សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 19, 2012

អត្ថន័យ​នៃ​ស្លាក​សញ្ញា​គណ​បក្ស​នយោបាយ


គណ​បក្ស​ទាំង​១០ ដែល​មាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​១៨ ឧសភា បាន​ចូល​រួម​ឃោសនា​ជា​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ ទី​៣ ឆ្នាំ​២០១២។
Photo: RFA
បញ្ជី​គណបក្ស នៅ​ក្នុង​ឯកសារ​ផ្សព្វ​ផ្សាយ​អំពី​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ​២០១២ របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)
ស្លាក​សញ្ញា​គណ​បក្ស​នយោបាយ​មាន​រូប​រាង និង​បាន​បង្កប់​នូវ​ខ្លឹមសារ​ផ្សេងៗ គ្នា​ក្នុង​ស្លាក​សញ្ញា​នោះ​ទៅ​តាម​គោល​នយោបាយ​របស់​គណ​បក្ស​នោះ។
គណ​បក្ស​ប្រជាជន​កម្ពុជា​មាន​និម្មិត​សញ្ញា​រាង​មូល​ពង​ក្រពើ ផ្ទៃ​ពណ៌​ស មាន​កម្រង​គួរ​ស្រូវ​ពណ៌​មាស អម​សងខាង​ដោយ​រង្វង់​ស្នែង​ក្របី​ជួប​គ្នា​ខាង​ចុង។
ខ្សែ​បូ​រុំ​ព័ទ្ធ​ផ្នែក​ខាង​ក្រោម​នៃ​កម្រង​គួរ​ស្រូវ​ជា​ប្រាំ​ថ្នាក់ នៅ​កណ្ដាល​ខ្សែ​បូ​ដែល​កាត់​ទទឹង​ផ្នែក​ខាង​ក្រោម​មាន​ចារឹក​អក្សរ​ពណ៌ស​ថា គណ​បក្ស​ប្រជាជន​កម្ពុជា។
មាន​ក្បាច់​ភ្ញី​ពណ៌​មាស​ជា​ទម្រ​នៅ​ចន្លោះ​ក្បាច់​ភ្ញី និង​ខ្សែ​បូ​មាន​ស្ពឺ​គ្រឿង​ចក្រ​ពណ៌​មាស។ នៅ​លើ​ផ្ទៃ​ពណ៌​ស​មាន​រូប​ទេវតា​បាច​ផ្កា​ស្ថិត​នៅ​ចំ​កណ្ដាល​រង្វង់។

បាវចនា​របស់​គណ​បក្ស គឺ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម។
គណ​បក្ស​នេះ​ដឹក​នាំ​ដោយ​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម និង​លោក ហ៊ុន សែន ជា​អនុ​ប្រធាន។
គណ​បក្ស​សម​រង្ស៊ី​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី មាន​ស្លាក​សញ្ញា​សម្គាល់​ជា​រូប​ទៀន​ស​មួយ​ដើម មាន​ពន្លឺ​ស្ថិត​ក្នុង​រង្វង់​មូល ដែល​មាន​ផ្ទៃ​ពណ៌​ផ្ទៃ​មេឃ​ចាស់ និង​មាន​សរសេរ​អក្សរ​ខាង​ក្រោម​ថា គណ​បក្ស​សម​រង្ស៊ី។
អ្នក​តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណ​បក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ បាន​ពន្យល់​ពី​អត្ថន័យ​របស់​ស្លាក​សញ្ញា​នេះ​ថា ពណ៌​ផ្ទៃ​មេឃ​ចាស់ គឺ​តំណាង​ឲ្យ​សន្តិភាព ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត និង​មាន​យុត្តិធម៌​ពិត​ប្រាកដ ៖ «មិន​មាន​សន្តិភាព​តែ​សម្បក​ក្រៅ សន្តិភាព​មាន​ដែល​មាន​អយុត្តិធម៌​រំលោភ​សិទ្ធិ​មនុស្ស​ជា​រៀងរាល់​ថ្ងៃ​នោះ​ទេ ចំណែក​ភ្លើង​ទៀន តំណាង​ឲ្យ​ពន្លឺ​ដ៏​ត្រចះត្រចង់ ភាព​រុងរឿង​ជឿន​លឿន​នៃ​ប្រជា​ជាតិ សេចក្ដី​សង្ឃឹម ដែល​ពោរពេញ​ទៅ​ដោយ​មោទនភាព​ជាតិ»
