សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 8, 2011

គណបក្ស​៣​ចុះ​ហត្ថលេខា​ចង​សម្ពន្ធភាព​ជាមួយ​គ្នា

រូប​ពី​ស្ដាំ៖ លោក ប៉ែន វ៉ាណូ ប្រធាន​ស្ដីទី​គណបក្ស​សង្គម​យុត្តិធម៌ 
លោក ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ និង​លោក ថោង សុវណ្ណារ៉ា 
ប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​
ចង​សម្ពន្ធភាព​គ្នា​កាល​ពី​ថ្ងៃ​៧ ធ្នូ ឆ្នាំ​២០១១។

 គណបក្ស​នយោបាយ​ចំនួន​៣ បាន​ចុះ​ហត្ថលេខា​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​នេះ ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ថ្មី។
 មន្ត្រី​តំណាង​បក្ស​ទាំង​បី​ហៅ​ការ​ចង​សម្ព័ន្ធ​មិត្ត​គ្នា​នោះ​ថា ដើម្បី​កែ​ប្រែ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ប្រកាន់​របប​នយោបាយ​មួយ​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។
គណបក្ស​នយោបាយ​ទាំង​៣ គឺ​បក្ស​សង្គម​យុត្តិធម៌ បក្ស​ខ្មែរ​ឈប់​ក្រ និង​បក្ស​សង្គម​ប្រជាធិបតេយ្យ បាន​សម្រេច​ចង​សម្ពន្ធភាព​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១១ ដោយ​បាន​បង្កើត​ស្ថាប័ន​សម្រាប់​ធ្វើ​ការ​រួម​គ្នា​មួយ ដោយ​ដាក់​ឈ្មោះ​ជា​ផ្លូវ​ការ​ថា «គណៈកម្មាធិការ​ជាតិ​ដើម្បី​សម្ពន្ធភាព»។ 
នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​​បន្ទប់​ផ្ទះ​ល្វែង​ដ៏​ចង្អៀត​មួយ ដែល​មាន​អង្គរក្ស​ពីរ​បី​នាក់​ពាក់​វ៉ែនតា​កញ្ចក់​ខ្មៅ មាន​ទឹក​មុខ​មាំ​ឈរ​យាម​ឆ្វែង​ស្ដាំ ក្នុង​សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ធ្នូ នេះ តំណាង​បក្ស​ទាំង​បី​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​អំពី​អត្ថន័យ​នៃ​ការ​ចង​សម្ពន្ធភាព​នេះ​​ថា ជា​គំរូ​សម្រាប់​បក្ស​នយោបាយ​បាយ​ដទៃ​ទៀត ដែល​មាន​និន្នាការ​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
លោក ក្រវ៉ាញ ដារ៉ន ប្រធាន​បក្ស​ខ្មែរ​ឈប់​ក្រ ដែល​បាន​វោហារ​ជាង​មេ​បក្ស​ពីរ​ទៀត​នោះ បាន​រិះគន់​​អ្នក​នយោបាយ​សព្វ​ថ្ងៃ​នេះ​ថា ជា​អ្នក​នយោបាយ​មិន​មាន​អាជីព និង​មិន​មែន​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ​ទេ ព្រោះ​ថា អ្នក​នយោបាយ​ចេះ​តែ​​ឌឺដង ផ្លែផ្កា​ដាក់​គ្នា និង​ជួន​កាល​ជេរ​ប្រទេច​ដាក់​​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។
ជាង​នេះ​ទៅ​ទៀត​នោះ លោក ក្រវ៉ាញ ដារ៉ន រិះគន់​ថា របប​នយោបាយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា មិន​បាន​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ដែរ លោក​ថា លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ គឺ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​អាមេរិក៖ «ខ្ញុំ​ចង់​យក​គ្រាប់​ពូជ​នោះ​ គ្រាប់​ពូជ​ប្រជាធិបតេយ្យ​យក​មក​ដាក់​ក្នុង​ថ្នាល​ដ៏​បវរ​នៃ​ប្រទេស​យើង ដែល​​យើង​ទាំងអស់​គ្នា​កំពុង​រង់ចាំ អ្វី​ដែល​ជា​អ្នក​ដឹក​នាំ​ល្អ​ អ្វី​ជា​ការ​ជឿនលឿន​បែប​សហរដ្ឋ​អាមេរិក​។ យើង​នឹង​មិន​នាំ​គ្នា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ចិន របស់​យួន​តទៅ​ទៀត​ទេ។ អ្វី​ដែល​លោក​បាន​ស្គាល់​សហរដ្ឋ​អាមេរិក អស់​លោក​នឹង​មាន​ការ​ប្រែប្រួល​ហើយ»
សម្ព័ន្ធមិត្ត​​​បក្ស​នយោបាយ​ពីរ​ទៀត​ក៏​បាន​រិះគន់​មេ​ដឹក​នាំ​បក្ស​នយោបាយ​ដ៏​ទៃ​ៗ​ទៀត និង​រដ្ឋាភិបាល​​ដូច​គ្នា​ដែរ។
លោក ប៉ែន រ៉ាណូ តំណាង​បក្ស​សង្គម​យុត្តិធម៌​ ក៏​បាន​អាន​សុន្ទរកថា​រិះគន់​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​ដែរ៖ «បច្ចុប្បន្ន​នេះ​បើ​ទោះ​បី​ជា​មាន​ជំនួយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ពី​សហគមន៍​អន្តរជាតិ​យ៉ាងណា​ក្ដី ក៏​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​ចាក​ផុត​បី​ភាព​ក្រីក្រ​បាន​ឡើយ។ បន្ថែម​ពី​លើ​នេះ អំពើ​ពុករលួយ លួច​បំផ្លាញ​ជាតិ​​​ អំពើ​រំលោភ​សិទ្ធិ​មនុស្ស រឹប​អូស​ដី​ធ្លី បំផ្លាញ​ព្រៃឈើ និង​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​កាន់​តែ​រីក​រាលដាល​ខ្លាំង​ឡើង»។ 
ទាក់​ទង​នឹង​រឿង​ចង​សម្ពន្ធភាព​របស់​បក្ស​ទាំង​បី និង​ចំពោះ​ការ​រិះគន់​ទាំង​នេះ អ្នក​តាមដាន​ស្ថានភាព​នយោបាយ​ឯករាជ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​អធិប្បាយ​ថា វា​ជា​រឿង​ធម្មតា​ក្នុង​សង្គម​នយោបាយ​ខ្មែរ​សព្វ​ថ្ងៃ នៅ​ពេល​ជិត​បោះឆ្នោត​ម្ដង​ៗ អ្នក​នយោបាយ​តែងតែ​ប្រឹងប្រែង​យក​ប្រជាប្រិយ​តែ​រៀង​ៗ​ខ្លួន​ដូច្នេះ ជា​ពិសេស​បក្ស​នយោបាយ​ធំ​ៗ​ដែល​មាន​កៅអី​នៅ​រដ្ឋ​សភា និង​មាន​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​តែង​រក​ចំណុច​ខ្សោយ​វាយ​ប្រហារ​រដ្ឋាភិបាល ចំណែក​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​វិញ ក៏​វាយ​បក​លើ​ប្រឆាំង​ដូច​គ្នា​ដែរ ក្នុង​គោល​បំណង​តែមួយ គឺ​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​សន្លឹក​ឆ្នោត។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា។ លោក​បាន​បញ្ជាក់​ថា ការ​ចង​សម្ព័ន្ធ​ភាព​របស់​បក្ស​នយោបាយ​តូច​ៗ​ដែល​មិន​មាន​កៅអី​ក្នុង​រដ្ឋសភា និង​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ល្អ​ក្នុង​ការ​ប្រមូល​សំឡេង​គាំទ្រ​ដែល​មាន​តិច​ដើម្បី​បង្គ្រប់​ចំនួន​ឲ្យ​មាន​កៅអី​នឹងគេ។
លោក គល់ បញ្ញា៖ «ការ​ចង​សម្ព័ន្ធ​គ្នា​នេះ ជា​ការ​ល្អ​ដែរ នេះ​ជា​យុទ្ធសាស្ត្រ​មួយ​យ៉ាង​សំខាន់​ដែរ​ណា។ គណបក្ស​ដែល​មិន​តាន់​មាន​សំឡេង​នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុង​សភា​ក្ដី គេ​អាច​ពិនិត្យ​មើល​យុទ្ធសាស្ត្រ​ដែរ។ នេះ​មិន​មែន​រឿង​កិច្ចការ​ខាង​ឃោសនា​នយោបាយ​ទេ តែ​រឿង​បច្ចេកទេស​ក៏​មាន​បញ្ហា​ដែរ។ ដូច​ថា គណបក្ស​ដែល​បាន​សន្លឹកឆ្នោត​មិន​គ្រប់​គ្រាន់​តិចៗ វា​អាច​សំឡេង​នឹង​យក​ទៅ​គណនា​អាសនៈ​អាច​អត់​បាន ហើយ​បើ​សិន​ប្រមូលផ្ដុំ​សន្លឹក​ឆ្នោត​មក​នៅ​តែ​មួយ វា​អាច​យក​មក​គណនា​អាសនៈ​អាច​បាន​អាសនៈ»
ក្នុង​ឱកាស​ចង​សម្ពន្ធភាព​នោះ​ដែរ លោក ក្រវ៉ាញ ដារ៉ន ក៏​បាន​ប្រកាស​ថា លោក​មិន​ពេញ​ចិត្ត​ចំពោះ​បណ្ដាញ​ព័ត៌មាន​​ដែល​កន្លង​បាន​រាយការណ៍​អំពី​គណបក្ស​នយោបាយ​របស់​លោក​ដែល​ចាញ់​ឆ្នោត​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត​កន្លង​មក ដោយ​ប្រើ​ពាក្យ​ថា គណបក្ស​តូច មិន​មាន​កៅអី​ជាដើម។
ទោះ​យ៉ាង​ណា តំណាង​បក្ស​ទាំង​បី​មិន​បាន​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​អំពី​យុទ្ធសាស្ត្រ ឬ​គោលនយោបាយ​របស់​បក្ស និង​ថវិកា​សម្រាប់​ចូល​រួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ទេ។ តែ​បាន​អះអាង​ថា បក្ស​ទាំង​បី​កំពុង​ប្រឹងប្រែង​ធ្វើ​ការ​នយោបាយ​នៅ​ក្រៅ​ប្រទេស​កម្ពុជា ដើម្បី​កែប្រែ​នយោបាយ​របស់​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​សព្វ​ថ្ងៃ​នេះ៕


អាស៊ីសេរី

No comments:

Post a Comment

yes