សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 20, 2012

សង្គម​ស៊ីវិល​គ្រោង​​ជួប​ប្រជុំ​រក​ចំណុច​ត្រូវ​កែលំអ​ក្នុង​ដំណើរ​​ការ​បោះ​ឆ្នោត


ក្រោយ​កា​របោះ​ឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១២ រួច គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទទួល​បាន​បទពិសោធន៍​ពី​សកម្មភាព​នៃ​ការ​បោះ​ឆ្នោត​នោះ មាន​លក្ខណៈ​ខុស​ឆ្គង​ជា​ច្រើន ដែល​គួរ​តែ​កែ​លម្អ​សំរាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ទៀត។
អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ដែល​ចូល​រួម​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ គ្រោង​នឹង​ជួប​ជុំ​គ្នា​ពិភាក្សា​រក​វិធី​ជួយ​កែ​លម្អ​ភាព​ខ្វះខាត​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។
​ការ​គ្រោង​នេះ​បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី នៅ​តែ​មាន​ឈ្មោះ​ស្ទួន​ មិន​មាន​លំនៅ​ជាក់​លាក់​ក្នុង​មូលដ្ឋាន គ្មាន​ឈ្មោះ​បោះ​ឆ្នោត តែ​បែរ​ជា​អ្នក​ទៅ​ពី​ចម្ងាយ​គ្មាន​ទីលំនៅ​ច្បាស់​ក្នុង​មូលដ្ឋាន​ឃុំ​សង្កាត់ អាច​បោះ​ឆ្នោត​បាន។
​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ ថ្លែង​ថា មន្ត្រី​រាជការ​បម្រើ​ក្នុង​ស្ថាប័ន​មួយ​បាន​ទៅ​បោះ​ឆ្នោត​នៅ​កន្លែង​ដែល​ក្រុម​គេ​ចុះ​ទៅ​ពង្រឹង​បក្ស​នៅ​ខេត្ត​ផ្សេងៗ។ លោក​ថា ក្រុម​នោះ​អាច​មិន​លុប​ឈ្មោះ​របស់​ពួក​គេ​នៅ​មូលដ្ឋាន​រស់​នៅ​ពិត​ប្រាកដ ដែល​លោក​ថា បញ្ហា​នេះ​អាច​មាន​ឈ្មោះ​ស្ទួន នាំ​ឲ្យ​មាន​អំពើ​លួច​បោះ​ឆ្នោត​ជំនួស។
លោក យឹម សុវណ្ណ៖ «ឈ្មោះ​ស្ទួន​ហ្នឹង​ដូច​ជា​ករណី​ឈ្មោះ​របស់​មន្ត្រី​រាជការ​នៅ​ក្នុង​នាយកដ្ឋាន​ផែនការ​នៃ​អាជ្ញាធរ​អគ្គិសនី ៥០​នាក់ ទៅ​ចុះ​ឈ្មោះ​នៅ​ឃុំ​ខ្នារ ស្រុក​កងមាស ខេត្ត​កំពង់ចាម។ ៥០​នាក់​ទៀត ទៅ​ចុះ​ឈ្មោះ​នៅ​ឃុំ​ស្នាអន្សា ខេត្ត​ពោធិ៍សាត់។ គាត់​អត់​បាន​ដក​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ភ្នំពេញ​នេះ​ទេ គាត់​ទៅ​ចុះ​ឈ្មោះ ហើយ​បោះ​នៅ​ទីនោះ»