លោក​បន្ត​ថា បាវចនា​របស់​គណ​បក្ស​នេះ​គឺ សីលធម៌ សច្ចធម៌ យុត្តិធម៌។
លោក កែវ ពុទ្ធ រស្មី ជា​មគ្គុទ្ទេសក៍​នៃ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ លោក​មាន​ប្រសាសន៍​ថា ស្លាក​សញ្ញា​របស់​គណ​បក្ស​ហ្វុន​ស៊ិន​ប៉ិច​របស់​លោក មាន​រូប​សញ្ញា​វិមាន​ឯករាជ្យ និង​មាន​បន្ទះ​កាំរស្មី​បញ្ចេញ​ពន្លឺ​ចែង​ចាំង។
លោក​ពន្យល់​ថា វិមាន​ឯករាជ្យ​នោះ​ជា​និម្មិត​រូប​នៃ​ការ​តស៊ូ​ទាំង​សម័យ​ចាស់ ទាំង​សម័យ​ថ្មី និង​ជា​និម្មិត​រូប​នៃ​អធិបតេយ្យ​ភាព​ជាតិ បូរណភាព​ទឹក​ដី ដែល​ត្រូវ​ថែ​រក្សា​ឲ្យ​គង់វង្ស ស្ថិត​ថេរ​ជា​រៀង​រហូត ៖ «យើង​អាច​កសាង​ប្រទេស​ជាតិ​ឲ្យ​ភ្លឺ​ចែង​ចាំង​ដូច​កាំរស្មី​នៅ​ក្នុង​ឡូហ្គោ​នោះ​អ៊ីចឹង ឡូហ្គោ​នេះ​បើ​មើល​ទៅ​លើ​វិមាន​ឯករាជ​ទៀត គឺ​មាន​សរសេរ​អក្សរ​កាត់ ររច កឯអសស មាន​ន័យ​ថា រណសិរ្ស​រួបរួម​ជាតិ ដើម្បី​កម្ពុជា​ឯករាជ អព្យាក្រឹត្យ សន្តិ និង​សហ​ប្រតិបត្តិ។ ផ្នែក​ខាង​ក្រោម​បាន​សរសេរ​ថា ហ៊្វុន​ស៊ិន​ប៉ិច ប៉ុន្តែ​ពាក្យ​នេះ​មក​ពី​កាត់​របស់​ភាសា​បារាំង​ទេ»
បាវចនា​របស់​គណ​បក្ស​ហ៊្វុន​សិន​ប៉ិច គឺ ជាតិ សាសនា ព្រះមហាក្សត្រ។
ចំណែក​គណ​បក្ស​សិទ្ធិ​មនុស្ស ដែល​ទើប​ចូល​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​អាណត្តិ​ទី​៣ នេះ មាន​ស្លាក់​សញ្ញា​សម្គាល់ គឺ​មាន​រូប​ព្រះ​ច័ន្ទ​ពេញ​បូណ៌មី ស្ថិត​នៅ​លើ​ផ្ទៃ​ចតុកោណ​កែង​ពណ៌​បៃតង។
អគ្គ​លេខាធិការ​គណ​បក្ស​សិទ្ធិ​មនុស្ស លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ផ្ទៃ​ពណ៌​បៃតង​គឺ​តំណាង​ឲ្យ​ស្រែ​ស្រូវ​របស់​ខ្មែរ បរិស្ថាន ព្រៃឈើ​ដែល​ត្រូវ​ការពារ និង​ត្រូវ​ដាំ​ដុះ​ឡើង​វិញ ចំពោះ​តំបន់​ព្រៃ​ឈើ​ដែល​គេ​បាន​កាប់​បំផ្លាញ​កន្លង​មក​នោះ ៖ «យើង​យក​សញ្ញា​ព្រះ​ច័ន្ទ​ពេញ​វង្ស​ដែល​ជា​ពន្លឺ​ត្រជាក់ ខែ​ភ្លឺ​ដែល​បំភ្លឺ​លោក​ទាំង​អស់​គ្នា ជា​ពន្លឺ​មួយ​ដែល​តំណាង​ឲ្យ​សន្តិភាព និង​អហិង្សា ហើយ​អ្នក​ណា​មួយ​ក៏​ពេញ​ចិត្ត​នឹង​ពន្លឺ​ព្រះ​ច័ន្ទ​នេះ​ដែរ លើក​លែង​តែ​ក្រុម​ចោរ​ទេ​ដែល​អត់​ចូល​ចិត្ត​ខែ​ភ្លឺ ចង់​បាន​ខែ​ងងឹត​ដើម្បី​លួច លួច​លក់​ដី លក់​ព្រៃ​ឈើ​ខ្មែរ​ទាំង​ប៉ុន្មាន»
លោក​បន្ត​ថា គណ​បក្ស​សិទ្ធិ​មនុស្ស​មាន​បាវចនា បម្រើ ការពារ និង​កសាង។ គណ​បក្ស​នេះ​ដឹក​នាំ​ដោយ​លោក កឹម សុខា។
