សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

ខ្យងសោក


ស្រុកខ្មែរយើង ឋិតនៅក្នុងតំបន់មួយ ដែលមានភ្លៀង និងក្តៅច្រើន និងមានវាលរាបដ៏ធំទូលាយ តាមដងទន្លេ និងឆ្នេរសមុទ្រ ជាអំណោយផលល្អសម្រាប់មុខរបរ កសិកម្ម ហេតុនោះហើយ បានជាគេឃើញមានជនរួម ជាតិខ្មែរភាគច្រើន បានយកការធ្វើស្រែចំការច្បារដំណាំ ជាមុខរបរចិញ្ចឹមជីវិត។ ជីវភាពរបស់កសិករខ្មែរ បានផ្សារ ភ្ជាប់ទៅនឹងវាលស្រែ ទន្លេសមុទ្រ បឹងបួរ ជ្រោះជ្រលង ព្រែកខ្វែក ស្ទឹង អូរ។ល។ ដូច្នេះ បើនិយាយអំពីរឿងក្ដាមខ្យងនោះ ហាក់ដូចជា ពុំមានអ្វីប៉្លែកប៉ុន្មានទេ ព្រោះពួកគាត់បានឃើញក្តាមខ្យងជារៀងរាល់ថ្ងៃ តែក្នុងចំណោមក្ដាមខ្យងទាំងនោះ មានខ្យងមួយប្រភេទ មើលទៅឃើញ ដូចជាក្ដាមបន្តិច ជាខ្យងបន្តិច រកថា ឱ្យត្រូវជាក្តាម ឬខ្យងនោះ មិនងាយឡើយ ព្រោះពួកសត្វប្រភេទនេះ មានរូបរាងជាក្តាមផង ជាខ្យងផង។ បូរាណាចារ្យលោកហៅសត្វប្រភេទនេះ ថា‹ខ្យងខ្មោចឬខ្យងសោក›។ ខ្លះហៅថាសត្វផ្ញើប្រាណ។

ហេតុផលយ៉ាណា បានជាលោកហៅដូច្នេះនោះ ពុំមានអ្វីបញ្ជាក់ឡើយ តែតាមប្រសាសន៍របស់ព្រឹទ្ធាចារ្យខ្មែរ ក្រោមម្នាក់ ថាខ្យងដែលយើងមើលទៅឃើញនោះគ្រាន់តែជាសម្បកប៉ុណ្ណោះ ព្រោះវាត្រូវសត្វពីងពាងពឹស ចូលទៅស៊ីគ្រឿងក្នុងអស់ទៅហើយ រួចហើយសត្វពីងពាងពឹសនេះ ក៏សម្ងំនៅក្នុងសម្បកខ្យងនោះតែម្តងទៅ។ ឯព្រលឹងសត្វខ្យងក៏សោកសង្រេងសង្រៃ ព្រោះនឹកស្ដាយរាងកាយរបស់ខ្លួន ដែលត្រូវសត្វពីងពាងពឹស ដណ្ដើម យកបាន។ ឯអ្នកខ្លះគេបានហៅសត្វនេះថាខ្យងខ្មោចទៅវិញនោះ ក៏មានន័យស្រដៀងគ្នាដែរ គឺថាសត្វខ្យង ដែលយើងមើលឃើញនោះ វាខូចបាត់ទៅហើយ នៅសល់តែសម្បកខ្យងប៉ុណ្ណោះ។ ន័យនេះសមហេតុផល ម្យ៉ាងដែរ ព្រោះបើតាមការពន្យល់ន័យនៃពាក្យថា‹ខ្មោច›នេះ ក្នុងសៀវភៅសាកលចិន្ដា ព្រះភិក្ខុធម្មបាល ខៀវជុំ បានពន្យល់ថា៖ ពាក្យខ្មោចនេះ ក្លាយពីពាក្យដើមថាខូច ជាកិរិយាស័ព្ទក្នុងសេចក្ដីថាដល់នូវភាពវិនាស ពុកផុយប្រើការលែងកើត គឺមានន័យផ្ទុយពីការនៅជាល្អ បើចំពោះមនុស្សយើង លោកសំដៅយកការស្លាប់ ដូចជាខ្មែរយើង កាលបើមាន បុគ្គលណាម្នាក់ស្លាប់ ច្រើននិយាយថាខូចជំនួសស្លាប់ទៅវិញ ដូចជានិយាយថា លោកតា ក គាត់ខូចពីម្សិល ឬថាមីងសែម ទើបតែខូចពីព្រឹកមិញ ជាដើម។ រួចពាក្យថាខូចនេះ ក៏បានក្លាយបន្តិចម្ដងៗទៅជាខ្មូច រួចនៅទីបំផុត ក៏ទៅជាខ្មោចទៅ។ តាមន័យនេះ ខ្យងខ្មោចគឺពួកខ្យងដែលខូច ស្អុយរលួយអស់ទៅហើយនៅសល់តែសម្បកទទេ រាយមាយពាសពេញតាមឆ្នេរសមុទ្រ ពួកក្ដាមឬបង្កងក៏ បានចូលទៅ នៅអាស្រ័យក្នុងសម្បកខ្យងនោះទៅ ម្លោះហើយបានជាលោកហៅពួកសត្វប្រភេទនេះថា ខ្យងខូចឬខ្យងខ្មោចដូច្នេះឯង។
កន្លងពីពេលនេះទៅមិនយូរប៉ុន្មាន លោកសឺន សម្រេច នាយកព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានសន្ទនា ជាមួយជនរួមជាតិខ្មែរក្រោមមួយរូប ដែលបានធ្វើដំណើរទៅសួរសុខទុក្ខក្រុមញាតិមិត្ររបស់លោក នៅឯកម្ពុជា ក្រោម បាននាំមកនូវមន្ទិលសង្ស័យយ៉ាងច្រើនដល់ជនរួមជាតិខ្មែរក្រោម ចំពោះកាយវិការដ៏ប្លែករបស់រដ្ឋ អំណាច យួនមកលើខ្មែរក្រោម នាបច្ចុប្បន្នកាលនេះ។ ក្នុងការសន្ទនានោះ យើងខ្ញុំបានដឹងសុខទុក្ខមួយចំនួន របស់ជន រួមជាតិខ្មែរក្រោម ដែលកំពុងតែរស់នៅឯមាតុភូមិដ៏សែនកំសក់របស់យើង។
ចំណុចសំខាន់ក្នុងការសន្ទនានោះមានបីគឺៈ ទី១)យួនបានផ្ដល់ប្រាក់ខែដល់ព្រះសង្ឃខ្មែរក្រោម ដែលមានឋានៈ ខ្ពង់ខ្ពស់ ដូចជាមានតំណែងជាចៅអធិការ ឬអាចារ្យបង្រៀនជាដើម ដែលចំពោះជនរួមជាតិខ្មែរក្រោម សង្គម ខ្មែរក្រោម យើងគិតថាជាអ្នកចេះដឹងគ្រាន់បើហើយ ព្រោះនៅឯមាតុភូមិកម្ពុជាក្រោម យើងមិនសូវមានអ្នក ដែលចេះដឹងជ្រៅជ្រះប៉ុន្មានឡើយ ដោយខ្មែរយើងពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់រៀនសូត្រ មានការខ្វះ សាលារៀនភាសាខ្មែរជាដើមនោះ។ ទី២)រដ្ឋអំណាចយួន បានប្រើវិធី’’សេះបាត់យកសេះតាម’’ ឬ ’’បន្លាមុត យកបន្លាជោះ’’ គឺពួកគេកំពុងតែប្រើយុវជនខ្មែរក្រោម ដែលនៅស្ទាវ ឈាមរាវ ឱ្យធ្វើជាឧបករណ៍ គឺឱ្យធ្វើជា ចារបុរស ឬឱ្យធ្វើជាឈ្លប ចាំឆ្មក់យកការពីជនរួមជាតិខ្មែរក្រោមស្លូតត្រង់ ដែលជាក្រុមគ្រួសារ ញាតិសន្ដាន របស់ខ្លួន ខ្លាចក្រែងមានខ្មែរក្រោមរូបណាមួយ ប្រពឹត្តិអំពើដែលមិនជាប្រយោជន៍ដល់រដ្ឋាភិបាលយួនខ្លួនឯង ដូចគ្នានឹងពួកខ្មែរក្រហម ដែលប្រើកុមារខ្មែរ យុវជនខ្មែរ ឱ្យតាមដានឃ្លាំមើលឪពុកម្ដាយ បងប្អូនញាតិសាច់ សាលោហិតរបស់ខ្លួន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះឯង។ ទី៣)យួនបានចេញប័ណ្ណពិនិត្យសុខភាព ពិសេសមួយ ឱ្យដល់ជនរួមជាតិខ្មែរក្រោម។ អ្នកដែលកាន់ប័ណ្ណនេះ មានអាទិភាពអាចទទួលបានសេវាថែទាំ សុខភាព ពីមន្ទីរពិនិត្យព្យាបាលសុខភាពនានា នៅក្នុងប្រទេសសាធារណរដ្ឋសង្គមនិយមយៀតណាម ដោយមិនចាំបាច់ត្រូវបង់ប្រាក់សោហ៊ុយអ្វីឡើយ ហើយរដ្ឋាភិបាលគេចេញប័ណ្ណនេះ ឱ្យតែចំពោះខ្មែរក្រោម ប៉ុណ្ណោះ បើមានជនណាមួយក្លែងបន្លំ ឬលួចប្រើប្រាស់ប័ណ្ណនេះ ជននោះត្រូវទទួលទោសតាមច្បាប់។ កាយវិការដ៏ប្លែកនេះហើយ ដែលនាំឱ្យជនរួមជាតិខ្មែរក្រោមលោកសង្ស័យ ព្រោះតាំងតែពីពេលដែលយួន ទន្ទ្រានដែនកាន់កាប់ទឹកដីកម្ពុជាក្រោមមក យួនពុំដែលមានកាយវិការដែលអាចចាត់ទុកថា មានសប្បុរសធម៌ មកលើខ្មែរក្រោមម្ដងណាឡើយ។ ឥឡូវនេះស្រាប់តែយួនមកជួយពិនិត្យថែជម្ងឺឱ្យខ្មែរ ដោយឥតយកប្រាក់កាស នេះ គឺពិតជាកាយវិការមួយដ៏ប្លែកមែន។ តើរឿងរ៉ាវទាំងអស់នេះ វាដូចសត្វពីងពាងពិស ដែលស៊ីខ្យងឱ្យ នៅសល់តែសម្បក រួចហើយចូលទៅនៅក្នុងសម្បកខ្យងទៀតនោះឫទេ?
