សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

មេធាវី ជូង ជូងី ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​សំណុំ​រឿង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ


មេធាវី​ដែល​ស្និត​ជាមួយ​គណបក្ស សម រង្ស៊ី គឺ​លោក ជូង ជូងី នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២ បាន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ជុំវិញ​សំណុំ​រឿង​ដែល​លោក​បាន​ប្ដឹង​ចៅក្រម​ស៊ើបសួរ​ម្នាក់ នៃ​តុលាការ​នេះ ឈ្មោះ លឹម សុគន្ថា ក្រោម​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​កន្លង​មក។
RFA/Sok Serey
លោក​មេធាវី ជូង ជូងី ផ្ដល់​បទ​សម្ភាស​ឲ្យ​វិទ្យុ​អាស៊ី​សេរី នៅ​ការិយាល័យ​របស់​លោក នៅ​ភ្នំពេញ ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១១។
មេធាវី ជូង ជូងី ជា​ដើម​បណ្ដឹង​នោះ បាន​ប្ដឹង​ចៅក្រម​ស៊ើបសួរ​លោក លឹម សុគន្ថា តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ប៉ុន្តែ​លោក​បាន​មក​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​រង​លោក ទេព មុន្និន្ទ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២។
ចំណុច​សំខាន់​ដែល​លោក ជូង ជូងី បាន​ប្ដឹង​នោះ គឺ​ទី​១ បាន​ក្លែង​បន្លំ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​កូន​ក្តី​របស់​លោក​ឈ្មោះ មាស ប៉េង និង​ទី​២ បាន​ក្លែង​បន្លំ​កាល​បរិច្ឆេទ​លើ​ដីកា​នោះ។
ការ​ប្ដឹង​របស់​លោក ជូង ជូងី នៅ​ពេល​នេះ គឺ​ជា​ការ​ត​ទល់​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់ ដោយ​ចៅក្រម​ស៊ើបសួរ​លោក លឹម សុគន្ថា កន្លង​មក ដែល​បាន​ចោទ​ថា លោក ជូង ជូងី ថា​បាន​ផ្តល់​មធ្យោបាយ និង​ជួយ​រំដោះ​ជន​សង្ស័យ​ជា​សកម្មជន​គណបក្ស សម រង្ស៊ី ឈ្មោះ មាស ប៉េង ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង នៅ​ខេត្ត​កណ្ដាល។ លោក ជូង ជូងី កំពុង​ជាប់​ចោទ​ក្រោម​បទ​ព្រហ្មទណ្ឌ​នៃ​សំណុំ​រឿង​នេះ។

លោក ជូង ជូងី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ថា លោក​ស្នើ​សុំ​ឲ្យ​តុលាការ​នេះ​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់ និង​តាម​នីតិវិធី​ច្បាប់៖ «កំហុស​បែប​នេះ ប្រសិន​បើ​ប្រជារាស្ត្រ​សាមញ្ញ​វិញ​ណា ចៅក្រម​ព្រះរាជអាជ្ញា​ចាប់​ដាក់​គុក​តាំង​ពី​យូរ​ហើយ។ ប៉ុន្តែ​ដោយ​សារ​តែ​កំហុស​នេះ គឺ​ចៅក្រម លឹម សុគន្ថា ជា​អ្នក​ប្រព្រឹត្តិ ដូច្នេះ​យើង​តាម​មើល​ទាំង​អស់​គ្នា តើ​ព្រះរាជអាជ្ញា​គាត់​មាន​ឆន្ទៈ​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ទេ។ បើ​រឿង​បែប​នេះ​កើត​ឡើង​ចំពោះ​រាស្ត្រ​សាមញ្ញ​ណា ចាប់​ដាក់​គុក​តាំង​ពី​យូរ​ហើយ។ អីចឹង ប្រសិន​បើ​តំណាង​អយ្យការ​មិន​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទេ ខ្ញុំ​នឹង​តវ៉ា​ត​ទៅ​ទៀត»
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​សេចក្តី​បំភ្លឺ​ពី​លោក​ព្រះរាជអាជ្ញា​រង លោក ទេព មុន្និន្ទ បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២ ប៉ុន្តែ​ប្រភព​បាន​ឲ្យ​ដឹង​ថា លោក​គ្រោង​កោះ​ហៅ​ចៅក្រម​ស៊ើបសួរ​លោក លឹម សុគន្ថា មក​ឆ្លើយ​បំភ្លឺ​ដែរ នា​ពេល​ខាង​មុខ។
វិទ្យុ​អាស៊ី​សេរី ក៏​មិន​អាច​ទាក់​ទង​ចៅក្រម​ស៊ើបសួរ​លោក លឹម សុគន្ថា បាន​ដែរ​ដើម្បី​សុំ​សេចក្តី​ប្រតិកម្ម​ចំពោះ​ការ​ប្ដឹង និង​ចោទ​ប្រកាន់​របស់​លោក ជូង ជូងី។
លោក ជូង ជូងី កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រធាន​គណៈ​មេធាវី​កម្ពុជា​លោក ជីវ សុងហាក់ នៅ​គ្រា​ដែល​ព្រះរាជអាជ្ញា​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក អ៊ុក គឹមសិទ្ធិ បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​លោក​ចូល​ឆ្លើយ​បំភ្លឺ ជុំវិញ​សំណុំ​រឿង​ចោទ​ប្រកាន់​ថា​លោក​បាន​ផ្តល់​មធ្យោបាយ និង​ជួយ​សម្រួល​ដោះ​លែង​ជន​សង្ស័យ​ជា​ជំទប់​ទី​២ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល លោក មាស ប៉េង ខាង​គណបក្ស សម រង្ស៊ី។ លោក ជូង ជូងី កន្លង​មក​តែង​តែ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

No comments:

Post a Comment

yes