សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ពលរដ្ឋ​ស្រុក​កោះអណ្ដែត​តវ៉ា​នៅ​ផ្ទះ​មេភូមិ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រឡាយ​ទឹក


ប្រជាពលរដ្ឋ​ភូមិ​ចំបក់ឯម ឃុំ​រមេញ ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ លើក​គ្នា​ទៅ​តវ៉ា​នៅ​ផ្ទះ​មេភូមិ ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឡាយ​ទឹក ដែល​ពួក​គាត់​ធ្លាប់​បូម​ទឹក​ស្រោច​ស្រូវ តាំង​ពី​ដើម​មក ប៉ុន្តែ​បច្ចុប្បន្ន បែរ​ជា​អាជ្ញាធរ​ស្រុក និង​ការិយាល័យ​ធនធាន​ទឹក​ប្រគល់​ឲ្យ​ទៅ​បុគ្គល​ឯកជន​កាន់​កាប់​វិញ។
លោកស្រី ណាំង ថុល ថ្លែង​ថា គាត់​ធ្លាប់​សហការ​ជាមួយ​បង​ប្រុស​ឈ្មោះ កែវ ពុទ្ធា ស្តា​ប្រឡាយ​ចាស់​បន្សល់​ពី​ខ្មែរ​ក្រហម ក្នុង​ភូមិ​នេះ ដើម្បី​យក​ទឹក​ប្រើ​ប្រាស់​ក្នុង​របរ​កសិកម្ម​របស់​គ្រួសារ​គាត់ និង​ចែក​ដល់​ពលរដ្ឋ​មាន​ស្រែ​ជាប់​គ្នា​នោះ​បាន​ប្រើ​ប្រាស់​ផង។
ស្រាប់​តែ​កាល​ពី​ខែ​ឧសភា និង​មិថុនា មេភូមិ មេឃុំ និង​ចៅហ្វាយ​ស្រុក ប្រគល់​ប្រឡាយ​នោះ​ឲ្យ​លោក ញៀន វណ្ណថន មក​ជីក​ស្តា​ប្រឡាយ​នោះ ហើយ​កាន់​កាប់​ជា​សម្បត្តិ​ឯកជន ទើប​ពួក​គាត់​មិន​សុខ​ចិត្ត លើក​គ្នា​មក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​ដោះស្រាយ៖ «គេ​រំលោភ​យក​ដី​ខ្ញុំ​ហើយ មក​រំលោភ​យក ទ បង​ខ្ញុំ។ ខែ​៥​នេះ ២០១២ គេ​មក​រំលោភ​យក ទ បង​ខ្ញុំ គេ​អាង​ធនធាន​ទឹក គេ​អាង​មេ​ទាហាន គេ​មក​រំលោភ​យក ទ បង​ខ្ញុំ​នេះ»

