សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 20, 2012

អង្គការ​ក្រៅ​រដ្ឋាភិបាល​សុំ​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​​ពី​​អំពើ​ហិង្សា​លើ​ស្ត្រី


ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន បាន​មើល​ឃើញ​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៅ​លើ​ស្ត្រី និង​កុមារ នៅ​តែ​ជា​បញ្ហា​ដែល​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឱ្យ​បាន​ខ្លាំង​ក្លា​នៅ​ឡើ​យ ពី​អាជ្ញាធរ និង​ស្ថាប័ន​តុលាការ។
RFA/Sok Serey
ខិត្តប័ណ្ណ​អប់រំ​ស្ដីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ
ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ បាន​ទាម​ទារ​ឱ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ទៅ​លើ​ការ​លុប​បំបាត់​ភាព​រើស​អើង តាម​រយៈ​ការ​អនុវត្ត​​ច្បាប់ ការ​ពង្រឹង​ប្រព័ន្ធ​តុលាការ ដើម្បី​ពន្លឿន​នូវ​​សកម្មភាព យេនឌ័រ ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​បាន​ប្រសើរ។
អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ដែល​កំពុង​ធ្វើ​កិច្ច​ការពារ​លើ​ស្ត្រី នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​កត់​សម្គាល់​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ការងារ​ជា​ច្រើន ក្នុង​កិច្ច​ជួយ​ការពារ​ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ព្រម​ទាំង​បាន​តាក់​តែង​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា និង​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ជាដើម។ ក៏​ប៉ុន្តែ​បញ្ហា​នេះ គេ​នៅ​តែ​មើល​ឃើញ​ជា​កង្វល់​ដ៏​ធំធេង ដោយ​សារ​តែ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន និង​ប្រព័ន្ធ​តុលាការ​នៅ​មិន​ទាន់​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​ខ្លាំង​ក្លា ក្នុង​ការ​ចូល​រួម​ដោះ​ស្រាយ​ប៉ុន្មាន​ទេ។
នៅ​ឯ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ចំនួន​៣​ទៀត នៃ​ភាគ​ឧត្តរ​របស់​ប្រទេស​កម្ពុជា គឺ​មាន​ស្ត្រី​ខ្លះ​បាន​បង្ហាញ​ការ​តូច​ចិត្ត នៅ​ពេល​ដែល​ពួក​គេ​បាន​ទទួល​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ក៏​ប៉ុន្តែ​សង្គម​បាន​ទុក​ឱ្យ​គេ​ទទួល​ការ​រង​ឈឺ​ចាប់ និង​ព្យាយាម​ទុក​ឱ្យ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​នោះ។

