សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 20, 2011

ពលរដ្ឋ​ចោទ​ទាហាន​នៅ​ពោធិ៍សាត់​ថា​រំលោភ​យក​ដី

 ជម្លោះ​ដីធ្លី​រវាង​ក្រុម​ទាហាន​អតីត​កងពល​លេខ ៧១ ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​អូរដីកា ស្ថិត​ក្នុង​ភូមិ​ស្ទឹងថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​ជិត ៣​ខែ​កន្លង​ទៅ។


 អ្នកស្រី ពិន មុំ ជា​ប្រជាពលរដ្ឋ​រស់​នៅ​ចំណុច​អូរដីកា រយៈពេល​ជាង​ដប់​ឆ្នាំ​មក​ហើយ ហើយ​អ្នកស្រី​ក៏​ជា​ជំនួយការ​ភូមិ​ថ្មី។ អ្នកស្រី​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ក្រុម​ទាហាន​ដែល​អ្នកស្រី​ស្គាល់​ថា ជា​អតីត​កងពល​លេខ ៧១ ដែល​មាន​លោក​វរសេនីយ៍ឯក គឹម ពៅ ជា​មេបញ្ជាការ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ បាន​មក​ដក​បំផ្លាញ​របង​ផ្ទះ​អ្នកស្រី និង​ផ្ទះ​អ្នក​ភូមិ​មួយ​ចំនួន​ទៀត រួច​យក​ឈើ​មក​សាងសង់​ផ្ទះ​លើ​ដី​របស់​អ្នកស្រី និង​អ្នក​ភូមិ​ទាំង​នោះ​តែម្ដង។
អ្នកស្រី​បន្ត​ថា ក្រុម​ទាហាន​ទាំង​នោះ​បាន​គំរាម​ថា បើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ចេញ​មុខ​មក​តវ៉ា គេ​នឹង​ប្រើ​កម្លាំង​តប​ត​វិញ​ភ្លាម៖ «អ្នក​ស្រុក​យើង​អត់​មាន​នរណា​ហ៊ាន​ធ្វើ​អី​ទេ ព្រោះ​កម្លាំង​វា​ដាក់​មក​ច្រើន​ណាស់ ហើយ​មាន​កាំភ្លើង​គ្រប់​គ្នា​ទៀត។ ខ្ញុំ​ឆ្ងល់​ថា មិន​ដឹង​ជា​ហេតុ​អី​បាន​ជា​លោក​អភិបាល​ស្រុក​គាត់​ដឹង​ដែរ តែ​គាត់​មិន​មាន​ការ​ជួយ​អន្តរាគមន៍​អី​ទាំង​អស់។ ពួក​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ណាស់ អាជ្ញាធរ​ហាក់​ព្រងើយ​កន្តើយ​ចំពោះ​កង្វល់​របស់​ប្រជាពលរដ្ឋ»
លោក គឹម ពៅ ជា​អតីត​ប្រធាន​កងពល​លេខ ៧១ និង​បច្ចុប្បន្ន​ជា​នាយ​រង​ការិយាល័យ​ទី ៣ កងទ័ព​ជើង​គោក។ លោក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។ លោក​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​រឿង​នេះ​ទេ។ លោក​ថា ពល​ទាហាន​ខ្លះ​មាន​ដី​ធ្លី​នៅ​តំបន់​នោះ​តាំង​ពី​សម័យ​សមាហរណកម្ម​មក​ម្ល៉េះ ហើយ​ឥឡូវ​ពួកគេ​បាន​ទៅ​កសាង​លំនៅ​លើ​ដី​ពួកគេ ហើយ​អាច​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ប្រជាពលរដ្ឋ។
លោក​បញ្ជាក់​ដូច្នេះ៖ «ខ្ញុំ​ដូច​ជា​អត់​បាន​ដឹង​ទេ​រឿង​នេះ។ តែ​ខ្ញុំ​គ្រាន់តែ​ដឹង​ថា មាន​ទាហាន​ខ្លះ​គាត់​ទៅ​សង់​ផ្ទះ​លើ​ដី​គាត់។ ខ្ញុំ​ពិបាក​ដែរ ព្រោះ​ខាង​ខ្ញុំ​មាន​លិខិត​ស្នាម​ស្រប​ច្បាប់​អស់​ហើយ តែ​គេ​ដូច​ជា​នៅ​តែ​មាន​បញ្ហា»
យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ដែនដី​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ទាហាន​មួយ​ក្រុម​មក​រំលោភ​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​មែន។ លោក សេង ផេង ជំទប់​ទី​១​ឃុំ​ប្រមោយ មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ចុះ​មក​ធ្វើការ​សម្របសម្រួល​ដោយ​សំណូមពរ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​អត់​ធ្មត់​ដើម្បី​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​ក្រុម​ទាហាន​ទាំង​នោះ៖ «អាជ្ញាធរ​ឃុំ និង​ស្រុក​បាន​ចុះ​ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ និង​សំណូមពរ​ឲ្យ​គាត់​កុំ​ឲ្យ​ប្រើ​អំពើ​ហិង្សា​លើ​កង​កម្លាំង​ដែល​បាន​មក​រំលោភ​នោះ។រឿង​ហ្នឹង​ទុក​ឲ្យ​ថ្នាក់​លើ​ដោះស្រាយ»
កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា អាជ្ញាធរ​ខេត្ត​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយ​ដែល​មាន​សមាសភាព​ចម្រុះ​ដើម្បី​ដោះស្រាយ​ទំនាស់​នេះ។ ប៉ុន្តែ​ភាគី​ទាហាន​អតីត​កងពល​លេខ ៧១ ហាក់​មាន​ការ​មិន​ពេញ​ចិត្ត ដោយ​ចោទ​ប្រកាន់​ថា ក្នុង​សមាសភាព​ខ្លះ​ក្នុង​គណៈកម្មការ​នេះ​មាន​ឈ្មោះ​កាន់កាប់​ដីធ្លី​ដែល​កំពុង​មាន​ទំនាស់​នេះ​ផង​ដែរ។
យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន មាន​ប្រសាសន៍​ថា ចំពោះ​ករណី​ខាង​លើ​នេះ ក្រសួង​ការពារ​ជាតិ និង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី គួរ​តែ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់។ លោក​ថា ការ​អូស​បន្លាយ​ក្នុង​ដំណោះស្រាយ​បញ្ហា​ជា​យថាហេតុ អាច​បង្ក​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត ដែល​អាច​ធ្វើ​ឲ្យ​សាបរលាប​ដល់​កិត្តិនាម​នៃ​កង​យោធពល​ខេមរភូមិន្ទ៕



វិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes