សាក្សីដើមបណ្ដឹងឈ្មោះ សុខ វុទ្ធី អាយុ ២៦ឆ្នាំ ជាកម្មកររោងចក្រ កៅវេរ (Kao vaye) រស់នៅភូមិបាទី សង្កាត់បាវិតក្រោម ក្រុងបាវិត ខេត្តស្វាយរៀង លោកបានរៀបរាប់អំពីការអាក់ខានក្នុងការចូលខ្លួនទៅស្រាយបំភ្លឺតាមដីកាកោះហៅរបស់សាលាដំបូងខេត្តស្វាយរៀង។ បុរសរូបនោះបន្តថាមូលហេតុដែលគាត់មិនបានទៅស្រាយបំភ្លឺតាមដីកាកោះសាលាដំបូងខេត្តនោះ ដោយសារបងប្អូន និងឪពុកម្ដាយរបស់គាត់ មិនចង់ឲ្យមានការជំពាក់ជំពិនក្នុងរឿងក្ដីនោះ។
លោក សុខ វុទ្ធី៖ «កាលដែលខ្ញុំជួបសម្ភាសន៍ជាមួយខាងអង្គការ លីកាដូ (Licadho) ហ្នឹង ឪពុកម្ដាយខ្ញុំ បងប្អូនខ្ញុំអត់ដឹងទេ ពេលដល់ជិតដល់ថ្ងៃនេះហ្នឹង ខ្ញុំក៏ប្រាប់គាត់ថា ខ្ញុំព្រមចូលធ្វើជាសាក្សីការកាត់ក្ដីរឿងបាញ់កម្មករ កាលពីថ្ងៃបាតុកម្មនោះ ពេលប្រាប់គាត់អញ្ចឹង គាត់ខឹងញ៉េវហ្មង គាត់ថា ឲ្យឯងនៅតែស្ងៀម ឯងចង់លូកម៉ាត់អី រឿងនេះ រឿងប្រទេសជាតិ រឿងគេ ឯងមិនបាត់ចង់ដឹងរឿងគេធ្វើអី»។
មន្ត្រីសម្របសម្រួលអង្គការ លីកាដូ ខេត្តស្វាយរៀង គឺលោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ឲ្យដឹងថា ហេតុផលដែលសាក្សីមិនបានចូលទៅស្រាយបំភ្លឺតាមដីកាកោះរបស់សាលាដំបូងខេត្តនោះ ប្រហែលជាបងប្អូន និងឪពុកម្ដាយរបស់គាត់ មានការភ័យខ្លាច និងអាចមានការគម្រាមពីអ្នកដទៃ។
លោក នុត បូពិណ្ណារ័ត្ន៖ «ម្សិលម្ង៉ៃយើងយកដីកាឲ្យគាត់ គាត់ស៊ីញេ គាត់ផ្ដិតមេដៃ ទទួលអញ្ចឹងគាត់ ថា គាត់មក ដល់ពេលដល់ថ្ងៃមក ព្រឹកទ្បើង ស្រាប់តែគាត់អត់មកវិញ។ ខ្ញុំជឿជាក់ ប្រហែលជាគាត់ភ័យខ្លាច អាចគាត់ហ្នឹងភ័យខ្លាច តែភ័យខ្លាចយ៉ាងម៉េច វាមិនដឹងប្រហែលជាគាត់ ហើយគាត់ភ័យខ្លាច បើមិនភ័យ គាត់មិនមែនមិនមកទេ តែគាត់ភ័យខ្លាចដោយវិធីសាស្ត្ររបៀបម៉េច យើងមិនដឹង»។
វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងមេធាវីដើមបណ្ដឹង និងដើមបណ្ដឹងក្នុងក្ដីលោក ឈូក បណ្ឌិត ដើម្បីបកស្រាយជុំវិញបញ្ហានេះបាននោះទេ។
តែយ៉ាងណាក៏ដោយ ចុងចោទគឺ លោក ឈូក បណ្ឌិត កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១២ កន្លងទៅ បានបាញ់ទៅលើក្រុមបាតុកម្ម ដែលបានតវ៉ានៅមុខរោងចក្រ កៅវេរ (Kao vaye) ដែលបណ្ដាលឲ្យកម្មការិនីរងរបួសចំនួន ៣នាក់ ក្នុងនោះរួមមានទី១ ឈ្មោះ កញ្ញា ប៊ុន ចិន្ដា ទី២ កញ្ញា នុត សុខន និងទី៣ កញ្ញា កែវ នា។
ជុំវិញហេតុការណ៍បាញ់បោះ ដែលបណ្ដាលឲ្យកម្មកររោងចក្រស្បែកជើងរងរបួសចំនួន ៣នាក់ បានអូសបន្លាយអស់រយៈជាច្រើនខែមកហើយ។ តែយ៉ាងនេះក្ដី អង្គការសង្គមស៊ីវិលកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ តុលាការនៅពុំទាន់ចាប់ជនបង្ករបួសស្នាម យកមកផ្ដន្ទាទោសនៅឡើយទេ៕
No comments:
Post a Comment
yes