លោក ប៉ែន សង្ហា អ្នក​នាំ​ពាក្យ​គណ​បក្ស​នរោត្តម​រណឫទ្ធិ បាន​អធិប្បាយ​ថា គណ​បក្ស​នរោត្តម​រណឫទ្ធិ មាន​រូប​សញ្ញា​រាង​ជា​រង្វង់​មូល មាន​ផ្ទៃ​ទឹក​ប៉ិច ហើយ​ពណ៌​ទឹក​ប៉ិច​នោះ ជា​ពណ៌​តំណាង​ឲ្យ​រាជា​និយម ហើយ​មាន​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ ជា​ប្រធាន​គណ​បក្ស​នៅ​ចំ​កណ្ដាល និង​មាន​ផែនទី​ប្រទេស​កម្ពុជា​នៅ​ពី​ក្រោយ ៖ «ព្រម​ទាំង​លំអ​ដោយ​ក្បាច់​ភ្ញីទេស ដែល​ជា​ក្បាច់​របស់​បុព្វបុរស​យើង​ដែល​បន្សល់​ទុក​តាំង​ពី​បុរាណ​មក ព្រម​ទាំង​រចនា​ដោយ​អក្សរ​ថា គណ​បក្ស​នរោត្តម​រណឫទ្ធិ ដែល​មាន​បាវចនា​របស់​គណ​បក្ស គឺ​ សេរីភាព អធិបតេយ្យ និង​បូរណភាព​ទឹក​ដី»
ចំពោះ​គណ​បក្ស​សញ្ជាតិ​ខ្មែរ ដែល​មាន​លោក សេង សុខេង ជា​ប្រធាន បាន​ជ្រើស​រើស​យក​ស្លាក​សញ្ញា​ព្រះ​អាទិត្យ​មាន​ពណ៌​មាស​ជួប​ជា​មួយ​ព្រះចន្ទ​មាន​ពណ៌​ប្រាក់ ជា​សញ្ញា​សម្គាល់។
លោក សេង សុខេង មាន​ប្រសាសន៍​ថា ព្រះ​អាទិត្យ និង​ព្រះ​ចន្ទ​ជួប​គ្នា​នេះ គឺ​តំណាង​ឲ្យ​ការ​រួបរួម​ប្រជា​រាស្ត្រ​គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មិន​រើសអើង​ជំនឿ​សាសនា និន្នាការ​នយោបាយ និង​ជាតិ​សាសន៍​ឡើយ ៖ «ឲ្យ​តែ​អ្នក​ទាំង​អស់​នោះ​ទទួល​ស្គាល់​ដោយ​ច្បាប់​សញ្ជាតិ និង​ព្រះ​មហា​ក្សត្រ ចំណែក​ព្រះ​អាទិត្យ​មាន​ពណ៌​មាស ព្រះ​ច័ន្ទ​មាន​ពណ៌​ប្រាក់​តំណាង​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ សន្តិភាព និង​សហ​ប្រតិបត្តិការ ការ​អភិវឌ្ឍ និង​ភាព​ថ្កុំថ្កើង​រុងរឿង»
គណ​បក្ស​នេះ​មាន​បាវចនា សញ្ជាតិ សាសនា អធិបតេយ្យ។
ចំណែក​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​វិញ មាន​ស្លាក​សញ្ញា​ជួង ជា​សញ្ញា​សម្គាល់។
លោក ខឹម វាសនា ដែល​ជា​ប្រធាន​គណ​បក្ស​នេះ​មាន​ប្រសាសន៍​ថា រូប​សញ្ញា​ជួង​នោះ​មាន​ន័យ​ថា ជា​ការ​បន្លឺ​សំឡេង ដាស់​ប្រជា​ពល​រដ្ឋ​ឲ្យ​គិត​ពី​បញ្ហា​របស់​ប្រទេស​ជាតិ ឲ្យ​យល់​ពី​របៀប​ដោះ​ស្រាយ​បញ្ហា​ប្រទេស ឲ្យ​យល់​ពី​សិទ្ធិ​ជា​ម្ចាស់ និង​អំណាច​ជា​ម្ចាស់ ៖ «បាវចនា រួម​គិត​រួម​សម្រេច រួម​ទទួល​ខុស​ត្រូវ យើង​ចង់​បង្ហាញ​ពី​ភាតរភាព​ក្នុង​សង្គម។ សង្គម​មួយ​ដែល​មាន​ពល​រដ្ឋ​ជា​ម្ចាស់ សង្គម​មួយ​ដែល​យើង​ជា​ម្ចាស់​រវាង​អ្នក​ដែល​ត្រូវ​គេ​ដឹក​នាំ និង​អ្នក​ដែល​ត្រូវ​ដឹក​នាំ​គេ»
ដោយ​ឡែក​គណ​បក្ស​ខ្មែរ​ឈប់​ក្រ ដឹក​នាំ​ដោយ​លោក ក្រវ៉ាញ ដារ៉ន។
