សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

សកម្មជនគណបក្ស សម រង្ស៊ី នៅខេត្តបន្ទាយមានជ័យ ទទួលការគំរាមកំហែងពីសមាជិកគណបក្សប្រជាជន នៅក្រោយថ្ងៃបោះឆ្នោតឃុំ-សង្កាត់


សកម្មជនគណបក្ស សម រង្ស៊ី នៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានទទួលការគំរាមបណ្តេញចេញពីដីមណ្ឌលដែលគាត់រស់នៅសព្វថ្ងៃ និងគំរាមដកប័ណ្ណក្រីក្រ ពីសំណាក់ប្រធានមណ្ឌល៩ ដែលគេស្គាល់ឈ្មោះថា តាវៀច ឬ​ប៉ាអាត្តម ​​បន្ទាប់ពី​គាត់បានចូលរួមឃោសនា និង ធ្វើជាអ្នក​សង្កេត​ការណ៏ឲ្យ​គណ​បក្ស សម រង្ស៊ី កាលពីអំឡុង​ពេល​​យុទ្ធនាការឃោសនារកសម្លេងឆ្នោត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិ ទី៣ ដែលកន្លងផុតទៅថ្មីៗនេះ ។

លោក លី យ៉ាន អាយុ៣៧ឆ្នាំ ដែលជាសកម្មជនរបស់គណបក្ស សម រង្ស៊ី និងជាខ្មែរកម្ពុជា​ក្រោម ដែលត្រូវទទួលរងនូវការគំរាមកំហែងពីសំណាក់សមាជិកគណបក្សប្រជាជន បានប្រាប់ ឲ្យដឹងថា នៅថ្ងៃមួយមុនពេលបោះឆ្នោតគ្រួសាររបស់លោកត្រូវបានសមាជិករបស់គណបក្សប្រ ជាជន បានហៅឲ្យទៅធ្វើកន្ទុយសន្លឹកឆ្នោតនៅផ្ទះអ្នកជិតខាងក្បែផ្ទះរបស់គាត់ នៅពេលដែល​គាត់និងភរិយាបានទៅដល់សមាជិករបស់គណបក្សប្រជាជន កំពុងតែធ្វើការណែនាំនិងប្រាប់ប្រ ជាពលរដ្ឋនៅទីនោះ ឲ្យបានដឹងពីលេខរៀងរបស់គណបក្សប្រជាជននៅក្នុងសង្កាត់ផ្សារកណ្តាល ដែលមានលេខរៀងទី៣និងបានធ្វើការគូសបង្ហាញណែនាំនិងប្រាប់ប្រជាពលរដ្ឋឲ្យបោះឆ្នោត ឲ្យ គណបក្សប្រជាជនកុំខាននៅថ្ងៃបោះឆ្នោត ។


នៅពេលនោះលោក លី យ៉ាន ក៏បានសួរទៅសមាជិករបស់គណបក្សប្រជាជននោះថា « ប្រជា​ពល​រដ្ឋមានសិទ្ធិបោះឆ្នោតឲ្យគណបក្សណាក៏បាន ហេតុអីក៏ចាំបាប់មកណែនាំប្រជាពលរដ្ឋបែប នេះ ឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជន » ពេលនោះសមាជិករបស់គណបក្សប្រជាជនបានឆ្លើយ មកគាត់ទាំងកំរោលថា « គេកត់ឈ្មោះនិងបង្ហាត់បង្ហាញប្រាប់ពីរបៀបបោះឆ្នោត ត្រូវគូស​ឲ្យ​គណបក្សប្រជាជន តែចំពោះសមាជិករបស់គណបក្សប្រជាជនគេតែប៉ុណ្ណោះ ប្រសិនបើក្រុម​គ្រួ​សាររបស់លោក មិនមែនជាសមាជិករបស់គណបក្សប្រជាជនទេ ឆាប់ចេញពីទីនោះភ្លាមទៅ » ។

លោក លី យ៉ាន បានបន្តរទៀតថា ដោយគាត់និងគ្រួសារមិនចង់បង្កររឿងជាមួយនិង សមាជិក​
របស់គណបក្សប្រជាជនរូបនោះ លោកក៏បាននាំគ្រួសារត្រឡប់មកផ្ទះវិញមក ។ លោកបានបន្ត ថា បន្ទាប់ពីការបោះឆ្នោតហើយពីរថ្ងៃ ប្រធានមណ្ឌល៩ ដែលគេស្គាល់ឈ្មោះថា តាវៀច ឬ ប៉ា​អាត្តម នៅខណៈដែលលោកកំពុងតែបោកគួកសំលៀកបំពាក់នៅកៀនផ្ទះ ស្រាប់តែ តាវៀច នោះ​បាននិយាយមកកាន់លោកថា « ម៉េចហាគណបក្សឯងបានប៉ុន្មានសំឡេងហា » ពេលនោះ​លោកក៏មិនបានតមាត់ជាមួយនិងប្រធានមណ្ឌល៩នោះទេ ស្រាប់តែស្អែកឡើង តាវៀច នោះ បានមកដល់ផ្ទះរបស់គាត់ជាថ្មីម្តងទៀត ហើយបានហៅគាត់ទៅស្តីឲ្យថា « យ៉ាងម៉ិចហា ឯងអីក៏ លង់ខ្លួនធ្ងន់ធ្ងរម្លេះហា » ពេលនោះលោកបានសួរថា « តើខ្ញុំលង់ខ្លួនរឿងអីបង ? » ស្រាប់តែ តាវៀច បានស្រែកកំហ៊គមកលោកដូចចង់ស៊ីសាច់ទាំងរស់ថា « ចុះឯងធ្វើខ្លួនឯងធ្វើអីឯងមិន ដឹង »  ពេលនោះលោកក៏បានតបទៅវិញថា « បើខ្ញុំមិនបានធ្វើអ្វីផងម៉ិចខ្ញុំដឹង មានតែខ្ញុំចូលរួមជា មួយនិងគណបក្ស សម រង្ស៊ី ហ្នឹង » ពេលនោះស្រាប់តែ តាវៀច សម្លុតគាត់ថា « អើ ! ចុះគណ បក្ស សម រង្ស៊ី ហ្នឹងឲ្យអីដល់ឯងខ្លះ ? ឥលូវមិនចាំបាច់និយាយច្រើនទេឆាប់​រើផ្ទះចេញពីទី​ហ្នឹង​ទៅ ហើយទៅនៅឯណាក៏ទៅនៅទៅឲ្យតែផុតពីទីហ្នឹង » ។

លោក លី យ៉ាន បានប្រាប់ទៀតថា ពេលនោះលោកក៏បាននិយាយតបទៅ តាវៀច ដែលជាប្រ ធានមណ្ឌល៩នោះថា « ហេតុអីក៏មើលងាយ និងរើសអើងម្លេះ ជាន់ឈ្នីបានតែអ្នកក្រ » ស្រាប់តែ ពេលនោះ តាវៀច បានចោទលោកថា ថាលោកបានដៀលគាត់ ជាខ្ញុំគេ និងជាអាយ៉ងយួន ទៅ
វិ​ញ​ដោយមិនសមហេតុផល ។ បន្ទាប់មកបានប៉ុន្មានថ្ងៃក្រោយ តាវៀច បានគំរាម​ដក​ប័ណ្ណ​ក្រីក្រ​ពីគ្រួសាររបស់លោកថែម​ទៀតផង ដែលការ​គំរាមដកប័ណ្ណក្រីក្រី​នេះគឺ​បាន​ធ្វើ​ឡើង​តាមរយៈ​មិត្តភ័ក្ដិ របស់លោក​ឈ្មោះ រ៉ន បន្ទាប់ពីបានឮមិត្តភ័ក្តិនិយាយប្រាប់បែបនេះ លោកក៏បាន​យក​ប័ណ្ណ​ក្រីក្រ​នោះ​ទៅ​ប្រគល់​ឲ្យ តាវៀច ដល់ផ្ទះដោយលោកថា « បើបងចង់​ដក​ប័ណ្ណ​ក្រីក្រ​របស់ខ្ញុំ បងដក​ចុះ​ ហើយមិនចាំចាប់បងទៅ​ដល់​ផ្ទះរបស់​ខ្ញុំ​ទេ ខ្ញុំ​យក​ប័ណ្ណ​ក្រីក្រ​នេះមកឲ្យបងដល់ផ្ទះ​តែម្តង! »  ពេលនោះ តាវៀច ក៏បានឆ្លើយឡើងថា « អញ​មិន​ដក​ប័ណ្ណក្រីក្ររបស់​ឯង​ទេ ទាល់តែ​ដាច់​​អាណ​ត្តិ​បានអញដកពីឯង » បន្ទាប់មក តាវៀច ក៏បានយកប័ណ្ណក្រីក្រ ដែលលោកបាន​យកទៅឲ្យនោះ បោះ​ចោល​ទៅ​លើ​ដី

