សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 29, 2012

លោក ជា ហន ជនពិការភ្នែកទាំងពីរ តែខំបញ្ចេញសមត្ថភាពលក់សំឡេង ដើម្បីរកប្រាក់ចិញ្ចឹមជីវិត


 ភ្នំពេញ៖ ទ្វារ​កញ្ចក់របើកឡើង ដែល​ជា​ការ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ភ្ញៀវ​មកលេង​ផ្ទះ ក៏​ប៉ុន្តែ​បន្ទាប់ពី​ផ្ទាំង​ទ្វារ​របើក​ឡើង​នោះ គឺ​អ្នក​មក​បើកទ្វារ មិនមែន​ជា​អ្នក​មាន​នីតិសម្បទា​គ្រប់​គ្រាន់​ទេ គឺជា​លោក ជា ហន ងងឹតភ្នែក​ទាំងពីរ គាត់​បាន​ខំ​ដើរ​ស្ទាប​ផ្លូវ​ចុះ​ជណ្តើរ​ពី​ជាន់​ទី​១ មក​បើក​ទ្វារ​ទទួល​ភ្ញៀវ ក្នុង​សម្លៀកបំពាក់​ខោខ្លី​ត្រឹម​ជង្គង់ និង​ពាក់​អាវយឺត​វាល​ក្លៀក ពណ៌​ស ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​។ បើទោះបី ជា​គាត់​មើល​មិន​ឃើញ​ក៏​ដោយ តែ​​លោក ជា ហន បាន​បង្ហាញ​នូវ​ទឹកមុខ​ញញឹម​រាក់ទាក់ ទទួល​ភ្ញៀវ​មក​លេង​ផ្ទះ​របស់គាត់។​
​    ​
លោក ជា ហន នៅ​ឆ្នាំ​នេះ គឺមាន​អាយុ ៤១​ឆ្នាំហើយ រូបលោក​បាន​និយាយ​រៀបរាប់ថា លោក​ពិការ​ភ្នែក​​ទាំង​ពីរ ចាប់ពី​អាយុ ៦​ឆ្នាំ ដោយសារ​តែ​ជំងឺ​កញ្ជ្រឹល ក្នុងសម័យ​ប៉ុល ពត ពីព្រោះ​គ្រួសារ​​របស់​លោក ក៏​ដូចគ្នា​នឹង​ពលរដ្ឋ​ខ្មែរ​ឯទៀត​ដែរ ត្រូវបាន​ជម្លៀស​ចេញពី​ក្រុង​ភ្នំពេញ និង​រស់នៅ​តាម​សហករណ៍​មហាសែនវេទនា។

លោក ជា ហន មាន​ស្រុកកំណើត​នៅ​ស្រុក​បាណន់ ឃុំ​ថ្នឹង ( ក្បែរ​ភ្នំ​សំពៅ ) ខេត្ត​បាត់​ដំបង និង​រស់នៅ​ជាមួយ​ឪពុកម្តាយ និង​មាន​បងប្អូន ចំនួន ៥ នាក់ ( ឆ្នាំ​១៩៩០ ស្លាប់​ប្អូន​ស្រី​ម្នាក់ )​។​

លោក​ពិការភ្នែកតាំងពី​កុមារភាព​នៅក្នុង​របប ប៉ុល ពត មក​នោះ គឺ​រូប​លោកពុំដែល​មាន​សង្ឃឹម​​​អ្វី​ទាល់តែសោះក្នុងឆាក​ជីវិត​របស់​លោក​។

លោក ជា ហន បានបញ្ជាក់ថា “​សូម្បី​ក្នុង​រង្វង់​គ្រួសារ​ឪពុកម្តាយ ក៏​មិន​បាន​ចាត់ទុក​លោក ជា​មនុស្ស​ ម្នាក់​នៅក្នុង​ក្រុមគ្រួសារ​ទេ​។ បានន័យថា គាត់​ផាត់​ចោល​មនុស្ស​ម្នាក់ ហើយ​សម្ពាធ​សង្គម ជុំវិញ​ការរស់នៅ​ក៏​កាន់តែ​លំបាក គឺ​រស់នៅ​ពុំមាន​សង្ឃឹម​អីនោះទេ​។​

