ភ្នំពេញ: កុមារនៅតំបន់បឹងកក់ ទាំងអ្នកដែលម្តាយត្រូវបានកាត់ឱ្យជាប់ពន្ធនាគារ និងអ្នកដែលម្តាយមិនត្រូវបានចាប់ សម្តែងក្តីទុក្ខលំបាកទាំងជីវភាព ខ្វះអ្នកមើលថែ ខានបានទៅសាលា បោះបង់ការសិក្សា និងបារម្ភខ្លាចត្រូវគេចាប់ម្តាយ ឬមនុស្សក្នុងគ្រួសារដូចមនុស្ស ១៥ នាក់ដែរ ហើយអ្នកពាក់ព័ន្ធយល់ថា វាជះឥទ្ធិពលអវិជ្ជមានចំពោះកុមារទាំងនោះ។
"ខ្ញុំមិនចង់ទៅ សាលាទេ ព្រោះនៅសាលា គេនាំគ្នាសម្លក់សម្លឹងខ្ញុំ មើលលើមើលក្រោម ហើយនិយាយរអេចរអូចថា ខ្ញុំនេះហើយដែលម៉ាក់ត្រូវគេចាប់ដាក់គុក។ ខ្ញុំខ្មាស់គេផង នឹកម៉ាក់ផង ព្រួយពីម៉ាក់ផង អាណិតម៉ាក់ផង នឹកតូចចិត្តផង!"។ នេះជាសម្តីដ៏រអាក់រអួលរបស់កុមារី សៀង ស្រីលក្ខណ៍ អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៧ នៃសាលាប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ។
ស្រីលក្ខណ៍ ជាកូនរបស់ស្ត្រីម្នាក់ក្នុងចំណោមមនុស្សទាំង ១៥ នាក់ (ស្រី១៤ ប្រុស១) នៅសហគមន៍បឹងកក់ ដែលត្រូវតុលាការកាត់ឱ្យជាប់ពន្ធនាគារ នាពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ ក្នុងទំនាស់ពាក់ព័ន្ធដីធ្លី និងផ្ទះសម្បែង ជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន។ ដោយសារដូចករណីពោលខាងលើផង ជាពិសេសគ្មានអារម្មណ៍រៀន ព្រោះព្រួយពីម្តាយនៅក្នុងពន្ធនាគារ ទើបស្រីលក្ខណ៍មិនសូវបានទៅសាលា ហើយនាងតែងតែចូលរួមយ៉ាងសកម្ម ជាមួយប្រជាពលរដ្ឋផ្សេងទៀតនៅតំបន់នោះ ក្នុងការហែក្បួនទៅកាន់ទីផ្សេងៗ ដើម្បីទាមទារសុំឱ្យដោះលែងម្តាយរបស់នាង និងមនុស្ស ១៤ នាក់ផ្សេងទៀត។ ក្នុងមួយសប្តាហ៍នាងទៅសាលាពីរបីថ្ងៃប៉ុណ្ណោះ។
ជាការកត់សម្គាល់ តាំងពីតំណាងប្រជាពលរដ្ឋបឹងកក់ទាំង ១៥ នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ឱ្យជាប់ពន្ធនាគារមក ក្រុមប្រជាពលរដ្ឋនៅតំបន់នោះបាននាំគ្នាដើរដង្ហែជាក្បួន ទៅកាន់ទីសំខាន់ៗមួយចំនួន ដូចជា តាមស្ថានទូត ក្រសួងយុត្តិធម៌ រដ្ឋសភា និងមុខព្រះបរមរាជវាំង ជាដើម រហូតដល់មានការរៀបចំពិធីបួងសួង ដើម្បីសុំឱ្យដោះលែងតំណាងរបស់ពួកគេទាំង ១៥ នាក់។ ប៉ុន្តែរហូតមកដល់ពេលនេះ គេពុំទាន់ឃើញមានស្ថាប័នណាមួយឆ្លើយតបឡើយ។
នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១២ ស្ថានទូតជប៉ុនយល់ព្រមទទួលញត្តិរបស់ប្រជាពលរដ្ឋបឹងកក់ ហើយសន្យាថា នឹងធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាល។
ស្រីលក្ខណ៍ បានរៀបរាប់ថា "អ្នកដទៃទៀតដែលម៉ាក់ត្រូវគេចាប់ដែរ ដូចជាកូនអ្នកមីង តន់ ស្រីពៅ ជាដើម ពួកគេទាំងបីនាក់សុទ្ធតែនៅតូចៗ។ ពេលពិបាកចិត្តពេក ខ្ញុំមិនដឹងទៅណាក៏ទៅជួបពួកគេ។ ពួកគេសួរខ្ញុំថា កាលណាទើបម៉ាក់យើងត្រឡប់មកផ្ទះវិញ?"។
ដោយមាន តំណក់ទឹកភ្នែក ស្រីលក្ខណ៍ខំជូតយ៉ាងប្រញាប់ ហើយបន្តរៀបរាប់ទាំងរអាក់រអួលថា "ខ្ញុំប្រាប់ពួកគេថា ពីរបីថ្ងៃទៀត ម៉ាក់យើងនឹងមកវិញហើយ! ខ្ញុំអាណិតពួកគេ (កុមារតូចៗជាងនាង) ពួកគេមិនព្រមទៅណាទេ! រាល់លើកខ្ញុំឃើញពួកគេអង្គុយនៅមុខផ្ទះរង់ចាំម៉ាក់ត្រឡប់មកវិញ"។
