សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 3, 2012

ឈុត វុទ្ធី ទៅលែងវិលត្រឡបហើយ តែគ្រួសាររបស់លោកខ្វលពីសុវត្ថភាព



ភ្នំពេញៈ លោក ឈុត វុទ្ធី បាន​ឃ្លាតទៅឆ្ងាយ សែនឆ្ងាយ លែងវិលត្រឡប់​មកវិញ​ជារៀងរហូត បន្សល់ទុកនូវ​ភរិយា មេម៉ាយ និង​កូនៗ ៣ នាក់ ដែល​កំពុងមាន​ការភ័យខ្លាច ពី​សុវត្ថភាព​។
បើទោះបី​ជាកាលពី​នៅរស់ លោក ឈុត វុទ្ធី ប្រធាន​អង្គការ ការពារ​ធនធាន​ធម្មជាតិ មាន​ឱកាស​ អាចជួបជុំ​គ្រួសារ បានត្រឹមតែ​មួយដង ឬ​ពីរ​ដង​ក្នុង​មួយខែ ឬ​ពីរខែក្តី ក៏ការបាត់បង់​ស្វាមី និង​ ឪពុក​ ជាទីស្រឡាញ់ និង​ជាទី​គោរព​របស់​ពួកគេនេះ បាន​ធ្វើឲ្យ​ពួកគេ មាន​ការភ័យរន្ធត់ ដក់ ជាប់​ នៅក្នុងចិត្ត​ជាប្រចាំ ដោយសាតែ​រូបភាព​នៃការបាញ់​សម្លាប់​ដ៏សាហាវ​ព្រៃផ្សៃ ដែល​ហាក់ បី​ដូចជា​ប្រទេស​មួយនេះ ពុំមានច្បាប់​ទម្លាប់ និង​ការមិន​អើពើ​ របស់​កងរាជអាវុធហត្ថ​ ខេត្ត​កោះ កុង ដែល​ទុកលោក​ឈុត វុទ្ធី ឲ្យហូរឈាម​រហូតដល់​ស្លាប់ ខណៈ​ដែល​គាត់​មិនទាន់ស្លាប់ ក្រោយ ពី​ការបាញ់​ប្រហារ បើទោះបីជា​មានការអង្វរករ ពី​អ្នកកាសែត សុំយក​រូបគាត់​ ទៅ​មន្ទីរ ពេទ្យ​ក្តី​។

អ្នកស្រី សម ចាន់ធី ភរិយា​លោក ឈុត វុទ្ធី ដែល​មាន​មុខរបរ​ជា​អ្នក​លក់សាច់ជ្រូក នៅតាម​ផ្សារ​តូចមួយ កំពុង​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព​របស់​អ្នកស្រី និង​កូនៗ របស់​អ្នកស្រី ចាប់តាំងពី​ស្វាមី​អ្នកស្រី ត្រូវគេ​បាញ់សម្លាប់ កាលពី​ថ្ងៃទី ២៦​ ខែ​មេសា ពេល​ដែលគាត់ ចុះទៅ​ស៊ើប​អង្កេត​បទល្មើស​ព្រៃឈើ នៅក្នុង​ខេត្ត​កោះកុង​។ អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​និង​កូន​តូចៗ មិនហ៊ាន​ដើរចេញ​ទៅណាឆ្ងាយទេ ដោយ​បារម្ភ​អំពី​សុវត្ថិភាព គឺពួកយើង​ស្នាក់នៅ​តែក្នុង​ផ្ទះ»។
អ្នកស្រី សម ចាន់ធី ដែលមាន​អាយុ៤០ ឆ្នាំ ពី​ពេល​នេះតទៅ នឹងត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន ទាំង ៣ នាក់​តែម្នាក់ឯង ដែល​កូនប្រុសច្បង អាយុ ១៩ ឆ្នាំ និង​កូនស្រី​ពៅ អាយុ ៣ ឆ្នាំ មិនទាន់​ហ៊ាន​ឲ្យកូនៗ ទៅសាលារៀន​នៅឡើយទេ ដោយសារតែ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ។ អ្នកស្រី​បាននិយាយថា ៖«​សព្វថ្ងៃនេះ​កូនប្រុស​ខ្ញុំគេមាន​ភាពរឹងមាំ ប៉ុន្តែ កូនស្រី​របស់​ខ្ញុំមាន​ការភ័យខ្លាច​ជាខ្លាំង បន្ទាប់ពី​ឪពុក ត្រូវបាន​គេបាញ់​សម្លាប់​»។
ដោយសារតែ​ការភ័យខ្លាច​ពី​សុវត្ថិភាព និង​ការបារម្ភ​ខ្លាច​ពុំមាន​លទ្ធភាព​ឲ្យកូនរៀនសូត្រ ដូច​កាលពីមុន អ្នកស្រី ចាន់ធី បានអំពាវនាវ​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល​នានា​ជួយយក​គ្រួសារ​របស់​អ្នកស្រី​ទៅរស់នៅ​ប្រទេស​ទីពីរ។ អ្នកស្រី​ថ្លែងបន្តថា​៖ «ខ្ញុំ​សូមស្នើ​ឲ្យ​អង្គការ​ក្រៅរដ្ឋាភិបាល ជួយ​ពួកយើង​ឲ្យបាន​ទៅនៅ​ប្រទេស​ទីពីរ​ទើបពួកខ្ញុំ មានសុវត្ថិភាព ហើយ​កូនៗខ្ញុំ​អាច​មាន​ឱកាស​បានរៀនសូត្រ​ពេញលេញ ដើម្បី​ស្នង​ឪពុក​របស់​ពួកគេ ដែលជា​អ្នកបូជា​ជីវិត​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​»។ បើទោះជា​ស្វាមី​របស់​អ្នកស្រី ត្រូវខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅក្នុង​ពេល​បំពេញ​ភារកិច្ច​ក៏ដោយ ក៏អ្នកស្រី សម ចាន់ធី នៅតែមាន​បំណង ចង់ឲ្យ​កូនប្រុសច្បង​របស់​អ្នកស្រី​ធ្វើការងារនេះ​បន្តពី​ឪពុក​របស់គេ ដោយសារតែ​អ្នកស្រី​យល់ថា ការងារ​ការពារ​បរិស្ថាន គឺជា​ការងារល្អ ដែលអាច​ជួយសង្គម​ជាតិ មិន​បំផ្លាញជាតិ​។ អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំចង់ឲ្យ​កូនខ្ញុំ​ស្នងពី​ឪពុក​របស់គេ​នៅថ្ងៃ​អនាគត ពីព្រោះ​ឪពុក​គេ​ពុំទាន់​សម្រេច​បំណង​ប្រាថ្នា​របស់គាត់​នៅឡើយ​»។
លោក អំ សំអាត មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បានថ្លែងថា ការភ័យខ្លាច​របស់អ្នកស្រី ចាន់ធី គឺដោយសារតែ​ពុំទាន់​មានការ​រកយុត្តិធម៌​ជូនស្វាមី​របស់គាត់ ក៏ដូចជា​គ្រួសារប៉េអឹម​នៅឡើយ។ លោក​បន្តថា​៖ «​រដ្ឋាភិបាល គួរតែ​ចាត់វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​របស់​គ្រួសារ ដែលជា​អ្នកការពារ​បរិស្ថាន​នេះ»។
ឈុត វុទ្ធី ជានរណា?
លោក ឈុត វុទ្ធី ដែលមាន​សម្បុរ​ខ្មៅ​ស្រអែម​មាន​រូបរាង​ស្គមមិនសូវមាន​សាច់ឈាម​ស្រស់បស់ តែ​និយាយច្បាស់ៗ និង​ស្វាហាប់​នោះ បានចាប់​កំណើត នៅក្នុង​គ្រួសារ​កសិករ​មួយ​នៅក្នុង​ភូមិស្វាយ​មាសឃុំវិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ លោក​មាន​បងប្អូន​បង្កើត ៨ នាក់ (ស្រី ៣ ប្រុស ៥) ហើយ​លោក វុទ្ធី ដែលពេលនេះ មាន​អាយុ ៤៨ ឆ្នាំ គឺជា​កូនទី ៧​។
លោក ឈុត វុទ្ធី បាន​បញ្ចប់​ការសិក្សាថ្នាក់​វិទ្យាល័យ​នៅក្នុង​ឆ្នាំ ១៩៨៦ ហើយពី​ឆ្នាំ​១៩៨៦ ដល់ឆ្នាំ១៩៨៧ លោក​បម្រើការងារ​ជាទាហាន​និង​ពីឆ្នាំ​១៩៨៧ ដល់ឆ្នាំ ១៩៩២ លោក​បានទៅ​សិក្សា​អនុបណ្ឌិត​យោធា​នៅប្រទេស​រុស្ស៊ី​។ ពីឆ្នាំ​១៩៩២ ដល់​១៩៩៣ លោក​បម្រើការ​ជាបុគ្គលិក​អ៊ុនតាក់ (UNTAC) ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៥ លោក​បម្រើ​ការងារ​ជាអ្នកគ្រប់គ្រង​ម៉ាស៊ីន​រាវមីន របស់​អង្គការ​ស៊ីម៉ាក់។ ពីឆ្នាំ ១៩៩៥ ដល់​១៩៩៧ លោក​បម្រើ​ការងារ​ជាអ្នកគ្រប់គ្រង​ទូទៅ សម្រាប់​ក្រុមហ៊ុន​ឯកជនមួយ​។ ពីឆ្នាំ​១៩៩៨ ដល់​ឆ្នាំ ២០០០ លោក ជា​អ្នកសង្កេតការណ៍​បោះឆ្នោត សម្រាប់​ស្ថានទូត​អង់គ្លេស។ ពីឆ្នាំ ២០០១ ដល់ ២០០៣ ជា​អនុប្រធាន​អង្គការ​អភិរក្ស​អន្តរជាតិ និង​ពីឆ្នាំ ២០០៣ ដល់ ២០១២ ជា​នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ។ ក្នុងជីវប្រវត្តិ លោក ឈុត វុទ្ធី បានសរសេរ​ពី​ចក្ខុវិស័យ​របស់​លោកថា៖ «​ខ្ញុំ​ប្រាថ្នា​បញ្ឈប់​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា តាមរយៈ​ការកសាង​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​រដ្ឋ​របស់​រដ្ឋាភិបាល និង​ការពង្រឹង​ការអនុវត្ត​ច្បាប់»។
សកម្មភាព​ប្រឆាំង​បទល្មើស​ព្រៃឈើ
លោក ឈឹម សាវុធ អ្នក​សម្របសម្រួល​គំរោង​វេទិកា​សាធារណៈ នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ឈុត វុទ្ធី ហើយ​តែងតែ​ប្រកៀកស្មាគ្នា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ដែល​កំពុង​ទទួល​រងការបំផ្លិចបំផ្លាញ​នោះ បាន​មាន​ប្រសាសន៍​ថា ឈុត វុទ្ធី ធ្វើការ មិនមែន​ដើម្បី​ផលប្រយោជន៍​ក្រុមគ្រួសារ​របស់គាត់ទេ គឺ​ដើម្បី​ផលប្រយោជន៍ជាតិ​និង​ផលប្រយោជន៍​មនុស្ស​ជំនាន់ក្រោយ។ គាត់បាន​ដឹងខ្លួន​ជាមុនថា ការងារ​របស់គាត់​ដែល​បានធ្វើ​កន្លងមក ប្រឈមនឹង​សេចក្ដី​ស្លាប់ ពីព្រោះ​ថា ជនល្មើស​កាប់ឈើ មិនសប្បាយចិត្ត នឹង​សកម្មភាព​របស់គាត់​ទេ។ លោក ឈឹម សាវុធ និយាយថា ៖«​លោក វុទ្ធី បាន​ប្រាប់ខ្ញុំថា ធ្វើការងារ​ដូចយើង បើមិន​គេបាញ់​សម្លាប់​ចោលក៏​គេចាប់​ដាក់គុកដែរ»។ លោក ឈុត វុទ្ធី បាន​ធ្វើ​សកម្មភាព​ជាច្រើន ធ្វើការងារ​ការពារ​ធនធាន​ធម្មជាតិ ពិសេស​ព្រៃ​នៅតំបន់​ជួរភ្នំក្រវាញ ខេត្ត​កោះកុង និង​ខេត្ត​ពោធិ៍សាត់ និង​នៅតំបន់​ព្រៃឡង់។ លោកត្រូវបាន​អាជ្ញាធរ​រដ្ឋាភិបាល និង​ក្រុមឈ្មួញ គំរាម​សម្លាប់​ជាច្រើនលើក​មកហើយ តែទោះបី​ជាយ៉ាងនេះក្ដី លោក ឈុត វុទ្ធី នៅតែ​មានឆន្ទៈ​មោះមុត ក្នុង​ការការពារ​សម្បត្តិ​ធម្មជាតិ​នៅកម្ពុជា រហូតដល់​ថ្ងៃដែល​ត្រូវគេបាញ់​សម្លាប់​នៅក្នុងទឹកដី​ខេត្តកោះកុង។
លោក ឈឹម សាវុធ បាន​រំឭកថា កាលពី​ខែវិចិ្ឆកា ឆ្នាំ ២០១១ នៅក្នុងស្រុក​សណ្តាន់ លោក ឈុត វុទ្ធី ត្រូវលោក​អធិការ​ស្រុក អ៊ួង ម៉ូលី បញ្ជាឲ្យ​ប៉ូលិសទៅ​ចាប់​ក្នុងបំណង​វាយខ្នោះ​យកទៅ​អធិការស្រុក ខណៈ​ដែល​រូបគាត់ បាន​ឃ្លាំមើល​កម្លាំង​សហគមន៍​ចុះល្បាត​បទល្មើស​ព្រៃឈើ​។ នៅ​បន្ទាប់មកទៀត លោក វុទ្ធី ត្រូវឈ្មួញ​ឈើ​ប្តឹងឲ្យ​ចាប់ទៅ​ស្នងការ​ខេត្តកំពង់ធំ​។ លោកឲ្យ​ដឹងទៀតថា​៖«​លោក ឈុត វុទ្ធី ត្រូវបាន​គេប៉ុនប៉ង​សម្លាប់​ស្ទើរតែ​រាប់មិនអស់​នៅ​ក្នុងពេល​បំពេញ​ការងារ ប្រឆាំងនឹង​បទល្មើស​ព្រៃឈើ​»។
នៅមុនពេល​ទៅខេត្ត​កោះកុង លោក ឈុត វុទ្ធី បាន​ប្រាប់​លោក ឈឹម សាវុធថា គាត់​ទៅ​ខេត្ត​កោះកុង​នៅថ្ងៃទី ២៤ មេសា ដើម្បី​ទៅ​ប្រមូល​ភស្តុតាង​របស់​ក្រុមហ៊ុន និង​ជនល្មើស​កាប់ឈើ​ខុសច្បាប់ នៅ​តំបន់​ក្រវាញ​ភាគ​កណ្ដាល ដើម្បី​យកភស្តុតាង​ទាំងនោះ ដាក់​ជូន​រដ្ឋាភិបាល។ លោក​ឈឹម សាវុធ បន្តថា​ ៖«ខ្ញុំ​ស្រក់ទឹកភ្នែក ដោយ​ពុំដឹងខ្លួន នៅពេល​ទទួល​ដំណឹង​ថា គេបាញ់​សម្លាប់​គាត់ ពីព្រោះ​នៅ​ព្រឹក​ថ្ងៃទី ២៦ មេសា ខ្ញុំបាន​ប្រាប់គាត់ថា បង សភាពការណ៍​មិនស្រួលទេ បងកុំ​ចូលកន្លែងនោះ​ឲ្យសោះ គឺ​បងត្រូវតែ​បើកឡាន​សំដៅ​មក​ភ្នំពេញ​វិញ តែគាត់​ក៏បាន​ប្រាប់ថា មិនអីទេ ប្រហែល​ជា​ម៉ោង ៥ ល្ងាច​នឹងមកដល់​ភ្នំពេញ​ហើយ តែបែរ​ជា​ម៉ោង​ជាង​១២ ថ្ងៃត្រង់ ខ្ញុំ​បានទទួល​ដំណឹង​អំពី​ការបាញ់​សម្លាប់​គាត់ទៅវិញ»។
នៅក្នុង​វេទិកា​អ្នកស្ដាប់វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១១ លោក ឈុត វុទ្ធី បាន​និយាយថា នៅក្នុងខែ​ធ្នូ ២០១១ អំពីករណី​អ្នកសារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ពីរនាក់ បាន​ថតរូប​ឡាន ដែល​ដឹក​ឈើ​នៅ​ពេលយប់ នៅឯ​រង្វង់​មូលថ្មបាំង មាន​ខាង​យោធាចេញមក បាន​ទាញយក​កាមេរ៉ា ហើយ​បាន​គំរាមកំហែង​ប្រតាយ​ប្រតប់​គ្នា​។ នៅពេលនោះ លោក​ក៏បានសួរថា មូលហេតុ​អី បាន​ជា​ទាមទារ​យក​របស់​របរ​ខាង​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​អ្នកកាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានសួរ​ឈ្មោះ​មន្ត្រី​យោធា តែខាង​កម្លាំង​យោធា មិនបាន​ប្រាប់​ឈ្មោះ ទៅដល់​អ្នកកាសែត​ភ្នំពេញ ប៉ុស្តិ៍​នោះទេ ដោយនិយាយ​ថា