សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 19, 2012

គណបក្ស​២​រង​ការ​ចោទ​ថា​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ


ជា​​​រៀងរាល់​ឆ្នាំ ជាពិសេស​នៅ​មុន​រដូវ​កាល​បោះឆ្នោត​ម្ដងៗ គេ​តែង​សង្កេត​ឃើញ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចុះ​ជួប​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។
ការ​ជួប​សំណេះសំណាល​នោះ ពួកគេ​បាន​ផ្ដល់​នូវ​ថវិកា​មួយ​ចំនួន​ទៅ​ឲ្យ​អ្នកភូមិ​ដែល​ជា​ម្ចាស់​ឆ្នោត។ ការ​ឲ្យ​ថវិកា​នេះ បាន​ក្លាយ​ទៅ​ជា​វប្បធម៌​មួយ​ដែល​នាំ​ឲ្យ​មាន​លទ្ធផល​មិន​ល្អ​ដល់​ការ​បោះឆ្នោត ព្រោះ​ទង្វើ​បែប​នេះ​បាន​បង្កប់​នូវ​គោលដៅ​ទិញ​ដូរ​សន្លឹកឆ្នោត​យ៉ាង​ច្បាស់លាស់ ដែល​គេ​មិន​អាច​ប្រកែក​បាន។
នៅ​តាម​ភូមិ​ឃុំ​ស្រុក​ខេត្ត​ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា​គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ ជាពិសេស​ជួប​សំណេះសំណាល​ជាមួយ​ ក្រុម​អ្នកភូមិ​ដែល​គេ​ដឹង​ថា ជា​អ្នកគាំទ្រ​គណបក្ស​នយោបាយ​នីមួយៗ។ សកម្មភាព​នេះ​ច្រើន​តែ​កើត​មាន​ច្រើន​នៅ​មុន និង​ចំ​រដូវ​បោះឆ្នោត។