លោក កែវ ពុទ្ធា ថ្លែង​ថា ប្រឡាយ​គាត់​សុំ​មេភូមិ​កាយ និង​ស្តា​យក​ទឹក​បម្រើ​ពលរដ្ឋ​ជាង ១០​ឆ្នាំ​ហើយ ទើប​តែ​នៅ​ខែ​ឧសភា លោក ញៀន វណ្ណថន មក​សុំ​កាយ​ប្រឡាយ​នោះ​ជា​ថ្មី ហើយ​មាន​បំណង​ធ្វើ​អាជីវកម្ម​លក់​ទឹក​ឲ្យ​អ្នក​ភូមិ​ដែល​មាន​ស្រែ​ក្បែរ​ប្រឡាយ​នោះ៖ «មិន​ឲ្យ​ជីក​ឆ្លង ទ របស់​ខ្ញុំ ព្រោះ​អី ទ របស់​ខ្ញុំ​វា​ធ្លាប់​បាន​កាន់​កាប់​ហើយ បើ​ថា​ខ្វះ​ទឹក ខ្ញុំ​អ្នក​ធានា​ខុស​ត្រូវ។ ឥឡូវ​គេ​ជីក​កាត់​ពី​លើ​របស់​ខ្ញុំ។ ពេល​កាយ​ហ្នឹង ក៏​ខ្ញុំ​ទៅ​ឃាត់​ដែរ។ ខ្ញុំ​ឃាត់ ក៏​គេ​មិន​ស្តាប់ មាន​គេ​អ្នក​មាន​សិទ្ធ​ធំៗ​នោះ គេ​អ្នក​ចេះ​តែ​រុញ​ទៅ​ឲ្យ​កាយៗ ហើយ​ខ្ញុំ​ទៅ​ឃាត់​តែ​ដៃ​ទទេ។ គេ​លួច​ជីក​យប់​ជីក​អី​រហូត ឃាត់​ពេល​ថ្ងៃ គេ​ជីក​យប់ ហើយ​អា​អិច​ខ្មែរ​ឃាត់​ឈប់​ទៅ អា​អិច​យួន​ចូល​មក​ម្តង»
កសិករ​ម្នាក់​ទៀត​ឈ្មោះ ណុំ សាម៉ី ថ្លែង​ថា អ្នក​កាយ​ប្រឡាយ​ថ្មី​នោះ បាន​មក​សុំ​ប្រមូល​ប្រាក់​ពី​អ្នក​មាន​ដី​ស្រែ​ក្បែរ​ប្រឡាយ ក្នុង​១​គ្រួសារ ៣០​ម៉ឺន​រៀល ហើយ​គេ​នឹង​លក់​ទឹក​ក្នុង​ដី​១​ហិកតារ គេ​នឹង​យក​ស្រូវ ១៥០​គីឡូក្រាម។ ពួក​គាត់​ជំទាស់ ព្រោះ​ប្រឡាយ​ជា​សម្បត្តិ​រួម មិន​ត្រូវ​ប្រគល់​ឲ្យ​ឯកជន​កាន់​កាប់​ឡើយ។ អ្នក​ភូមិ​សុំ​ឲ្យ​អាជ្ញាធរ ឃុំ ស្រុក ខេត្ត រក្សា​ទុក​ប្រឡាយ​នេះ ជា​សម្បត្តិ​រដ្ឋ ទើប​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​តវ៉ា។
មេ​ភូមិ​ចំបក់ឯម លោក ណុប អឺយ បំភ្លឺ​ថា គាត់​ដឹង​ថា​ប្រឡាយ​នេះ មាន​គ្រួសារ​លោក កែវ ពុទ្ធា បាន​ស្តា និង​ចែក​ចាយ​ទឹក​ឲ្យ​ពលរដ្ឋ​ក្នុង​ឃុំ​ប្រើ​ស្រោច​ស្រូវ​ជាង ១០​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ថ្មីៗ​នេះ មាន​មន្ត្រី​ធនធាន​ទឹក និង​យោធា​ផង យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​សុំ​ស្តា​ប្រឡាយ និង​កាយ​ពង្រីក​មាត់​ប្រឡាយ ពី​តូច​ទៅ​ដល់​៥​ម៉ែត្រ ដើម្បី​យក​ទឹក​ទៅ​ដល់​ស្រែ​ឆ្ងាយ​ទៀត ប្រមាណ ១​ពាន់​ម៉ែត្រ។ ទើប​គាត់​ចុះ​ហត្ថលេខា​ព្រម​ឲ្យ​ស្តា ដោយ​ស្មាន​ថា​មាន​ការ​ឯកភាព​ពី​លោក កែវ ពុទ្ធា ដែល​បាន​កាន់​កាប់​ទឹក​ប្រឡាយ​យូរ​ឆ្នាំ​មក​នោះ៖ «ក្នុង​ការ​ជីក​នោះ ទោះ​បី​មាន​អ្នក​ជំទាស់​យ៉ាង​ម៉េច ក៏​មាន​មន្ត្រី​ខាង​ថ្នាក់​ស្រុក ហើយ​និង​មន្ត្រី​ខាង​បញ្ជាការ​យោធា​ស្រុក ទៅ​គាំទ្រ​ពី​ក្រោយ​ខ្នង ឈ្មោះ ញៀន វណ្ណថន ហ្នឹង»
មេ​ឃុំ​រមេញ មិន​ទាន់​ចូល​កាន់​តំណែង​ថ្មី លោក ម៉ៅ ញន ថ្លែង​ថា បញ្ហា​ស្តា​ប្រឡាយ​នេះ អាជ្ញាធរ​មិន​បាន​ឃើញ​ពាក្យ​សុំ​របស់​លោក កែវ ពុទ្ធា ដាក់​សុំ​ស្តា​ទេ ដូច្នេះ​អាជ្ញាធរ​ក៏​សម្រេច​ឲ្យ​ទៅ​លោក ញៀន វណ្ណថន ជា​អ្នក​ស្តា ព្រោះ​គេ​បាន​ដាក់​ពាក្យ​សុំ​ត្រឹម​ត្រូវ។
លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​បាន​សម្រុះសម្រួល​រឿង​នេះ តាំង​ពី​មុន​បោះ​ឆ្នោត តែ​ការ​ពិភាក្សា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ​មិន​ត្រូវ​គ្នា។ រឿង​នេះ​ក៏​បាន​បញ្ជូន​ទៅ​អាជ្ញាធរ​ស្រុក​កោះអណ្ដែត ដោះស្រាយ៖ «ឃុំ​មិន​មាន​សិទ្ធ​អី​សម្រេច​ថា អ្នក​ម្ខាង​នេះ​ឈ្នះ អ្នក​ម្ខាង​នោះ​ចាញ់​នោះ គឺ​អត់​ទេ។ ឃុំ​គ្រាន់​តែ​ថា យើង​ដឹង​រឿង​នេះ​ហើយ​ធ្វើ​វិធី​សម្រុះសម្រួល​ឲ្យ​មាន​ការ​ឯកភាព​គ្នា»
វិទ្យុ​អាស៊ី​សេរី ពុំ​ទាន់​អាច​ទាក់​ទង​លោក ញៀន វណ្ណថន ដើម្បី​ជំរាប​សួរ​ពាក់ព័ន្ធ​នឹង​ជម្លោះ​កាន់​កាប់​ប្រឡាយ​ទឹក​នោះ​បាន​ទេ នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​កក្កដា។ ប៉ុន្តែ អភិបាលរង​ស្រុក​កោះអណ្ដែត អ្នកស្រី ស៊ីវ លឺត ថ្លែង​ថា អាជ្ញាធរ​កំពុង​តែ​សម្រប​សម្រួល​បញ្ហា​នេះ ចំពោះ​លទ្ធផល​យ៉ាង​ណា​នោះ នឹង​សម្រេច​នៅ​ក្នុង​ចុង​សប្ដាហ៍​នេះ។ អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​ទឹក​ប្រឡាយ​នោះ មាន​ប្រមាណ​ជាង ៤០​គ្រួសារ៕

No comments:

Post a Comment

yes