ការប៉ះទង្គិចមួយបានកើតឡើងរវាងប្រជាសហគមន៍ព្រៃឡង់ និងកងកម្លាំងប្រដាប់អាវុធ មាននគរបាល និងកងរាជអាវុធហត្ថនៅចំណុចភូមិជាំប្រអប់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១។
តំណាងប្រជាសហគមន៍ព្រៃឡង់ដែលជាជនជាតិដើមភាគតិចព្នង មកពីខេត្តស្ទឹងត្រែង លោក យ៉ែម សុខខូយ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ប្រជាសហគមន៍ព្រៃឡង់ចំនួនប្រមាណជាង ៣០០នាក់ ដែលកំពុងស្ថិតក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ បានដុតឈើនៅទីតាំងអាជីវកម្មឈើខុសច្បាប់មួយកន្លែងនៅភូមិជាំប្រអប់ បន្ទាប់មកកងកម្លាំងប្រដាប់អាវុធស្រុកសណ្ដាន់ប្រមាណ ១០០នាក់ បានឡោមព័ទ្ធចាប់លោក ឈុត វុទ្ធី ដែលជានាយកនៃអង្គការការពារធនធានធម្មជាតិ ដោយចោទលោកថា ជាអ្នកញុះញង់ប្រជាសហគមន៍។
នាយកអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ថ្លែងថា ទង្វើរបស់កងកម្លាំងប្រដាប់អាវុធចំពោះរូបលោក និងប្រជាសហគមន៍ បានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរខេត្តកំពង់ធំ នៅពីក្រោយបទល្មើសព្រៃឈើនៅតំបន់នោះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក ឆេង សុភ័ស្ត មានប្រសាសន៍ថា ទាក់ទិននឹងបញ្ហានេះ គួរតែមានការចរចាគ្នារវាងអាជ្ញាធរ និងលោក ឈុត វុទ្ធី។
ប្រជាសហគមន៍ព្រៃឡង់អះអាងថា គិតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ បានរកឃើញ និងដុតបំផ្លាញឈើខុសច្បាប់ យ៉ាងហោចណាស់ជាង ២០កន្លែង ដែលមួយកន្លែងៗមានគំនរឈើពី ១០ ទៅ ២០ម៉ែត្រត្រីគុណ ចាប់រណារសម្រាប់អារ និងផ្ដួលរំលំដើមឈើបានចំនួន ៣គ្រឿង និងកៅឡាក់មួយគ្រឿង ដែលជាភស្តុតាងនៃអាជីវកម្មឈើខុសច្បាប់នៅតំបន់ព្រៃឡង់៕
ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes