សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 19, 2012

បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​យក​​​រថយន្ត​រដ្ឋ​មក​ឃោសនា​បោះ​ឆ្នោត


គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​គេ​ចោទ​ថា បាន​យក​រថយន្ត​របស់​រដ្ឋ​ទៅ​ប្រើ​ប្រាស់​ក្នុង​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត។
ក្រុម​អ្នក​ឃ្លាំមើល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ បាន​សង្កេត​ឃើញ​ថា នៅ​ក្នុង​ថ្ងៃ​ឃោសនា​ រក​សំឡេង​ឆ្នោត​ដំបូង​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សំបូរ​ធន​ធាន​ច្រើន​ជាង​គណបក្ស​ផ្សេង​ទៀត​នោះ​ បាន​យក​ទ្រព្យ​សម្បត្តិ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ទៅ​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ឃោស​នា​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។
ប្រជា​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ឈ្មោះ ​ហុង ហេង​ បាន​ថ្លែង​ថា ក្បួន​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃ​ដំបូង​នេះ ​លោក​សង្កេត​ឃើញ​មាន​រថយន្ត​អត់​ស្លាក​លេខ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់។

លោក ហុង ហេង៖ «ឃើញ​ឡាន​ហែ​ឃោសនា​គណបក្ស​នយោបាយ​ហ្នឹង​អត់​មាន​ស្លាក​លេខ​ច្រើន​ណាស់ តើ​ប៉ូលិស​ចរាចរណ៍​ដែល​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ មមាញឹក​កន្លង​ទៅ​បាត់​ទៅ​ណា​អស់​ហើយ​ សូម្បី​ម៉ូតូ​តូច​មួយ​គ្រឿង​អត់​មាន​កញ្ចក់​ អត់​មាន​មួក​ម្ដង​​​ដេញ​គ្នា​ប្រផាត់​ប្រភីង​គ្រប់​ច្រក​រហក​ ឥឡូវ​នេះ​ហេតុ​បាន​ឲ្យ​ឡាន​ខុស​ច្បាប់​អ៊ីចឹង? ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ​ត្រូវ​ពិចារណា​មែន​ទែន ព្រោះ​យើង​ពង្រឹង​ច្បាប់​ចរាចរណ៍»។ 
ប្រភព​ព័ត៌មាន​សុំ​មិន​បញ្ចេញ ​ឈ្មោះ​បាន​បញ្ជាក់​ថា រថយន្ត​ខ្លះ​ត្រូវ​គេ​សង្ស័យ​ថា ជា​រថយន្ត​ពាក់​ស្លាក​លេខ​ក្រសួង​ការពារ​ជាតិ​ រថយន្ត​ខ្លះ​ពាក់​ស្លាក​លេខ​ក្រសួង​មហាផ្ទៃ និង​រថយន្ត​ខ្លះ​ទៀត​ពាក់​ស្លាក​លេខ​របស់​​រដ្ឋ។ រថយន្ត​ទាំង​នោះ​ត្រូវ​បាន​គេ​ដោះ​ស្លាក​លេខ​ចាស់​ចេញ​ និង​បំពាក់​ស្លាក​លេខ​ថ្មី ស្លាក​លេខ​ឯកជន ដើម្បី​បន្លំ​ភ្នែក​មហាជន​នៅ​ពេល​ធ្វើ​យុទ្ធនា​ការឃោសនា។ 
ប៉ុន្តែ​លោក អ៊ុក វង្ស ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង និង​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ជា​គោលការណ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ណែនាំ​មិន​អនុញ្ញាត​​ឲ្យ​ធ្វើ​អ្វី​ខុស​ច្បាប់ ប៉ុន្តែ​ករណី​នេះ ​លោក​នៅ​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ទេ៖ «ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ ខ្ញុំ​យល់​ថា ​បញ្ហា​នេះ​មិន​មាន​ទេ​ ខ្ញុំ​ជឿ​ថា មិន​មាន​អ៊ីចឹង​តែ​ម្ដង។  អត់​មាន​ទេ ប៉ុន្តែ​ជួន​កាល​យល់​ឃើញ​ហ្នឹង​យ៉ាង​ម៉េច​ខ្ញុំ​មិន​ដឹង​ទេ​ ប៉ុន្តែ​ខ្ញុំ​ចាំ​ស្ដាប់​ព្រឹត្តិការណ៍ មិន​ហេតុការណ៍​អី​ឮ​ទេ»
លោក វន ពន ប្រធាន​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាត់ដំបង។ លោក​មាន​ប្រសាសន៍​ថា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ ពុំ​មាន​សមត្ថកិច្ច​ និង​តួនាទី​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ឆែក​ មើល​ឯកសារ​ស្រប​ច្បាប់​របស់​រថយន្ត​ដែល​គេ​សង្ស័យ​ថា​ ជា​រថយន្ត​របស់​រដ្ឋ​ ហើយ​ត្រូវ​គណបក្ស​ ប្រជាជន​យក​ទៅ​ប្រើប្រាស់​ក្នុង​ក្បួន​ឃោសនា​ទេ។ ប៉ុន្តែ​លោក​សង្កត់​ថា បញ្ហា​នេះ​ស្ថិត​នៅ​លើ​ការ​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​ចរាចរណ៍។
លោក វន ពន៖ «អត់​ស្លាក​លេខ​ វា​ទាល់​តែ​សមត្ថកិច្ច​ប៉ូលិស​ ខាង​យើង​ខ្ញុំ​នេះ​ពុំ​អាច​ធ្វើ​ការ​កំណត់​បាន​ទេ​បញ្ហា​ហ្នឹង​ ហើយ​បើ​អត់​ស្លាក​លេខ  អាហ្នឹង​ជា​សមត្ថកិច្ច​របស់​ប៉ូលិស​ទេ ​ហើយ​ក៏​យើង​មិន​អាច​សន្និដ្ឋាន​ថា​ ជា​របស់​អ្នកណា​ជា​របស់​អ្នកណា​ដែរ​ ទាល់​តែ​ប៉ូលិស​បាន​គាត់​មាន​ឯកទេស និង ​បាន​អាច​តាម​ដាន​បាន​»
