មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ កក្កដា បានអោយដឹងថា ប្រទេសកម្ពុជាបានដោះលែងជនជាតិបារាំងម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ទៅតាមសំណើរបស់ប្រទេសចិន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនាថ្ងៃទី១៨ កក្កដា ថា ការដោះលែងនេះគឺប្រទេសកម្ពុជាធ្វើឡើងទៅតាមសំណើរបស់ចិនដែលសុំឲ្យដោះលែង។ លោកបន្តថា ការដោះលែងនេះគឺមិនទាក់ទងទៅនឹងកិច្ចព្រមព្រៀងច្បាប់បត្យាប័នជាមួយប្រទេសចិននោះទេ។
លោក ខៀវ សុភ័គ៖ «នៅប៉ុន្មានថ្ងៃមុននេះ ខាងភាគីចិនគាត់បានធ្វើលិខិតមួយមករដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃយើងនេះ ដើម្បីសុំឲ្យយើងដោះលែងជនជាតិហ្នឹងទៅ។ ដូច្នេះយើងអនុវត្តតាមលិខិតរបស់ចិនហ្នឹង យើងក៏ធ្វើការដោះលែង បានសេចក្ដីថា ស្ថានទូតចិនបានធ្វើលិខិតមកវិញសុំឲ្យដោះលែងគាត់ចុះ។ មុនៗគាត់ចាប់តាមស្ថានទូតចិន ឥឡូវចិនសុំឲ្យយើងដោះលែង យើងដោះលែងគាត់ទៅ»។
កម្ពុជាបានចាប់ខ្លួន លោក ប៉ាទ្រិក ឌឺវីល័រ (Patrick Devillers) តាមសំណើរបស់ចិន ដោយព្រោះបុរសនេះបានជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មទៅលើអ្នកជំនួញសញ្ជាតិអង់គ្លេសម្នាក់ ដែលជាដៃគូរបស់លោក។
ពាក់ព័ន្ធបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេស លោក គុយ គួង មានប្រសាសន៍ថា ការដោះលែងជនជាតិបារាំងគឺ លោក ប៉ាទ្រិក ឌឺវីល័រ បានធ្វើឡើងតាមសំណើរបស់ចិន ហើយគាត់បានធ្វើដំណើរទៅប្រទេសចិនកាលពីយប់ថ្ងៃទី១៧ កក្កដា ដោយស្ម័គ្រចិត្ត និងមានការឯកភាពពីស្ថានទូតបារាំងទៀតផង។
លោក គុយ គួង៖ «ជនជាតិបារាំងឈ្មោះ ប៉ាទ្រិក ហ្នឹង គាត់ធ្វើដំណើរទៅប្រទេសចិនដោយស្ម័គ្រចិត្តគាត់បានធ្វើដំណើរទៅប្រទេសចិនកាលពីយប់មិញណា។ ហើយកម្ពុជាបានដោះលែងគាត់ឲ្យមានសេរីភាពតាមសំណើរបស់ភាគីចិនដែលភាគីចិនស្នើឲ្យមានការដោះលែងគាត់ណា។ ដូច្នេះក្រោយការដោះលែងគាត់មានសិទ្ធិឋិតនៅទីណាឬធ្វើដំណើរទៅណាដោយស្របច្បាប់បាន»។
លោក ប៉ាទ្រិក ឌឺវីល័រ ដែលជាស្ថាបត្យករ អាយុ ៥១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា។ ការឃាត់ខ្លួននេះដែរ ត្រូវបានមន្ត្រីជាន់ខ្ពស់កម្ពុជាឲ្យដឹងថា ធ្វើឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលចិន។ ហើយកន្លងមករដ្ឋាភិបាលបារាំង បានទាមទារយ៉ាងទទូចអោយរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីមូលហេតុជាក់លាក់មួយបញ្ជាក់ពីការឃាត់ខ្លួនពលរដ្ឋរបស់ខ្លួននេះ៕
No comments:
Post a Comment
yes