សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ដី ១២,៤៤ ហិក​តា​គ្រប់​គ្រាន់​ឲ្យ​អ្នក​បឹង​កក់

120703_04a
ជម្លោះ​អ្នក​បឹង​កក់​​និង​អាជ្ញាធរ​​រួមទាំងក្រុម​ហ៊ុន​​គ្មាន​អ្នក​បញ្ចប់​ ​​។ រូបថត ម៉េង គីមឡុង​

ភ្នំពេញៈ ក្នុង​ទំហំ​ដី​សម្ប​ទាន ១២,៤៤​ហិក​តា នៅ​ក្នុង​តំបន់​បឹង​កក់ នៅ​មាន​ដី​ទំនេរ​គ្រប់​គ្រាន់​សម្រាប់​អ្នក​ដែល​ត្រូវ​ក្រុម​ហ៊ុន​និង​អាជ្ញាធរ​រាជធានី​បដិសេធ​មិន​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​ឲ្យ។
សមាគម​ធាង​ត្នោត បាន​អះ​អាង​បែប​នេះ​ថា ដោយ​បាន​រក​ឃើញ​ដំណោះ​ស្រាយ​«ជាក់​ស្តែង​នឹង​អាច​សម្រេច​បាន» ឲ្យ​គ្រួសារ ដែល​ត្រូវ​ដក​សិទ្ធិ​ចេញ​ពី​ទំហំ​ដី​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ផ្តល់​ឲ្យ​សហគមន៍​នេះ​កាល​ពី​ខែ​សីហា ហើយ​ប្រជាជន​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​បាន​ស្វាគមន៍​ដំណោះ​ស្រាយ​នោះ។
តាម​របាយ​ការណ៍ «នៅ​ក្រៅ​ខ្សែ​បន្ទាត់ៈ គ្រួសារ​ដែល​ដក​ចេញ​ពី​ដី​សម្បទាន​១២,៤៤ ហិកតា» អង្គ​ការ​បាន​គូស​ផែន​ទី​តំបន់​ផ្អែក​លើ​ព្រំ​ប្រទល់ ដែល​បញ្ជាក់​ក្នុង​អនុ​ក្រឹត្យ​ពាក់​ព័ន្ធ។
លោក អែ សារ៉ុម អ្នក​សម្រប​សម្រួល​នៃ​កម្មវិធី​សមា​គម​ធាង​ត្នោត​បាន​ឲ្យ​ដឹង​ថា ៖ «យើង​បាន​កំណត់​ប្រជាជន​៤០​គ្រួសារ ដែល​ហាក់​ត្រូវ​ដក​ចេញ​ពី​ដី​សម្បទាន ក៏ដូច​ជា​ទំហំ​ដី​ទំនេរ ៤០១ កន្លែង​ក្នុង​ទំហំ​ដី​១២,៤៤​ហិកតា»។
លោក​ថា ៖ «របាយ​ការណ៍​យើង​បង្ហាញ​ថា អាច​ចែក​ដី​ឲ្យ​គ្រួសារ​ដែល​ដក​ចេញ នៅ​ក្នុង​តំបន់​សម្បទាន​នេះ​បាន»។ ក្នុង​នោះ អះ​អាង​ថា ដី ៤០១ កន្លែង​មាន​ទំហំ ១៧ ភាគ​រយ នៃ​ទំហំ​ដី​សម្ប​ទាន។ របាយ​ការណ៍​ក៏​បញ្ជាក់​ថា ៖ «[នេះ]​ចង្អុល​បង្ហាញ​ថា គ្រួសារ​ដែល​ដក​ចេញ​ពីដី ១២,៤៤​ហិកតា អាច​ទទួល​បាន​ដីទំនេរ​ក្នុង​ដី​សម្បទាន​នោះ»។

ការ​រក​ឃើញ​នេះ​ជា​ផ្នែក​នៃ​ដំណោះ​ស្រាយ​មួយ ដែល​សមាគម​ធាង​ត្នោត ដែល​សង្ឃឹម​ថា នឹង​អាច​បញ្ចប់​វិវាទ​បឹង​កក់ ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ ២០០៧ នៅ​ពេល​កិច្ច​សន្យា​ជួល​ដី​រយៈ​ពេល ៩៩​ឆ្នាំ ត្រូវ​បាន​សម្រេច​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន ស៊ូកា​គូអ៊ីន របស់​លោក ឡាវ ម៉េង​ឃីន ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍ។ ប្រជាជន​ជាង​បួន​ពាន់​គ្រួសារ​ដែល​រង​ការ​ប៉ះ​ពាល់​ពី​គម្រោង​នេះ ត្រូវ​បណ្តេញ​ចេញ​បណ្តើរៗ​តាំង​ពី​ពេល​នោះ​មក។
របាយ​ការណ៍​សមាគម​ធាង​ត្នោត ក៏​បាន​ស្នើ​ឲ្យ​កែ​ប្រែ​ព្រំ​ប្រទល់​តំបន់​សម្បទាន​បន្តិច។
សំណើ​នេះ​ទទួល​ការ​គាំទ្រ​ពី​ប្រជាជន ក្នុង​នោះ មាន​អ្នក​ស្រី ហេង មុំ ស្រ្តី​ម្នាក់​ក្នុង​ចំណោម ១៣​នាក់ ដែល​ទើប​ដោះ​លែង​ពី​ព្រៃស​ពី​សប្តាហ៍​មុន បន្ទាប់​ពី​ដាក់​ឃុំ​នៅ​ថ្ងៃ​ទី ២២ ខែ​ឧសភា។
អ្នក​ស្រី​ថា ៖ «យើង​សុំ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដោះ​ដូរ​ដី នៅ​ពេល​គេ​អះ​អាង​ថា ផ្ទះ​របស់​យើង​ស្ថិត​នៅ​លើ​ដី​ក្រុម​ហ៊ុន »។
លោក ឌួង គា អាយុ ៤៣ ឆ្នាំ ជា​អ្នក​ភូមិ ២២ បាន​ថ្លែង​ថា ផ្ទៃ​ដី ១២,៤៤ ហិកតា ជា​អំណោច​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​ប្រជាជន​មាន​សិទិ្ធ​ទទួល​បាន។ លោក​ថា៖ «បើ​អាជ្ញាធរ​នៅ​តែ​សំអាង​ថា ផ្ទះ​យើង​មិន​នៅ​ក្នុង​តំបន់​នោះ គេ​គួរ​ផ្លាស់​ទី​លំនៅ​ពួក​យើង​ទៅ​ក្នុង​ផ្ទៃ​ដី ១២,៤៤ ហិកតា»។
លោក ចន្ទ ពុទ្ធិសក្តិ តំណាង​ភូមិ១ រៀប​រាប់​ថា វាជា​ដំណោះ​ស្រាយ «ឈ្នះ​‑ឈ្នះ» ខណៈ​ដែល​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​គាំទ្រ​សំណើ​នេះ។
លោក សៀ ភារម្យ នាយក​លេខាធិការ​ដ្ឋាន នៃ​ក្រុម​ការងារ​ពិសេស​សិទិ្ធ​លំនៅ​ដ្ឋាន បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «សំណើ​នេះ​ជា​ជម្រើស​អាច​ធ្វើ​ជា​ដំណោះ​ស្រាយ ចំពោះ​វិវាទ​ដីធ្លី​នៅ​បឹង​កក់»។ លោក កើត ឆែ ប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​បដិសេធ​មិន​អត្ថាធិប្បាយ​ទេ៕

No comments:

Post a Comment

yes