាន​ត្រៀម​អង្ករ​ចំនួន ១.៦០០​តោន សម្រាប់​សង្គ្រោះ​បន្ទាន់ នៅ​ពេល​ប្រជាពលរដ្ឋ​ដាច់​ស្បៀង​អាហារ៕


ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes