អ្នកភូមិចំនួនជិត ២០០នាក់ បានស្នើសុំឲ្យតុលាការខេត្តបាត់ដំបង លើកលែងការចោទប្រកាន់មនុស្ស ១០នាក់ ឲ្យរួចផុតពីការតាមចាប់ឃុំខ្លួនរបស់កងកម្លាំងមានសមត្ថកិច្ចខេត្តបាត់ដំបង។
ក្រុមអ្នកភូមិជិត ២០០នាក់ ខ្លះជិះ គោយន្តឆ្នៃ ខ្លះជិះម៉ូតូជាច្រើនគ្រឿង បានសុខចិត្តនាំគ្នាយកអាវុធវែងខ្លីចំនួនបីដើម និងសម្ភារៈមួយចំនួនទៀត ប្រគល់ទៅអាជ្ញាធរវិញ នៅក្នុងបរិវេណសាលាឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
ពិធីប្រគល់អាវុធនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ ដោយមានក្រុមមន្ត្រីអង្គការសិទ្ធិមនុស្ស និងក្រុមអ្នកកាសែតជាច្រើននាក់បានចូលរួមតាមដានហេតុការណ៍នេះ។
បន្ទាប់ពីក្រុមអ្នកភូមិជាច្រើននាក់បានប្រគល់អាវុធទាំងបីដើម គ្រាប់ជិត ៣០០ វិទ្យុទាក់ទងចំនួនបីគ្រឿង និងសម្ភារៈមួយចំនួនទៀតឲ្យទៅសមត្ថកិច្ចប៉ូលិសរួចមក លោក នៅ សារ៉ាយ អាយុ ៣៧ឆ្នាំ ជាតំណាងប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរស្រុក អន្តរាគមន៍ទៅតុលាការខេត្តបាត់ដំបង លើកលែងការចោទប្រកាន់លើក្រុមអ្នកភូមិ។
លោក នៅ សារ៉ាយ៖ «ទី១ សំណូមពរថា គាត់ដែលមានប័ណ្ណកាន់កាប់ពីអាជ្ញាធរ ភូមិ ឃុំ មានរហូតដល់ស្រុកទៀត អ៊ីចឹងគាត់សុំកាន់កាប់បន្តទៀត ទី២ គឺសំណូមពរថា កុំឲ្យមានចាប់ចង់ប្រជាពលរដ្ឋដែលមានឈ្មោះចោទប្រកាន់ទាំង ១០នាក់ សុំឲ្យលុបចោល សំណូមពរទី៣ កុំឲ្យមានខាងបឹងប្រាំង រំលោភ ឈ្លានពានអី រំខានដល់ប្រជាពលរដ្ឋដែលកំពុងបង្កបង្កើនផលហ្នឹងជារៀងរហូតទៅ»។
កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១១ ក្រុមអ្នកភូមិជាច្រើនរយនាក់ បានវាយដណ្តើមយកអាវុធខ្លីវែងចំនួនបីដើម និងសម្ភារៈមួយចំនួនទៀត យកទៅរក្សាទុក ដោយសារមានកំហឹងខឹងនឹងអាជ្ញាធរដែលបានដាក់គ្រឿងចក្រទៅឈូសឆាយដីសាងសង់ផ្លូវប៉ះពាល់លើដីដំណាំស្រូវរបស់គាត់ ហើយបាញ់កាំភ្លើងជាច្រើនគ្រាប់គំរាមមិនឲ្យអ្នកភូមិតវ៉ា។
លោក ទឹម ដារ៉េត អភិបាលស្រុកបវេល ក្រៅពីបានស្វាគមន៍ចំពោះក្រុមអ្នកភូមិដែលបានយកអាវុធមកប្រគល់ឲ្យសមត្ថកិច្ចនោះ លោកក៏បានទទួលយកសំណើរបស់អ្នកភូមិ៖ «ខ្ញុំនឹងព្យាយាមពាំ នាំនូវសំណូមពររបស់បងប្អូន និងធ្វើសេចក្តីរាយការណ៍ជូនទៅព្រះរាជអាជ្ញារំលត់បណ្តឹងទៅតាមសមត្ថកិច្ចរបស់តុលាការចុះ»។