លោក ជា ហន បាន​បន្តថា នៅពេល​ដែល​រូបលោក​ដឹងក្តី​អាយុ ១៨ ឆ្នាំ ខួរក្បាល​របស់​លោ​ក បាន​ចេះ​គិត ហើយ​លោក​មាន​និស្ស័យ​ជា​អ្នកសិល្បៈ​ចូលចិត្ត​ចម្រៀង និង​លេង​ភ្លេង​​របៀប​កែ​ច្នៃ​ឧបករណ៍ នៅតាម​ស្រុកស្រែ ដោយ​កែច្នៃ​ធ្វើ​ជា​ចាប៉ី និង​ឧបករណ៍​ភ្លេង​​ឯទៀត​។

​លោក ជា ហន បន្តថា ដោយ​លោក​មាន​និស្ស័យ​ជា​អ្នកសិល្បៈ លោក​ក៏​បាន​សុំ​អង្វរ​អ្នក​ម្តាយ និ ង លោក​ឪពុក​របស់​លោក​រៀន​ភ្លេង នៅតាម​វ​​ង់​តន្ត្រី​ស្រុកស្រែ តែ​ចំពោះ​ឪពុក​របស់​លោក ហាក់ដូចជា ហាមឃាត់​រូបលោក មិន​ចង់ឲ្យ​ទៅ​ចូលប្រឡូក​ខាងត​ន្ត្រី​សិល្បៈ និង​ចម្រៀង​ឡើយ ពីព្រោះ​គាត់​មិន​មាន​ជំនឿ​លើ​ទេ​ពស​ល្យ​របស់លោក ( ជា ហន ) ក៏​ប៉ុន្តែ​ចំពោះ​ម្តាយ​របស់​លោក​វិញ គាត់​មាន​ការ អាណិតអាសូរ​រូបលោកដែល​ជា​មនុស្ស​ពិការ ទើប​អនុញ្ញាតឲ្យ​លោកមក​កាន់​ទី​រួម​ខេត្ត​បាត់ដំបង សែ្វង​រកគ្រូ​រៀន​ភ្លេង​សម័យ និង​ចម្រៀង សម្រាប់​ស្វែងរក​មុខរប​រចិញ្ចឹម​ជីវិត​ខ្លួនឯង​។

​ចំពោះ​ ការធ្វើដំណើរ​មក​កាន់​ទី​រួម​ខេត្ត​ស្វែងរក​គ្រូបង្រៀន​នោះ គឺ​នៅ​ពេល​មកដល់ លោក​បាន​ស្វែង រក​គ្រូ​ជាច្រើន​នាក់ គេ​មិន​ទទួលយក​រូបលោក​ជា​សិស្ស​បង្រៀន​ទេ ដោយ​គ្រូៗ​ទាំងនោះ និយាយថា មនុស្ស​ល្អ​ជានៅ​ពិបាក​បង្រៀន ទម្រាំ​មនុស្ស​ខ្វាក់ភ្នែក មិនដឹង​ជា​បង្រៀន​របៀប​ណានោះទេ​។

ប៉ុន្តែ​នៅ​ទីបំផុត ​មាន​គ្រូ​ភ្លេងសម័យ​ម្នាក់ បាន​យល់ព្រម​ទទួល​រូប​លោកមក​ធ្វើជា​សិស្ស គឺ​គ្រូ​ដំបូង​របស់​លោក ឈ្មោះ​លោកគ្រូ ចៅ ពេជ្រ និង​គ្រូ​បន្ទាប់ គឺ​លោកគ្រូ ចិ​ត្រា ដែល​ខ្សោយ​ភ្នែក​នោះ ( ភ្នែក​ស្រវាំង មើល​មិនសូវ​ច្បាស់ ) ទើប​គាត់​យល់​ពី​ទុក្ខលំបាក​របស់​អ្នក​ពិការភ្នែក ដូច​រូបលោក​។