អគ្គ​លេខាធិការ​របស់​គណ​បក្ស លោក ស៊ិន វណ្ណារិទ្ធ មាន​ប្រសាសន៍​ថា គណ​បក្ស​លោក​មាន​រូប​សញ្ញា​ដើម​ឈើ និង​ភ្នំ​ជា​និមិត្តសញ្ញា​របស់​គណ​បក្ស។
លោក​ពន្យល់​ថា ដើម​ឈើ​តំណាង​នូវ​ភាព​ត្រជាក់​ត្រជំ ភាព​រុងរឿង​ដែល​មនុស្ស​សត្វ​ទាំង​ឡាយ​តែង​តែ​ត្រូវ​ការ​ដើម​ឈើ​ជា​ម្លប់​ជា​និច្ច ៖ «រី​ឯ​ដើម​ឈើ​តំណាង​ឲ្យ​ភាព​រឹង​មាំ សាមគ្គី​ភាព​រវាង​ខ្មែរ និង​ខ្មែរ ខ្មែរ​ក្រោម ខ្មែរ​កណ្តាល គឺ​ជា​ខ្មែរ​តែ​មួយ ដូច្នេះ​បើ​យើង​មាន​ការ​បាក់​បែក​វា​ធ្វើ​ឲ្យ​យើង​បាត់​បង់​បូរណភាព​ទឹក​ដី ហើយ​និង​បាត់​បង់​នូវ​វប្បធម៌​ជា​ដើម»
គណ​បក្ស​ខ្មែរ​ឈប់​ក្រ មាន​បាវចនា ស្រលាញ់ សេរីភាព យុត្តិធម៌ សុភមង្គល។
អនុ​ប្រធាន​គណ​បក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត បាន​ឲ្យ​ដឹង​ថា​គណ​បក្ស​លោក​មាន​ស្លាក​សញ្ញា​ផែនទី​ប្រទេស​កម្ពុជា​ពណ៌​បៃតង មាន​បន្ទះ​បូ​ទ្រ​ពី​ក្រោម មាន​ផ្ទៃ​ពណ៌​ស មាន​ពន្លឺ​ព្រះ​អាទិត្យ និង​មាន​ផ្កាយ​បី​រះ​ពី​លើ ៖ «ផ្កាយ​បី និង​ពន្លឺ​ព្រះ​អាទិត្យ​បង្ហាញ​ថា ខ្មែរ​ការ​ពារ​ទឹក​ដី សាសនា និង​ប្រទេស​របស់​ខ្លួន និង​តំណាង​ឲ្យ​អំណាច​ទាំង​បី គឺ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ»
គណ​បក្ស​នេះ​មាន​អ្នក​ស្រី សុខ រ័ត្ន​សុវណ្ណ​បញ្ចសីលា ជា​ប្រធាន និង​មាន​បាវចនា​ថា បម្រើ យុត្តិធម៌ និង​អភិវឌ្ឍ។
ដោយ​ឡែក​គណ​បក្ស​ចលនា​ប្រជាធិបតេយ្យ មាន​ស្លាក​សញ្ញា​ត្បូង​ពេជ្រ​ក្នុង​រង្វង់​មូល រំលេច​ចេញ​ជា​ពីរ​ពណ៌ គឺ​ពណ៌​ខៀវ និង​ពណ៌​ក្រហម ៖ «សញ្ញា​ត្បូង​ពេជ្រ​តម្កល់​លើ​ជើង​ពាន​ប្រាក់ បង្ហាញ​ពី​ឆន្ទៈ​ស្មោះសរ​នឹង​ជាតិ សាសនា និង​ព្រះ​មហា​ក្សត្រ ឯ​ពណ៌​ខៀវ​នោះ​គឺ​តំណាង​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ និង​តំណាង​ឲ្យ​ការ​បាត់​បង់​ទឹក​ដី ទាំង​ចាស់​ទាំ​ថ្មី ឯ​ពណ៌​ក្រហម​នោះ​តំណាង​ឲ្យ​ឆន្ទៈ​ប្ដូរ​ផ្ដាច់​របស់​សមាជិក​សមាជិកា​ទូទាំង ២៤​ខេត្ត​ក្រុង នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា»
គណ​បក្ស​នេះ​មាន​បាវចនា ឯករាជ អព្យាក្រឹត្យ និង​យុត្តិធម៌។
គណ​បក្ស​នេះ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​តែ​មួយ​ឃុំ​ទេ គឺ​ឃុំ​ទ្រព្យ ស្រុក​បាធាយ ខេត្ត​កំពង់ចាម។
គណ​បក្ស​ទាំង​១០​ដូច​បាន​រៀបរាប់​ជូន​មក​នេះ នឹង​ចូល​រួម​ប្រកួត​ប្រជែង​ដណ្ដើម​យក​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ខាង​មុខ​នេះ៕

No comments:

Post a Comment

yes