សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

បក្ស​ប្រឆាំង​នឹង​ទៅ​ជួប​មន្ត្រី​អាមេរិក​ខែ​ក្រោយ


ភ្នំពេញៈ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា សភា​និង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​ជួប​ជាមួយ​គណបក្ស​ប្រឆាំង នៅ​កម្ពុជា​នៅ​ដើម​ខែ​ក្រោយ ដើម្បី​ពិភាក្សា​ពី​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌​និង​ការ​វិល​ត្រឡប់ របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ សម រង្ស៊ី មក​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​(DMNR) និង​លោក​ស្រី មូរសុខហួរ អគ្គលេខាធិការ​ចលនា​នេះពី​ម្សិលមិញ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា មន្ត្រី​មក​ពី​គណបក្ស​ទាំង​ពីរ បាន​ជួប​ជា​មួយ​ភារ​ធារី​ស្ថានទូត​អាមេរិក​លោក ជេហ្វ ដាយហ្គល (Jeff Daigle)​កាល​ពី​ថ្ងៃ​ចន្ទ ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​និង​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៣​ ហើយ​បាន​អះអាង​ថា មេដឹកនាំ​បក្ស​​ប្រឆាំង​នឹង​ធ្វើ​ដំណើរ​ទៅ​ជួប​សមាជិក​សភា​និង​ក្រសួង​ការ​ បរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ខាង​មុខ​នេះ​។
លោក​ស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​ជំនួប​នោះ​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ឲ្យ​ដឹង​ថា​ស្ថានទូត​អាមេរិក​បាន​សន្យា​រៀបចំ​ជំនួប មួយ​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង សហរដ្ឋ​អាមេរិក ដោយ​អះអាង​ថា មេដឹកនាំ​គណបក្ស លោក សម រង្ស៊ី លោក កឹម សុខា និង​លោក​ស្រី នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ជួប​សមាជិក​សភា​និង​មន្ត្រី​ក្រសួង​ការ​បរទេស អាមេរិក។ ប៉ុន្តែ លោក​ស្រី មិន​បញ្ជាក់​ប្រាប់​អំពី​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ អាមេរិក​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង​នឹង​ជួប​នៅ​ខែ​ក្រោយ​ទេ តែ​ថា លោក Palu Grove ដែល​បម្រើ​ការ​នៅ​រដ្ឋ​សភា​អាមេរិក នឹង​រៀបចំ​ឲ្យ​មាន​ជំនួប​នោះ។

លោក​ស្រី ថ្លែង​ថា ៖«(អាមេរិក)​បាន​ទទួល​សំណើ​យើង​ហើយ។ ពួក​គេ​បាន​រៀបចំ​ឲ្យ​យើង​ជួប​ជាមួយ​សមាជិក​សភា​និង(មន្ត្រី​ជាន់​ខ្ពស់ )ក្រសួង​ការ​បរទេស ដើម្បី​ពិភាក្សា​ពី​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ និង​ការ​វិល​ត្រឡប់​របស់​លោកសម រង្ស៊ី​ និង​ការ​បង្កើត​គណបក្ស​​ថ្មី​មួយ»។​
រីឯ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា ដំណើរ​ទៅ​កាន់​អាមេរិក​នៅ​ដើម​ខែ​ក្រោយ​នេះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ក៏​នឹង​ជួប​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ ពិភាក្សា​ពី​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ដែរ ​នឹង​ប្រាប់​គេ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។
លោក កឹម សុខា ថ្លែង​ថា៖ «ក្នុង​ជំនួប យើង​នឹង​ប្រាប់​គេ​ថា យើង​បាន​រួម​បញ្ចូល​គ្នា​ហើយ ព្រោះ​អី​គេ​ចង់​ឃើញ​យើង​រួម​កម្លាំង​គ្នា​ជាមួយ​លោក​សម រង្ស៊ី។ យើង​នឹង​ប្រាប់​ទៅ​គេ​ថា អ្វី​ដែល​ពួក​គេ​ចង់​បាន​ យើង​បាន​ធ្វើ​រួច​ហើយ»។
លោក​បន្ត​ថា យើង​នឹង​ស្នើ​ឲ្យ​អាមេរិក​ផ្ដោត​ទៅ​លើ​ការ​បោះឆ្នោត ដោយ​ជំរុញ​ឲ្យ​មាន​ការ​​បោះឆ្នោត​សេរី​ និង​យុត្តិធម៌​និង​សុំ​ឲ្យ​ផ្លាស់​ប្ដូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ​បោះឆ្នោត​ ផង​ដែរ។
ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​មិន​ខ្វល់ អំពី​ផែនការ​របស់​គណបក្ស​ប្រឆាំង​នេះ​ទេ ហើយ​ថា ការ​លើក​ឡើង​នេះ​គ្រាន់​ជា​ទម្លាប់​អាក្រក់​របស់​ក្រុម​ប្រឆាំង ប៉ុណ្ណោះ​ ដើម្បី​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ និង​ថា បរទេស​មិន​អាច​ជ្រៀត​ជ្រែក​អធិបតេយ្យភាព​កម្ពុជា​បាន​ទេ ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​កើត​ឡើង តាម​ការ​បោះឆ្នោត​ស្រប​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​។​
លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋ​លេខាធិការ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា៖​«ដូច្នេះ​សកម្មភាព​របស់​គណបក្ស​ ប្រឆាំង​ដែល​រក​ឥទ្ធិពល​ពី​ខាង​ក្រៅ​ ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ខ្ញុំ​មើល​ឃើញ វា​គ្មាន​អ្វី​មួយ​ជា​វិជ្ជមាន​ទេ»។
លោក​បន្ត​ថា ការ​រួម​បញ្ចូល​គ្នា​នៃ​គណបក្ស​ប្រឆាំង​នេះ​គឺ​ល្អ​ តែ​ថា គណបក្ស​កំពុង​កាន់​អំណាច​មិន​ចាប់​អារម្មណ៍​នោះ​ទេ ហើយ​ថា ផ្អែក​តាម​លទ្ធផល​ដែល​ស្ដែង​ចេញ​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ គណបក្ស​កំពុង​កាន់​អំណាច​នៅតែ​បន្ត​កាន់​អំណាច​ដដែល​៕ 

No comments:

Post a Comment

yes