របាយការណ៍​ថ្មី​មួយ រកឃើញ​ថា ​​​​នៅ​​ទូទាំង​​​ពិភពលោក ស្រ្តី​តិចតួច​ណាស់ ស្ថិត​នៅ​​ក្នុង​​ឆាក​​នយោបាយ ដោយ​មាន​​​ករណី​លើក​លែង​ពិសេស​​​​សម្រាប់​​បណ្តា​ប្រទេស​នៅ​តំបន់​ណ័រឌីក​(Nordic) ដែល​​របាយការណ៍​​​​ដដែល​នេះ​​បញ្ជាក់​​​ថា​បាន​ផ្តល់​​​សមភាព​​​ខាង​យេនឌើ។ របាយការណ៍​ ដែលត្រូវ​​បាន​ធ្វើ​ឡើង​ដោយ​សហភាព​​អន្តរសភា (Inter-parliamentary Union) ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IPU បាន​​​ឲ្យ​ដឹង​ថា តួលេខ​​ស្រ្តី​ ដែល​​ត្រូវ​បាន​បោះ​ឆ្នោត​​ដើម្បី​​ចូល​​​ក្នុង​​​រដ្ឋ​សភា​​កាល​ពី​ឆ្នាំ​មុន មិន​​បាន​​ឆ្លុះ​​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ខាង​​នយោបាយដ៏គួរឲ្យ​កត់​​សម្គាល់ នៅ​​តាម​​ផ្នែក​​ជាច្រើន​​​របស់​ពិភពលោក​ឡើយ។

កាល​ពី​ឆ្នាំ​មុន របាយការណ៍​ បាន​បង្ហាញ​ថា ​មធ្យម​​ភាគ​​​ស្រ្តី​​​នៅ​​លើ​ពិភព​លោក ដែល​ត្រូវ​​បាន​បោះឆ្នោត​ដើម្បី​ចូល​​ក្នុង​​រដ្ឋ​សភា មាន​ចំនួន​១៩.៥​​ភាគរយ។​ តួលេខ​នេះ ​មានចំនួន​១.៥​​ភាគរយ ដែល​​ខ្ពស់​ជាង​តួលេខ​​ក្នុង​​​ឆ្នាំ២០១០។ របាយការណ៍​នេះ​ បញ្ជាក់​​ដែរ​​ថា ​ស្រ្តី​មានចំនួន​​តិច​ជាង​១នាក់ ក្នុងចំណោម​​​សមាជិក​សភា​ចំនួន​៥​នាក់ ​នៅក្នុង​ពិភពលោក នាពេល​សព្វ​ថ្ងៃ។
របាយការណ៍​ បាន​ឲ្យ​ដឹង​​ថា ពិភព​​អារ៉ាប់​ មានមធ្យមភាគ​​​​តិចបំផុត​នៅ​ក្នុង​តំបន់​​​​​ ចំនួន​​​១០​​​ភាគរយ​​ ​នៅ​លើ​ពិភព​លោក ហើយ​​តួលេខ​​ស្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល រក្សា​បាន​នូវ​​​ចំនួន​​៧​ភាគរយ​ដដែល​ ​​ចាប់​​​តាំង​​ពី​​ឆ្នាំ​​២០០៥​​មក​ម៉្លេះ។ ការ​ងើប​បះ​បោរ​នៅ​អាហ្រ្វិក​ខាង​ជើង និង​ពិភព​​អារ៉ាប់ បាន​ធ្វើ​​ឲ្យ​​​ភ័យតក់ស្លុត នៅ​ទូទាំង​​ពិភពលោក។ ប៉ុន្តែ​ លោក ជេមីនី ផានយ៉ា(Jemini Pandya) ​ស្ត្រី​អ្នក​នាំពាក្យ​របស់ IPU ​មាន​ប្រសាសន៍​ថា របាយការណ៍​នេះ មាន​ឥទ្ធិពល​តិច​តួច ដែល​​អាច​​ធ្វើ​ឲ្យ​​ការ​រង្គោះ​រង្គើ​ប្រព័ន្ធ​នយោបាយ​​ចាស់​ឡើយ។​
A Tunisian woman residing in Morocco casts her vote at the polling station inside the Tunisian embassy in Rabat,  October 21, 2011.
Reuters
ស្ត្រី​ជនជាតិ​ទុយនេហ្ស៊ី​ម្នាក់​បោះឆ្នោត​នៅ​ទីស្នាក់ការ​បោះឆ្នោត​មួយកន្លែង​នៅ​ស្ថានទូត​ទុយនេហ្ស៊ី នៅ​រ៉ាបាត ប្រទេស​ម៉ូរ៉ូកូ ថ្ងៃទី២១ វិច្ឆិកា ២០១១។
«ការ​បោះ​ឆ្នោត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​​​ប្រទេស​អេហ្ស៊ីប (Egypt)​ បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​​ភាគរយ​នៃ​​​​​​សមាជិក​​​សភា​​ជា​ស្រ្តី ចាប់​ពី​១២.៧​ភាគរយ ទៅ​តិច​ជាង​២ភាគរយ។ ឥឡូវ​នេះ មាន​​សមាជិក​​សភា​​ជា​​​ស្ត្រី​តែ​១០​រូប​ប៉ុណ្ណោះ​ ក្នុង​ចំណោម​​​៥០៨​រូប​ ​នៅ​​អេហ្ស៊ីប។ ស្រ្តី បាន​ក្លាយ​ជាកម្លាំង​​ដ៏​សំខាន់​ នៅ​ក្នុង​​បដិវត្តន៍​អារ៉ាប់(Arab Spring) ប៉ុន្តែ​តួនាទី​នោះ ​មិន​បាន​ប្រែ​ក្លាយ​​ទៅ​ជា​​ការ​ចូល​រួម​ជាក់​ស្តែង​ក្នុង​វិស័យ​​នយោបាយ​​ឡើយ។ បដិវត្តន៍​អារ៉ាប់ ​ត្រូវ​តែ​​ផ្តល់​ឳកាស​ដល់​​ស្រ្តី ​នៅ​ក្នុង​ឆាក​​​នយោបាយ។ យើង​យល់​ឃើញ​ថា ឳកាស​សម្រាប់​ការ​ផ្លាស់ប្តូរ ​គឺ​​ស្ថិត​​នៅ​ត្រង់​ចំណុច​នោះ​តែ​ម្តង។ ពួក​គេ ​ត្រូវ​ចេះ​​ឆក់​យក​​ឪកាស​​។»​
តែ​ទោះ​បី​យ៉ាង​ណា ការ​សិក្សានេះ ​បាន​កត់​​សម្គាល់​ឃើញ​ថា មាន​ហេតុការណ៍​វិវត្តន៍​​​គួរ​​ជា​ទី​សង្ឃឹម​​នៅ​ប្រទេស​​ទុយ​នីស៊ី (​Tunisia) ដែល​បាន​អនុម័ត​ច្បាប់​មួយ ដើម្បី​ធានា​ឲ្យ​មាន​សមភាពនៅ​ក្នុងបញ្ជី​​បេក្ខជន។ ហើយ ច្បាប់​នេះ​ ​ចែង​​ថា ប្រទេស​ ម៉ារ៉ុក​​(Morocco) បាន​ដាក់​ចេញ​​​​​​កូតា​(quotas) សម្រាប់​សមាជិក​​​សភា​​ជា​ស្រី្ត ដែល​បាន​ធ្វើ​ឲ្យ​​​កើន​ឡើងចំនួន ​៦​ភាគរយ ​​នៃតួលេខ​​​សមាជិក​សភា​​ជា​ស្រ្តី​ ​កាល​ពី​ឆ្នាំ​មុន។

REUTERS
ស្ត្រី​ម្នាក់​កាន់ទង់ជាតិ​អេហ្ស៊ីប​ក្នុង​ពេល​តវ៉ាទាមទារ​ឲ្យ​កងទ័ព​ប្រគល់​អំណាច​ទៅ​ជនស៊ីវិលនៅទីលាន តាហៀរ ក្នុង​រដ្ឋធានីខៃរ៉ូ ថ្ងៃទី២៧ មករា ២០១២។
