សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ចាប់​ម៉ម​សូណង់ដូ នាំ​ឲ្យ​មានការ​គំរាមកំហែង​ធ្ងន់ធ្ងរ ទៅលើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សេរីភាព​បង្កើត​សមាគម​


ភ្នំពេញ: ​គណៈកម្មាធិការ​ខុមហ្វ្រែល និង​គណៈកម្មាធិការ​និក​ហ្វិ​ច សូម​សម្ដែង​នូវ​ការសោកស្តាយ និង​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ការ​ធា្ល​ក់​ចុះ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​បង្កើត​សមាគម ដោយសារតែ​ការចាប់ខ្លួន​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM105MHz នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ បាន​លើកឡើងថា ការចោទប្រកាន់​លោក ម៉ម សូណង់ដូ គឺ​ករណី​នយោបាយ ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច ជាពិសេស​អាច​ជះឥទ្ធិពល​ដល់​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​បង្កើត​សមាគម ស្រប​ពេលដែល​ប្រទេស​កម្ពុជាកំពុងដំណើរការ​រៀប​ចំការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​។​

​លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​បាន​ពង្រីក​សមាជិក​ខ្លួន​រាប់សិប​ពាន់​នាក់ដោយ​ការស្ម័គ្រចិត្ត បាន​បញ្ចេញមតិ​ទិ​តៀន​នយោបាយ ហើយ​ជំរុញ​ឲ្យ​គណបក្សប្រឆាំង​រួមគ្នា និង​អប់រំ​សមាជិក​ខ្លួន​ឲ្យ​យល់​ពី​កិច្ចការ​នយោបាយ​ ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​សេចក្តីប្រកាស​លើកឡើងថា ការចោទប្រកាន់ និង​ចាប់ខ្លួនប្រធាន​សមាគម ឬ​អង្គការ ដោយ​គ្រាន់តែ​ផ្អែកលើ​មូលហេតុ​មាន​សមាជិក​របស់​សមា​គម​ក្នុងចំណោម​សមាជិក​រាប់ពាន់នាក់បាន​ប្រព្រឹត្ត​បទល្មើស​ គឺជា​ការរំលោភ​សេរីភាព​បង្កើត​សមាគម និង​សេរីភាព​បញ្ចេញមតិ​។​

​សេចក្តីប្រកាស បាន​បន្ថែមទៀតថា លោក​ម៉ម សូណង់ដូ ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ FM105MHz ដែលជា​វិទ្យុ​ឯកជន និង​ស្ថានីយ​តែមួយគត់ដែល​ផ្តល់ឱកាស​ឲ្យ​គ្រប់​តួអង្គ​នយោបាយ​ រួ​មមា​ន​គណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ គ្រប់​និន្នាការ​នយោបាយ និង​វិទ្យុ​អន្តរជាតិ ផ្សាយ​ជា​ភាសា​ខ្មែរ ចាក់ផ្សាយ​នៅក្នុង​កម្មវិធី​វិទ្យុ​នេះ ជាពិសេស​វិទ្យុ​នេះបានផ្តល់​ឱកាស​ដល់គ​ណ​បក្សនយោបាយ ដូចជា គណបក្សប្រឆាំង និង​មតិ​ការពារ​គណបក្សកាន់អំណាច ដើម្បី​បញ្ចេញ​ទស្សនៈ​នយោបាយ កម្មវិធី​នយោបាយ និង​បញ្ហា​សង្គម​ផ្សេងៗ​។​

​ក្រៅពី​មូលហេតុ​នយោបាយ ដែល​ដាក់​សម្ពាធ​សេរីភាព​បញ្ចេញមតិ​ខាង​នយោបាយ និង​ដក​ការទទួលខុសត្រូវ​រប​ស់រាជ​រដ្ឋាភិបាល ការចោទប្រកាន់​របស់​តុលាការ និង​រាជរដ្ឋាភិបាលចំពោះ​លោក ម៉ម សូណង់ដូ ទាក់ទង​វិវាទ​ដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​នាំ​ឲ្យ​ស្លាប់​កុមារី ហេង ចន្ថា អាយុ ១៤​ឆ្នាំ គឺ​មិនមាន​ភស្តុតាង មូលដ្ឋាន​ អង្គហេតុ និង​ដំណើរការ​នីតិវិធី​ផ្នែក​ច្បាប់​គ្រប់គ្រាន់​នោះទេ​។​

​ខុមហ្វ្រែល និង​និក​ហ្វិ​ច បានស្នើ​យ៉ាង​ទទូចថា ដើម្បី​ឲ្យ​បរិយាកាស​បោះឆ្នោត​ខាងមុខ​បន្ថយ​ការភ័យខ្លាច ពិសេស​ការការពារ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​បង្កើត​សមាគម លោកម៉ម សូណង់ដូ ត្រូវតែ​បាន​ដោះលែង​។​

​សូមបញ្ជាក់ថា លោក ម៉ម សូណង់ដូ ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១២ ថា ជាប់ទាក់ទង​ទៅនឹង​ការធ្វើ​តំបន់អបគមន៍ នៅ​ឃុំ​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​ទាញ​ការទទួលខុសត្រូវចំពោះ​ការស្លាប់​របស់​កុមារី ហេង ចន្ថា​។ 

​សេចក្តីប្រកាស​លើកឡើងថា បន្ទាប់ពី​ការលើកឡើង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចមក លោក ម៉ម សូណង់ដូ បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២ និង​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១២ លោក​បាន​ចូលរួម​ខួប​លើក​ទី​២ នៃ​ការបង្កើត​សមាគម​អ្នកប្រជាធិបតេយ្យ ដោយបាន​ថ្លែងថា លោក​មិន​ខ្លាច​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​ឡើយ ដោយសារតែ​លោក​ពុំមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ​ទេ​។ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ លោក​ម៉ម សូណង់ដូ ត្រូវបាន​ចាប់ខ្លួន​នៅ​ស្ថានីយ​វិទ្យុ FM105MHz តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តក្រចេះ​លេខ​៧១ ច​.​ខ​/១២​ចុះ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១២ ដោយ​ចោទប្រកាន់ថា ជា​អ្នក​ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ​, ធ្វើ​កុបកម្ម​, ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុងការ​បំពេញការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្របច្បាប់ តាម​មាត្រា​២៨, ៥០៤, ៤៥៦, ៤៥៧, ៦០៩ និង​មាត្រា ៤៦៤ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​នឹងត្រូវ​ជាប់ទោស​ជាច្រើន​ឆ្នាំ​។ បន្ទាប់ពី​ការចាប់ខ្លួន ​លោក ម៉ម សូណង់ដូ ត្រូវបាន​ឃុំខ្លួន​នៅ​ក្រសួងមហាផ្ទៃ បន្ទាប់មក​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ លោក​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​មណ្ឌល​កែ​ក្រែ​ទី​១ (​ពន្ធនាគារ​ព្រៃ​ស​)​។​

​ទាក់ទង​នឹង​ការចាប់ខ្លួន​លោក​ម៉ម ​សូណង់ដូ ត្រូវបាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អះអាងថា រដ្ឋាភិបាលមិនមាន​គម្រោង​បិទ​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz ឡើយ​៕​ 

No comments:

Post a Comment

yes