ក្រចុះ:អាជ្ញាធរស្រុកស្នួលបានអះអាងប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃពុធនេះថា យ៉ាងហោចណាស់ក្មេងប្រុសម្នាក់បានស្លាប់ និងពីរនាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ផ្លោងប្រភេទ៦៩មីល្លីម៉ែត្រ កាលពីល្ងាចថ្ងៃទី២១ កក្តដា នៅចំណុចផ្លូវលំមួយ ស្ថិតក្នុងភូមិជើងឃ្លឹ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។
លោកចាន់ សុខគីម អធិការនគរបាលស្រុកស្នួលបានមានប្រសាសន៍ថា មានក្មេងប្រុសចំនួន៣នាក់ ត្រូវបានរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់ប្រភេទ៦៩មីល្លីម៉ែត្រ ក្នុងនោះបានបណ្តាលឲ្យក្មេងម្នាក់ស្លាប់។
លោកបន្តថា ក្មេងរងគ្រោះទាំងនោះមានឈ្មោះដាន មន ភេទប្រុស អាយុ១០ឆ្នាំ ត្រូវអំបែងគ្រាប់មុតសុះសាច់ និងបានដាច់ខ្លួនចេញពីគ្នា។
ដោយឡែកក្មេងដែលបានរងរបួសធ្ងន់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលឈ្មោះ មិន ញ៉ាញ់ ភេទប្រុស អាយុ១២ឆ្នាំ និង ឈ្មោះឈិន លាង ភេទប្រុស អាយុ១៥ឆ្នាំ។ ក្មេងទាំង៣នាក់នេះ បច្ចុប្បន្នកំពុងរស់នៅក្នុងតំបន់កើតហេតុខាងលើ។
បើតាមមន្ត្រីដដែលនេះបានបញ្ជាក់ថា កាលពីវេលាម៉ោង៤និង២០នាទីល្ងាច គេបានឃើញក្មេងប្រុសទាំង៣នាក់នេះ បាននាំគ្នារើសក្បាលគ្រាប់យកមកដំលេង ខណៈនោះក៏មានសំលេងផ្ទុះឡើង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរត់ទៅមើល បន្ទាប់មកក៏បានធ្វើការជួយសង្គ្រោះក្មេងចំនួន ២នាក់ ដោយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ដោយឡែកក្មេងម្នាក់ទៀតត្រូវបានស្លាប់នៅហ្នឹងកន្លែង។
លោកអះអាងថា៖«កន្លងមកនេះ យើងតែងតែប្រាប់ទៅប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័ក្នុងការទុកដាក់ថែរក្សាកូនចៅរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ យើងក៏តែងតែរំលឹកដល់ពួកគេជារឿយៗថា បើប្រទះឃើញគ្រាប់មិនទាន់ផ្ទុះណាមួយ សូមកុំនាំគ្នាយកដៃទៅប៉ះឲ្យសោះ ត្រូវនាំគ្នាប្រញាប់រាយការណ៍មកកាន់សមត្ថកិច្ចភ្លាម»។
No comments:
Post a Comment
yes