សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

អាមេរិក​ចាប់​ផ្ដើម​ងាក​មក​តំបន់​អាស៊ី​វិញ​​ដើម្បី​បន្ថយ​អំណាច​របស់​​​​​ចិន


ប្រភពព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា សេដ្ឋកិច្ច​ដែល​កំពុង​លូតលាស់​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​បាន​ក្លាយជា​កម្លាំង​ជំរុញ​សំខាន់​ដែល​បង្ក​ឲ្យ​កើតការ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​មហាអំណាច​ដែល​ម្នាក់ៗ​ចង់​ចូលមក​មាន​ចំណែក​និង​ផលប្រយោជន៍​មហាសាល​ក្នុងភូមិ​ភាគ​នេះ ដែល​គេ​អាច​មើលឃើញ​តាមរយៈ​អ្វីដែល​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក​ដល់​ថ្នាក់​សុខចិត្ត​ប្រកាសកែប្រែ​គោលនយោបាយ​យ៉ាង​បន្ទាន់ដោយ​ងាក​មក “​ពាក់ព័ន្ធ​” ជាមួយ​តំបន់​ដែលមាន​ប្រជាជន​ប្រមាណ​៦០០​លាន​នាក់​កាន់តែខ្លាំង​ឡើង ក្នុង​គោលបំណង​ទប់ស្កាត់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែលជា​ភាគី​ទទួលបាន​ប្រយោជន៍​ពេញដៃ​ពី​ភូមិភាគ​នេះ​តែម្នាក់ឯង​។​
​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​បាន​ត្រៀម​សម្រុក​ពេញទំហឹង​ដោយ​ប្រកាស​ពី​ទស្សនកិច្ច​ទៅកាន់ វៀតណាម ឡាវ ក្នុង​សប្តាហ៍​នេះ​មុននឹង​តម្រង់​ឆ្ពោះ​មកកាន់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​តំណាង​មកពី​២៥​ប្រទេស​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​និង​សហភាព​អឺរ៉ុប​ក្នុង​វេទិកា​ប្រជុំ​ស្តីពី​សន្តិសុខ​ប្រចាំឆ្នាំ​។ ខណៈដែល ឃើ​ដ ខេ​ម​បែ​ល អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ចេញ​ថ្លែងថា ដំណើរ​ទស្សនកិច្ច​វៀត​ណា​ម ឡាវ និង កម្ពុជា របស់លោក​ស្រី គ្លី​ន​តុ​ន នឹង​មកជា​មួយ​នូវ​ការប្រកាស “ ផ្តល់ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​”​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៣​ដែល​ពីមុន​នេះ​មាន​ភាពជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​បំផុត​នោះ​។​

​ម្យ៉ាងទៀត រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កំពុង “​ខ្ចីដៃ​”​របស់​ប្រទេស​មហា​សម្ព័ន្ធមិត្ត​នៅ​អាស៊ី​ដូចជា ជប៉ុន និង​កូរ៉េខាងត្បូង​ជួយ​ដើរតួនាទី​ជា “​ស្ពាន​ផ្សាភ្ជាប់​”​ឲ្យ​អាមេរិក​អាចឈាន​ចូលមក​រឹតចំណង​មិត្តភាព​ជាមួយ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ និង​ទប់ទល់​ឥទ្ធិពល​ដ៏​សម្បើម​របស់​ចិន​ឲ្យ​កាន់តែ​ងាយស្រួល​ឡើង ថ្វីបើ​ខ្លួន​បាន​យល់ច្បាស់​ហើយ​ថា ប្រាកដជា​មិនបាន​ទទួលផល​តបស្នង​ល្អ​ប៉ុន្មាន​ឡើយ ប្រសិនបើ​ហក់​ចូលក្នុង​ភូមិភាគ​នេះ​តែម្នាក់ឯង ក្នុង​កាលៈទេសៈ​ដែល​តួនាទី​និង​ឥ​ទិ្ធ​ពល​របស់​ចិន​បាន​កើនឡើង​ខ្ពស់​គួរ​ឲ្យ​ស្ញប់ស្ញែង​ទាំង​ផ្នែក​នយោបាយ យោធា​និង​សេដ្ឋកិច្ច​បែបនេះ​។

