សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

អំពើ​ពុក​រលួយ​​​ក្នុង​​ការ​​ប្រឡង​ចូល​​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល


មន្ត្រី​រាជការ​ដែល​ទើប​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល​ថ្មីៗ​នេះ បាន​លើក​ឡើង​ពី​អំពើ​ពុក​រលួយ​កំពុង​កើត​មាន​ក្នុង​ក្រសួង​សុខាភិបាល និង​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បើក​ការ​ស៊ើប​អង្កេត និង​មាន​វិធានការ​ទប់ស្កាត់។
RFA/Uon Chhin
១២-តុលា-០៩: សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ដ​សុខាភិបាល​ក្នុង​រាជធានី​ភ្នំពេញ។
បុគ្គលិក​ពេទ្យ​ទើប​ប្រឡង​ចូល​ក្របខ័ណ្ឌ នៃ​ក្រសួង​សុខាភិបាល​មិន​បង្ហាញ​ឈ្មោះ​មួយ​ចំនួន មាន​ចម្ងល់​ចំពោះ​សកម្មភាព​របស់​មន្ត្រី​​បម្រើ​ការ​ក្នុង​ស្ថាប័ន​ថ្នាក់​ក្រោម​ក្រសួង​សុខាភិបាល ដែល​តម្រូវ​ឲ្យ​ពួក​គេ​បង់​ប្រាក់​ម្នាក់ៗ​ចន្លោះ​ពី ១០​ដុល្លារ​ទៅ​១៥​ដុល្លារ មិន​ផ្តល់​វិក្កយបត្រ​បន្ទាប់​ពី​ចាត់​ឲ្យ​ទៅ​បំពេញ​ការងារ​ក្នុង​អង្គភាព​នានា នា​ដើម​ខែ​កក្កដា ឆ្នាំ​២០១២។
ប្រភព​ដដែល​បាន​ស្នើ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជួយ​មាន​វិធានការ និង​ស៊ើប​អង្កេត​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​កុំ​ឲ្យ​កើត​មាន​ក្នុង​វិស័យ​សុខាភិបាល​នា​ថ្ងៃ​អនាគត។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​សកម្មភាព​ប្រមូល​ប្រាក់ មិន​ផ្តល់​វិក្កយបត្រ​ពី​បុគ្គលិក​ពេទ្យ​ទើប​ប្រឡង​ចូល​ក្របខ័ណ្ឌ​ក្រសួង​សុខាភិបាល​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​កក្កដា។
ទាក់​ទិន​បញ្ហា​នេះ លោក កែវ រ៉េមី មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ លោក​បាន​ស្វាគមន៍​រាល់​គ្រប់​ពាក្យ​បណ្ដឹង ដែល​ប្រជាពលរដ្ឋ ឬ​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​នានា ប្ដឹង​មក​អង្គភាព​របស់​ខ្លួន ពាក់ព័ន្ធ​បញ្ហា​ពុក​រលួយ​អ្វី​មួយ។

លោក កែវ រ៉េមី៖ «មាន​បញ្ហា​ទាក់​ទង​នឹង​សំណូក ឬ​ទាម​ទារ​ជំរិត​យក​លុយ​ជាដើម សុំ​លើក​ទឹក​ចិត្ត​ប្ដឹង​មក​ស្ថាប័ន​យើង​ខ្ញុំ។ ហើយ​ទាក់​ទង​ចំណាត់​ការ គឺ​ពួក​យើង​ដឹង​ថា ត្រូវ​ធ្វើ​អី ព្រោះ​យើង​មាន​ក្រុម​អ្នក​ទទួល​ពាក្យ​បណ្ដឹង និង​ពិនិត្យ​មើល​ទៅ​តាម​ប្រភេទ​នៃ​បណ្ដឹង ពីព្រោះ​ប្រជាជន​លោក​ប្ដឹង​ច្រើន​ណាស់។ ដូច្នេះ យើង​ត្រូវ​បែង​ចែក​តាម​ប្រភេទ​អាទិភាព​ជា​បន្ត​បន្ទាប់ ទៅ​តាម​បណ្ដឹង​ធ្ងន់​ស្រាល។ យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ពី​មហាជន»
បន្ថែម​លើ​នេះ លោក ភួង សុវណ្ណ ប្រធាន​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា ក៏​បាន​ស្នើ​ឲ្យ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ជួយ​ស៊ើប​អង្កេត និង​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន នៅ​ក្នុង​ក្រសួង​សុខាភិបាល ឲ្យ​បាន​ទាន់​ពេល ដើម្បី​រក្សា​តម្លៃ​ស្ថាប័ន​ខ្លួន។
លោក ភួង សុវណ្ណ៖ «តួនាទី ភារកិច្ច​របស់​អ្នក​បម្រើ​សេវា​រដ្ឋបាល គឺ​គាត់​ទទួល​ប្រាក់​បៀវត្ស​ពី​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ដូច​គ្នា។ ដូច្នេះ ការ​យក​សេវា​បន្ថែម​ទៅ​លើ​កិច្ចការ ជា​កិច្ចការ​របស់​ខ្លួន ជា​ទង្វើ​អសីលធម៌​ក្នុង​ការងារ​រដ្ឋបាល​របស់​ខ្លួន។ ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ស្ថាប័ន​នៃ​រាជ​រដ្ឋាភិបាល សុំ​ឲ្យ​ជួយ​ធ្វើ​ម៉េច​ជួយ​កែ​ទម្លាប់​នៃ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ។ ពីព្រោះ​ថា ប្រទេស​កម្ពុជា​មាន​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ»
លោក​ថា បើ​ស៊ើប​អង្កេត​រក​ឃើញ​អំពើ​ពុក​រលួយ​កើត​មាន​ក្នុង​វិស័យ​សុខាភិបាល ដូច​ការ​អះអាង​របស់​បុគ្គលិក​ពេទ្យ​ទើប​ជាប់​ក្របខ័ណ្ឌ​ក្នុង​ក្រសួង​សុខាភិបាល​មែន​នោះ ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល​ត្រូវ​មាន​វិធានការ​ទប់​ស្កាត់។
ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១២ បាន​សម្រេច​ជ្រើសរើស​បុគ្គលិក​ជាង ១ពាន់​នាក់ បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង និង​បាន​ចាត់​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​អង្គភាព​ពាក់ព័ន្ធ​នានា​ទូទាំង​ប្រទេស ដែល​ខ្វះ​បុគ្គលិក​ធ្វើការ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១២៕

No comments:

Post a Comment

yes