ដោយឃើញទង្វើរបស់ តាវៀច របៀបនេះលោកខឹងណាស់ ដោយអត់ទ្រាំទៀតលែងបានលោក ក៏បាននិយាយថា « អាណា​ក៏​ដូច​អាណា​ដែរ » ដែលសំដីរបស់លោកនិយាយបែប​នេះ គឺលោក ចង់បានន័យថា « ឲ្យតែមនុស្សរបស់គណបក្សប្រជាជន អាងតែខ្លួនមានអំណាចធ្វើបាបតែ ប្រជា ពលរដ្ឋស្លូតត្រង់អ្នកណាក៏ដូចអ្នកណាដែ » ដោយ តាវៀច និងក្រុមគ្រួសាររបស់គាត់មិនបាន យល់ នូវពាក្យសម្តីរបស់លោកបែបនេះ ស្រាប់តែពេលនោះគ្រួសារបស់ តាវៀច បាននាំគ្នាចេញ​ពី​ក្នុងផ្ទះ ព្រោង​ព្រាតរួមទាំង តាវៀច បានហក់មកចាប់កអាវរបស់លោកជាប់ បំរុងនិងវៃលោក រួមជាមួយនិងកូនចៅរបស់តាវៀច មានអ្នកខ្លះកាន់ព្រនង់ ដំបង បំរ៉ុងនាំគ្នាមកវាយសំពងលោក ដោយពួកគេបាននិយាយថា « វៃវាអោយងាប់តែម្តងទៅ » ពេលនោះលោកឆ្លើយថា « វៃមកខ្ញុំ​នៅ​ទីនេះស្រាប់ហើយ ហើយបងក៏បាច់ខ្ញុំជាប់ដែរ ខ្ញុំគ្មានធ្វើអីខុសផងខ្ញុំមិនខ្លាចឡើយ » ពេល​នោះ​ពួកគេមិនហ៊ានប្រើអំពើហឹង្សាមកលើរូបលោកទេ ដោយពួកគេបាននិ​យាយ ឲ្យលោក​រើ​ផ្ទះ​ចេញ​ទៅ ព្រោះ​អី​ដីដែលលោករស់នៅសព្វថ្ងៃ ម្ចាស់​​គេ​ឲ្យលោក​ចេញ​ហើយ គេ​មិន​អោយ​លោក​នៅ​ទីនោះទៀត​ទេ ព្រោះដីដែលលោកនៅនោះគឺម្ចាស់របស់គេជាថ្នាក់ដឹកនាំរបស់គណបក្សប្រជា​ជនមួយរូប បើលោកគណបក្ស សម រង្ស៊ី រើចេញឲ្យឆាប់ទៅនៅឯណាទៅនៅចុះ ឲ្យ​តែ​ចេញ​ផុត​ពីទីនោះ

