លោកស្រី អ៊ុង សាន ស៊ូ ជី អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសនៅថ្ងៃពុធក្នុងដំណើរទស្សនកិច្ច ជាលើកទីមួយរបស់លោកស្រីឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៨៨មកដើម្បីទទួលយករង្វាន់ណូបែលសន្តិភាពជាផ្លូវការដែលនាំអោយលោកស្រីក្លាយជាមនុស្សដ៏គួរអោយចាប់អារម្មណ៍ខ្លាំងនៅលើពិភពលោក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
ដំណើរទស្សនកិច្ចរបស់លោកស្រីគឺជាការបង្ហាញអោយឃើញព្រឹត្តិការណ៍វិវឌ្ឍន៍ថ្មីក្នុងការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរបបគ្រប់គ្រងដោយយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះបានបញ្ចប់កាលពីឆ្នាំមុន ដោយបាននាំអំណាចទៅ អោយរដ្ឋាភិបាលស៊ីវិលថ្មីមួយនេះ។
នៅមុនពេលយន្តហោះរបស់លោកស្រីបានចាកចេញពីអាកាសយានដ្ឋានក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា លោកស្រី អ៊ុង សាន ស៊ូ ជី បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា “ ខ្ញុំនឹងប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្ញុំសំរាប់ផលប្រយោជន៍នៃប្រជាជនមីយ៉ាន់ម៉ា”។
ក្នុងដំណើរទស្សនកិច្ចជាង២សប្តាហ៍នេះ លោកស្រីនឹងធ្វើទស្សនកិច្ចនៅប្រទេសស្វីស ន័រវែស អង់គ្លេស បារាំង និង ប្រទេសអៀឡង់។
លោកស្រីនឹងធ្វើសុន្ទរកថានៅរដ្ឋធានីអូស្លូ ប្រទេសន័រវែស ជាទីដែលលោកស្រីនឹងទទួលយករង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ជាផ្លូវការរបស់លោកស្រី៕
No comments:
Post a Comment
yes