សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

អាជ្ញាធរ​រារាំង​មិន​ឲ្យ​តំណាង​សហគមន៍​ព្រៃ​ឡង់​ជួប​ប្រជុំ​គ្នា


តំណាង​សហគមន៍​ព្រៃ​ឡង់ នៅ​ខែត្រ​ក្រចេះ កំពង់ធំ ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង បាន​រៀបចំ​ប្រជុំ​នៅ​ខែត្រ​រៀងៗ​ខ្លួន ពិភាក្សា​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ស្តីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃឡង់ ដើម្បី​រក​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​នៅ​ក្នុង​សេចក្ដី​ព្រាង​នេះ ហើយ​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​កែប្រែ នៅ​គ្រា​ដែល​អនុក្រឹត្យ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ។
RFA/Tin Zakariya
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ មក​ពី​ខែត្រ​ចំនួន ៤ តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ នា​សួន​សេរីភាព ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១១។
តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​នៅ​ខែត្រ​ក្រចេះ និង​ខែត្រ​ព្រះវិហារ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា អាជ្ញាធរ​ភូមិ​ឃុំ បាន​រារាំង​មិន​ឲ្យ​ពួក​គាត់​ជួប​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​គ្នា​អំពី​សេចក្ដី​ព្រាង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់​ទេ។
អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ប្រចាំ​ខែត្រ​ក្រចេះ លោក ថេង សាវឿន បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ បាន​រៀបចំ​ប្រជុំ មាន​គ្នា​ប្រមាណ ៤០​នាក់ នៅ​ឃុំ​កំពង់ចាម ស្រុក​ស្នួល ខែត្រ​ក្រចេះ ប៉ុន្តែ​ត្រូវ​មេ​ឃុំ ហាម​ឃាត់​មិន​ឲ្យ​ជួប​ប្រជុំ​គ្នា​ទេ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ថេង សាវឿន បាន​បញ្ជាក់​ថា ពួកគាត់​នៅ​តែ​ជម្នះ​ជួប​ប្រជុំ​គ្នា ប៉ុន្តែ​មិន​មាន​អ្នក​ចូលរួម​ច្រើន​ទេ ដោយសារ​តែ​អ្នក​ខ្លះ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូល​រួម។

លោក ថេង សាវឿន បញ្ជាក់​ថា គោលបំណង​សំខាន់​របស់​ពួក​គាត់​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​នេះ ដើម្បី​ពិភាក្សា​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ការពារ​ព្រៃឡង់។
សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃឡង់ មាន​ចំនួន ៤​ជំពូក និង ៩​មាត្រា។
លោក ថេង សាវឿន មាន​ប្រសាសន៍​ថា សហគមន៍​ការពារ​ព្រៃ​ឡង់​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ ប៉ុន្តែ​មាន​មាត្រា​មួយ​ចំនួន​នៅ​មាន​ការ​ខ្វះ​ចន្លោះ និង​មាត្រា​មួយ​ចំនួន​បាន​រឹតត្បិត​ប្រជាពលរដ្ឋ​រស់​នៅ​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ ដូចជា​មាត្រា ៦ បាន​ចែង​អំពី​ការ​ហាមឃាត់​ប្រមូលផល អនុផល​ព្រៃឈើ និង​ការ​តាំង​ទី​លំនៅ​ឋាន​ជាដើម។ បញ្ហា​ទាំង​អស់​នេះ​ហើយ​ទើប​ពួក​គាត់​រៀបចំ​ប្រជុំ​ដើម្បី​ពិភាក្សា​គ្នា បែរ​ជា​អាជ្ញាធរ​ឃុំ​ហាម​ឃាត់​ទៅ​វិញ។
មេ​ឃុំ​កំពង់ចាម លោក ឈិន ណន មាន​ប្រសាសន៍​ថា លោក​បាន​ឃាត់​មិន​ឲ្យ​បណ្ដាញ​សហគមន៍​ជួប​ប្រជុំ​គ្នា​នោះ ដោយសារ​តែ​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទំាង​នោះ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឃុំ​ជា​មុន។
ដោយ​ឡែក​តំណាង​សហគមន៍​ការពារ​ព្រៃឡង់​នៅ​ខែត្រ​ព្រះវិហារ លោកស្រី ភោគ ហុង បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ឃុំ​ធ្នារ ស្រុក​ជ័យសែន ហាម​ឃាត់​មិន​ឲ្យ​បណ្ដាញ​ព្រៃឡង់​ជួប​ប្រជុំ​គ្នា​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ដោយ​គេ​តម្រូវ​ឲ្យ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ខែត្រ​ជា​មុន​សិន។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​អះអាង​ថា ការ​ហាម​ឃាត់​ជួប​ប្រជុំ​គ្នា​នេះ ជា​រឿង​ខុស​ច្បាប់ ពីព្រោះ​ថា ការ​ជួប​ប្រជុំ​គ្នា​មិន​មែន​ជា​រឿង​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​ទេ ដូច្នេះ​គ្មាន​ច្បាប់​មួយ​ណា​ហាម​ឃាត់​អំពី​ការ​ជួបជុំ​គ្នា​នេះ​ដែរ។ ម្យ៉ាង​ទៀត​លោក អ៊ូ វីរៈ បាន​ពន្យល់​ថា ប្រទេស​កម្ពុជា ប្រកាន់​នូវ​លទ្ធិប្រជាធិបតេយ្យ គឺ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ជួប​ប្រជុំ​គ្នា។
អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ប្រចាំ​ខែត្រ​ក្រចេះ លោក ថេង សាវឿន បាន​ឲ្យ​ដឹង​ទៀត​ថា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ចំនួន ៤​ខែត្រ គឺ​ខែត្រ​កំពង់ធំ ព្រះវិហារ ខែត្រ​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​នេះ ដើម្បី​ប្រមូល​មតិ និង​ស្វែង​រក​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ចំនួន ៤​ខែត្រ​នោះ ផ្ញើ​ទៅ​រដ្ឋាភិបាល ដើម្បី​សុំ​ឲ្យ​កែប្រែ​នូវ​ចំណុច​ទាំង​នោះ​វិញ៕

No comments:

Post a Comment

yes