ជុំវិញករណីគំរាមកំហែង បណ្តេញចេញ និងរើសអើងនយោបាយបែបនេះ លោក គីម សួរភីរិទួ្ធ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី បានហៅទង្វើរបស់សមាជិកគណបក្សប្រជាជនខាងលើ បែបនេះថា គឺជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋ​ខ្មែរទាំងពីរភេទ មានសិទ្ធិស្មើគ្នា​ក្នុងការចូលរួម​ធ្វើ​នយោបាយ​ ។ មានន័យថាប្រសិនបើប្រជាពល រដ្ឋលោកស្រលាញ់គណបក្សណា គឺពួកគាត់មានសិទ្ធចូលរួមធ្វើនយោបាយជាមួយនិងគណបក្ស នោះ ហើយលោកថា  រដ្ឋាភិបាលត្រូវតែធ្វើការពិនិត្យឡើងវិញចំពោះទង្វើបែបនេះ ដែលមិន អាចអត់ឱនឲ្យបាននោះទេ ហើយត្រូវតែចាត់វិធានការជាបន្ទាន់ចំពោះជនដែលប្រព្រឹត្តិល្មើស ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសបែបនេះ ហើយត្រូវតែផ្តន្ទាទោសទៅតាម​ច្បាប់ដែលបានកំណត់ ។

លោក គីម សួរភីរិទ្ធ បានលើកឡើងថាក្នុងនាមលោកជាតំណាងរាស្រ្តលោក មិនអាចទទួលយក បាននោះទេ ហើយលោកបានទាមទារហើយទាមទារទៀតឲ្យរដ្ឋាភិបាលធ្វើការពិនិត្យឡើងវិញ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះទង្វើរបស់ប្រធានមណ្ឌល៩ នៅក្នុងភូមិប្រជាធម្ម សង្កាត់​​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលបានធ្វើទង្វើបែបនេះមកលើប្រជាពលរដ្ឋ អ្នកគាំទ្រ​ដែលជាសម្មជន​របស់​គណបក្ស សម រង្ស៊ី ។ លោកបានលើកឡើងថា នៅក្រោយការ​បោះឆ្នោត​ម្តងៗជានិច្ច ជាកាល គឺតែងតែមានការគំរាមកំហែងបែបនេះ ហើយបានធ្វើឲ្យតំណើរ​ការប្រជា​ធិប​តេយ្យ​នៅក្នុងប្រទេសកម្ពុជា មិនអាច​ប្រព្រឹត្តទៅបានរលូននោះទេ ។ 

សូមជំរាបថាលោក លី យ៉ាន ដែលជាសកម្មជនរបស់គណបក្ស សម រង្ស៊ី និងជាខ្មែរកម្ពុជាក្រោម សព្វថ្ងៃលោកមានជីវភាពខ្វះខាតដោយប្រកបរបរអូសរទេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាន​មួយ​ថ្ងៃ ១០០ ទៅ ២០០​បាត សម្រាប់យកមក​ចិញ្ចឹម​កូន​ចំនួននាក់ និង​ប្អូន​កំព្រា ចំនួន៣​នាក់ថែម​ទៀត ដោយភរិយារបស់លោកគឺអ្នកស្រី ខន សុខា រាល់ថ្ងៃគឺលក់ដូរនៅសាលា រៀន
នំចំណីបន្តិចបន្ទួចគ្រាន់បានប្រាក់យកមកផ្ទុបគ្នា គ្រាន់ដោះស្រាយជីវភាពដែលមានសមាជិក​គ្រួសារទាំងអស់ចំនួន១១នាក់នោះ ។ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសដែល ប្រកាន់ភ្ជាប់នូវរបបផ្តាប់ការ និងបក្ខពួកនិយម មានការរើសអើងខ្លាំងចំពោះប្រជាពលរដ្ឋដែល មាននិន្នាការនយោបាយផ្សេងពីគណបក្សកាន់អំណាចសព្វថ្ងៃនោះ ៕

No comments:

Post a Comment

yes