​លោក អៀន ស្ទូ​រី អ្នកស្រាវជ្រាវ​ប្រចាំ​ស្ថាប័ន​អាស៊ីអាគ្នេយ៍​នៅ​សិង្ហ​បុរី​ចាប់​យល់ច្បាស់​ពី “​ភាពរឹងមាំ​”​នៃ​ការប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​ក្នុង​តំបន់​នេះ ហើយ​មាន​និន្នាការ​ថា ប្រទេស​ជាច្រើន​កំពុងមាន​ជំហរ​បែប “​មុខ​ពីរ​”​ដើម្បី​ឲ្យ​ប្រទេស​របស់ខ្លួន​បានទទួល​ផលប្រយោជន៍​ខ្ពស់បំផុត​ទាំងពី​សហរដ្ឋអាមេរិក​និង​ចិន​ជំនួស​ឲ្យ​ការប្រកាន់​គោលនយោបាយ​បែប​ប្រកាន់យក​ម្ខាងៗ ដោយសារ “​ជម្រើស​”​បែប​នោះ​អាច​បង្ក​ឲ្យ​កើតជា​ទំនាស់ និង​មិនមាន​ផល​ល្អ​ដល់​គ្រប់ភាគី ថែមទាំង​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច​ដ៏​មហាសាល​ដែល​ស្ថិតនៅ​ចំពោះមុខ​ក៏មាន​តម្លៃ​លើសលប់​ដែល​មិន​សម​នឹង​យក​អ្វីៗ​ទៅ​ផ្សង​នឹង​គ្រោះថ្នាក់​ឬ​បណ្តោយ​ឲ្យ​របូត​ពី​ដៃ​ទៅបាន​។
ហីល ឡារី គ្លីនតុន
លោក ស្រី រដ្ឋ មន្ត្រី ហីល ឡារី គ្លីនតុន
មិនតែប៉ុណ្ណោះ ការប៉ាន់ប្រមាណ​ស្ថានការណ៍​របស់​មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ​(IMF)​កាលពី​ខែមេសា​កន្លងមក​បានបញ្ជាក់​ថា អត្រា​នៃ​ការលូតលាស់​សេដ្ឋកិច្ច​នៃ​ប្រទេស​សមាជិក​ទាំង​៥​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​គឺ ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន ម៉ាឡេស៊ី​និង​វៀតណាម​នៅ​ឆ្នាំក្រោយ​អាចមាន​ការរីកចម្រើន​រួមគ្នា​ដល់​៦.២% ហើយ​ក្លាយជា​កម្លាំង​ស្រួប​ទាញ​យ៉ាងសំខាន់​ដល់​អាមេរិក​ឲ្យ​ងាក​មកកាន់​អាស៊ីអាគ្នេយ៍​ពីព្រោះ​ជា​អ្វីដែល​គេ​ដឹង​ច្បាស់​ថា​ក្នុង​ឆ្នាំ​២០១៣ គឺ​សេដ្ឋកិច្ច​អាមេរិក​នឹង​លូតលាស់​បាន​ពេញលេញ​មិន​លើស​២.៤%​តែប៉ុណ្ណោះ ខណដែល​សម្ព័ន្ធមិត្ត​ពីមុនៗ​ដូចជា​ប្រជាជាតិ​នៅ​អឺរ៉ុប និង ជប៉ុន​ក៏​ទំនងជា​មិនមាន​ការលូតលាស់​លើស​០.៩%​និង​១.៧%​ តាម​លំដាប់​ដូចគ្នា​ដែរ ជាហេតុ​ធ្វើ​ឲ្យ​បណ្តា​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​អាមេរិក​យល់ឃើញថា ដល់ពេល​វេលា​ហើយ​ដែល​សហរដ្ឋអាមេរិក​ត្រូវ​ត្រឡប់​ក្រោយមក​ទប់ទល់​ជាមួយ​ចិន​ដើម្បី ដណ្តើម​ចំណែក​និង​ផលប្រយោជន៍​នៅ​ភូមិភាគ​នេះ ពីព្រោះ​មាន​ទំនោរ​ខ្ពស់​ថា​អាមេរិក​នឹង​បាត់បង់​ផលប្រយោជន៍​ទាំង​ខាង​នយោបាយ យោធា និង​សេដ្ឋកិច្ច​ខ្ពស់បំផុត​ដែល​មិនអាច​គណនា​បាន ប្រសិន​ព្រងើយកន្តើយ​ទុក​ឲ្យ​ប្រទេស​ក្នុង​ភូមិភាគ​នេះ​ងាក​ទៅ​ចាប់ដៃ​ជាមួយ​ចិន​ឬ​សូម្បី​ជាមួយ​ឥណ្ឌា​ក៏ដោយ​។

​ស្របពេល​ដែល​លោក ដេវីដ អាដេ​ល​មេន ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​សិង្ហ​បុរី​ដែល​ទើបតែ​បានទទួល​ភារកិច្ច​ពី​រដ្ឋាភិបាល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​ដើរតួនាទី​ជា​ប្រធាន​គណៈប្រតិភូ​ផ្នែក​ពាណិជ្ជកម្ម វិនិយោគទុន​អាមេរិក​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ភូមា​នៅ​ខែក្រោយ ក៏បាន​ទទួលស្គាល់​ដោយ​គ្មាន​ខ្មាសអៀន​តាម​អ៊ី​មេ​ល​ថា អាស៊ីអាគ្នេយ៍​នាបច្ចុប្បន្ន​នេះ​មិន​ខុសប្លែក​អ្វី​ពី “​មជ្ឈមណ្ឌល​នៃ​សេដ្ឋកិច្ចពិភពលោក​”​នោះទេ ព្រោះ​មានឱកាស​លូតលាស់​ដ៏​ម​ហិម​កំពុង​រង់ចាំ​ពីមុខ ហើយ​អាមេរិក​ចាំបាច់​ត្រូវ​ចូលមក​ពាក់ព័ន្ធ​ដោយ​មិនអាច​ចៀសវាង​បានឡើយ​។​
​ទោះយ៉ាងណា​អ្វីដែល​គេ​គួរ​កត់សម្គាល់ឃើញ​គឺ​ការព្យាយាម​របស់​សហរ​ដ្ឋ​អាមេរិក​អាច​យឺតយ៉ាវ​ក្រោយ​ចិន​ច្រើន​ជំហាន​ដោយ​ក្នុង​ពេលនេះ​ចិន​បាន​នាំមុខ​អាមេរិក​ក្នុងឋានៈ​ជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​នៃ បណ្តា​ប្រទេស​អាស៊ាន​រួចទៅហើយ និង​ទឹកប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​គិត​ទៅ​ប្រមាណ​១១.៥%​នៃ​ទឹកប្រាក់​ពាណិជ្ជកម្ម​សរុប​របស់​អាស៊ាន ខណៈដែល​ទំហំ​វិនិយោគទុន​ជាមួយ​អាមេរិក​ស្ថិតក្នុង​កម្រិត​៩%​នៅឡើយ​ប៉ុណ្ណោះ​គឺ​ទាប​ជាង​ចិន​ឆ្ងាយ​ណាស់​៕​

No comments:

Post a Comment

yes