ស្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់​នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រងែ ក្រុង​សៀមរាប បាន​មាន​ប្រសាសន៍​ថា ប្ដី​របស់​គាត់​ជា​អ្នក​ធ្វើ​ការ​នៅ​អង្គភាព​វិស្វកម្ម​មួយ ហើយ​នៅ​ពេល​ខ្លះ ប្ដី​របស់​គាត់​ផឹក​ស្រា គឺ​រក​រឿង​ឈ្លោះ និង​វាយ​ដុំ​លើ​រាង​កាយ​របស់​គាត់ ក៏​ប៉ុន្តែ​អាជ្ញាធរ និង​ប៉ូលិស​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​មិន​ដែល​ទទួល​បណ្ដឹង និង​ជួយ​ធ្វើ​ការ​ដោះ​ស្រាយ​ទេ។
ស្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា រឿង​ប្ដី​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់ មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឡើយ ក៏​ប៉ុន្តែ​ពេល​ខ្លះ​ប្ដី​របស់​គាត់​ទៅ​មាន​ស្រី​ផ្សេង ហើយ​គាត់​មាន​កំហឹង ដោយ​គ្រាន់​តែ​យក​ទឹក​ស្អុយ​ទៅ​ជះ​លើ​ស្រី​ស្នេហ៍​របស់​ប្ដី បែរ​ជា​ប៉ូលិស បាន​កោះ​ហៅ​គាត់​ទៅ​សាក​សួរ​ទៅ​វិញ។
ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ៖ «គាត់​ហ្នឹង ត្រង់​ថា​ការងារ​ផ្ទះ​អត់​អី​ទេ ក៏​ប៉ុន្តែ ឱ្យ​តែ​គាត់​ចេញ​បាន​ទៅ​ផឹក ទៅ​ស៊ី នៅ​ខេត្ត​អី មក​វិញ​ឈ្លោះ​ប្រកែក​គ្នា​១​ម៉ាត់​២ គឺ​គាត់​វាយ​តែ​ម្តង។ ខ្ញុំ​ប្ដឹង​ផ្តល់​គ្នា​ប្រហែល​ជា ២​ដង ៣​ដង​ហើយ ប៉ូលិស​គេ​ថា​វាយ​គ្នា​បែក​មុខ បែក​មាត់ ដូច​តែ​គាត់​ដែរ តែ​ប្ដី​សុំទោស​សុំ​អី ធ្វើ​ល្អ ជា​នា​និង​គ្នា​វិញ ត្រូវ​គ្នា​ហើយ មិន​បាច់​ប្ដឹង​ផ្ដល់​អី​ទេ ទៅ​ផ្ទះ ទៅ​អី​ទៅ។ កើត​រឿង​ថ្មីៗ​ពាក់ព័ន្ធ​ស្រី​ហ្នឹង ធ្លាប់​មក​ផ្ទះ​ខ្ញុំ​បង្ក​រឿង បង្ក​អីចឹង គេ​ទៅ​ផ្ទះ​បង​ថ្លៃ​ខ្ញុំ ខ្ញុំ​ទ្រាំ​នឹង​ការ​ខឹង​អត់​បាន ដល់​ពេល​អីចឹង ខ្ញុំ​យក​ទឹក​ស្អុយ​ទៅ​ជះ​លើ​ម្នាក់​ហ្នឹង​ទៅ គេ​កោះ​ហៅ​ខ្ញុំ​ទៅ​អធិការ​ស្រុក»
ចំណែក​អ្នក​ស្រី សូរ សុជាតិ រស់​នៅ​ភូមិ​វត្តបូព៌ សង្កាត់​សាលាកំរើក ក្រុង​សៀមរាប គឺ​ជា​ស្ត្រី​ម្នាក់​ទៀត ដែល​អះអាង​ថា រូប​គាត់​កំពុង​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា ប្ដី​របស់​គាត់ គឺជា​មន្ត្រី​រាជការ​ម្នាក់ ដែល​បម្រើ​ការ​នៅ​ក្នុង​សាលា​ខេត្ត​សៀមរាប។ គាត់​បាន​មាន​ប្រសាសន៍​ទៀត​ថា វា​ជា​អំពើ​អយុត្តិធម៌​មួយ នៅ​ពេល​ដែល​អ្នក​ស្រី​ទទួល​រង​អំពើ​ហិង្សា​ផ្លូវ​ចិត្ត ហើយ​ខំ​ស្វះ​ស្វែង​រក​ការ​ជួយ​គាំទ្រ​ផ្លូវ​ច្បាប់ ដោយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ក៏​ប៉ុន្តែ គាត់​បាន​ទទួល​លទ្ធផល​មក​វិញ ត្រឹម​តែ​ប្ដី​បង់​ប្រាក់​ពិន័យ ហើយ​អ្នក​ស្រី​ក៏​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​ធ្វើ​ការ​ផាក​ពិន័យ​ជា​ប្រាក់​ផង​ដែរ នៅ​ពេល​ដែល​ប្ដី​ប្ដឹង​តប​ត​វិញ។
