សេចក្តីរាយការណ៍បានអោយដឹងថា ការកោះហៅនោះ ចៅក្រមសាលាដំបូង បានធ្វើការសាកសួរលើកម្មការិនីម្នាក់ម្តងៗ។
កម្មការិនី ទឹម ស៊ីឡាត់ បំរើការនៅរោងចក្រ M & V ដែលចូលបំភ្លឺតុលាការនៅព្រឹកថ្ងៃទី២៤តុលា ឆ្នាំ២០១១ បានអោយដឹងថា លោកចៅក្រម បានសួរនាំពីមូលហេតុ ដែលកម្មករ ប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយគាត់បានឆ្លើយថា ពីព្រោះដោយសារតែតុលាការបានចេញដីកាមកថា ពួកគាត់ធ្វើការបានតែពីរខែ វាមិនត្រឹមត្រូវ ពីព្រោះគាត់មិនមែន ធ្វើការបាន ២ខែទេ គឺធ្វើបាន៣ ទៅ ៤ឆ្នាំមកហើយ រហូតមកដល់ពេលគេអោយឈប់ នៅថ្ងៃទី១ តុលា ឆ្នាំ២០១១។
កម្មកររូបនោះ បានបន្តថា លោកចៅក្រម ក៏បានសួរទៀតថា កម្មករចង់បានអ្វី បានជាប្តឹងជំទាស់?។ គាត់បានឆ្លើយតបទៅវិញថា មិនចង់បានអ្វីទេ ក្រៅពីសុំចូលធ្វើការងារ ដូចធម្មតាឡើងវិញ។
ចំណែកលោក ចំណាន មន្ត្រីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា ការសាក
សួរកម្មការិនី មានភាពមិនប្រក្រតី ត្រង់ក្រឡាបញ្ជីរបស់លោកចៅក្រម បានសួរកម្មករម្តងម្នាក់ៗ ដោយថា តើលាលែងពីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានដែរឬទេ?។ ប៉ុន្តែកម្មករបានឆ្លើយតបថា
មិនលាលែងទេ។
សូមបញ្ជាក់ថា កម្មករ កម្មការិនី រោងចក្រ អឹមអែនវី បានធ្វើកូដកម្ម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ រហូតដល់ថ្ងៃទី១១ តុលា ឆ្នាំ២០១១ ដើម្បីប្រឆាំងនឹងការបញ្ឈប់តំណាងកម្មករពីការងារជាង ២០ នាក់។ ប៉ុន្តែនៅថ្ងៃទី១១តុលា ឆ្នាំ២០១១ ក្រុមកម្មករ ទទួលបានលិខិតបង្គាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ឲ្យកម្មករកម្មករិនីទាំងអស់ ចូលបំរើការងារជាធម្មតាវិញ ដើម្បីរង់ចាំក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាស្ថាប័នដោះស្រាយវិវាទការងារ បើកសវនាការជំរំជំរះសេចក្តីលើជម្លោះក្នុងរោងចក្រកាត់ដេរ M &V។
ក៏ប៉ុន្តែនៅរសៀលថ្ងៃទី១១តុលា ឆ្នាំ២០១១ ចៅក្រមតុលាការខេត្តកំពង់ឆ្នាំង បានចេញដីការក្សាការពារ តាមពាក្យបណ្តឹងរបស់ថៅកែរោងចក្រ ដោយតម្រូវឲ្យកម្មករចូលធ្វើការឡើងវិញ និងបញ្ឈប់កម្មករពីការងារចំនួន ១៥ នាក់៕
BY:CEN
No comments:
Post a Comment
yes