សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

អាណាព្យាបាល​សិស្ស​ស្នើ​ក្រសួង​អប់រំ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ប្រឡង​ឌីប្លូម


មន្ត្រី​សមាគម​គ្រូ​បង្រៀន និង​អាណាព្យាបាល​សិស្ស​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បើក​ការ​ស៊ើប​អង្កេត​ចំពោះ​អំពើ​ពុក​រលួយ​ក្នុង​សម័យ​ប្រឡង​ឌីប្លូម ឬ​សិស្ស​អនុវិទ្យាល័យ​ឆ្នាំ​២០១២ ឲ្យ​បាន​ទាន់​ពេល។
RFA Photo/Keopich Metta
ទិដ្ឋភាព​ពេល​សិស្ស​ចេញ​ពី​មណ្ឌល​ប្រឡង វិទ្យាល័យ​ទេពប្រណម្យ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​២៧ កក្កដា ២០០៩។
អាណាព្យាបាល​សិស្ស​បាន​ចោទ​អ្នក​គ្រប់គ្រង​តាម​មណ្ឌល​ប្រឡង ឬ​អនុរក្ស​ថា​បាន​ដើរ​ប្រមូល​លុយ​ពី​សិស្ស ក្នុង​ម្នាក់​ពី ៣០​ដុល្លារ​ទៅ​៥០​ដុល្លារ ជា​ថ្នូរ​ប្រឡង​ជាប់​សញ្ញាប័ត្រ។
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា ប្រធាន​មណ្ឌល​ប្រឡង​ឌីប្លូម ឆ្នាំ​នេះ តម្រូវ​ឲ្យ​បេក្ខជន​ប្រឡង​ត្រូវ​បង់​លុយ​ឲ្យ​ពួក​គេ​ម្នាក់ៗ​ចន្លោះ​ពី ៣០​ដុល្លារ​ទៅ​៥០​ដុល្លារ ទើប​អាច​ប្រឡង​ជាប់។
លោក​ថា បើ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​មិន​មាន​វិធានការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ​កំពុង​កើត​មាន​ក្នុង​សម័យ​ប្រឡង​ឌីប្លូម ឆ្នាំ​២០១២ ឲ្យ​បាន​ទាន់​ពេល​ទេ នឹង​នាំ​ឲ្យ​គុណភាព​អប់រំ​ធ្លាក់​ចុះ​នា​ថ្ងៃ​អនាគត៖ «អ្នក​ដែល​រត់​ហាងឆេង​តម្លៃ ៣០ ឬ​៣៥ និង​មាន​កន្លែង​ខ្លះ​រហូត​ដល់ ៥០​ដុល្លារ ជាប់។ យើង​ឃើញ​ថា ក្រសួង​អប់រំ​ត្រូវ​តែ​មាន​វិធានការ ឬ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​នាំ​ខ្លួន​អ្នក​មេខ្យល់​ទាំង​អស់​នោះ​យក​មក​ផ្ដន្ទាទោស។ ជៀសវាង​កុំ​ឲ្យ​ដើរ​ធ្វើ​សកម្មភាព​បែប​ហ្នឹង នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​ប្រទេស​កម្ពុជា​យើង»
លោក​បាន​សង្កត់​ធ្ងន់​ថា អំពើ​ពុក​រលួយ​នៅ​ក្នុង​សម័យ​ប្រឡង បាន​កើត​មាន​ស្ទើរ​ទូទាំង​ប្រទេស ដែល​ទាម​ទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។

អាណាព្យាបាល​មិន​បង្ហាញ​អត្តសញ្ញាណ មក​ពី​ខេត្ត​កណ្ដាល ស្ថិត​ក្នុង​ចំណោម​អាណាព្យាបាល​សិស្ស​ផ្សេង​ទៀត បាន​អះអាង​ថា កូន​របស់​គាត់​បាន​សុំ​ប្រាក់​ចំនួន ៣០​ដុល្លារ យក​ទៅ​ផ្តល់​ជូន​គ្រូ​បង្រៀន​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។
អាណាព្យាបាល​សិស្ស​នេះ​បាន​ស្នើ​ឲ្យ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ ដើម្បី​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ​ក្នុង​សម័យ​ប្រឡង​ឌីប្លូម ឆ្នាំ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​ដែល​រង​ការ​រិះគន់៖ «គ្រប់​អនុវិទ្យាល័យ​ទាំង​អស់​ត្រូវ​ទៅ​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​បែក​ចាន ទាំង​អស់។ នាយក​ដែល​គ្រប់គ្រង​សិស្ស​ថ្នាក់​ទី​៩ គឺ​ទារ​លុយ​ពី​សិស្ស​ក្នុង​ម្នាក់ ៣០​ដុល្លារ​ពេញ។ ទាំង​កូន​ខ្ញុំ​កូន​គេ គឺ​ត្រូវ​តែ​ឲ្យ​គេ ហើយ​ខ្ញុំ​សុំ​ចុះ​ត្រឹម ២៥​ដុល្លារ ក៏​មិន​បាន​ដែរ»
សម័យ​ប្រឡង​សិស្ស​ថ្នាក់​អនុវិទ្យាល័យ ឬ​ប្រឡង​ឌីប្លូម ឆ្នាំ​នេះ បាន​ចាប់​ពី​ថ្ងៃ​ចន្ទ ទី​១៦ ដល់​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។ ប៉ុន្តែ​ការ​ប្រឡង​នេះ អាណាព្យាបាល​សិស្ស និង​សមាគម​គ្រូ​បង្រៀន​បាន​ចោទ​ថា មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។
មន្ត្រី​សមាគម​គ្រូ​បង្រៀន បាន​ឲ្យ​ដឹង​ថា ដរាប​ណា​អំពើ​ពុក​រលួយ​បន្ត​ជ្រៀត​ចូល​ក្នុង​វិស័យ​អប់រំ ពិសេស​ក្នុង​សម័យ​ប្រឡង​ចូល​មក​ដល់ ហើយ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ ឬ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​គ្មាន​វិធានការ​ទប់​ស្កាត់​ទេ វិស័យ​អប់រំ​កម្ពុជា​មិន​អាច​មាន​គុណភាព​ដូច​បណ្ដា​ប្រទេស​លើ​សកលលោក​បាន​ទេ។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​បំភ្លឺ​ជុំវិញ​អំពើ​ពុក​រលួយ​ក្នុង​សម័យ​ប្រឡង​ឌីប្លូម បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា នៅ​គ្រា​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។
យ៉ាង​នេះ​ក្តី លោក រ៉ុង ឈុន បាន​ស្នើ​ទៅ​អាណាព្យាបាល​សិស្ស មិន​ត្រូវ​ផ្តល់​ថវិកា​សំណូក​ណា​មួយ​ជូន​នាយក​គ្រប់គ្រង​មណ្ឌល​ប្រឡង ឬ​អនុរក្ស​ជា​ថ្នូរ​ឲ្យ​បុត្រ​ធីតា​របស់​ខ្លួន​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ ប៉ុន្តែ​មិន​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​នោះ​ទេ៕

No comments:

Post a Comment

yes