អ្នក​ស្រី សូរ សុជាតិ៖ «ប្ដី​ខ្ញុំ​គាត់​បំពាន​ច្បាប់ មាន​ខ្ញុំ​ហើយ មាន​អេតាស៊ីវិល​ហើយ ក្រោយ​មក​គាត់​ទៅ​យក​ស្រី​មួយ​ទៀត បាន​ចុះ​អេតាស៊ីវិល​មួយ​ទៀត ហើយ​ខ្ញុំ​ប្ដឹង​គាត់​ពី​បទ​ទ្វេ​ពន្ធភាព។ ដល់​ពេល​តុលាការ​គេ​កាត់​ឱ្យ​បង់​ជំងឺ​ចិត្ត​ខ្ញុំ​តែ ៥​លាន​រៀល ហើយ​និង​ផាក​ពិន័យ​គាត់ ១​លាន​រៀល អត់​ផ្ដន្ទាទោស​គាត់​ទេ។ ក្រោយ​មក​ប្ដី​ខ្ញុំ គាត់​ប្ដឹង​ខ្ញុំ ពី​អំពើ​ហិង្សា។ លើក​មុន ដាក់​ខ្ញុំ​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត ក៏​ព្រះរាជ​អាជ្ញា​បាន​ហៅ​ខ្ញុំ​ទៅ​សួរ​នាំ ថា​ខ្ញុំ​មិន​បាន​ធ្វើ​អី​ទេ​រឿង​ហ្នឹង ដល់​ក្រោយ​មក​តុលាការ​ធ្វើ​សេចក្តី​ជូន​ដំណឹង​មក​ខ្ញុំ សាល​ក្រម​កំបាំង​មុខ​ពី​បទ អំពើ​ហិង្សា​ដោយ​ចេតនា ហើយ​តុលាការ​បាន​កាត់​ឱ្យ​ខ្ញុំ​ជាប់​ពន្ធនាគារ ៦​ខែ ហើយ​បង់​លុយ​ទៅ​ឱ្យ​ប្ដី​ខ្ញុំ ៣​លាន​រៀល។ អីចឹង ស្ត្រី​រង​គ្រោះ​នៅ​តែ​រង​គ្រោះ​អីចឹង មិន​អាច​ទទួល​យក​បាន​ទេ»
ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ធ្វើ​ការងារ​ជួយ​ដល់​ស្ត្រី និង​សមភាព យេនឌ័រ នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​មើល​ឃើញ​ថា ការ​ដោះ​ស្រាយ​ជួយ​ដល់​ស្ត្រី ក្នុង​រឿង​អំពើ​ហិង្សា ហាក់​ដូច​ជា​មិន​ទាន់​មាន​ការ​ផ្លាស់​ប្ដូរ​ទៅ​មុខ ឱ្យ​ប្រសើរ​ប៉ុន្មាន​ទេ ពី​សំណាក់​សង្គម និង​សាមី​ខ្លួន​ផ្ទាល់ ក៏​ដោយ។
អ្នក​ស្រី រស់ សុភាព ជា​នាយិកា​ប្រតិបត្តិ​របស់​អង្គការ យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា។ អ្នក​ស្រី​ បាន​មាន​ប្រសាសន៍​ថា ថ្វី​បើ​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រង​គ្រោះ បាន​អនុម័ត ដោយ​សភា​ជាតិ ឱ្យ​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ​២០០៥ ហើយ​ចែង​ថា អំពើ​ហិង្សា គឺ​ជា​ការ​ជាប់​ពាក់​ព័ន្ធ​របស់​សង្គម ដែល​សង្គម​ត្រូវ​តែ​ដោះ​ស្រាយ​ក៏​ដោយ ក៏​ប៉ុន្តែ​ចំពោះ​អ្នក​អនុវត្ត​ច្បាប់​នេះ​ខ្លះ គឺ​មិន​បាន​អាន និង​យក​ច្បាប់​ទៅ​អនុវត្ត​នៅ​ឡើយ​ទេ។
អ្នក​ស្រី រស់ សុភាព បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល ក៏​បាន​ខិត​ខំ​ប្រែង​ប្រែង​ផ្សព្វ​ផ្សាយ និង​អប់រំ ដើម្បី​ប្រឆាំង​និង​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ ក៏​ប៉ុន្តែ​អ្នក​ស្រី​យល់​ថា ការ​ផ្សព្វ​ផ្សាយ​នោះ គឺ​នៅ​មិន​ទាន់​ដល់​កម្រិត​មួយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន និង​សង្គម មាន​ការ​ផ្លាស់​ប្ដូរ ការ​យល់​ដឹង​នៅ​ឡើយ​ទេ ពីព្រោះ​ទម្លាប់​របស់​ខ្មែរ​រាប់​រយ​ឆ្នាំ​មក​ហើយ តែង​ចាត់​ទុក​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ គឺ​ជា​រឿង​ឯកជន ដែល​ត្រូវ​គ្រួសារ​ខ្លួន​ឯង ជា​អ្នក​ត្រូវ​ដោះ​ស្រាយ​ផ្ទាល់។
