សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 1, 2011

ពលរដ្ឋ​ខ្មែរ​២.៥០០​នាក់​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​នៅ​ឆ្នាំ​២០១១

 ប្រជាពលរដ្ឋ​កម្ពុជា ចំនួន ២.៥០០​នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​អេដស៍​នៅ​ក្នុង​ឆ្នាំ​២០១១ នេះ។ ការ​សន្និដ្ឋាន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នឹង​អាច​ថយ​ចុះ​មក​ត្រឹម ២.៣០០​នាក់ នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ។


 អនុ​ប្រធាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ លោក ទា ផល្លា នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​តែ​មាន​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។ អត្រា​ទូទៅ​នៃ​អ្នក​ឆ្លង​ជំងឺ​អេដស៍​នៃ​មនុស្ស​ពេញ​វ័យ​​ដែល​មាន​អាយុ​ពី ១៥ ទៅ ៤៩​ឆ្នាំ បាន​ធ្លាក់​ចុះ​ចំនួន ០.៨% កាល​ពី​ឆ្នាំ​២០១០ ពី ២.៥% កាល​ពី​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​អ្នក​ឆ្លង​ជំងឺ​នេះ និង​ការ​ប្រកាន់​រើស​អើង​នឹង​អ្នក​កើត​ជំងឺ​នេះ នៅ​តែ​បន្ត​កើត​មាន។ លោក​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំៗ​អ្នក​ឆ្លង​ជំងឺ​នេះ​មាន​ជាង ១​ពាន់​នាក់។ 
អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​ឲ្យ​ដឹង​តាម​រយៈ​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ិនហួ (Xinhau) នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​វិច្ឆិកា ថា អត្រា​នៃ​ការ​ធ្លាក់​ចុះ​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អេដស៍​នេះ គឺ​ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​បាន​ជាប់​លាប់។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា សូម្បី​តែ​ស្រី​ដែល​រក​ស៊ី​ផ្លូវ​ភេទ​តាម​ចិញ្ចើម​ថ្នល់ ក៏​មាន​ការ​យល់​ដឹង និង​មាន​ការ​កើន​ឡើង​ក្នុង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ដែរ៖ «ការ​ឆ្លង​ពី​ប្ដី​ទៅ​ប្រពន្ធ​ដែល​ជា​មេ​ផ្ទះ​ហ្នឹង ចំនួន​ស្ត្រី​ដែល​ជា​មេ​ផ្ទះ​ដែល​កើន​ឡើង​ជំងឺ​អេដស៍​ហ្នឹង ឆ្លង​ជំងឺ​អេដស៍​ហ្នឹង គឺ​កើន​ឡើង​ច្រើន​ជាង​ស្ត្រី​ដែល​រក​ស៊ី​ផ្លូវ​ភេទ ដែល​យើង​គួរ​ព្រួយ​បារម្ភ​នៅ​កម្ពុជា ដោយសារ​ថា​ស្ត្រី​ជា​មេផ្ទះ​ហ្នឹង គាត់​អត់​បាន​គិត​ថា គាត់​មាន​ដៃគូ​ច្រើន​ទេ គឺ​គាត់​គិត​ថា គាត់​មាន​ដៃគូ​តែ​ជាមួយ​ប្រពន្ធ ហើយ​នៅ​កម្ពុជា ប្រសិន​បើ​ប្រពន្ធ​ទាមទារ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​ធ្វើ​ឲ្យ​ប្ដី​ខឹង ហើយ​ប្ដី​ហ្នឹង​មាន​ការ​សង្ស័យ​ទៅ​លើ​ប្រពន្ធ​ខ្លួន​ទៅ​វិញ។ អា​ហ្នឹង​គេ​ហៅ​ថា ការ​រើសអើង​ភេទ​ហ្នឹង»
ការ​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បុរស​ជា​ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​ផ្លូវ​ភេទ រួម​ទាំង​ស្ត្រី​រួម​ភេទ​ជាមួយ​សង្សារ ក៏​មាន​ការ​កើន​ឡើង​ក្នុង​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​ដែរ។
អ្នក​ប្រើប្រាស់​ស្រោម​អនាម័យ​នៅ​ក្នុង​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ បាន​កើន​ឡើង​ដល់​ទៅ​ចំនួន ៨៥% ក្នុង​ឆ្នាំ​២០០៨ និង​ឡើង​ដល់​ចំនួន ៩៦% ក្នុង​ឆ្នាំ​២០១១​នេះ ហើយ​ភាគរយ​នៃ​អ្នក​មាន​ដៃគូ​ជា​សង្សារ​​ដែល​ប្រើប្រាស់​ស្រោម​អនាម័យ​គឺ​កើន​ពី ៥៨% ក្នុង​ឆ្នាំ​២០០៨ និង ៦០% ក្នុង​ឆ្នាំ​២០១១។ 
ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ទាំង​អស់​ចំនួន ៦.៧​ពាន់​នាក់ ក្នុង​នោះ​ក៏​មាន​កុមារ​រាប់​ពាន់​នាក់​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ​ដែរ។ 
ជំងឺ​អេដស៍​បាន​ចាប់​ផ្ដើម​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដំបូង​គេ​នៅ​ឆ្នាំ​១៩៩៣។
កម្ពុជា​ត្រូវ​ការ​ថវិកា​ចំនួន ៥៨​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។  ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក ទា ផល្លា អនុ​ប្រធាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​ឲ្យ​ដឹង​ថា កម្ពុជា​ខ្វះ​ថវិកា​សម្រាប់​ទប់ទល់​នឹង​ជំងឺ​អេដស៍៕


អាស៊ីសេរី

No comments:

Post a Comment

yes