គណប្រតិភូគណបក្សសមរង្ស៊ី ដឹកនាំដោយលោកប្រធានសមរង្ស៊ី និងគណប្រតិភូគណបក្សសិទ្ធិមនុស្សដឹកនាំដោយលោកកឹមសុខា នឹងធ្វើដំណើរ ទៅជួបគ្នានៅប្រទេសហ្វីលីពីន នៅពាក់កណ្តាលខែកក្កដាខាងមុខ ដើម្បីជួបពិភាក្សាការងារ លើបញ្ហារួបរួមគ្នា តាមការស្នើឡើងដោយគណបក្សសមរង្ស៊ី។ ដោយសារតែគណបក្សសិទ្ធិមនុស្ស បានអះអាងថាមានធុរៈនៅក្នុងថ្ងៃចន្លោះ២៧មិថុនា ដល់១កក្កដា ជាថ្ងៃដែលគណបក្ស សមរង្ស៊ីបានណាត់ យោងតាមខ្លឹមសារលិខិតថ្ងៃទី៦មិថុនា របស់គណបក្សសមរង្ស៊ីនោះ ទើបគណបក្សសមរង្ស៊ីសំរេចលើកពេល ដើម្បីឲ្យសមស្រប និងតាមការស្នើឡើងពីគណបក្សសិទ្ធិមនុស្ស។
ទីបំផុតទៅការកំណត់ពេលសារជាថ្មី គឺនៅពាក់កណ្តាលខែកក្កដាខាងមុខនេះ ជាកាលបរិច្ឆេទដ៏សមរម្យ ហើយគណបក្សទាំងសងខាង អាចទទួលយក បានដូចគ្នា។
ដូចនេះគេរំពឹងថា ដំណើរការចរចារ ដើម្បីរកផ្លូវរួមបញ្ជូលគ្នាតែមួយ រវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សនេះ នឹងទទួលបាន លទ្ធផលជាវិជ្ជមានជាមិនខាន។
មានតែការរួមបញ្ជូលគ្នាតែមួយទេទើបអាចធ្វើឲ្យកម្លាំងប្រជាធិបតេយ្យអាចមានជ័យជំនះលើការបោះឆ្នោតខាងមុខនេះបាន។ កម្លាំងប្រជាធិបតេយ្យប្រមូលផ្តុំ ពិតជាអាចផ្តួលរំលំរបប ដែលគេមើលឃើញថា បានជិះជាន់ធ្វើបាបដល់ប្រជារាស្ត្រខ្មែរខ្លួនឯងនេះ។
យោងលើលទ្ធផលបោះឆ្នោតឃុំ ចំនួនប្រជាពលរដ្ឋសរុប ដែលបានបោះឆ្នោតជូនអ្នកប្រជាធិបតេយ្យមានជិត២លាននាក់ ស្របពេល ដែលមាន ប្រជាពលរដ្ឋ ដែលត្រូវលុបឈ្មោះ និងមិនទៅបោះឆ្នោត ប្រមាណជាង៣លាននាក់។ លទ្ធផលនេះ បានបង្ហាញយ៉ាងវិជ្ជមានចំពោះ ដំណើរឆ្ពោះទៅរកជោគជ័យលើគណបក្សកាន់អំណាចបច្ចុប្បន្ន ដែលមានសម្លេងគាំទ្រតែប្រមាណជាង៣លាននាក់ ក្នុងនោះមានសម្លេងខ្មោច សម្លេងជនអន្តោប្រវេសន៍ និងសម្លេងស្ទួន។
គណបក្សសមរង្ស៊ីបានសម្តែងនូវសុទិដ្ឋិនិយម ចំពោះការរួបរួមគ្នានេះ និងនៅតែអំពាវនាវឲ្យខ្មែរស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យទាំងអស់ចូលរួម កម្លាំងគ្នា ដើម្បីជោគជ័យក្នុងការស្រោចស្រង់ប្រទេសនាខែកក្កដាឆ្នាំ២០១៣ខាងមុខ។
ជោគជ័យរបស់អ្នកប្រជាធិបតេយ្យ គឺជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ជាជោគជ័យរបស់ជាតិខ្មែរ និងដើម្បីភាពគង់វង្សនៃទឹកដីខ្មែរទាំងមូល។
សូមបញ្ជាក់ថាកាលពីថ្ងៃទី៤ខែមិថុនាផងដែរ បន្ទាប់ពីលទ្ធផលបណ្តោះអាសន្នត្រូវបានបង្ហាញ គណបក្សសមរង្ស៊ីបានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំសង្កាត់ របស់ គណបក្សសិទ្ធិមនុស្ស រួមសហការគ្នាជាមួយក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសមរង្ស៊ី ក្នុងការធ្វើសេចក្តីសំរេចកំរិតមូលដ្ឋានមួយចំនួនដូចជា ប្តូរមេភូមិតាមឆន្ទៈប្រជាពលរដ្ឋ ទប់ស្កាត់ការរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋដោយខុសច្បាប់ លុបបំបាត់អំពើពុករលួយនៅមូលដ្ឋាន ថែរក្សា ទ្រព្យសម្បត្តិជាតិ និងទប់ស្កាត់អំពើអយុត្តិធម៌ ដែលអ្នកមានអំណាចកំពុងប្រើប្រាស់ជិះជាន់ធ្វើបាបដល់ប្រជាពលរដ្ឋ។ ការស្នើ ឡើងនេះ ត្រូវបានឆ្លើយតបជាវិជ្ជមានពីគណបក្សសិទ្ធិមនុស្សនៅក្នុងសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី១០ម្សិលមិញ។ ជំហររួមគ្នានៅថ្នាក់ឃុំសង្កាត់ រវាង គណបក្សប្រជាធិបតេយ្យទាំងពីរ ក៏ត្រូវបានគេចាត់ទុកថាជាជំហានដ៏វិជ្ជមានសំរាប់ការរួមបញ្ជូលគ្នាថ្នាក់ជាតិ ដែលនឹងត្រូវពិភាក្សាគ្នានៅពាក់ កណ្តាលខែកក្កដា នាប្រទេសហ្វីលីពីនផងដែរ។
No comments:
Post a Comment
yes