សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 6, 2012

អ្នកភូមិ​បឹង​កក់​បួង​សួង​ឲ្យ​ដោះ​លែង​ស្រ្តី​១៥​នាក់​ពី​គុក​ព្រៃស និង​ដាក់​បណ្តាសា​មន្រ្តី​ពុក​រលួយ


នៅព្រឹក​ថ្ងៃ​ពុធ​នេះ អ្នក​ភូមិ​បឹង​កក់​ប្រមាណ​៦០​នាក់​មាន​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​ អុជ​ធូប​ដាក់​ផ្កា និង​សំណែន​នៅ​ស្តូប​អ្នកតា​នៅ​ក្នុង​ភូមិ​ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ ដោះ​លែង​ស្រ្តី​១៥ នាក់​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស និង​បង្ក្រាប​មន្រ្តី​ពុក​រលួយ។ លោក​ សរ​ សុវណ្ណារ៉ា ធ្វើ​សេច​ក្ដី​រាយ​ការណ៍​មក​ថា ការ​ងាក​មក​ធ្វើ​ពិធី​បួង​សួង​នេះ បន្ទាប់​ពី​ការ​តវ៉ា​តាម​ច្បាប់​មិន​បាន​លទ្ធផល។
អ្នក​ភូមិ​បឹង​កក់​បាន​នាំ​គ្នា​ស្រែក​បួង​សួង​ឲ្យ​បារមី​អ្នក​តា​នៅ​ក្នុង​ភូមិ​បឹង​កក់​ជួយ​រំដោះ​ស្រ្តី​បឹង​កក់​ដែល​កំពុង​ជាប់​ឃុំ​ឲ្យ​មាន​សេរីភាព​ជួប​ជុំ​ក្រុម​គ្រួសារ​ឡើង​វិញ។
ស្រ្តីឈ្មោះ ខៃ ចន្ទ័រស្មី ដែល​កំពុង​អុជ​ធូប​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ពិធី​ផ្លូវ​ងងឹត​ ដើម្បី​ជួយ​អន្តរាគមន៍​សង្រ្គោះ​ស្រ្តី​១៥​នាក់ និង​កាច់​បំបាក់​មន្រ្តី​អាក្រក់​ដែល​ធ្វើ​បាប​អ្នក​ភូមិ​បឹង​កក់។
លោក ចន្ទ័ ពុទ្ធិសក្ត័ ជា​អ្នក​ភូមិ​បឹង​កក់​បាន​ឲ្យ​ដឹង​ថា ការ​ងាក​មក​ធ្វើ​ពិធី​បន់​ស្រន់​នេះ បន្ទាប់​ពី​អ្នក​ភូមិ​បឹង​កក់​បាន​ធ្វើ​ការ​តវ៉ា​ជា​ច្រើន​កន្លែង ប៉ុន្ដែ​មិន​បាន​លទ្ធផល​ដូច​នេះ ​អ្នក​ភូមិ​បឹង​កក់​បាន​សម្រេច​ចិត្ត​មក​សុំ​អន្តរាគមន៍​ពី​អ្នក​តា​ក្នុង​ភូមិ។
សូមរំលឹកថា​ ស្រ្តី​ជា​អ្នក​ភូមិ​បឹង​កក់​១៥​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ហើយ​តុលាការ​ក្រុង​ភ្នំពេញ​ បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ព្រៃ​ស​ចំនួន​២​ឆ្នាំ ៦ខែ ពី​បទ​រំលោភ​ទៅ​លើ​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​វិនិយោគ​បឹង​កក់។
នៅក្នុងពិធីបន់​ស្រន់​នេះ​ដែរ ប្រជា​ពល​រដ្ឋ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ដោះ​ស្រាយ​ដី​ជាង​១២ហិចតារ ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន បាន​សម្រេច​ដោះ​ស្រាយ​ឲ្យ​ប្រជា​ពល​រដ្ឋ​បឹង​កក់​រស់​នៅ។

លោក ចន្ទ័ ពុទ្ធិសក្ត័ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​បឹង​កក់​មិន​បាន​សុខ​នោះ​ទេ ចាប់​តាំង​ពី​មាន​ក្រុម​ហ៊ុន​ចូល​មក​អភិវឌ្ឍ​នៅ​តំបន់​នេះ។ លោក​បាន​បញ្ចាក់​ថា ប្រជា​ពល​រដ្ឋ​ដែល​ចេញ​ទៅ​ក៏​ត្រឡប់​មក​វិញ​ដែរ​។
អ្នកភូមិ​បឹង​កក់​បាន​លើក​អំពី​គម្រោង​បន្ត​ការ​តវ៉ា​ទៅ​អនាគត ដើម្បី​យុត្តិធម៌​ចំពោះ​អ្នក​ភូមិ​បឹង​កក់។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​អ្នក​ភូមិ​បឹង​កក់​បាន​ឲ្យ​ដឹង​ថា​ មន្រ្តី​ក្រសួង​យុត្តិធម៌​បាន​សន្យា​បញ្ជូន​ញ្ញត្តិ​របស់​អ្នក​ភូមិ​បឹង​កក់​ទៅ​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​លើក​យក​សំណុំ​រឿង​ក្តី​ចាប់​ស្រ្តី​បឹង​កក់​១៥​នាក់​នោះ​ឲ្យ​ពិនិត្យ​សើ​រើ​ឡើង​វិញ៕

No comments:

Post a Comment

yes