គណបក្ស​នយោបាយ​ទាំង​នោះ​នៅ​ពេល​ចុះ​ធ្វើ​សកម្មភាព​ម្ដងៗ ពួកគេ​តែងតែ​យក​អំណោយ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ប្រជាពលរដ្ឋ។ ការ​ផ្ដល់​ថវិកា បូក​នឹង​អំណោយ​នោះ បាន​បង្កប់​នូវ​សារ​នយោបាយ ដើម្បី​រក​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ បញ្ហា​នេះ​កំពុង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​តាម​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។ 
ជំទប់​ទីពីរ​ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង និង​ជា​មន្ត្រី​គណបក្ស សម រង្ស៊ី លោក ថៃ សឿម ថ្លែង​ថា គណបក្ស​កាន់អំណាច​បាន​ធ្វើ​សកម្មភាព​នេះ​ច្រើន​ជាងគេ ខណៈ​ដែល​ដំណើរការ​ឃោសនា​រក​សំឡេង​គាំទ្រ​ពី​អ្នកបោះឆ្នោត និង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា​នេះ។ 
លោក ថៃ សឿម៖ «គណបក្ស​ប្រជាជន​កម្ពុជា គេ​ដើរ​ចែក​លុយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​បន្សាយ​ត្រែង ចែក​ទូទាំង​ភូមិ ឃុំ​ខ្លះ​គេ​ចែក​ម្នាក់​មួយ​ម៉ឺន​រៀល ហើយ​ភូមិ​ខ្លះ​ចែក​បាន ៥​ពាន់​រៀល។ ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ គេ​ចែក​សារុង ចែក​ហ្នឹង​គេ​រើស​អើង​ដែរ គេ​មិន​ចែក​ទូទៅ​ទេ អ្នកណា​គេ​មើល​ទៅ​ជា​អ្នកគាំទ្រ​គណបក្ស សម រង្ស៊ី គេ​អត់​ចែក​ទេ»
ប៉ុន្តែ​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល។ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង និង​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ុក វង្ស ថ្លែង​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មាន​កម្មវិធី​ចុះ​ជួប​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ដោយ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​សមាជិក​របស់​ខ្លួន​ក្នុង​គោលបំណង​ដើម្បី​ក្ដាប់​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន។ 
លោក​ថា គណបក្ស​ប្រជាជន​មាន​កម្មវិធី​ដូច្នេះ​យូរយារ​ណាស់​មក​ហើយ។ ការ​ឲ្យ​លុយកាក់​ទៅ​ប្រជាពលរដ្ឋ​នោះ​ពុំ​មាន​ជា​រឿង​ខុសច្បាប់​ទេ ព្រោះ​មិន​ស្ថិត​នៅ​ក្នុង​ថ្ងៃ​ឃោសនា ឬ​ចំ​ថ្ងៃ​បោះឆ្នោត​ទេ៖ «ហើយ​បើ​គិត​ទៅ​តាម​ផ្លូវច្បាប់​ខ្ញុំ​ថា មិន​មែន​អី​ខុស​ទាស់​ទេ មិន​មាន​អី​ហាមឃាត់​ទេ គេ​មិន​មែន ឧបត្ថម្ភ​ឥឡូវ​ទេ គឺ​យូរ​ហើយ ខ្លះ​គេ​ចុះ​ទៅ​គេ​ជួប​សំណេះសំណាល​ទៅ​គេ​មាន​នេះ មាន​នោះ គេ​ហុច​ជូន​សមាជិក​គេ​អ៊ីចឹង​ទៅ អា​ហ្នឹង​ខ្ញុំ​ថា អត់​មាន​អី​ខុស​ឆ្គង​ទេ បញ្ហា​នេះ​នៅ​ក្នុង​យុទ្ធនាការ​អា​ហ្នឹង​ខុសឆ្គង​ច្បាប់​គេ​ហាម»
សមាជិក​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​បាត់ដំបង និង​មន្ត្រី​ទទួល​បន្ទុក​ច្បាប់ លោក កៅ ស៊ីណា ថ្លែង​ថា យោង​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ លេខ ៥៧៧ គឺ​បាន​តម្រូវឲ្យ​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់។ លោក​ថា នៅ​ក្រៅ​ដំណាក់កាល​ឃោសនា​ បោះឆ្នោត​គណបក្ស​នយោបាយ​បាន​អនុវត្ត​សកម្មភាព​របស់​ខ្លួន ដោយ​យោង​លើ​សេចក្ដីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​លេខ ៥៧៧។ គណបក្ស​នយោបាយ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅ​កន្លែង ទី​សាធារណៈ ចាំបាច់​ត្រូវ​សុំច្បាប់​ទៅ​អាជ្ញាធរ ឬ​អ្នក​គ្រប់គ្រង​នៅ​កន្លែង​នោះ អំពី​ការ​លើក​ស្លាក ការ​ជួបជុំ ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អ្នក​គ្រប់គ្រង។ ចំណុច​មួយ​ទៀត នៅ​ទីកន្លែង​ឯកជន​នោះ គណបក្ស​មិន​ចាំបាច់​សុំ​ទេ​ឲ្យ​តែ​មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់​កម្មសិទ្ធិ ហើយ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ។
