ប្រជាពលរដ្ឋចំនួន ២ឃុំ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ រិះគន់ដល់អាជ្ញាធរ និងក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់វែងដីធ្លីតាមគោលការណ៍រដ្ឋាភិបាល ថាមានការរើសអើងបក្ខពួក វាស់វែងដីឲ្យតែអ្នកមានលុយ ដែលសូកប៉ាន់ពួកគេតែប៉ុណ្ណោះ។
អញ្ចឹង ប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ មិនបានទទួលដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាលនោះទេ។
ការរិះគន់នេះ ធ្វើឡើងនៅបន្ទាប់ពីក្រុមនិស្សិតស្ម័គ្រចិត្តចំនួន ៦០នាក់ និងអាជ្ញាធរមូលដ្ឋានបានបែងចែក ១០គោលដៅ ទៅវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកចំនួន៧ ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ។ តែការវាស់វែងនោះ ត្រូវបានអ្នកភូមិមួយចំនួន ក្នុងឃុំប្រាសាទ និងឃុំបឹងល្វា ក្នុងស្រុកសន្ទុក ថា ធ្វើឡើងស្ងាត់ៗ និងមិនបានផ្សព្វផ្សាយឲ្យអ្នកភូមិដឹងពីការចុះវាស់វែងដីនោះឡើយ។
ក្រុមប្រឹក្សាស្រុកសន្ទុក លោក ទាំ ជៀន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែកក្កដា ថា អាជ្ញាធរនិងក្រុមនិស្សិត បានចុះទៅវាស់វែងដីធ្លីនៅតំបន់៤៤ ក្នុងស្រុកសន្ទុក កាលពីថ្ងៃអាទិត្យ ទី៨ ខែកក្កដា ហើយពួកគេបានវាស់វែងដីឲ្យតែមន្ត្រីប៉ូលិស ទាហាន កងរាជអាវុធហត្ថ និងប្រជាពលរដ្ឋជាសាច់ញាតិមន្ត្រីរាជការប៉ុណ្ណោះ។
លោកថា ប្រតិបត្តិការវាស់វែងដីក្រុមការងារនិស្សិតទាំងនោះ មិនបានជូនដំណឹងដល់សាលាស្រុក និងប្រជាពលរដ្ឋនោះទេ ដោយធ្វើស្ងាត់ៗ និងទើបតែបែកធ្លាយនៅពេលពួកគេជួបជុំគ្នាផឹកស៊ី នៅពេលយប់ ហើយគាត់បានទៅចូលរួមជាមួយទើបដឹងថា ការចុះវាស់វែងដីនោះបានធ្វើរួចហើយនៅតំបន់៤៤ ក្នុងស្រុកសន្ទុក និងបានបែងចែកដីដល់មន្ត្រីប៉ូលិស ទាហាន កងរាជអាវុធហត្ថ និងពលរដ្ឋមួយចំនួនជាសាច់ញាតិនៃក្រុមមន្ត្រីរាជការទាំងនោះ ដោយក្នុងមួយប្លង់ ត្រូវសូក ឬហៅថា ប្រាក់សគុណ ចំនួនពី ៥០ទៅ១០០ដុល្លារ។
លោក ទាំ ជៀន៖ «ស្រាប់តែបែកការវាផឹកស៊ីទេ ផឹកស៊ីក៏វាហៅចូលទៅផឹកស៊ី វានិយាយរឿង វាភ្លេចគិតថា ខ្ញុំជាគណបក្ស សម រង្ស៊ី។ និយាយថាពិបាកអី ប៉ូលិស ទាហាន ទៅដល់គេវាស់ឲ្យហើយ ម្នាក់ ៥ហិកតារៗ បើថាអ្នកណា ឬប្រជាពលរដ្ឋអី បក្ខពួកទាហាន ខ្សែខាងទាហាន ខ្សែខាងប៉ូលិស គេឲ្យទៅជាមួយ ទៅថាប៉ុន្មាន ៥០ទៅ១០០អី គេវាស់ឲ្យភ្លែតៗ ម្នាក់៥ហិកតារៗ។ អញ្ចឹង ហាក់បីដូចជាប្រជាពលរដ្ឋអាណាក្រ នៅតែក្រ បក្ខពួកគេមាននៅតែមាន»។
ជុំវិញការចោទប្រកាន់នេះ អភិបាលខេត្តកំពង់ធំ លោក ឈុន ឈន់ ទទួលស្គាល់ថា លោកពិតជាទទួលព័ត៌មានខ្លះ ពីការសូកប៉ាន់លុយមួយចំនួនទៅដល់ក្រុមចុះវាស់វែងដីធ្លីពិតមែន។ តែគាត់បានឲ្យមន្ត្រីជំនាញចុះទៅអង្កេតហើយ ហើយការពិតមិនមែនការផ្តល់លុយកាក់ជាថ្នូរនៃការវាស់វែងដីដល់អ្នកភូមិនោះទេ។
លោក ឈុន ឈន់ បន្តថា ជាគោលការណ៍ ការចុះវាស់វែងដីធ្លីធ្វើឡើងតាមគោលការណ៍របស់រដ្ឋាភិបាល ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ ឬបក្ខពួកនោះឡើយ។ តែលោកសន្យាថា នឹងធ្វើការស្រាវជ្រាវពីករណីនេះឲ្យបានច្បាស់៖«គោលការណ៍ អត់មានយកលុយយកកាសអីទេ។ ប៉ុន្តែអាហ្នឹង លឺដល់ខ្ញុំអញ្ចឹងដែរ ប៉ុន្តែទៅសួរ ថាអត់មានទេ តែហេតុអីក៏មានបញ្ហាអញ្ចឹង។ ខ្ញុំឲ្យក្រុមការងាររបស់ខេត្ត របស់ឃុំហ្នឹង ធ្វើការស្រាវជ្រាវមើលមន្ត្រីរបស់ខេត្ត របស់ឃុំ ឬអ្នកណាមួយដែលយកហ្នឹង ស្រាវជ្រាវឲ្យបាន»។
អ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក ឈួម រុណ ឲ្យដឹងថា មានអ្នកភូមិនៅឃុំប្រាសាទ រាយការណ៍ថា ការវាស់វែងដីនោះ ធ្វើឡើងដោយប្រកាន់បក្ខពួកពិតមែន តែអង្គការ លីកាដូ មិនទាន់ទទួលពាក្យបណ្ដឹងផ្លូវការនៅឡើយ ហើយលោកក៏នៅមិនទាន់ស៊ើបអង្កេតពីករណីនេះដែរ៖ «ខ្ញុំយល់ថា អាហ្នឹងបើមានការរើសអើង វាអាចប៉ះពាល់ទៅលើផ្នែកខាងច្បាប់ផង ប៉ះពាល់ទៅលើសិទ្ធិមនុស្សផង»។
No comments:
Post a Comment
yes