នៅពេលសួរថា តើសង្ឃឹមថាម៉ាក់នឹងបានត្រឡប់មកផ្ទះវិញដែរ ឬអត់នោះ កុមារី ស្រីលក្ខណ៍ ទម្លាក់ទឹកមុខ ឆ្លើយទាំងមិនប្រាកដថា "សង្ឃឹមតិចៗដែរ ខ្ញុំមិនដឹងធ្វើយ៉ាងណាទៀតទេ គឺមានតែលើកម្រាមដប់អង្វរសុំឱ្យអស់លោកអ្នកណាក៏បាន ជួយនាំម៉ាក់ខ្ញុំ និងអ្នក ១៤ នាក់ទៀតត្រឡប់មកផ្ទះវិញ"។
អ៊ុំស្រី ឃិន ទូច ជាម្តាយរបស់អ្នកស្រី ថូ ដាវី ដែលកំពុងនៅក្នុងពន្ធនាគារដែរ បានឱ្យដឹងថា ចៅរបស់គាត់(កូនរបស់ ថូ ដាវី) ពីរនាក់ អាយុ ៦ឆ្នាំ និង ៤ឆ្នាំ ពេលនេះនៅក្នុងបន្ទុករបស់គាត់ ដែលប្រកបរបរជាអ្នកលក់បបរមិនបានទៀងទាត់ ព្រោះរវល់តវាឱ្យដោះលែងអ្នកទាំង ១៥នាក់។
ជីដូនវ័យ ៦០ឆ្នាំ រូបនេះបានឱ្យដឹងថា កុមារទាំងពីរនាក់ឈឺជាញឹកញាប់ ហើយកំពុងខ្វះអាហារ។ យប់ឡើងពួកគេទាំងពីរនាក់គេងជាមួយគាត់ ហើយពេលណាក៏ពួកគេសួរថា "យាយ! ម៉ាក់ទៅណា? ថ្ងៃណាទើបម៉ាក់ត្រឡប់មកវិញ?។ ដូនចាស់រូបនេះបានបាន ទាញជាយក្រមាជូតទឹកភ្នែកហើយរៀបរាប់ទាំងរំជួលចិត្តថា "យប់ឡើង ពួកគេមមើយំរកម្តាយ..."។
កុមារី ញ៉េប ស្រីម៉ី ជាកូនរបស់អ្នកស្រី នាង មុំ ដែលកំពុងនៅក្នុងគុកព្រៃសដែរនោះ រកកលចង់យំ ហើយបានរៀបរាប់ទាំងទឹកមុខក្រៀមក្រំថា "ខ្ញុំនឹកម៉ាក់!បងប្អូនខ្ញុំយំរាល់យប់រាល់ថ្ងៃ ពេលញ៉ាំធ្លាប់ឃើញម៉ាក់ ពេលយប់ម៉ាក់ធ្លាប់រៀបចំកន្លែងឱ្យគេង"។
ជាមួយកែវភ្នែករលីងរលោង ស្រីម៉ី សំដែងក្តីអស់សង្ឃឹមថា "ទៅច្រើនកន្លែងហើយ សូម្បីសម្តេចតា សម្តេចយាយក៏បានទៅហើយ នៅតែមិនឃើញម៉ាក់ត្រឡប់មកផ្ទះវិញ មិនដឹងថាគាត់នឹងអាចមកវិញដែរឬអត់ទេ?"។
កុមារផ្សេងទៀត នៅតំបន់បឹងកក់នេះ ដែលយើងបានជួបជាមួយ បើទោះជាឪពុក ម្តាយ ឬគ្រួសារគេ ពុំត្រូវបានចាប់ខ្លួន និងកាត់ឱ្យជាប់ពន្ធនាគារក្តី ក៏សុទ្ធតែបារម្ភប្រហាក់ប្រហែលគ្នានឹងកុមារី លឹម ផេងអ៊ី អាយុ ១២ឆ្នាំ រៀននៅសាលាវត្តព្រះពុទ្ធ ប៉ុន្តែបានបោះបង់ចោលការសិក្សាតាំងពីពេលគេ ឈូសឆាយផ្ទះនោះ ក៏បាននិយាយដែរថា បារម្ភរឿងផ្ទះសម្បែង ភ័យខ្លាចថ្ងៃណាមួយត្រូវគេចាប់ម្តាយ ឬនរណាម្នាក់នៅក្នុងគ្រួសារដូចអ្នកទាំង ១៥នាក់ដែរ។ ផេងអ៊ី បានឱ្យដឹងថា "ខ្ញុំអាណិតពួកគេ (កុមារដែលម្តាយត្រូវបានចាប់ និងកាត់ឱ្យជាប់ពន្ធនាគារ) ព្រោះម៉ាក់ខ្ញុំក៏ជាអ្នកចូលរួមតវ៉ារាល់លើកដែរ"។
ចំណែក លោក សុធា អារុណ ប្រធានអង្គការសុវណ្ណកុមារ ជាអង្គការមើលថែទាំកុមារ បានបញ្ចេញទស្សនៈថា "ទាំងនេះជាកត្តាអវិជ្ជមានដ៏ធ្ងន់ធ្ងរចំពោះកុមារ នៅបឹងកក់ ហើយវានឹងជះឥទ្ធិពលអវិជ្ជមាន ដក់នៅក្នុងស្មារតីរបស់ពួកគេ ដែលយើងមិនអាចដឹងថា វាមានវិសាលភាពប៉ុណ្ណាឡើយ"។
ការតវ៉ា នៅតែបន្ត កុមារនៅសហគមន៍បឹងកក់ ជាពិសេស កុមារទាំងឡាយដែលជាកូនរបស់អ្នកតំណាងទាំង ១៥នាក់ ដែលត្រូវបានចាប់ និងកាត់ឱ្យជាប់ពន្ធនាគារ ក៏នៅតែបន្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងនោះទៀត៕ K
No comments:
Post a Comment
yes