អ្នកឯង​គ្មានសិទ្ធិ​សួរ​ឈ្មោះ​ខ្ញុំនោះទេ តើ​អ្នក​ឯងមក​កន្លែងនេះ មាន​ការអនុញ្ញាត​ពី​អង្គការ​ស៊ី​អាយ​ដែរឬអត់​? មាន​កាអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ​ដែរ​ឬអត់​? មាន​ការអនុញ្ញាតពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ​អត់​? មាន​ការអនុញ្ញាត​ពី​សមត្ថិកិច្ច​ចម្រុះ​ដែល​ការពារ​ក្រុមហ៊ុន​ដែរឬអត់​? លោក​វុទ្ធី​ក៏បាន​ប្រាប់​ទៅ​កងកម្លាំង​ទាំងនោះវិញថា តាមច្បាប់ ការដើរហើរ​នៅក្នុង​ប្រទេស​កម្ពុជា មិនត្រូវ​បាន​ហាមឃាត់​ទេ ហើយចំពោះ​អ្នកសារព័ត៌មាន គាត់មាន​សិទ្ធិថត នៅលើ​ផ្លូវ​សាធារណៈ។ ការរារាំង​សកម្មភាព​ស៊ើបអង្កេត​របស់​លោក ឈុត វុទ្ធី និង​ការ​យក​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ពីការកាប់ឈើ​ត្រូវបាន​កង​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត​កោះកុង តាម​យាយី និង​រារាំង​ជាញឹកញាប់​នៅ​គ្រប់ពេល​។ តាម​លោក ឈុត វុទ្ធី កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងនោះ គឺជា​អ្នកកាង​ក្រុមហ៊ុន​រកស៊ី​កាប់ឈើ​តែម្ដង។
កងអាវុធហត្ថ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី ២៧ ខែ​មេសា បាន​ចេញ​របាយការណ៍​ស៊ើបអង្កេត ស្តីពី​ករណី​បាញ់​ប្រហារ​លោក ឈុត វុទ្ធី ដោយ​បាន​សរសេរ​ថា លោក ឈុត វុទ្ធី បានធ្វើដំណើរ​ជាមួយ​អ្នកកាសែត​ពីរ​រូប នៅពេល​មកដល់​ចំណុច​វាល ៣ ភូមិ​កោះប៉ោ​ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា កាលពី​ថ្ងៃទី ២៦ ខែ​មេសា នោះ លោក ឈុត វុទ្ធី បានជួប​ជាមួយ​កម្លាំង​អាវុធហត្ថ​ចំនួន​ពីររូប មាន​ឈ្មោះ អ៊ិន រតនា និង​ឈ្មោះ សូ សុភាព ដែល​អ្នកទាំងពីរ​មានបេសកកម្ម​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​កោះកុង ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ។ ប៉ុន្តែ​នៅពេលដែល​លោក ឈុត វុទ្ធី និង​កម្លាំង​អាវុធហត្ថ​បានជួបគ្នា លោក ឈុត វុទ្ធី បាន​ជេរប្រមាថ​កងកម្លាំង​អាវុធហត្ថ នៅពេលនោះ​លោក អ៊ិន រតនា បានបាញ់​សម្លាប់​លោក ឈុត វុទ្ធី បន្ទាប់មក​ក៏បាញ់​សម្លាប់ខ្លួនឯង ២ គ្រាប់។
ប៉ុន្តែ​របាយការណ៍នេះ មិនត្រូវបាន​ក្រុមគ្រួសារ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សាធារណជន​ជាច្រើន​ជឿឡើយ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើត​គណៈកម្មការ​ធ្វើការ​ស៊ើបអង្កេត​ថ្មីមួយ​។ នៅ​ទីបំផុត រដ្ឋាភិបាល បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត ហើយ​នៅពេលនេះ កំពុងតែ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការបាញ់​សម្លាប់​ដ៏​ព្រៃផ្សៃនេះ​៕


No comments:

Post a Comment

yes