នៅពេល ​រៀន​ភ្លេងសម័យ​ជាមួយ​លោកគ្រូ ចិ​ត្រា គឺ​លោក ជា ហន រៀន​ជំនាញ​ខាង​លេង​ហ្គី​តា រយៈពេល ៤ ខែ នៅក្នុង​ឆ្នាំ​១៩៨៩ ហើយ​បន្ទាប់ ​លោកបាន​វិល​ទៅ​ស្រុក​កំណើតនៅ​ឯ​ស្រុក​​បាណន់​វិញ​។ ពេល​នោះ​ហើយ ដែល​លោក ជា ហន ត្រូវបាន​មិត្តភក្តិ​នាំ​ទៅ​លេង​ក្នុង​វង់​តន្ត្រីសម័យ​ប្រចាំ​ស្រុក​បាណន់ ដោយ​រូបលោក​ជា​អ្នក​លេង​​ហ្គី​តាក្នុង​វង់​តន្ត្រី​នោះ និង​ធ្វើ​ជា​អ្នក​ច្រៀង​បទ​សម័យ​ពីមុនមក​ដែរ ពីព្រោះ​មិត្ត​ភក្តិ​លើកទឹកចិត្ត​។​
​    ​
​លោក ជា ហន បាន​បន្តថា នៅ​អំឡុង​ឆ្នាំ​១៩៩១ លោក​បាន​ផ្សងព្រេង​មក​ភ្នំពេញ ហើយ​បាន​សុំ​ឪពុក​ម្តាយ ធ្វើដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​។ តែ​ពេល​នោះ ឪពុក​របស់​លោក នៅតែ​មិន​អនុញ្ញាតឲ្យ​លោក​ មក​ភ្នំពេញ​ទេ ដោយ​គាត់​នៅតែ​មិន​ជឿ​លើ​សមត្ថភាព​របស់​លោក​ដដែល ទើប​មិន​ឲ្យ​លោក​មក​ភ្នំពេញ តែ​ដោយ​ការជឿ​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួន និង​មិត្តភក្តិ​នោះ លោក​សុំ​អ្នក​ម្តាយ​ធ្វើដំណើរ​មក​ក្រុងភ្នំពេញ​ជា​មួយ​នឹង​លុយ ២.០០០ រៀល ជិះ​ឡាន​មក​ភ្នំពេញ នៅ​ពេល​មក​ដល់​ភ្នំពេញ លោក​ត្រូវ​បាន​មិត្តភក្តិ​នាំ​ទៅឲ្យ​ចូល​រៀនវ​គ្គ​បណ្តុះបណ្តាល​សមត្ថភាព ជាមួយ​អង្គការ​ម៉ា​រី​ណ​ល ដែល​កាលនោះមាន​ទីស្នាក់ការ​នៅក្នុង​វត្ត​សារាវ័ន្ត​តេជោ ដែល​ជួយ​បណ្តុះបណ្តាល​ជន​ពិការភ្នែក ហើយ​វគ្គ​បណ្តុះបណ្តាល​នោះ មាន​ការបណ្តុះ​បណ្តាល​​ផ្នែក​តន្ត្រីសម័យ និង​​បុរាណ ​ភាសា​អង់គ្លេស និង​រៀន​វាយ​អង្គុលីលេខ​។

​លោក ជា ហន បាន​ជ្រើស​យក​មុខវិជ្ជា​ខាង​តន្ត្រីសម័យ​អក្សរ​ប្រែល ( អក្សរ​សម្រាប់​ជន​ពិការ​ភ្នែក ) និង​ភាសា​អង់គ្លេស ដោយ​រៀន​អស់​រយៈពេល ២ ឆ្នាំ​។​

​លោក ជា ហន បាន​ឲ្យដឹង​បន្ត​ទៀត​ថា នៅក្នុង​ឆ្នាំ​១៩៩៧ បន្ទាប់​ពី​បញ្ចប់​ការ​បណ្តុះ​បណ្តាល​​មុខ​វិជ្ជា​ទាំង​បី​នោះជាមួយ​អង្គការ ​ម៉ា​រី​ណ​ល​រួចមក លោក​បាន​បង្កើត​សមាគម​​ន៏តន្ត្រី​ជនពិការ​មួយ​ឡើង ឬ​ហៅ​កាត់ ត​ន្រី្ត​ជនពិការ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​​ពី​សំណាក់​ជន​ពិការ​ភ្នែក និង​អ្នក​ពិការ​ជើង បាន​ចំនួន ៧ ទៅ ៨ នាក់ ដែល​ដំបូង​ឡើយសមាគមន៏​របស់​លោក បាន​ទទួល​ការ ឧបត្ថម្ភ​ថវិកាពី​សា្ថនទូត​អូស្ត្រាលី​ប្រចាំ​​នៅ​កម្ពុជា​។​

​លោក ជា ហន បាន​បញ្ជាក់ទៀតថា ក្រោយពី​លោក​បាន​បង្កើត​សមាគមន៏​តន្ត្រី​ជនពិការ​រួចមក លោក​ បាន​ជួយ​បង្ហាត់បង្រៀន​តន្ត្រីសម័យ​ដល់​ជនពិការ និង​ពលរដ្ឋ មាន​កាយ​សម្បទា​​គ្រប់​គ្រាន់ បាន​ធ្វើឲ្យ​លោក​មាន​ការគាំទ្រ និង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេ​នៅ​ក្នុង​​សង្គម​មក ដែល​ពេលនោះ លោក​ បាន​ដឹកនាំ​ការប្រគំតន្ត្រី​នៅ​សួន​វត្ត​បទុមវតី​។

​ជាមួយ​នោះ​ ដែរ លោក​បាន​ចងក្រង​ជនពិការ ហើយ​ចំពោះ​រូបលោក​ផ្ទាល់ បាន​បង្កើត​អាជីព​មួយ ទៀត នៅ​ឆ្នាំ​២០០៤ គឺ​ថត​បទ​ចំរៀង​សម័យ​ពី​ដើមៗ យក​មក​ច្រៀង​ឡើង​វិញ ហើយ​ថត​ដាក់ CD និង​ដើរ​លក់​នៅ​តាម​ភោជនីយដ្ឋាននៅ​ព្រែកលៀប និង​ដើរ​សុំ​ច្រៀង​នៅ​តាម​ភោជនី​យដ្ឋាន ដើម្បី​ទទួល​នូវការគាំទ្រ​ពី​សំណាក់​ភ្ញៀវៗ​ទាំងនោះ ជាមួយគ្នា​នោះ​ដែរ បន្ទាប់​ពី​ឡើង​ច្រៀង​ចប់ ក៏​មាន​សប្បុរស ជនបាន​ឧបត្ថម្ភ​ថវិកា​បន្តិចបន្តួច​ដល់​រូប​លោក​ផង​ដែរ​។​

លោក ជា ហន បាន​បញ្ជាក់ទៀតថា ចាប់តាំងពី​ឆ្នាំ​២០០៤ មក លោក​បានច្រៀង​ចំរៀង​ដាក់ CD ដើរ​លក់​នៅ​តាម​ភោជនីយដ្ឋាន​នានា ក្នុង​មួយ​យប់បាន​ចំនួន​ពី ១០ ទៅ ២០ CD ក្នុងមួយ CD តម្លៃ ២ ដុល្លារ ហើយ​ពុំ​មាន​ទីផ្សារ​នៅ​ខាង​ក្រៅ​ប្រទេស​នោះឡើយ។

លោក ជា ហន បាន​ត្អូញត្អែរថា គោលបំណង​របស់​លោក នៅ​ពុំទាន់​បាន​ទទួល​ជោគជ័យ​នៅ​ឡើយ​ទេ គឺ​ដោយសារតែ​ឧបករណ៍​ថត​បទ​ចម្រៀងរបស់លោកនៅ​ពុំទាន់​ត្រូវ​តាម​និយាម​ អន្តរជាតិ តែ​បទ​ចម្រៀង​របស់លោកបាន​ទទួល​ការកោតសរសើ​រពី​មហាជន​មួយចំនួន នៅក្នុង​ប្រទេស​ជា​បណ្តើរៗ​ខ្លះ​ហើយ​។