របាយការណ៍ ​ក៏​បាន​រក​ឃើញ​ថា ប្រព័ន្ធ​កូតា​នេះ ធ្វើ​​ការ​ឆ្ពោះទៅ​រក​​ផល​ប្រយោជន៍​របស់​ស្រ្តី​នៅ​​​​​​ក្នុង​អនុ​តំបន់​​សាហារ៉ា​នៃ​​ទ្វីប​អាហ្រ្វិក។ របាយការណ៍​នេះ បាន​​ឲ្យ​​ដឹង​​​ថា មធ្យម​ភាគ​ស្រ្តី​នៅក្នុង​តំបន់​ ដែល​មាន​អសនៈ​​នៅ​ក្នុង​រដ្ឋ​​សភា មាន​ចំនួន​ជាង​២០​ភាគរយ។ របាយការណ៍ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ សភា​​ចំនួន​​១៣ ​នៅ​​​ទ្វីប​នេះ ​មាន​​សមាជិក​​សភា​ជា​​​​ស្រ្តី​​​​ចំនួន​៣០​ភាគរយ ឬ​​ច្រើន​ជាង​នេះ ​ដោយ​សា​តែ​មាន​វិធានការ​​ពិសេស​ៗ​ជាច្រើន ដូច​ជា ​​កូតា ជាដើម។
លោក ជេមីនី ផានយ៉ា(Jemini Pandya) មាន​ប្រសាសន៍​​ថា ជា​រឿយៗ​ ប្រទេស​ដែល​ទើប​ងើប​ចេញ​ពី​ជម្លោះ​ ផ្តល់​ឳកាស​​ដល់​​ស្ត្រី​ ដើម្បី​​បំពេញ​​​កន្លែង​ទំនេរ​​នយោបាយ។​
«នៅ​​​​លើ​សកល​​លោក ប្រទេស​​ចំនួន​​ជាង​១ភាគ៣ ដែល​មាន​សមាជិក​​​​សភា​ជា​​​ស្រ្តី​ ចំនួន​៣០​ភាគរយ ស្ថិត​​នៅ​ក្នុង​​ប្រទេស​​​អន្តរកាល​ ឬ​​ប្រទេស​ក្រោយ​​ជម្លោះ។ ឧទាហរណ៍ ឥឡូវ​នេះ​ប្រទេស​​ស៊ូដង់​ខាង​ត្បូង (South Sudan) មាន​​ស្ត្រី​ចំនួន​​២៦.៥​​ភាគរយ ​នៅ​ក្នុង​​​​សភា​តំណាង​រាស្ត្រ​​អន្តរកាល​របស់​ខ្លួន។ ភាគរយ​​នោះ កើត​​ឡើង​​​ដោយសារ​​​​​​ប្រព័ន្ធ​កូតា​តែ​ម្តង។ ហើយ តួ​លេខ​​​នេះ ខ្ពស់​ជាង​​មធ្យម​​ភាគ​​នៅ​​​ទ្វីប​អាហ្រ្វិក​ និង​សកល​លោក។» ​
របាយការណ៍​របស់​ IPU ​បញ្ជាក់ថា ​ថា​តើ​​ត្រូវ​ឬ​ខុស ប្រព័ន្ធ​កូតា នៅ​តែ​​ជា​​មាគ៌ា​​ប្រកប​ដោយ​​ប្រសិទ្ធភាពបំផុត​ ​ក្នុង​ការ​នាំ​ស្រ្តី​ចូល​​ក្នុង​ឆាក​​នយោបាយ។ អ្នក​សរសេរ​​របាយការណ៍ ផ្តល់​ទឡ្ហីករណ៍​ថា ​ស្រ្តី​​​​​ នឹង​​​ត្រូវ​បន្ត​ការ​​​​បដិសេធមិន​ឲ្យ​​មាន​​ឳកាស​​ ដើម្បី​​​​សម្រេច​​បាន​នូវ​​​​​ការ​​ផ្លាស់​ប្តូរ​​សង្គម និង​សេដ្ឋកិច្ច ​តាមរយៈ​​នយោបាយឡើយ  លុះ​ណា​​តែ​មាន​សមភាព​៕