សមត្ថកិច្ចប៉ូលិសខេត្តបាត់ដំបង កាលពីថ្មីៗនេះ ក៏បានចាប់ខ្លួនបុរសម្នាក់ ឈ្មោះ ង៉ែត ភាព ដែលតុលាការចោទថា ជាមេខ្លោងដឹកនាំអ្នកភូមិជាច្រើន ព្រួតគ្នាវាយដណ្តើមយកអាវុធវែងខ្លីចំនួនបីដើម ពីកងកម្លាំងមានសមត្ថកិច្ច ក្នុងហេតុការណ៍អំពើហិង្សាមួយ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅខេត្តភាគពាយ័ព្យ ប្រទេសកម្ពុជា។
លោក យិន ម៉េងលី ប្រធានសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តបាត់ដំបង។ លោកបានស្វាគមន៍ចំពោះការដែលក្រុមអ្នកភូមិបានយកអាវុធប្រគល់ឲ្យអាជ្ញាធរ។ ប៉ុន្តែលោកថា នៅមានបញ្ហាស្មុគស្មាញជាច្រើនទៀតដែលអាជ្ញាធរត្រូវមានវិធានការដោះស្រាយ។
លោក យិន ម៉េងលី៖ «ទាក់ទិនរឿងដីសម្បទានសង្គមកិច្ច ដែលបានប៉ះពាល់លើដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អស់រយៈពេលជាយូរឆ្នាំមកហើយ អាជ្ញាធរត្រូវធ្វើការសម្របសម្រួលជាមួយអ្នកដែលមានដីច្រើនឡើងវិញ។ ហើយទាក់ទិនជនជាប់ចោទ ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារនេះ យើងកំពុងរៀបចំមេធាវីជួយដើម្បីធានាឲ្យគាត់នៅក្រៅឃុំ»។
កាលពីខែធ្នូ ឆ្នាំ២០១១ កន្លងទៅ អ្នកភូមិជាច្រើនាក់ រស់នៅភូមិចំនួនបី ក្នុងឃុំអំពិលប្រាំដើម ស្រុកបេវេល ខេត្តបាត់ដំបង បានលើកគ្នាប្រឆាំងទៅនឹងក្រុមអាជ្ញាធរចម្រុះ។ អាជ្ញាធរបានដាក់គ្រឿងចក្រទៅឈូសឆាយដីសាងសង់ផ្លូវប៉ះពាល់លើដីដំណាំស្រូវរបស់គាត់។ ក្នុងសកម្មភាពនោះ ក្រុមអ្នកភូមិបានវាយដណ្តើមយក អាវុធខ្លីវែងចំនួនបីដើម និងសម្ភារៈមួយចំនួនទៀត។
រដ្ឋាភិបាលកម្ពុជា បានកំណត់យកដីនៅតំបន់នោះ ទំហំជិតបួនពាន់ហិកតារ ដាក់ធ្វើជាដីសម្បទានសង្គមកិច្ច សម្រាប់បែងចែកឲ្យប្រជាពលរដ្ឋអត់ដីចំនួន ១.៧៣៦គ្រួសារ និងគ្រួសារយោធិនពលីពិការចំនួន ២៥០គ្រួសារ។
ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញថា ការបន្ទន់ឥរិយាបថរបស់អាជ្ញាធរខេត្តបាត់ដំបង ធ្វើការសម្របសម្រួលជាមួយក្រុមអ្នកភូមិតវ៉ានេះ គឺស្របពេលដែលការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ជិតចូលមកដល់៕
rfa
No comments:
Post a Comment
yes