​លោក​បាន​បញ្ជាក់ទៀតថា ចំណូល​របស់​លោក ដែល​បាន​ពី​ការលក់ CD នោះ គឺ​គ្រាន់តែ​ទូទាត់​​ការ ចំណាយ​ថ្លៃ CD និង​ថ្លៃឈ្នួល​ម៉ូតូឌុប និង​អ្នកដើរ​ដឹក​ដៃ​លោក​នោះ គឺ​ចំណូល​នោះ​នៅសល់​បន្តិច បន្តួចសម្រាប់​ចិញ្ចឹមជីវិត​របស់​លោក និង​ប្រពន្ធ និង​កូនស្រី​របស់​លោក និង​អ្នក​រួម​អាជីព ដែល​ជា​ជនពិការ​ដូចគ្នា កំពុង​រស់នៅ​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​គ្នា​សព្វថ្ងៃនេះ ពី​ព្រោះ​ក្នុង​មួយ​យប់ លោក​លក់ CD បាន​លុយ​ចំនួន ៨ ម៉ឺន​រៀល និង​ជួល​ម៉ូតូឌុប និង​អ្នកដឹក​ដៃ​មួយ​យប់​ថ្លៃ ៣ ម៉ឺន​រៀល ទូទាត់​ថ្លៃ CD យក​មក​ថត​បទ​ចម្រៀង​នៅសល់តែ ២ ឬ ៣ ម៉ឺន​រៀល​ប៉ុណ្ណោះ​។

លោក ជា ហន បាន​បញ្ជាក់​ពី​គោលបំណង​របស់​ក្រុម​លោក គឺលោក​ចង់​ចេញ​ទៅ​សម្តែង​សមត្ថភាព​នៅ​ក្រៅប្រទេស ដើម្បី​បង្កើន​ប្រាក់​ចំណូល​ក្នុង​ក្រុម និង​តន្ត្រី​ជនពិការ​។​

លោក ជា ហន បញ្ជាក់ថា លោក​បាន​ជ្រើសរើស​យក​បទ​សម័យ​របស់លោក ស៊ីន ស៊ី​សាមុត និង​អ្នកចម្រៀង​ជើងចាស់​ល្បីៗមក​ច្រៀង​តាម​ថត​ដាក់ CD បាន​ចំនួន​ជាង ៣០០ បទ និង​បាន​និពន្ធ​បទ​ចម្រៀងដោយ​ខ្លួនឯងបាន​ចំនួន​ជាង ២០ បទ​ដែរ ដែល​ជា​បទ​មនោសញ្ចេតនា​។​
​    ​
​លោក បាន​បន្តទៀតថា ចាប់តាំងពី​ឆ្នាំ​១៩៩៨ លោក​បាន​ជួយ​បង្ហាត់​សិស្ស​ផ្នែក​ចម្រៀង និង​តន្ត្រី សម័យ​មាន​ជាច្រើន​ជំនាន់ សម្រាប់​សិស្ស​មាន​កាយសម្បទា​ត្រឹម​ត្រូវ មាន​ចំនួន ៥០ នាក់ និង​សិស្ស​ជា​អ្នក​ពិការ​មាន​ចំនួន​ច្រើន​ជាង ៥០ នាក់ បន្ទាប់ពី​ពួកគេ​ទទួលបាន​ចំណេះ ហើយ​បាន​ចេញ​ទៅ​ចូលរួម​ក្រុម​ផ្សេងទៀត ហើយ​សព្វ​ថ្ងៃ​នេះលោក​បាន​កំពុង​បណ្តុះបណ្តាល​កូន​សិស្ស​ជា​ជនពិការ​មាន​ ចំនួន​ជាង ១០ នាក់ រស់នៅ​ជាមួយ​លោក ដែល​ពួកគេ​បាន​ចេញ​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​ជំនាញ​ រៀង​ខ្លួន ហើយ​ពួកគេ​បាន​ជួយ​ចេញថ្លៃ​ជួល​ផ្ទះ ក្នុង​ម្នាក់ៗ ចំនួន ៥ ដុល្លារ ក្នុង​មួយ​ខែ ពីព្រោះ​​លោក​បាន​ជួល​ផ្ទះ​នោះ ក្នុង​មួយ​ខែ​ចំនួន ២០០ ដុល្លារ​។​

