សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

កងទ័ព​កម្ពុជា​ ៤៨៥ នាក់ ត្រូវបាន​កែសម្រួល ដកចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ

Give our kids a better deal
កងទ័ព​កម្ពុជា​ ៤៨៥ នាក់ ត្រូវបាន​កែសម្រួល ដកចេញ​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ព្រះវិហារ: ការកែសម្រួលដក​កងទ័ព​កម្ពុជាលើក​ទី​១ ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ត្រូវ​ប្រារព្ធ​ឡើងនា​ព្រឹក​ថ្ងៃទី​១៨​កក្កដា ឆ្នាំ​២០១២។ ការ​ប្រារព្ធ​ពិធី​កែសម្រួល​កងទ័ព នៅ​ទីបញ្ជាការ​សន្តិភាព ៥​មករា​-​ព្រះវិហារ នា​ព្រឹក​នេះ ធ្វើឡើងក្រោម​អធិបតីភាព លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​។ 

តំណាង​រាជរដ្ឋាភិបាល​កម្ពុជា សមាជិកសភា ព្រឹទ្ធសភា អនុព័ន្ធ​យោធា នៃ​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​កម្ពុជា ចំនួន ១១ ប្រទេស ដែលរួមមានទាំងអនុព័ន្ធយោធា របស់​ប្រទេសថៃ ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាច្រើនរូប បាន​ចូលរួម នៅក្នុង​ពិធី​កែសម្រួល​កង​ទ័ព នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ នា​ព្រឹក​នេះ​។​

​ការសម្រេច​កែសម្រួលដក​កងទ័ព​កម្ពុជា​ជា​ឯកតោភាគី​ដូច្នេះ បាន​ធ្វើឡើងបន្ទាប់​ពី​ជំនួប​រវាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ យី​ង​ឡាក់ ស៊ីណា​វ៉ាត់ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​សៀមរាប​។ នោះ​គឺភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ដោយ​សុ​ច្ឆន្ទៈ​កែសម្រួល​កងទ័ព​។ 


​សេចក្ដីជូនដំណឹង របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើការ​កែសម្រួល​កងទ័ព នា​ថ្ងៃ​ទី​១៨​កក្កដា​នេះ ចំនួន ៤៨៥ នាក់ ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន (PDZ) តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធ​ម៌អន្ត​រ​ជាតិ (ICJ) ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១១​។ 

​ការកែសម្រួល​កងទ័ពក្នុង​ជំហាន​ទី​១​នេះ គឺ​កែ​សម្រួល​ពី​បរិវេណជុំវិញ​ប្រាសាទ​ព្រះវិហារ ចំនួន ៤ ចំនុច ដែល​រួមមាន​៖ ផ្សារ​ជណ្តើរ​នាគ ជណ្តើរ​បុរាណ​ខាងជើង ជណ្តើរ​បុរាណ​ខាងកើត និង​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ហើយ​ជំនួស​វិញ ​ដោយ​នគរបាល​ចំនួន ២៥៥ នាក់ និង​សន្តិសុខ​អភិរក្ស​ប្រាសាទ​ចំនួន ១០០​នាក់​។​

​សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅក្នុងពេលនិង​ម៉ោង​ជាមួយគ្នា​នោះ​ដែរ ក៏​មាន​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤ នៃ​ការចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ២០០៨-២០១២​។​

​តាម​កម្មវិធី ពិធី​ជួបជុំ​នោះនឹង​ធ្វើឡើងនៅ​ម៉ោង ៧ ព្រឹក​។ នៅ​ម៉ោង ៩ និង ១០ នាទី ពិធី​សម្តែង​សិល្បៈ ( របាំ​ជូនពរ ​របាំ​ព្រាប​ស និង​ទង់​អាស៊ាន និង​កន្ទ្រាំ​មីង )​។ 

​នៅ​ម៉ោង ៩ និង ៤០ នាទី សុន្ទរកថា​ស្វាគមន៍​របស់លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​។ 

​នៅ​ម៉ោង ៩ និង ៤៥ នាទី លោកនាយ​ឧត្តមសេនីយ៍ នាង ផាត ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ការងារ​សម្របសម្រួល​បទ​ឈប់​បាញ់ អាន​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការកែសម្រួល​កងទ័ព​។​

​នៅ​ម៉ោង ៩ និង ៥០ នាទី លោកនាយ​ឧត្តមសេនីយ៍ ជា តារា អាន​នូវ​របាយការណ៍​សមរ​ភូមិ​របស់​តំណាង​គណៈបញ្ជាការ​ឯកភាព​សមរភូមិ កម្ពុជា​-​ថៃ​។​

​នៅ​ម៉ោង ១០ លោក​ឧត្តមសេនីយ៍ឯក ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​គ្រប់គ្រង​នគរបាលនៅ​ព្រំដែន ឡើង​ធ្វើ​ការប្តេជ្ញាចិត្ត​របស់​តំណាង​នគរបាលជាតិ និង​សន្តិសុខ​អភិរក្ស​។​

​នៅ​ម៉ោង ១០ និង ៥ នាទី លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ឡើង​ថ្លែង​សុន្ទរកថា​អបអរសាទរ​នៃ​ការកែសម្រួលដក​កងទ័ព​។​

​នៅ​ម៉ោង ១០ និង ៣០ នាទី លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បំពាក់​គ្រឿង​ឥស្សរិយយស​ទង់ ជូន​អង្គភាព​កងទ័ព​កងពល​ធំ​អន្តរាគមន៍​លេខ ៣ និង​កងពលតូច​អន្តរាគមន៍​លេខ ៧​។​

​នៅ​ម៉ោង ១០ និង ៣៥ នាទី លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បញ្ជា​យុទ្ធ​ដំណើរ​ទ័ព និង​ប្រគល់​ផែនទី​អភិរក្សដល់​នគរបាល និង​សន្តិសុខ​អភិរក្ស​ប្រាសាទព្រះវិហារ​។​

​តាម​កម្មវិធី នៅ​ចុងបញ្ចប់ មាន​ពិធី​លែង​ព្រាប និង​បង្ហោះ​ប៉ឺតប៉ោង​អបអរសាទរ​ខួប​លើក​ទី​៤ នៃ​ការចុះបញ្ជី​បេតិក​ភណ្ឌ​ពិភពលោក និង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​បេតិកភណ្ឌ​ពិភពលោក លើក​ទី​៣៧ នៅ​កម្ពុជា ឆ្នាំ​២០១៣​។​

ក្នុងពិធីនោះ លោកនាយ​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​គូសបញ្ជាក់ថា "ការកែសម្រួល​កងទ័ព​នាពេលនេះ បញ្ជាក់ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ប្រទេស​កម្ពុជា​គោរព​ករណី​កិច្ច​ជា​រដ្ឋ​ភាគី​សមាជិក​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ ជាពិសេស​គោរព​បាន​នូវ​សិទ្ធិ​ជា​ម្ចាស់ផ្ទះ ដែល​មាន​កាតព្វកិច្ច ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ហើយ​បាន​ចាប់ផ្តើម​អនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ លេខ ១៥១ ថ្ងៃទី​១៨​កក្កដា ឆ្នាំ​២០១១ ដាក់​ជំនួស​វិញ ដោយ​កម្លាំង​នគរបាល និង​ភ្នាក់ងារ ដែល​មាន​តួនាទី​បំពេញ​ភារកិច្ច​នៅ​ទីនោះ តាម​ទំហំ​នៃ​ការងារ ដែល​តម្រូវការ​ឲ្យមាន​"។​

​សូម​រម្លឹកថា  កងទ័ព​ថៃបាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨ ដែល​នាំឲ្យ​មាន​ការតានតឹង និង​ប្រឈមមុខ​ដោយ​អាវុធ រហូត​ដល់​ផ្ទុះ​សង្គ្រាម​ជា​ញឹកញាប់​។ ច្រក​ព្រំដែន​កម្ពុជា​-​ថៃ នៅមុខ​ប្រាសាទ​ព្រះវិហារ ក៏​ត្រូវ​បាន​បិទចាប់តាំងពី​ពេលនោះ​មក​។​

​ចុងក្រោយ នៅ​អំឡុង​ដើម​ខែ​ឧសភា ឆ្នាំ​២០១១ កម្ពុជា​បាន​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ក្នុង​រឿង​ជម្លោះ​ប្រដាប់អាវុធ​នោះ​។ តុលាការ​បាន​ចេញ​ដីកា ដោយ​ដាក់​នូវ​វិធានការ​បន្ទាន់​មួយ រក្សា​ការពារ​ប្រាសាទ​ព្រះវិហារ កុំ​ឲ្យ​ខូចខាត​ដោយ​គ្រាប់កាំភ្លើង​របស់​ថៃ កាលពី​ថ្ងៃ​ទី​១៨​កក្កដា ឆ្នាំ​២០១១ ដោយ​តម្រូវ​ឲ្យ​កម្ពុជា និង​ថៃ ត្រូវ​ដក​កងទ័ព ចេញពី​តំបន់​ព្រំដែនទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា នៅ​ម្តុំ​ប្រាសាទ​ព្រះវិហារ​៕ 

No comments:

Post a Comment

yes