មេដឹកនាំបក្សប្រឆាំងក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី៣០មីនានេះ បានអំពាវនាវដល់ជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះក្នុងព្រឹត្តិការណ៏បំផ្ទុះគ្រាប់បែក កាលពី១៥ឆ្នាំ មុន ឲ្យបន្តភាពអត់ធ្មត់ ដើម្បីរង់ចាំយុត្តិធម៌ពីសំណុំរឿងនេះ ។
តាមរយៈប្រព័ន្ធវីដេ អូខន់ហ្វ័រេន ពីក្រៅប្រទេសលោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកចូលរួមពិធីបុណ្យ រំឭកវិញ្ញាណក្ខន្ធ អ្នកស្លាប់ក្នុងព្រឹត្តិការណ៏បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី ៣០ មិនា ឆ្នាំ១៩៩៧ ឯស្តូប ក្បែរអតីតវិមានរដ្ឋសភាថា ” បងប្អូនជនរងគ្រោះ និង ក្រុមគ្រួសារ ជនរងគ្រោះសូមកុំអស់សង្ឃឹម សូមមេត្តាអត់ធ្មត់ ថ្ងៃណាមួយ យើងគង់តែទទួលបានយុត្តិធម៌ទេ.. ” ។
ដោយមេដឹកនាំប្រឆាំងរូបនេះ បានលើកឧទារណ៏ករណីពួកមេដឹកនាំខ្មែរក្រហម ដែលរំលងផុតអស់រយៈពេលជិត៤០ឆ្នាំ តែពេលនេះ ពួកមេដឹកនាំខ្មែរក្រហមកំពុងត្រូវបានតុលាការកាត់ទោសពីបទឧក្រិដ្ឋរបស់ពួកគេ ។
លោក សម រង្ស៊ី បានបន្តអត្ថាធិប្បាយហៅរបបគ្រប់គ្រងក្រុងភ្នំពេញបច្ចុប្បន្នថា ជារបបខ្មែរក្រហមសម័យថ្មី ដែលមានស្ថានភាពមិនខុសគ្នា ពីពួក ប៉ុល ពត ឡើយ ។ មិនខុសគ្នាត្រង់ថា មានការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរគ្នាឯងដូចគ្នា គ្រាន់តែការកាប់សម្លាប់នោះ ប្ដូររូបភាពពីដោយផ្ទាល់ឆៅៗ មកជាការកាប់សម្លាប់តាមរបៀបប្រយោល ។
ជាមួយគ្នា មេដឹកនាំបក្សប្រឆាំង ក៏បានឆ្លៀតថ្លែងអំណរគុណផងដែរ ដល់អង្គការសិទ្ធិមនុស្ស យូមេនរ៉ាយវ៉ច ដែលបានចេញសេចក្ដីថ្លែងការណ៏មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញអំពាវនាវឲ្យសហគមន៏អន្តរជាតិ ជួយរកយុត្តិធម៌ដល់ជនរងគ្រោះក្នុងព្រឹត្តិការណ៏បំផ្ទុះគ្រាប់បែកនោះ ។
គួរបញ្ជាក់ថា គ្រាប់បែកដៃចំនួន៤គ្រាប់ដែលគេជឿថា បានចេញពីដៃ នៃក្រុមអង្គរក្សរបស់ ហ៊ុន សែន កាលពីវេលាព្រឹកថ្ងៃអាទិត្យទី ៣០ មីនា ឆ្នាំ ១៩៩៧ បានធ្វើឲ្យក្រុមបាតុករដឹកនាំដោយលោក សម រង្ស៊ី យ៉ាងហោចណាស់ ១៦នាក់ស្លាប់ និង ជា១រយនាក់ទៀតរងរបួស ដោយរហូតមកដល់ថ្ងៃនេះ មានរយៈពេល១៥ឆ្នាំគត់ ជនរងគ្រោះពុំទាន់បានឃើញស្រម៉ោលយុត្តិធម៌នៅឡើយទេ ៕
No comments:
Post a Comment
yes