​លោក ជា ហន ទោះបីជា​លោក​ពិការភ្នែក​ទាំង​ពីរ​ក្តី ប៉ុន្តែ​សម្រាប់​សេចក្តីស្នេហា គឺ​លោក​​ក៏​​មាន​បេះដូង ដូច​បុរស​ដទៃទៀត​ដែរ ដូច​អត្ថន័យ​បទ​ចម្រៀ​មួយ​បទ ដែល​មាន​ចំណងជើង​ថា “​ទឹកភ្នែក​ស្វាមី​ស្រីឡង់សេដែល​ច្រៀង​ដោយ​លោក ហេង ប៊ុន​លាភ នៅត្រង់​ឃ្លា​មួយ​បាន​ច្រៀង​ថា “​ទោះ​បង​ពិការ​ក៏មាន​បេះដូង​...”​។​

លោក ជា ហន ក៏​បាន​បញ្ជាក់ថា លោក​បាន​ជ្រើសរើស​នារី​ម្នាក់ ជា​កូនសិស្ស នៅក្នុង​ក្រុម​របស់​លោក តាមរយៈ​ការនិយាយ​ផ្តោះផ្តង​គ្នា វាចា​ផ្អែមល្អែម​រវាង​ស្ត្រី និង​បុរស រួច​បង្កើតបាន​ជា​ចំណង​ស្នេហា​នៅក្នុង​បេះដូង​របស់​ពួក​យើង​ទាំង​ពីរ ហើយ​លោក​បាន​ស្នើសុំ​កញ្ញា ជន សុភាព អាយុ ២៧​ឆ្នាំ ស្រុកកំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​​ជា​ជនពិការភ្នែក ដូច​រូបលោក​ដែរនោះ រៀប​អាពាហ៍ពិពាហ៍ កាលពី​អំឡុង​ឆ្នាំ​២០០៩ ដើម្បី​ចាប់ដៃគ្នាជា​គូជីវិត​ជាមួយ​គ្នា​តែម្តង​ទៅ​។

​លោក ជា ហន បាន​បន្តថា បច្ចុប្បន្ននេះ ស្នេហ៍​ទាំង​ពីរបាន​បង្កើត​ចំណង​អាពាហ៍ពិពាហ៍ ដោយ​​លោក ​ប្រពន្ធ​របស់​លោក បង្កើត​បាន​កូនស្រី​ម្នាក់ ហើយ​បាន​ដាក់ឈ្មោះថា “​សុភក្ត្រ័​លីហ្សា”​។ នាង​មាន​កាយសម្បទា​ត្រឹមត្រូវ ( កូនស្រី​គាត់ ) មកដល់ពេលនេះ នាង​មាន​អាយុ​បាន ២ ឆ្នាំ​ហើយ​។​

