សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​តុលាការ​​លើក​លែង​​ការ​ចោទ​ប្រកាន់​អ្នក​ភូមិ​បឹង​កក់

 អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា បាន​ថ្កោលទោស​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ចោទ​ប្រកាន់​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ ពី​បទ​ជេរ​ប្រមាថ និង​ការ​រារាំង​ប្រឆាំង​អាជ្ញាធរ​រាជធានី ដែល​ជាបទ​ល្មើស​ព្រហ្មទណ្ឌ។


 មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស បា​ន​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះស្រាយ​ការ​ទាមទារ​របស់​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់ ទៅ​តាម​ការ​កំណត់​អនុក្រឹត្យ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ផ្ដល់​ដី​មួយ​ចំនួន​ឲ្យ​ពលរដ្ឋ។
អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Amnesty International) បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​ស្ត្រី​សកម្មជន ដែល​បាន​តស៊ូ​មតិ​ការពារ​ដី​តំបន់​បឹង​កក់ ចំនួន ៤​រូប ជា​បន្ទាន់ ពីព្រោះ​ការ​ចោទ​ប្រកាន់​នេះ​មាន​បំណង​ចង់​បំបិទ​មាត់​ការ​តវ៉ា​ស្រប​ច្បាប់​របស់​ពលរដ្ឋ​បឹង​កក់។ 
សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា បាន​សម្រេច​ដោះ​លែង​ស្ត្រី​អ្នក​ភូមិ​បឹង​កក់ ចំនួន ៤​រូប ប៉ុន្តែ​នៅ​រក្សា​ការ​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​ជេរ​ប្រមាថ និង​ការ​រារាំង​ប្រឆាំង​នឹង​អាជ្ញាធរ។ ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​ឃាត់​ខ្លួន​ស្ត្រី​អ្នក​ភូមិ​ បឹង​កក់ កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​ការ​តវ៉ា​ទាមទារ​កម្មសិទ្ធិ​ដី​នៅ​តំបន់​បឹង​កក់។
សកម្មជន​ដែល​ត្រូវ​ចាប់​ខ្លួន រួម​មាន​លោកស្រី ទេព វន្នី លោកស្រី បូ ឆវី លោកស្រី ហេង មុំ និង​លោកស្រី តុល ពៅ។ មុន​ការ​នាំ​ខ្លួន​ទៅ​កាន់​តុលាការ ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​បណ្ដោះអាសន្ន​មួយ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​មេធាវី​សម្រាប់​ជំនួយ​ផ្នែក​ច្បាប់ និង​ការ​ព្យាបាល​របួស។ 
នាយក​អង្គការ Amnesty International សម្រាប់​កម្មវិធី​អាស៊ី ប៉ាស៊ីហ្វិក លោក សម ហ្ស៊ារ៉ីហ្វ៊ី (Sam Zarifi) ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការ​កំណត់​មុខ​សញ្ញា​ប្រឆាំង​នឹង​សកម្មជន​ការពារ​ដីធ្លី​មិន​ឲ្យ​ការពារ​ប្រយោជន៍​សហគមន៍​របស់​ពួកគេ។
លោក​បន្ត​ទៀត​ថា ការ​ចោទ​ប្រកាន់​នេះ​ជា​និន្នាការ​មួយ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន​នេះ​លទ្ធភាព ឬ​សេរីភាព​នៃ​ការ​ពិភាក្សា​ស្រប​ច្បាប់​កាន់​តែ​រួម​តូចៗ​ទៅ។ 
លោក អំ សំអាត មន្ត្រី​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា ក៏​បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ដែល​បាន​ចោទ​ប្រកាន់​ស្ត្រី​អ្នក​ភូមិ​បួន​នាក់ ពី​បទ​ល្មើស​ព្រហ្មទណ្ឌ បន្ទាប់​ពី​ពួកគេ​បាន​ចូល​រួម​តវ៉ា​ទាមទារ​សិទ្ធិ​កាន់​កាប់​ដី​នៅ​តំបន់​បឹង​កក់​រួច​មក។
លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​អ្នក​ទាំង​បួន​នាក់​មាន​ទោស​ក្នុង​សវនាការ ពួកគេ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ ២​លាន​រៀល។ 
លោក អំ សំអាត បន្ថែម​ទៀត​ថា ការ​គំរាម​របស់​អាជ្ញាធរ និង​តុលាការ មិន​អាច​រារាំង​ពលរដ្ឋ​បឹង​កក់​មិន​ឲ្យ​បន្ត​តវ៉ា​បន្ថែម​ទៀត​នោះ​ទេ ដោយសារ​ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ផ្ទះសម្បែង។ 
កាល​ពី​ថ្ងៃ​ច័ន្ទ ប៉ូលិស និង​មន្ត្រី​សន្តិសុខ បាន​ប្រើប្រាស់​កម្លាំង​បំបែក​ក្រុម​បាតុករ​ប្រមាណ ៥០​នាក់ ភាគ​ច្រើន​ជា​ស្ត្រី​ភេទ ដែល​បាន​តវ៉ា​ទាមទារ​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹង​កក់។ យ៉ាង​ហោច​ណាស់​ក៏​មាន​បាតុករ​ប្រមាណ ៦​នាក់ ត្រូវ​បាន​វាយ​ឲ្យ​រង​របួស និង​បាតុករ​ចំនួន ២​នាក់​ផ្សេង​ទៀត​ចង់​ធ្វើ​អត្តឃាត។ 
រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៧ បាន​សម្រេច​ផ្ដល់​សិទ្ធិ​ជា​ដី​សម្បទាន​ទៅ​ក្រុមហ៊ុន​ស៊ូកាគូ ដើម្បី​អភិវឌ្ឍន៍​តំបន់​នោះ។ ចាប់​តាំង​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​មក ពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់​ប្រមាណ ៤​ពាន់​គ្រួសារ ត្រូវ​បាន​ជម្លៀស​ដោយ​បង្ខំ​ពី​តំបន់​នោះ។
កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ បន្ទាប់​ពី​ធនាគារ​ពិភពលោក​បាន​គំរាម​ផ្ដាច់​ជំនួយ​ជា​ប្រាក់​កម្ចី​ទាំង​ស្រុង នៅ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ទំហំ ១២,៤៤​ហិកតារ​ ឲ្យ​ពលរដ្ឋ​ចំនួន ៧៧៩​គ្រួសារ ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​បដិសេធ​មិន​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន ដោយ​អះអាង​ថា ពួកគេ​គ្មាន​ភស្តុតាង​ជា​ម្ចាស់​កម្មសិទ្ធិ។
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​បាន​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ស្វែង​រក​កិច្ច​សន្ទនា​រវាង​អ្នក​ភូមិ និង​ក្រុម​អាជ្ញាធរ ដើម្បី​ដោះស្រាយ​ការ​ទាមទារ​របស់​អ្នក​ភូមិ។ មន្ត្រី​សិទ្ធិ​មនុស្ស​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ផ្ដល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ឲ្យ​ពលរដ្ឋ​បឹង​កក់ ដើម្បី​គោរព​ទៅ​តាម​អនុក្រឹត្យ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​សម្រេច​កាត់​ដី​ទំហំ ១២,៤៤​ហិកតារ ឲ្យ​ពលរដ្ឋ​បឹង​កក់៕


អាស៊ីសេរី

No comments:

Post a Comment

yes