ដោយ ឆាយ សុផល
Cambodia News
ភ្នំពេញ (១១ កក្កដា ២០១២)៖ ចាប់តាំងពីខែមេសា ឆ្នាំ ២០១២ នេះ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបានបញ្ជាក់ថា មានកុមារកម្ពុជាប្រមាណ ៦៤ នាក់បានស្លាប់ដោយសារតែជំងឺម្យ៉ាងដែលលោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផាបានអះអាងថា មានប្រវត្តិជំងឺ និងរោគសញ្ញាប្រហាក់ប្រហែលគ្នា។
បន្ទាប់ពីទទួលបានដំណឹងនេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកបានប្រកាសនេះថា ជាជំងឺថ្មី និងអាថ៌កំបាំង ដែលសេចក្ដីប្រកាសនេះត្រូវបានគេចុះផ្សាយតាមបណ្ដាញសារព័ត៌មាន ហើយក៏មានជនរួមជាតិកម្ពុជាមួយចំនួនចែកចាយតាមបណ្ដាញព័ត៌មានសង្គមដូចជា ហ្វេសប៊ុក (Facebook) និង Blog ជាដើម។
ក្រោយពីបានទទួលដំណឹងនេះ ប្រជាជនកម្ពុជាខ្លះ ដែលមានកូនចៅតូចៗមានការភិតភ័យ ហើយនៅព្រឹកថ្ងៃអាទិត្យទី ៨ កក្កដា ផ្នែកពិសោធន៍លើជីវសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័របានរកឃើញថា ជំងឺនេះបណ្ដាលមកពីមេរោគ Enterovirus 71 ឬហៅ កាត់ថា EV71 ដោយមេរោគនេះទាក់ទិននឹងជំងឺមាត់ ដៃ និងជើង ដែលជាមេរោគកើតមានកើតជាទូទៅមកលើកុមារ និងទារក។
បើតាមការអះអាងពីវេជ្ជបណ្ឌិតជំនាញមួយចំនួនបានឲ្យដឹងថា រោគសញ្ញាគឺមានគ្រុនក្ដៅ ឈឺមាត់ និងមានកន្ទួល ដោយមានពងបែកនៅលើមាត់ ដៃ ជើង និងគូថ។
ទាក់ទិននឹងជំងឺនេះ លោកវេជ្ជបណ្ឌិត Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យសង្គ្រោះកុមាររាប់សែននាក់ដោយមិនគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបបាននិយាយថា ជំងឺនេះមិនមែនជាជំងឺថ្មី ឬក៏ជាជំងឺអាថ៌កំបាំងនោះទេ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយនៅឯមន្ទីរពេទ្យគន្ធបុប្ផារបស់លោកក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ៩ កក្កដា នេះ លោក Richner បាននិយាយថា ជំងឺនេះបានកើតឡើងដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៦៩ មក។
ជំងឺនេះក៏ត្រូវបានបណ្ដាញសារព័ត៌មានបរទេសរាយការណ៍ដែរថា ធ្លាប់កើតមានឡើងនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយរួមទាំងប្រទេសចិនផង ហើយក៏មានកុមារស្លាប់រាប់រយនាក់ដែរ។
ជំងឺនេះក៏ត្រូវបានបណ្ដាញសារព័ត៌មានបរទេសរាយការណ៍ដែរថា ធ្លាប់កើតមានឡើងនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតនៅអាស៊ី ដោយរួមទាំងប្រទេសចិនផង ហើយក៏មានកុមារស្លាប់រាប់រយនាក់ដែរ។
លោក Richner បានសម្ដែងការសោកស្ដាយដែលមានការចេញសេចក្ដីប្រកាសព័ត៌មាន ដែលថា ជំងឺនេះជាជំងឺថ្មី និងអាថ៌កំបាំងនោះ ដែលនាំឲ្យប្រជាជនកម្ពុជាមានការភ័យខ្លាចជាខ្លាំង។