​លោក ជា ហន បានបញ្ជាក់​ថា ក្រុម​តន្ត្រី​ជន​ពិការ​របស់​លោក ទោះបីជា​មាន​សមត្ថភាពដូច​ក្រុម​ត​ន្រី្ត ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់​ក៏ដោយ តែ​ក្រុម​តន្ត្រី​ជន​ពិការ​របស់​លោក ហាក់​ពីដូចជា ទទួលរង​នូវ​សម្ពាធ​ពី​សង្គម​។ នោះ​គឺ​គេ​ហាក់ដូចជាពុំ​ជួល​ក្រុម​តន្ត្រី​របស់លោកចេញ​ទៅ​សម្តែង​ទេ​។ នេះ​ទំនង ជា​គេ​គិត​ពី​បញ្ហា​កិត្តិយស ប្រហែលជា​គេ​ខ្លាច​អន់ឱន​កិត្តិយស នៅ​ពេល​ជួល​ជនពិការទៅ​សម្តែង​តន្ត្រី ធ្វើឲ្យ​ក្រុម​របស់លោកប៉ះពាល់​ជីវភាព​។​
​    ​
​លោក ជា ហន ក៏​បាន​បញ្ជាក់ថា សព្វថ្ងៃនេះ លោក​បាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​ផ្សារ​ទំនើប ផ្លា​ហ្សា ទឹកថ្លា សម្រាប់​ប្រគំ​តន្ត្រី​ជា​រៀង​រាល់​ចុង​សប្តាហ៍ គឺ​ប្រគំ​នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ នៅ​ជាន់​ទី​៣ ហើយ​ការប្រគំ​តន្ត្រី​នោះ ពេលខ្លះលោក​បាន​ចូលរួម​ដឹកនាំ​ប្រគំ ហើយក៏​មាន​ពេលខ្លះ លោក​ឲ្យ​កូនសិស្ស​របស់​លោក​សម្តែង​តន្ត្រី ហើយ​លោក​បាន​បង្កើត​ធុង “​មូលនិធិ​តន្ត្រី​ជនពិការ​កម្ពុជាសម្រាប់​ឲ្យ​ភ្ញៀវ​ផ្តល់​វិភាគទាន​។ ការសម្តែង​នោះ បាន​រយៈពេល ១ ខែ​មក​ហើយ​។​

​លោក ជា ហន បាន​អំពាវនាវ​ទៅ​ដល់​រាជរដ្ឋាភិបាល និង​អង្គការ​ជាតិ​ អន្តរជាតិ មេត្តា​ជួយ​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា ឬ​ឧបករណ៍​សម្ភារៈ​ដល់ “​មូលនិធិ​តន្ត្រី​ជនពិការ​កម្ពុជា​ របស់​លោក​ផង ពីព្រោះ​សព្វថ្ងៃនេះ លោក​កំពុង​បណ្តុះបណ្តាល​ជនពិការ​ជាង ១០ នាក់ ហើយ​ពួកគេ ក៏​បាន​ស្នាក់នៅ​រៀនសូត្រ​នៅ​ផ្ទះ​ជាមួយ​លោក​។

​លោក ជា ហន មាន​សមត្ថភាព​ប្រើ​កុំព្យូទ័រ តាមរយៈ​អក្ស​រប្រែ​ល សម្រាប់​មនុស្ស​ពិការ​ភ្នែក ក្នុង​ការថត​បទ​ចម្រៀង ដែល​រូបលោក ឬ​សមាជិកក្នុង​ក្រុម​របស់​លោក​ច្រៀងថត​បញ្ចូល CD សម្រាប់​យកទៅលក់​នៅ​ទីផ្សារ តាម​ភោជនីយដ្ឋាន​នានានៅ​ភ្នំពេញ​។

​លោក ជា ហន ក៏​បានឲ្យ​ដឹង​ដែរថា លោក​បាន​ទទួល​បង្រៀន​សិស្ស ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស តាមរយៈ SKYPEភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត តាមរយៈ​ម៉ូឌឹ​ម គ្រាន់​នឹង​បាន​ចំណូល​សម្រាប់​គ្រួសារ​។​

​លោក ជា ហន សពថ្ងៃមាន​អាសយដ្ឋាន​ផ្ទះ​លេខ​២៤ ផ្លូវ​K4B តាម​បណ្តោយ​ផ្លូវ​ហាណូយ ទល់មុខ​ក្បែរ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ 012 885 991​។ អាសយដ្ឋាន​ទំនាក់​ទំនង​​នេះ សម្រាប់​សប្បុរសជន ចង់​បរិច្ចាគ ជួយ​ថវិកា ឬ​សម្ភារៈ​តន្ត្រី ដល់​ក្រុម​តន្ត្រី​ជន​ពិការ​របស់​លោក ឬ​ក៏​ចង់​ជួល​ក្រុម​តន្ត្រី​ជនពិការ​ទៅ​សម្តែង​តាម​កម្មវិធី​ផ្សេងៗ​ ៕

No comments:

Post a Comment

yes