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ថា ឈ្មោះ​ស្ទួន គឺ​ជា​កំហុស​ចេញ​ពី គ.ជ.ប. ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​ទម្រង់ ១០១៨ ឬ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នក​ផ្សេង​ឲ្យ​ទៅ​បោះ​ឆ្នោត​ជំនួស​ឈ្មោះ​អ្នក​ដែល​គេ​ដឹង​ថា នឹង​មិន​បាន​មក​បោះ​ឆ្នោត៖ «ហើយ​យើង​ក៏​បាន​ជួប​ប្រទះ​ផ្ទាល់​ចំពោះ​ឈ្មោះ​សមាជិក​របស់​យើង​ហ្នឹង ដែល​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ជួស»
ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ថ្លែង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​អ្វី​ដែល គ.ជ.ប. បន្ត​ឲ្យ​មាន​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​ឈ្មោះ​ឃុំ​សង្កាត់​តែ​មួយ៖«ព្រោះ​ទៅ​អនាគត​នេះ ដែល​អាច​គេ​ចល័ត​ទាហាន ឬ​ក៏​ក្រុម​ការងារ​ហ្នឹង គឺ​ចង់​ទៅ​ថែម​នៅ​កន្លែង​ណា​នោះ គេ​អាច​ឲ្យ​ទៅ​ចូល​បោះ​នៅ​កន្លែង​នោះ​បាន ដែល​ជា​ការ​មួយ​អាច​យក​ប្រៀប​ទៅ​លើ​អ្នក​ផ្សេងៗ»
ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណបក្ស​ចលនា​ប្រជាធិបតេយ្យ លោក គង្គ់ ប៊ុនធឿន​ ថ្លែង​ថា មន្ត្រី គ.ជ.ប. ប្ដូរ​ជំហរ​ពី​លំអៀង​ទៅ​គណបក្ស​ណា​មួយ​មក​នៅ​ជា​អព្យាក្រឹត ទើប​ការ​បោះ​ឆ្នោត​ទទួល​បាន​ភាព​យុត្តិធម៌។
ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ថ្លែង​ថា គណបក្ស​នយោបាយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ជួប​ជុំ​គ្នា​ដើម្បី​បង្ហាញ​ភស្តុតាង​ទៅ គ.ជ.ប. សុំ​ឲ្យ​មាន​ការ​ប្តូរ​កំហុស​ឆ្គង៖ «ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល​ទៅ​ឃើញ​ថា ការ​បោះ​ឆ្នោត​ហ្នឹង​ត្រឹម​ត្រូវ​ពិត​ប្រាកដ ជា​ពិសេស មិន​ឲ្យ​មាន​ការ​រើស​អើង​ថា គណបក្ស​នេះ​មាន​ផល​ស្រួល​ជាង​អ្នក​ណា​ជា​សមាជិក​របស់​គណបក្ស​មួយ​នេះ អាច​បាន​ទទួល​ផល​ប្រយោជន៍​ស្រួល​ជាង​អ្នក​ដែល​បោះ​ឆ្នោត អ្នក​ដែល​ទៅ​អី ។ល។»
នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិច បណ្ឌិត ហង្ស ពុទ្ធា ថ្លែង​ថា អង្គការ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត និង​គណបក្ស​នយោបាយ ​កំពុង​ប្រមូល​ឯកសារ​កំហុស​ឆ្គង​ទាំង​ឡាយ​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​យក​មក​ពិភាក្សា ​ដើម្បី​ជួយ​ប្រាប់​ទៅ គ.ជ.ប. ពី​មូលហេតុ​នៃ​បញ្ជី​ឈ្មោះ​ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ច្រើន ដើម្បី​កែ​លម្អ សំរាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ខាង​មុខ៖ «យើង​ចាប់​ផ្ដើម​ណាត់​គ្នា​ជា​បណ្តើរៗ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​រាល់​ការ​បោះ​ឆ្នោត គឺ​ទិដ្ឋភាព​នៅ​តែ​ដដែលៗ»
ប្រធាន​ស្តីទី​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត ថ្លែង​ថា លោក​ផ្ទាល់​ត្រូវ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្លាកែត ខេត្ត​បាត់ដំបង មិន​ឲ្យ​បោះ​ឆ្នោត ទោះ​បី​មាន​ឯកសារ​គ្រប់គ្រាន់​ក៏ដោយ។ ​ប៉ុន្តែ​ក្នុង​មណ្ឌល​នោះ មាន​ជន​ចំណូល​ថ្មី​ដែល​គ្មាន​ការ​រស់​នៅ​ជាប់​លាប់​ក្នុង​ឃុំ បែរ​ជា​បោះ​ឆ្នោត​បាន។
លោក​បាន​ចោទ​ថា ដរាប​ណា គ.ជ.ប. នៅ​តែ​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​សញ្ជាតិ​ដល់​អ្នក​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ភូមិ ឃុំ ឬ​មិន​គ្រប់​អាយុ​បោះ​ឆ្នោត អាច​យក​ឈ្មោះ​អ្នក​ដទៃ​ទៅ​បោះ​ឆ្នោត​ជំនួស​បាន វា​នៅ​តែ​ជា​បញ្ហា​កំពុង​ចោទ​ឡើង​រាល់​ពេល​បោះ​ឆ្នោត។
អគ្គលេខាធិការ​រង និង​ជា​ប្រធាន​គណៈកម្មការ​សម្រប​សម្រួល​កម្មវិធី​ស្មើ​ភាព​របស់ គ.ជ.ប. លោក សុកុលៈ ទីប៉ោ បាន​ទទួល​ស្គាល់​បញ្ហា​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះ​ឆ្នោត។ លោក​ថ្លែង​ថា ចំពោះ​ក្រុម​ការងារ​គណបក្ស​មួយ​បាន​ប្រមូល​គ្នា​ទៅ​បោះ​ឆ្នោត​នៅ​កន្លែង​ពង្រឹង​បក្ស​ខុស​ពី​កន្លែង​ស្នាក់នៅ​អចិន្រ្តៃយ៍ គឺ​គេ​អាច​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី បើ​មាន​អ្នក​ធានា​សញ្ជាតិ ២​នាក់។
លោក សុកុលៈ ទីប៉ោ៖ «មន្ត្រី​ការងារ​គណបក្ស​នោះ ស្រុក​កំណើត​នៅ​កំពង់ចាម គាត់​ធ្លាប់​មាន​អត្តសញ្ញាណប័ណ្ណ​ហ្នឹង​ធ្វើ​នៅ​ខេត្ត​កំពង់ចាម។ គាត់​ចុះ​ឈ្មោះ​នៅ​កំពង់ចាម តែ​ក្រោយ​មក​គាត់​ផ្លាស់​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ។ នៅ​ក្នុង​ករណី​ហ្នឹង ប្រសិន​បើ​គាត់​មាន​ឈ្មោះ​នៅ​ស្រុក​កំណើត​គាត់ៗ​អាច​បោះ​ឆ្នោត​បាន​ដែរ​តាម​ច្បាប់»
លោក​បន្ថែម​ថា ដើម្បី​ឲ្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ល្អ​ត្រឹមត្រូវ​នោះ គួរ​តែ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ចូល​រួម​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​រៀង​រាល់​ខែ​កញ្ញា ដែល គ.ជ.ប. ប្រកាស​ឲ្យ​ចុះ​ឈ្មោះ​រាល់​ឆ្នាំ​នោះ៕

No comments:

Post a Comment

yes