អ្នក​ស្រី រស់ សុភាព៖ «សម្រាប់​ខាង​ខ្ញុំ គឺ​ជំរុញ​ឱ្យ​អាជ្ញាធរ​ដែន​ដី​គ្រប់​ជាន់​ថ្នាក់​ដែល​មាន​សមត្ថកិច្ច ហើយ​និង​តុលាការ ជា​ពិសេស​ត្រូវ​យក គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង ឱ្យ​បាន​ជា​បន្ទាន់។ បើ​ឃើញ​បណ្ដឹង​របស់​ស្ត្រី ឬ​ក៏​ការ​ត្អូញត្អែរ​របស់​គាត់ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់ ពីព្រោះ​ស្ត្រី​ខ្មែរ នៅ​ពេល​ដែល​រស់​នៅ​ជាមួយ​និង​គូ​ស្រករ ទាល់​តែ​ថា រឿង​ហ្នឹង​វា​ដល់​ក​ហើយ បាន​គាត់​និយាយ​ចេញ ហើយ​បើ​គាត់​និយាយ​ចេញ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់ កុំ​ទុក​យូរ បើ​មិន​អីចឹង​ទេ វា​ដោះ​ស្រាយ​អត់​ចេញ​ទេ ធ្វើ​ឱ្យ​គាត់​រឹត​តែ​អត់​ហ៊ាន​បង្ហាញ​ត​ទៅ​ទៀត»
របាយ​ការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៥​ខែ​នៃ​ឆ្នាំ​២០១២ តួ​លេខ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ១៧៥​ករណី។ តួ​លេខ​នេះ មាន​ការ​ថយ​ចុះ​ជាង​កាល​ពី​ឆ្នាំ​មុន​ជាង ៧០​ករណី បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល ៥​ខែ​ដូច​គ្នា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ គឺ​មាន​រហូត​ទៅ​ដល់ ២៥១​ករណី​នោះ។
អ្នក​ស្រី ជួន ចំរុង ជា​ប្រធាន​ផ្នែក​អង្កេត បញ្ហា​ស្ត្រី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​មាន​ប្រសាសន៍​ថា ថ្វី​បើ​តួ​លេខ​នៃ​អំពើ​ហិង្សា​ឆ្នាំ​នេះ បាន​ថយ​ចុះ ក៏​ប៉ុន្តែ អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​អនុវត្តន៍​ច្បាប់ ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ឡើយ។
អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ជាច្រើន នៅ​មាន​ការ​អនុវត្តន៍​ច្បាប់​ទប់​ស្កាត់​អំពើ​ហិង្សា នៅ​មាន​កម្រិត បណ្ដាល​ឱ្យ​អ្នក​ដែល​ទទួល​រង​អំពើ​ហិង្សា នៅ​តែ​ទទួល​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ និង​ពេល​ខ្លះ​រហូត​ដល់​បាត់​បង់​ជីវិត​ផង។
មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​គេ​បង្ហាញ​ថា ជា​ការ​លំបាក បណ្ដាល​ឱ្យ​ការ​អនុវត្តន៍​ច្បាប់​នៅ​មាន​កម្រិត ដូច​ជា​ស្ត្រី​ដែល​ជា​អ្នក​ទទួល​រង​អំពើ​ហិង្សា នៅ​មាន​ការ​ខ្មាស​អៀន ស្ថាន​ភាព​គ្រួសារ​ក្រីក្រ​មិន​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ហើយ​កត្តា​សំខាន់​មួយ​ទៀត គឺ​មិន​សូវ​មាន​ជំនឿ​ទៅ​លើ​តុលាការ ក្នុង​ពេល​បច្ចុប្បន្ន៕

No comments:

Post a Comment

yes