វិទ្យុ​អាស៊ី​សេរី​បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក ​សាត គឹមសាន នាយ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​។ ក្រុម​ប្រជា​ពលរដ្ឋ​នៅ ​ក្នុង​ខេត្ត​បាត់ដំបង ធ្លាប់​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​ប៉ូលិស​ចរាចរណ៍ ដែល​បាន​អនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់​ពួក​គាត់​ផាក​ពិន័យ និង​ធ្លាប់​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ដំណើរ​ឲ្យ​មាន​របួស​ថែម​ទៀត។
ប្រធាន​សម្រប​សម្រួល​អង្គការ​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង​ លោក យិន ម៉េងលី ដែល​ជា​អ្នក​រិះ​គន់​មិន​សំចៃ​មាត់​នោះ ថ្លែង​ថា នៅ​ក្នុង​គោលការណ៍​ច្បាប់​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​យក​សម្ភារៈ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​ឃោសនា​ទេ។ ការ​ប្រើ​ប្រាស់​សម្ភារៈ​រដ្ឋ​ក្នុង​ក្បួន​ឃោសនា​បោះ​ឆ្នោត​នេះ​គឺ​ខុស​ច្បាប់។ លោក​រិះ​គន់​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មិន​មាន​រថយន្ត​ណា​មួយ​ដែល​អត់​មាន​ស្លាក​អាច​ចរាចរ​នៅ​លើ​ថ្នល់​ជាតិ និង​នៅ​​ទី​ក្រុង​បាន​ទេ​ ព្រោះ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​បាន​ដាក់​កម្លាំង​ពង្រាយ​យ៉ាង​សកម្ម​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។
លោក យិន ម៉េងលី៖ «នៅ​ក្នុង​រដូវ​ឃោសនា​បែរ​ជា​មាន​រថយន្ត​ដែល​មិន​មាន​ស្លាក​ចូល​រួម​នៅ​ក្នុង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ ​យើង​អាច​ធ្វើ​ការ​សន្និដ្ឋាន​ថា រថ​យន្ត​នោះ​ពិត​ជា​របស់​រដ្ឋ ហើយ​ត្រូវ​បាន​អ្នក​បំ​រើ​ការ​នោះ​យក​ទៅ​ចូល​រួម​នៅ​ក្នុង​ការ​ឃោសនា​ដោយ​ដោះ​ស្លាក​ចេញ ដោយ​សារ​យើង​ទាញ​ហេតុ​ផល​ថា មិន​មាន​រថយន្ត​ណា​មួយ​ធ្វើ​ចរាចរណ៍​ដោយ​ពុំ​មាន​ស្លាក​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ទេ»
នៅ​ខេត្ត​បាត់ដំបង មាន​គណបក្ស​នយោបាយ​ចំនួន ៧ កំពុង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ អាណត្តិ​ទី​៣ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
នៅ​ថ្ងៃ​បើក​យុទ្ធនា​ការ​ឃោសនា​ដំបូង​នេះ​មាន​តែ​គណបក្ស​ចំនួន​ពីរ​ទេ ដែល​បាន​ចាប់​ផ្ដើម​សកម្មភាព​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ។ គណបក្ស សម រង្ស៊ី មាន​មនុស្ស​ប្រហែល ២២០​នាក់ ម៉ូតូ ១០០​គ្រឿង​ និង​រថយន្ត​១​គ្រឿង​ បាន​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ចេញ​ពី​ទី​ស្នាក់​ការ​របស់​ខ្លួន​នៅ​ក្នុង​សង្កាត់​ទួលតាឯក ជុំវិញ​ក្រុង​បាត់ដំបង និង​ទៅ​កាន់​ស្រុក​ឯកភ្នំ​ ស្រុក​ថ្មគោល​ និង ​ស្រុក​បាណន់​ បន្ទាប់​មក​ត្រឡប់​មក​ក្រុង​បាត់ដំបង​វិញ។
គណបក្ស​ប្រជាជន​កម្ពុជា​ មាន​មនុស្ស​ចូល​រួម ១.២៦៤​នាក់ មាន​ម៉ូតូ ១០០​គ្រឿង និង​រថយន្ត ២៥​គ្រឿង ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ចេញ​ពី​សួន​នាគ​បាញ់​ទឹក និង​ក្បួន​គណបក្ស​ប្រជាជន​មួយ​ផ្សេង​ទៀត ​មាន​មនុស្ស ៣.៣០០​នាក់​ រថយន្ត ២៣​គ្រឿង​ និង​ម៉ូតូ ៥០០​គ្រឿង បាន​ចាប់​ផ្ដើម​ដង្ហែ​ក្បួន​ចេញ​ពី​ស្រុក​សង្កែ​ទៅ​ជុំ​វិញ​ទី​រួម​ខេត្ត​បាត់ដំបង។
មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​ឲ្យ​ដឹង​ថា បើ​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​យក​រថយន្ត​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៅ​ប្រើ​ប្រាស់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មែន​នោះ ​គណបក្ស​នេះ​នឹង​ត្រូវ​រង​ការ​ផាក​ពិន័យ​តាម​មាត្រា​ច្បាប់​បោះ​ឆ្នោត៕

No comments:

Post a Comment

yes