សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ពលរដ្ឋ​ជាង​១០០​នាក់​នៅ​កំពង់ស្ពឺ​តវ៉ា​សុំ​ឲ្យ​ដោះលែង​តំណាង


ប្រជាពលរដ្ឋ​ជាង ១០០​នាក់ នៅ​ឃុំ​តាំងសំរោង ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នាំ​គ្នា​ឈរ​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ទាមទារ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​អ្នក​ភូមិ​ម្នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​ជាប់​ឃុំ​ពី​បទ​ក្លែង​លិខិត​ស្នាម​ក្នុង​រឿង​ទំនាស់​ដីធ្លី។
RFA Photo
សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ
អ្នក​ភូមិ​ម្នាក់​ដែល​ឈរ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក សិន ធីន ឲ្យ​ដឹង​ថា លោក ប៊ូ គីម អាយុ ៥២​ឆ្នាំ ជា​តំណាង​អ្នក​ភូមិ​ក្រីក្រ​ចំនួន ៧៦​គ្រួសារ នៅ​ភូមិ​ស្តុកជ្រៃ ក្នុង​ឃុំ​តាំងសំរោង ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា កន្លង​ទៅ​ពី​បទ​ក្លែង​លិខិត (ក្លែង​ស្នាម​មេដៃ) ទាមទារ​ដី និង​ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ភ្លាមៗ​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃ​ដដែល។
លោក​បន្ត​ថា អ្នក​ភូមិ​ក្រីក្រ​ចំនួន ៧៦​គ្រួសារ បាន​ទទួល​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល ក្នុង​មួយ​គ្រួសារ​ទំហំ ៣០ គុណ ៤០​ម៉ែត្រ និង​ដី​ចំការ​ចំនួន ១​ហិកតារ តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១១ ហើយ​គ្មាន​ហេតុផល​អ្វី​ដែល​លោក ប៊ូ គីម តំណាង​អ្នក​ភូមិ​ទៅ​ក្លែង​លិខិត​ស្នាម​ដើម្បី​ទាមទារ​សុំ​ដី​ទៀត​នោះ​ទេ។
លោក​ថា មូលហេតុ​ដែល​អ្នក​ភូមិ​ឈរ​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ​នោះ គឺ​ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​របស់​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន និង​ឲ្យ​តុលាការ​ធ្វើការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​វា​អាច​ជា​ការ​មួលបង្កាច់​ខុស​ពី​ការ​ពិត។

លោក សិន ធីន៖ «ពី​មុន​មក​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ហ្នឹង ខ្ញុំ​អត់​ដឹង​ទេ​លោកស្រី តែ​ដល់​ត្រឹម​ខ្ញុំ​ស្គាល់​គាត់​មក គឺ​គាត់​មិន​ដែល​ទៅ​ធ្វើ​ទុក្ខបុកម្នេញ​ជាមួយ​អ្នក​ណា​ទេ។ មក​ហ្នឹង​គឺ​ចង់​ដឹង​ពី​មូលហេតុ ហើយ​ចង់​ឲ្យ​តុលាការ​ដោះលែង​គាត់​នៅ​ក្រៅ​ឃុំ ហើយ​បើ​រឿង​យ៉ាង​ម៉េចៗ ផ្ទៃ​ក្នុង​របស់​តុលាការ​គេ​ចាត់ការ​តាម​នីតិវិធី​យ៉ាង​ម៉េច​ខ្ញុំ​អត់​ដឹង​ដែរ»
អ្នកស្រី ពៅ ធឿន ប្រពន្ធ​លោក ប៊ូ គីម ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​ដឹង​ថា ប្តី​របស់​គាត់​មិន​បាន​ក្លែង​លិខិត​ស្នាម​អ្វី​ទាមទារ​យក​ដី​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ឡើយ។ អ្នកស្រី​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​ជា​រឿង​មិន​ពិត និង​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​ប្តី​របស់​គាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖«គេ​ចោទ​អ៊ីចឹង ឥឡូវ​ប្រជាជន​កំពុង​មិន​សុខ​ចិត្ត​ឲ្យ​សុំ​ដោះ​លែង​គាត់​ទៅ​វិញ ព្រោះ​អី​ចាប់ គាត់​មិន​ពិត​ប្រាកដ»
ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក កែវ សុធា បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​សំណើ​ទាមទារ​របស់​អ្នក​ភូមិ​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ដោយ​ប្រាប់​ថា ជាប់​រវល់។
វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ីវ បូរិន្ទ ចៅក្រម​តុលាការ​ខេត្ត​បាន​ដែរ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។
អ្នក​ស៊ើប​អង្កេត​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន ថាវី ឲ្យ​ដឹង​ថា ករណី​នេះ​លោក​មិន​ទាន់​បាន​ស៊ើប​អង្កេត​ច្បាស់លាស់​នៅ​ឡើយ​ទេ។ តែ​តាម​ការ​ស៊ើប​អង្កេត​បឋម​ដែល​គាត់​ទទួល​បាន​ពី​ខាង​តុលាការ ជន​ជាប់​ចោទ​ឈ្មោះ ប៊ូ គីម បាន​ក្លែង​ស្នាម​មេដៃ​អ្នក​ភូមិ​ម្នាក់​នៅ​ភូមិ​ចេក ឃុំ​អូរ ទាមទារ​ដី​ដែល​មាន​អ្នក​ភូមិ​ចំនួន ៦៣​គ្រួសារ​ចូល​រួម ហើយ​លិខិត​ទាមទារ​នោះ​កំពុង​ស្ថិត​ក្នុង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។
ព័ត៌មាន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា រហូត​ដល់​រសៀល​ម៉ោង ៤ ថ្ងៃ​ទី​៣ ខែ​កក្កដា តុលាការ​នៅ​មិន​ទាន់​ផ្ដល់​ចំលើយ​ណា​មួយ​ចំពោះ​សំណើ​សុំ​របស់​អ្នក​ភូមិ​នោះ​ទេ។ អ្នក​ភូមិ​ជាង ១០០​នាក់​ក៏​នៅ​តែ​បន្ត​ឈរ​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ដដែល ហើយ​ពួក​គាត់​ប្រកាន់​ជំហរ​ថា នឹង​តវ៉ា​បែប​នេះ​រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​តំណាង​របស់​ខ្លួន។
តាម​មាត្រា ៦២៨ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​ចែង​ថា ការ​ប្រើប្រាស់​លិខិត​ក្លែង ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន ទៅ ៦​លាន​រៀល៕

No comments:

Post a Comment

yes