បើគិតចាប់ផ្ដើមពីពេលដែលស្ដេចយួនឈ្មោះ យ៉ា ឡុង ចាប់ដាក់អាណានិគមមកលើខ្មែរក្រោមមក មានរយៈ ពេល ជាងបីរយឆ្នាំរួចមកហើយ។ តែបើគិតត្រឹមតែពីពេលដែលសេ្តច មិញ ម៉ាំង ត្រួតត្រាវិញគឺអស់ពេល ជាងពីររយឆ្នាំ (មិញ ម៉ាំង ជាកូនរបស់ស្ដេចយ៉ាឡុង) ខ្មែរកម្ពុជាក្រោម រហូតមកដល់សព្វថ្ងៃនេះ នៅតែរស់ នៅក្នុងលក្ខណៈ ជាកូនខ្មែរនៅឡើយ ទោះបីខ្មែរក្រោមត្រូវប្រឈម នឹងអំពើប្រល័យពូជសាសន៍ ដ៏សាហាវ ឃោរឃៅរបស់យួន យ៉ាងណាក៏ដោយ។ ទាំងនេះក៏ត្រូវទទួលស្គាល់ថា ដោយមានការចូលរួមចំណែក យ៉ាងសំខាន់ អំពីសំណាក់ ព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរនិកាយថេរវាទដែរ ព្រោះថាបើយើងសង្កេតមើល ទៅវត្តព្រះពុទ្ធសាសនាថេរវាទ ទាំងអស់ នៅក្នុងដែនដីកម្ពុជាក្រោមនោះ យើងអាចកំណត់សម្គាល់បានថា វត្តទាំងនេះមានលក្ខណៈខុសគ្នា ពីវត្តព្រះពុទ្ធសាសនាមហាយាន ដែលមានពុទ្ធសាសនិកជនយួនជាអ្នកនិយម គោរពប្រតិបត្តិ គឺខុសគ្នាតាំងតែ ពីក្បូរក្បាច់រចនា រហូតដល់ការគោរពប្រតិបត្តិ។ ការខុសគ្នានេះហើយ ដែលជួយឱ្យខ្មែរយើងអាចរស់នៅក្នុងភាព ជាខ្មែរបាន ព្រោះពេលខ្លះវត្តព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម បានដើរតួក្នុងនាទីជាមជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌ខ្មែរ ព្រះសង្ឈមិនគ្រាន់តែប្រតិបត្តិធម៌អាថ៌រក្សាវិន័យ តាមពុទ្ធោវាទប៉ុណ្ណោះទេ គឺព្រះអង្គបានក្លាយជាអ្នក បណ្ដុះបណ្ដាល បង្ហាត់បង្រៀនវិជ្ជាជីវៈ។ មានអ្នកបួសមួយ ចំនួន ក្រោយពីអស់បុណ្យ លាចាកសិក្ខាបទមក ជាគ្រហស្ថ បានក្លាយទៅជាជាងឈើ ជាងកំបោរ ជាដើម។ ផ្នែកទម្លាប់ទំនៀមវប្បធម៌ប្រពៃណី ព្រះសង្ឃខ្មែរ ក្រោមបានរៀនសូត្រ និងបង្ហាត់បង្រៀនកូនខ្មែរ ពីជំនាន់មួយ ទៅជំនាន់មួយ ឱ្យចេះអាន ចេះសរសេរអក្សរខ្មែរ និងនិយាយភាសាខ្មែរ ដែលជាមូលដ្ឋានទ្រទ្រង់នូវ ខឿនវប្បធម៌ជាតិ ឱ្យគង់វង្សអស់កាលជានិច្ច មកដល់សព្វថ្ងៃនេះ។ សកម្មភាពរក្សាអត្តសញ្ញាណជាតិរបស់ ព្រះសង្ឃ នៅតាមវត្តព្រះពុទ្ធសាសនាថេរវាទរបស់ពុទ្ធបរិស័ទខ្មែរគ្រប់ ជំនាន់ នៅកម្ពុជាក្រោមយ៉ាងនេះហើយ ដែលបណ្ដាលឱ្យពួកសក្តិភូមិអាណាននិគមនិយមយួនគ្រប់ជំនាន់ តែងប្រើគ្រប់កលល្បិច ដើម្បីកំទេចវត្ត ព្រះពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម ដោយពួកគេមើលឃើញថា វត្តព្រះពុទ្ធសានាថេរវាទខ្មែរទាំងនេះហើយ ជាឧបសគ្គដល់គោលនយោបាយបំបាត់ពូជសាសន៍ខ្មែរ នៅកម្ពុជាក្រោម ដែលអ្នកដឹកនាំយួនគ្រប់ជំនាន់ តែងតែរកមធ្យោបាយកំចាត់ចោល ដូចករណីយ៍ស្ដេចយួនឈ្មោះធីវទ្រី ក្នុងរវាងដើមសតវត្សរ៍ទី ១៩ បានប្រព្រឹត្ត មកលើខ្មែរក្រោម គឺស្ដេចអង្គនេះបានបញ្ជារឱ្យព្រះសង្ឃខ្មែរក្រោម ស្លៀកពាក់ខោអាវ ជំនួសការក្រាលគ្រងចីវរ សូត្រធម៌បណ្ដើរវាយត្រដោកក្បាលត្រីបណ្ដើរ ដូចជាព្រះសង្ឃយួនប្រព្រឹត្តប្រតិបត្តិសព្វថ្ងៃ នេះ។ ដោយមើលឃើញភាពមហន្តរាយអាចកើតមានដល់ប្រជាជាតិខ្មែរ ប្រសិនជាព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរ ធ្វើតាមបញ្ជាររបស់យួនបែបនេះ ទើបលោកឧកញ៉ា សឺន គុយ បានសុខចិត្តបូជាជីវិតជាថ្នូរ នឹងការឱ្យយួនសន្យា យល់ព្រមឱ្យខ្មែរគោរពប្រតិបត្តិពុទ្ធសាសនាបែបថេរវាទ ដែលខុសគ្នានឹងព្រះសង្ឃយួន ជាអ្នកប្រតិបត្តិតាមបែប អាចារិយវាទ។
ដោយពុំអាចយកជ័យជំនះលើខ្មែរក្រោម ក្នុងការរំលាយវត្តអារាមខ្មែរបាន បច្ចុប្បន្ននេះអ្នកដឹកនាំយួនបានប្ដូរ យុទ្ធសាស្ដ្រពីរឹងមកទន់ ក្នុងទិសដៅព្រួញមួយបាញ់បានចាបពីរ ឬបន្លាមុតយកបន្លាជោះ ពោលគឺពួកគេទុកវត្ត អារាមខ្មែរឱ្យនៅតាមសភាពដើម ក្នុងបំណងថ្ពិនភ្នែកជាតិនិងអន្ដរជាតិ តែគេបានបញ្ចូលមនុស្ស របស់គេឱ្យ បួសបន្លំ តែងតាំងឱ្យមានតំណែងជាសង្ឃាភិបាល ឬមន្ត្រីសង្ឃថ្នាក់ខ្ពស់ ប្រយោជន៍ដឹកនាំព្រះសង្ឃ ពុទ្ធសាសនិកខ្មែរ ឱ្យប្រព្រឹត្តតាមគោលនយោបាយបំភ្លៃពូជសាសន៍ ដែលជាជំហានដំបូង ហើយជាបន្តបន្ទាប់ ឈានដល់ការបំបាត់ ពូជសាសន៍ខ្មែរទាំងស្រុង ដូចជាពីងពាងពឹស ដែលតែងតែស្វែងរកស៊ីខ្យងរួចហើយ ក៏សម្ងំនៅក្នុងសម្បកខ្យង បង្កើតបានជាសត្វខ្យងសោក ឬខ្យងខ្មោច ឬសត្វផ្ញើប្រាណ នោះឯង៕ ដោយៈ ថាច់ សាវ៉ាន់

No comments:

Post a Comment

yes