Tuesday, November 1, 2011
ឃាតកម្មចងអាឃាតអារ.កសម្លាប់ទាំងម្ដាយនិងកូនស្រីពីរនាក់ សង្គ្រោះបានកូនស្រីពៅម្នាក់
ឃាតកម្មដ៏សាហាវឃោរឃៅបានធ្វើឲ្យមនុស្សពីរនាក់ស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មនិងក្មេងស្រីម្នាក់ទៀតអាយុ១៥ឆ្នាំក៏ត្រូវជនអន្ធពាលអារ.កប៉ងសម្លាប់ផងដែរ ប៉ុន្តែនាងត្រូវបានជួយសង្គ្រោះទាន់ពេល។ ក្រុមជនដៃដល់ត្រូវបានសមត្ថកិច្ចស្ទាក់បង្ក្រាបចាប់បានពីរនាក់ ឯបីនាក់ទៀតកំពុងតាមប្រមាញ់។
អំពើឃាតកម្មដ៏សាហាវនេះត្រូវបានសមត្ថកិច្ចសង្ស័យថាកើតឡើងកាលពីវេលាម៉ោងប្រហែល១២យប់ ឈានចូលថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០១១ នៅផ្ទះស្ត្រីរងគ្រោះថៅកែផលិតទឹកសុទ្ធ យីហោ បៃលិន ស្ថិតក្នុងភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានការឈ្លោះគ្នាបន្តិចបន្តួចជាមួយកម្មករទាំងនោះ ហើយក្រុមកម្មករប្រមាណ៤ទៅ៥នាក់មានការខឹងសម្បារនឹងថៅកែរបស់ខ្លួន។ លុះដល់ពេលកើតហេតុស្រាប់តែបាត់កម្មករទាំងនោះ និង រថយន្តកូរ៉ូឡាមួយគ្រឿង ដែលក្រុមជនទាំងនោះជិះជាមធ្យោបាយគេចខ្លួន។
សមត្ថកិច្ចបន្ទាប់ពីទទួលបានព័ត៌មាននេះហើយ បានធ្វើកោសល្យវិច័យពិនិត្យលើសាកសព ដោយឃើញវត្ថុតាង មានដំបង ប៉័ងតោ និង កាំបិតនៅកន្លែងកើតហេតុ រួចក៏បាន ប្រកាសឲ្យបណ្ដាអង្គភាពពាក់ព័ន្ធស្ទាក់ចាប់ក្រុមជនដៃដល់ ដែលកំពុងបើករថយន្តគេចខ្លួន។
ក្រុមសមត្ថកិច្ចនៅឯក្រុងបាត់ដំបងឯណេះវិញបានស្ទាក់ឃ្លាំមើលក៏ប្រទះឃើញរថយន្តដែលមានភិនភាគដូចខាងលើកំពុងធ្វើចរាចរនៅម្ដុំរង្វង់មូលលោកតាដំបងគ្រញូង ក៏បានឃាត់ឲ្យរថយន្តឈប់ ប៉ុន្តែក្រុមជនល្មើសដឹងខ្លួនទាន់ក៏ព្យាយាមបើករត់គេច។ លុះដល់វេលាម៉ោង ៣ និង ៤០នាទីទៀបភ្លឺ ក្រុមសមត្ថកិច្ចសុំការឯកភាពពីលោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបងដើម្បីធ្វើការបាញ់បង្ក្រាបរថយន្តក្រុមជនល្មើស នៅចំណុចឃុំ កំពង់ព្រះ ស្រុក សង្កែ ខេត្ត បាត់ដំបង។ ក្រុមជនល្មើសត្រូវបានប៉ូលិសបាញ់ស្រោចបញ្ឈប់រថយន្តនិងបាញ់ ត្រូវជនសង្ស័យម្នាក់ឲ្យរងរបួស រួចទើបសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យពីរនាក់ ឯបីនាក់ទៀតសមត្ថកិច្ចកំពុងតាមដាន បង្ក្រាបជាបន្តទៀត។
សមត្ថកិច្ចរឹបអូសបានរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2M-9954 ជារបស់ជនរងគ្រោះដែលក្រុមជនល្មើសជិះគេចខ្លួន និង វាលីចំនួនបី លុយខ្មែរមួយថង់ រួមទាំងសម្ភារៈកឋិនដែលនៅជាប់នឹងរថយន្ត៕
ពីគេហទំព័រ៖កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes