កម្មកររាប់ពាន់ ធ្វើបាតុកម្មនៅខាងមុខក្រសួងការងារនិងបណ្តុះ
បណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣
ក្រុមអ្នកបញ្ជាទិញផលិតផលកម្ពុជានានា
និងសម្ព័ន្ធភាពរបស់ពួកគេដែលជាសហជីពដ៏មានឥទ្ធិពលធំៗនៅតែបន្តជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់ចំពោះការប្រើអំពើហិង្សាដាក់កម្មករ
និងក្រុមសហជីពដែលតវ៉ាដោយអហិង្សាដើម្បីការដំឡើងប្រាក់ខែគោលពី៨០ទៅ១៦០ដុល្លារស.រ.អា.
ហើយដោះលែងកម្មករ មន្ត្រីសហជីព
និងអ្នកការពារសិទ្ធិមនុស្សសរុប២៣នាក់ដែលកំពុងជាប់ឃុំឃាំង
ហើយវិលមករកតុចរចាវិញ។
នេះបើតាមលិខិតរបស់ក្រុមអ្នកបញ្ជាទិញនិងលិខិតរបស់សហជីពនៅស.រ.អា.
និងពិភពលោកដែលវីអូអេទទួលបានជាបន្តបន្ទាប់។
អ្នកស្រី ខេធី ហ្វេនហ្គោល (Cathy Feingold) នាយិកាផ្នែកកិច្ចការអន្តរជាតិនៃសហជីពអាមេរិកាំងដ៏មានឥទ្ធិពលមួយឈ្មោះ
AFL-CIO ដែលមានសមាជិកជាង ១២លាននាក់
ហើយមានការិយាល័យក្នុងរដ្ឋធានីវ៉ាស៊ីនតោនគឺជាអ្នកសរសេរលិខិតចំហទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនកាលពីដើមខែមករា។
លោកស្រីបានថ្កោលទោសចំពោះអំពើបាញ់សម្លាប់កម្មករ
បង្ក្រាបដោយឃោរឃៅទៅលើកម្មករ។ ថ្លែងប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍
លោកស្រីចាត់ ទុកថា នេះជាសកម្មភាពមិនអាចទទួលយកបាន
ដោយលោកស្រីអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់។
«ខ្ញុំគិតថា យើងនឹងបញ្ជូនសារដ៏ខ្លាំងមួយ
ប្រសិនរដ្ឋាភិបាលកម្ពុជាបដិសេធមិនពង្រឹងសិទ្ធិជាមូលដ្ឋានឲ្យមានប្រសិទ្ធិភាព
ដូចដែលខ្ញុំបានបញ្ជាក់ខាងដើមហើយនឹងធ្វើឲ្យប្រាកដប្រជាថា
កម្មករមានសុវត្ថិភាព គ្មានការគម្រាមកំហែងពេលដែលពួកគេអនុវត្តសិទ្ធិទាំងនោះ។
ហើយបន្ទាប់មកត្រូវលើកទឹកចិត្តឲ្យមានការវិលទៅរកកិច្ចចរចាវិញ។
លោកអ្នកដឹងទេការចរចារួមគ្នាគឺជារឿងដែលក្រុមកម្មករ ក្រុមនិយោជក
អាចអង្គុយជាមួយគ្នា ពិភាក្សាគ្នាលើបញ្ហាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។
រឿងនេះជាការដែលមានការគាំទ្រខ្លាំងក្នុងប្រទេសកម្ពុជា»។
លោកស្រីបានគម្រាមថា
សារធ្ងន់ធ្ងរជាងនេះនឹងទៅដល់រដ្ឋាភិបាលអាមេរិកាំង
រដ្ឋាភិបាលផ្សេងៗនិងទៅកាន់សហជីពនានាអំពីការតាំងចិត្តរបស់រដ្ឋាភិបាល
កម្ពុជា។
ក៏ដូចជាប្រតិកម្មពីប្រទេសជាច្រើននិងពីអ្នកបញ្ជាទិញធំៗឯទៀតដែរ
សមាគម អ្នកបញ្ជាទិញសម្លៀកបំពាក់
និងស្បែកជើងចំនួន៦ក្នុងប្រទេសអាមេរិកនិង ប្រទេសកាណាដាឈ្មោះ AAFA,
CafFov, NRF, RCC USFIA និង Rila បាន
សរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅសប្តាហ៍នេះដែរថា៖
«ឧស្សហកម្មរបស់យើងប្តេជ្ញាធានាថា
ផលិតផលទាំងអស់ដែលផលិតមាន
ប្រភពដើមនិងលក់នោះគឺត្រូវផលិតតាមច្បាប់និងលក្ខខណ្ឌមនុស្សធម៌។
ជាផ្នែកមួយនៃការតាំងចិត្តនេះ យើងប្តេជ្ញាថា
នឹងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព សន្តិសុខកម្មករក្នុងក្រុមហ៊ុន
ដែលផ្គត់ផ្គង់ទំនិញរបស់យើង។ លិខិតដដែលនោះ បានព្រមានថា
សកម្មភាពបង្ក្រាបរបស់អាជ្ញាធរនេះមិនធ្វើឲ្យឧស្សាហកម្មកាត់
ដេរកម្ពុជាមានស្ថិរភាពនិងរឹងមាំផង
និងមិនបានធ្វើឲ្យមានទំនាក់ទំនងរឹងមាំ ជាមួយនឹងក្រុមអ្នកបញ្ជាទិញចំនួន៩០ភាគរយរបស់យើងក្នុងប្រទេសអាមេរិក
និងប្រទេសកាណាដាផងទេ»។
លោកជា មុនី្ន
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ថា
លិខិតរបស់ក្រុមអ្នកបញ្ជាទិញ និងសហជីពបណ្តាប្រទេសនានានេះជា
សម្ពាធធ្ងន់ធ្ងរយ៉ាងខ្លាំង បើគេមើលពីកិច្ចការបរទេសវិញ។
«ការដាក់សម្ពាធនេះជាការធ្វើឲ្យកម្ពុជាងាកទៅរកលទ្ធិប្រជាធិបតេយ្យ
ងាកទៅរកការគោរពសិទ្ធិ។ ហើយលោកហ៊ុន សែន
ក្នុងនាមជាអ្នកដឹកនាំប្រទេសមួយពី មុនមក
សុំឲ្យគាត់ធ្វើការពិចារណាឡើងវិញ។ អ្វីដែលយើងអាចដោះស្រាយបា
យើងដោះស្រាយទៅ កុំឲ្យស្ថានការណ៍ហ្នឹងវាធ្ងន់ធ្ងរទៅមុខទៀត»។
លោករំឭកថា នៅជុំវិញពិភពលោកយើងមិនឃើញថា
មានប្រទេសណាដូចជា កម្ពុជាទេ ដែលមានការចាប់អារម្មណ៍ពីពិភពលោក។
តែនៅកម្ពុជា អ្នកបញ្ជាទិញមានការចាប់អារម្មណ៍ខ្លាំងណាស់ចំពោះការរលោភសិទ្ធិមនុស្ស
ហើយ ដាក់លក្ខខណ្ឌ។ អង្គការពលកម្មអន្តរជាតិ និងមន្ត្រីអ.ស.ប.គឺលោកសូរិយ៉ា
ស៊ូប៊ែឌី (Surya Subedi) អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជាចាប់អារម្មណ័ចំពោះការរំលោភសិទ្ធិកម្មករ
និងការបង្ក្រាបដោយអំពើឃោរឃៅដែលលោកជា មុនីអះអាងថា
ជាការតម្រូវឲ្យរដ្ឋាភិបាលលោកហ៊ុន
សែនត្រូវដោះស្រាយតាមការចង់បានរបស់អន្តរជាតិ។
«ការដែលគេឲ្យលោកហ៊ុន
សែនធ្វើការពិចារណានិងសុំពេលពិភាក្សាគឺគេចង់ ជម្រាបទៅគាត់ថា
អ្វីដែលគាត់ធ្វើកន្លងមកហ្នឹងគឺជាការខុសធ្ងន់ធ្ងរដែលអ្នក
បញ្ជាទិញមិនទទួលយកបាន ពីព្រោះសម្លៀកបំពាក់ដែលគេប្រើនៅក្នុងពិភព
លោកគឺជាសម្លៀកបំពាក់ស្អាត សម្លៀកបំពាក់ពោរពេញទៅដោយក្តីញញឹម
ទៅដោយការសង្ឃឹម។ អញ្ចឹងគេអត់ចង់ឃើញសម្លៀកបំពាក់ដែលជោគជាំទៅ ដោយញើសហើយនឹងឈាមរបស់អ្នកផលិតទេ»។
ក្រុមបាតុករកម្មករ៥នាក់ត្រូវគេបាញ់សម្លាប់និងរបួស៤០នាក់និងចាប់ខ្លួន២៣
នាក់ក្នុងពេលតវ៉ាទាមទារដំឡើងប្រាក់ខែសមរម្យ។
ពួកគេរងការបង្រ្កាបដោយអំពើឃោរឃៅដោយក្រុមយោធានិងកងកម្លាំងចម្រុះរបស់រដ្ឋាភិបាលកាលពីថ្ងៃទី៣ខែមករា។
រឿងនេះបង្កឲ្យមានប្រតិកម្មជាអន្តរជាតិដ៏ធ្ងន់ធ្ងរឲ្យរដ្ឋាភិបាល
ដោះស្រាយជាបន្ទាន់។
លោកអាត់ ធន់
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា
ស៊ីខាវឌូ (CCAWDU) បានអះអាងថា រដ្ឋាភិបាលត្រូវតែដោះស្រាយ
និងបញ្ចប់បញ្ហាកម្មករនេះ ឲ្យបានសមរម្យតាមការចង់បានរបស់កម្មករ និង
សហគមន៍អន្តរជាតិ ដែលបានបញ្ជាក់ក្នុងលិខិតចម្រុះគ្នានោះ។
«ខ្ញុំគិតថា
លិខិតដែលចេញពីអ្នកបញ្ជាទិញទាំង៣០ហើយនិងសហជីពធំៗបីនៅលើពិភពលោកហ្នឹងគឺជាអ្នកដែលមានឥទ្ធិពលបំផុត
ហើយដែលអ្នកហ្នឹងអាចឲ្យ ក្រុមហ៊ុនអ្នកបញ្ជាទិញទាំងអស់ហ្នឹង
ផ្អាកការទិញ ឬទិញបន្តអី ជារឿងលើអ្នកទាំងហ្នឹងហើយ។
អញ្ចឹងអាហ្នឹងវាពិតជាមានឥទ្ធិពលទៅលើរដ្ឋាភិបាលដើម្បីថា តើរដ្ឋាភិបាល
និងក្រុមហ៊ុនហ្នឹង ចាប់ផ្តើមអនុវត្ត
ឬក៏ចាប់ផ្តើមធ្វើការតាមអ្វីដែលជាសំណើរបស់ពួកគេបានត្រឹមកម្រិតណាទេ»។
លោកថ្លែងថា អ្វីដែលលោកចង់បានពេលនេះគឺទី១
យើងចង់បានការដោះលែង កម្មករ២៣នាក់។ ទី២
ដំណោះស្រាយផ្តល់ប្រាក់ខែដល់កម្មករដែលអាចទទួល យកបាន។ ទី៣
ស៊ើបអង្កេតរកមុខអ្នកដែលបានបាញ់កម្មករមកផ្តន្ទាទោស និង
សងជំងឺចិត្តដល់ជនរងគ្រោះនិងក្រុមគ្រួសាររបស់គេ
ហើយនឹងបញ្ឈប់បង្ក្រាប ដោយហិង្សាលើកម្មករ។
លោកថ្លែងថា
ការខកខានក្នុងការដោះស្រាយមិនអាចបំពេញចិត្តអ្នកបញ្ជាទិញបានទេ
ហើយនេះជាការបារម្ភចំពោះអនាគតនៃវិស័យកាត់ដេរកម្ពុជា។
«បើសិនជារដ្ឋាភិបាលមិនបានរក្សាវិស័យហ្នឹងឲ្យបានគង់វង្សទេ
ហើយឲ្យគេដក ការទិញទាំងអស់ចេញហ្នឹង មានន័យថា
កម្មករជិត១លាននាក់នឹងមានការតវ៉ាជាលក្ខណៈទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលកាន់តែខ្លាំង
ហើយដំណើរការ អាជីវកម្ម
ឬក៏ដំណើរការឧស្សាហកម្មនៃផ្នែកឧស្សាហកម្មកាត់ដែរហ្នឹង
ពេលនោះនឹងមានបញ្ហាមិនអាចរកចំណូលបានទៀត
នោះហើយវានាំឲ្យមានបញ្ហាដល់សេដ្ឋកិច្ចជាតិទាំងមូល»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា
រាជរដ្ឋាភិបាលយកចិត្ត ទុកដាក់ក្នុងការដោះស្រាយអំពីបញ្ហាកម្មករ
និងក្រុមហ៊ុន។ តែលោកបានចោទ ប្រកាន់គណបក្សជំទាស់ថា
ជាអ្នកបង្កើតហេតុការណ៍នៃអំពើហិង្សាក្នុងបាតុកម្ម
កាលពីថ្ងៃទី២ទី៣ខែមករា។
«យើងព្យាយាមគ្រប់បែបយ៉ាងដើម្បីលើកទឹកចិត្តឲ្យគេយល់អំពីបញ្ហាកម្ពុជា។
អ្នកបង្កើតសាច់រឿងនេះ អ្នកណាជាអ្នកបង្កើត? ចំណុចទី២
យើងដឹងហើយថា គណបក្សប្រឆាំង ឬគណបក្សសង្គ្រោះជាតិនេះ
លោកបានបង្កើតធ្វើឲ្យវិស័យ កាត់ដេរខាតបង់អស់ថវិកា២០០លានដុល្លាររួចស្រេចមកហើយ។
ហើយការងារ នេះជាបន្ទុករបស់រដ្ឋរួចស្រេច។
ហើយនេះជាបន្ទុករបស់រាជរដ្ឋាភិបាល»។
លោកថ្លែងថា
រដ្ឋាភិបាលមិនអាចឲ្យរឿងនេះដោះស្រាយដោយលាយឡំនិង រឿងនយោបាយទេ។
«ហើយយើងមានអំណរចំពោះការយកចិត្តទុកដាក់របស់អ្នកបញ្ជាទិញដែលជា
ដៃគូជាមួយនឹងម្ចាស់រោងចក្រ ហើយជាមួយនឹងកម្មករ។ វាមិនមែនបានសេចក្តីថា
រាជរដ្ឋាភិបាលព្រងើយកន្តើយក្នុងការដោះស្រាយរឿងបញ្ហាប្រាក់ខែគោលរបស់កម្មករនោះទេ
តែការដោះស្រាយនេះ យើងចង់បានរបៀបជាដៃគូរវាងរាជរដ្ឋាភិបាលជាអ្នកសម្របសម្រួលជាមួយនឹងកម្មករ
ជាមួយនឹងម្ចាស់រោងចក្រ ដែលជាអ្នកចុះកុងត្រាជាមួយអ្នកទិញនៅខាងក្រៅ»។
ទោះជាយ៉ាងណាក៏ដោយ លោកភីធ័រ តាន់កែវ (Peter Tan Keo) អ្នកវិភាគឯករាជ្យម្នាក់ពីក្រុង Boston ស.រ.អា.
បានថ្លែងថា ប្រទេសកម្ពុជាមិនអាចគេចវេសពីសម្ពាធរបស់សហគមន៍អន្តរជាតិទេ
តែត្រូវធ្វើការសហការជាមួយដៃគូនានាក្នុងប្រទេសអាមេរិក
និងសហគមន៍អឺរ៉ុប បើពុំដូច្នោះទេ
ការវិនិយោគទុនបរទេសនឹងជៀសចេញពីកម្ពុជា
ហើយទៅរកកន្លែងដែលមានសុវត្ថិភាពជាងកម្ពុជា។
«តែខ្ញុំនឹងបញ្ជាក់បន្ថែមថា
ការដាក់សម្ពាធថ្មីៗដោយសហភាពអឺរ៉ុប ស.រ.អា. និង អ្នកបញ្ជាទិញសំខាន់ៗ
រួមនឹងសហជីពផងនោះគឺជាអ្វីដែលមិនធ្លាប់កើតមាន ពីមុនទេ។
វាជារឿងដ៏កម្រក្នុងប្រវត្តិសាស្ត្រកម្ពុជា
ក្រោយសម័យអ៊ុនតាក់ដែលគេឃើញថា មានប្រតិកម្មយ៉ាងមុតស្រួចពីសហគមន៍អន្តរជាតិ
ដែលតម្រង់ទិសដៅលើជំនួយនិងការវិនិយោគនោះ។
ប្រតិកម្មនេះទំនងជាបង្ហាញថា
សហគមន៍អន្តរជាតិគាំទ្រជាចំហចំពោះការគោរពសិទ្ធិមនុស្សដែលមិនមែនជារឿងចាំបាច់
លើការពង្រឹងទំនាក់ទំនងការទូតតែប៉ុណ្ណោះទេ នៅពេលធ្វើកិច្ចសហប្រតិ
បត្តិការផ្នែកការទូតក្នុងប្រទេសកម្ពុជានោះ»។
ក្រុមមន្ត្រីសហជីពខ្លះបានរំឭកឲ្យដឹងដែរថា
ប្រទេសកម្ពុជាធ្លាប់ជាប្រទេសគម្រូ ចំពោះលក្ខខណ្ឌការងារ
និងសិទ្ធិសេរីភាពកម្មករជាច្រើនឆ្នាំដែរ ដែលមិនគួរ បណ្តោយឲ្យមានការធ្លាក់ចុះយ៉ាងគំហុកដូច្នេះទេ។
វិស័យកាត់ដេរសម្លៀក
បំពាក់ជាជន្ទល់សេដ្ឋកិច្ចដ៏ធំមួយក្នុងចំណោមវិស័យទាំងបួនដែលមានកម្រិតនាំចេញដល់ទៅចំនួនជិត៥.០០០លានដុល្លារសហរដ្ឋអាមេរិក។
ទីផ្សារដ៏ធំនោះគឺប្រទេសអាមេរិក និងសហភាពអឺរ៉ុប៕
No comments:
Post a Comment
yes