លោក កៅ ស៊ីណា៖ «ទាក់ទង​ការ​ចែក​អំណោយ​ចែក​អី​នេះ  យើង​ច្បាប់​បោះឆ្នោត​គេ​ហាម​ថា ក្នុង​បំណង​ទិញ​ទឹកចិត្ត​អ្នក​បោះឆ្នោត ក៏​ប៉ុន្តែ​ករណី​នេះ ច្បាប់​មិន​បាន​កំណត់​ឲ្យ​ច្បាស់​ថា តើ​គាត់​ឲ្យ​ក្នុង​ន័យ​ទិញ​ទឹកចិត្ត ​ឬ​ក៏​ទិញ​អ្នក​បោះឆ្នោត​នោះ​យើង​ពិបាក​កំណត់​អញ្ចឹង​យើង​ពិនិត្យ​បន្ត​ទៅ​ទៀត»
ការ​ចែក​អំណោយ និង​ការ​ផ្ដល់​ថវិកា​ដល់​ប្រជាពលរដ្ឋ នៅ​មុន​ដំណាក់កាល​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ជា​វប្បធម៌​ទិញដូរ​ទឹកចិត្ត​ម្ចាស់​ឆ្នោត​របស់​គណបក្ស​នយោបាយ​ដែល​ធ្លាប់​កើត​មាន​យូរ​ណាស់​មក​ហើយ។
លោក ស៊ុន តឹក ជា​ប្រធាន​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង។ លោក​បាន​កត់​សម្គាល់​ថា នៅ​មុន​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​នាំ​គ្នា​ដើរ​ចែក​លុយ​នៅ​តាម​ភូមិ នៅ​តាម​ផ្ទះ​ជា​សាធារណៈ។ 
លោក​ថា នៅ​ភូមិ​ខ្លះ​ចែក​ឲ្យ​មនុស្ស​ម្នាក់​ឲ្យ​ប្រាំ​ពាន់​រៀល ភូមិ​ខ្លះ​ទៀត ឲ្យ​មួយ​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ គុណ​នឹង​ចំនួន​សមាជិក​គ្រួសារ​ថែម​ទៀត៖ «ខ្ញុំ​យល់​ថា បើ​ដើរ​ចែក​ជា​សាធារណៈ​វា​ជា​ការ​ទិញ​សន្លឹកឆ្នោត គាត់​ចែក​ឲ្យ​សមាជិក​គណបក្ស​គាត់​មែន ប៉ុន្តែ​ធ្វើ​ជា​សាធារណៈ ឲ្យ​សមាជិក​គណបក្ស​ផ្សេង ឬ​ក៏​អ្នក​អត់​មាន​គណបក្ស ​អាច​ចុះចូល​ទៅ​ជាមួយ​គាត់ ដោយសារ​ការ​ទិញ​សន្លឹកឆ្នោត ស្ទើរតែ​គ្រប់​ភូមិ​ហើយ»។ 
បញ្ហា​ទាំងនោះ​មាន​ដូចជា​ការ​ទិញ​ទឹកចិត្ត​ពី​ម្ចាស់​ឆ្នោត។ ប្រជាពលរដ្ឋ​នៅ​ពុំ​ទាន់​មាន​ឯកសារ​ស្រប​ច្បាប់​ដើម្បី​បាន​សិទ្ធិ​ទៅ​បោះឆ្នោត។ បញ្ហា​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ មាន​មនុស្ស ១​លាន​៥សែន​នាក់​នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត។
ក្នុង​ចំនួន​ឈ្មោះ​អ្នកបោះឆ្នោត ជាង ៩​លាន​នាក់ ដែល​ប្រកាស​ប្រាប់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ ត្រូវ​បាន​អង្គការ​ខុមហ្វ្រែល (Comfrel) រក​ឃើញ​ថា គឺ​ជា​ចំនួន​ពុំ​ត្រឹមត្រូវ ដោយសារ​ចំនួន​នេះ​មាន​ឈ្មោះ​ខ្លះ​បាត់ ឈ្មោះ​ខ្លះ​លុប ឈ្មោះ​ខ្លះ​ជាន់​គ្នា និង​មាន​ដាក់​ឈ្មោះ​ខ្មោច​ច្រើន​នាក់​ថែម​ទៀត។
នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ ឆ្នាំ​២០១២​នេះ កើត​មាន​បញ្ហា និង​ការ​ព្រួយបារម្ភ​ច្រើន​ទៅលើ​លទ្ធផល​នៅ​ក្រោយ​ការ​បោះឆ្នោត។
នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ  ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បាន​ថ្លែង​ថា សកម្មភាព​ចុះ​ចែក​ថវិកា​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នានា​ដោយ​គណបក្ស​នយោបាយ​នេះ ថ្វីត្បិត​ពុំ​មាន​ហាមឃាត់​ដោយ​ច្បាប់​ក៏​ពិត​មែន ប៉ុន្តែ​វា​ជា​រូបភាព​មួយ​ដែល​តាម​ផ្លូវ​ច្បាប់​មើល​ឃើញ​ថា ជា​អំពើ​ពុករលួយ ព្រោះ​ការ​ផ្ដល់​ថវិកា​នោះ ​មាន​បង្កប់​សារ​នយោបាយ​ មាន​គោលដៅ​ទិញ​ទឹកចិត្ត​ពី​អ្នក​បោះ​ឆ្នោត​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​របស់​ខ្លួន៕

No comments:

Post a Comment

yes