លោកក៏បានបន្ទោសបណ្ដាញសារព័ត៌មានបរទេសមួយចំនួន ដែលបានដកស្រង់សំដីមន្ត្រីអង្គការសុខភាពពិភពលោកក្នុងការពង្រីកព័ត៌មាននេះ ដែលនាំឲ្យកាន់តែមានការភ្ញាក់ផ្អើលខ្លាំងឡើងដល់ពលរដ្ឋកម្ពុជា ក៏ដូចជាពិភពលោក។
នៅក្នុងលិខិតមួយរបស់លោកដែលបានផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី ២០ ខែ មិថុនា កន្លងទៅនេះបានបញ្ជាក់ថា ចាប់តាំងពីចុងខែមេសាមក មានកុមារចំនួន ៤៧ នាក់ដែលមានអាយុចន្លោះ២ ទៅ ៤ ឆ្នាំបានស្លាប់ នៅក្នុងមន្ទីរពេទ្យរបស់លោក។
លោកបាននិយាយថា កុមារទាំងនោះត្រូវបានព្យាបាលដោយឲ្យលេបនិងចាក់ថ្នាំនៅខាងក្រៅរួចទៅហើយ ទើបនាំយកមកកាន់មន្ទីរពេទ្យរបស់លោក ហើយកុមារទាំងនោះភាគច្រើនមកពីភាគខាងត្បូងនៃប្រទេស។
លោកក៏បានបន្ទោសពីការព្យាបាលមួយចំនួននៅឯខាងក្រៅមន្ទីរពេទ្យដែលប្រើថ្នាំមិនត្រឹមត្រូវ ឬថ្នាំខុស ដែលថ្នាំទាំងនោះអាចបំផ្លាញសរសៃឈាមតូចៗដែលមាននៅក្នុងសួតរបស់កុមារជាអ្នកជំងឺ។
បើតាមការអះអាងរបស់លោកគឺថា កុមារទាំងនោះមុននឹងស្លាប់គឺមានបញ្ហាសួត ដែលពួកគេពិបាកដកដង្ហើម។ លោក Richnerបានអំពាវដល់មាតាបិតាឲ្យបង្កើនអនាម័យកាន់តែច្រើនឡើងក្នុងការរស់នៅដោយសំអាតដៃជើងរបស់កុមារបន្ទាប់ពីចូលបង្គន់ និងសំអាតដៃមុនហូបអាហារ គឺថា «រស់នៅឲ្យមានអនាម័យល្អ»។
នៅក្នុងលិខិតនោះ លោក Richner បានបញ្ជាក់ថា «យើងមិនយល់ថាតើមានអ្វីកំពុងតែកើតឡើងនោះទេ។ មេរោគEnterovirus នៅមិនទាន់ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញនៅឡើយទេ ថាតើវានៅក្នុងឈាម ឬក៏នៅក្នុងខួរឆ្អឹងខ្នង»។
នៅក្នុងលិខិតនោះ លោក Richner បានបញ្ជាក់ថា «យើងមិនយល់ថាតើមានអ្វីកំពុងតែកើតឡើងនោះទេ។ មេរោគEnterovirus នៅមិនទាន់ត្រូវបានវិទ្យាស្ថានប៉ាស្ទ័ររកឃើញនៅឡើយទេ ថាតើវានៅក្នុងឈាម ឬក៏នៅក្នុងខួរឆ្អឹងខ្នង»។
លោក Richner បាននិយាយដោយបន្ធូរបន្ថយការភិតភ័យពីសំណាក់ប្រជាពលរដ្ឋកម្ពុជាចំពោះជំងឺនេះថា តាមពិតទៅ ជំងឺគ្រុនឈាមជាជំងឺដែលកាចសាហាវ ដោយលោកបញ្ជាក់ថា គ្រាន់តែនៅចន្លោះថ្ងៃទី ១-១៧ មិថុនា មន្ទីរពេទ្យរបស់លោកបានទទួលកុមារមានជំងឺចំនួន ៩.៤៤០ នាក់ ដែលក្នុងនោះមាន ៣.០៧៣ ករណីជាជំងឺគ្រុនឈាម ហើយគ្រាន់តែនៅព្រឹកថ្ងៃទី ២០ មិថុនា មានកុមារជាអ្នកជំងឺចំនួន ២.៣៣០ នាក់ ដែលក្នុងនោះមាន ៥១៤ ករណីជាជំងឺគ្រុនឈាម។
លោក Richner ក៏បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលជួយបរិច្ចាគដល់មូលនិធិរបស់លោកសម្រាប់ព្យាបាលកុមារក្នុងម្នាក់ ២៧ ដុល្លារ ឬថា ត្រូវបង្កើនការបរិច្ចាគទ្វេដងពី ២ លានដុល្លារ ទៅ ៤ លានដុល្លារជាបន្ទាន់ ដោយសារតែស្ថានភាពរបស់កាន់តែធ្ងន់ធ្ងរ៕
No comments:
Post a Comment
yes