សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

ថ្នាក់​ដឹក​នាំ​បក្ស​សិទ្ធិមនុស្ស និង​សម រង្ស៊ី ជួប​អ្នក​គាំទ្រ​នៅ​ខេត្ត​តាកែវ


អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ប្រមាណ ៧០០ នាក់ មក​ជួប​ជុំ​គ្នា​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ឆ្នាំ ២០១២។
RFA/Ouk Savborey
២៩-កក្កដា-២០១២៖ អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ស្ដាប់​អ្នក​ដឹកនាំ​បក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស។
ការ​ជួប​ជុំ​គ្នា​នេះ គឺ​ដើម្បី​ស្ដាប់​សេចក្ដីរាយការណ៍ អំពី​ការ​បង្រួបបង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ក្នុង​ការ​បង្កើត​ចលនា​ឈ្មោះ​ថា ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។
អ្នកស្រី ជូឡុង សូម៉ូរ៉ា តំណាង​គណបក្ស សម រង្ស៊ី ថ្លែង​ថា ការ​បង្រួបបង្រួម​គ្នា នៃ​គណបក្ស​ប្រឆាំង​ទាំង ២ បង្កើត​ជា​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ គឺ​ទទួល​នូវ​ភាព​ជោគជ័យ​ធំធេង ដោយ​ប្រមូល​យក​បាន អ្នក​ដែល​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មក​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​កើន​សំឡេង​អ្នក​គាំទ្រ និង​ចំនួន​អាសនៈ ក្នុង​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ រហូត​ដល់​សមាជិក​សភា និង​ព្រឹទ្ធសភា។
អ្នកស្រី ជូឡុង សូម៉ូរ៉ា៖ «ទី​១ គណបក្ស​ថ្មី ដែល​បង្កើត​នៅ​ក្នុង​ក្របខ័ណ្ឌ​ចលនា​យើង​នេះ គឺ​នឹង​មាន​ជីវិត​យូរ​អង្វែង ដូច​គេ​និយាយ​អ៊ីចឹង។ គូ​នេះ គឺ​ជា​គូ​ពិត​ប្រាកដ​ហើយ។ ទី​២ ខ្ញុំ​ហ៊ាន​ព្យាករ ហើយ​ហ៊ាន​ធានា​មុខ​បងប្អូន​ថា ឆ្នាំ ២០១៣ បាន​ផ្លែ​ផ្កា​ហើយ»។
ប្រធាន​គណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា ថ្លែង​ថា គណបក្ស​នេះ មិន​ភ្លេច​ការ​ឃោសនា ដែល​បាន​សន្យា​ជាមួយ​ម្ចាស់​ឆ្នោត មុន​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កន្លង​ទៅ​នោះ​ទេ។ លោក​ថា ការ​គោរព​ពាក្យ​សម្ដី​សន្យា នៃ​ការឃោសនា ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កើន​ឡើង។

លោក កឹម សុខា៖ «គណបក្ស​ទាំង ២ ត្រូវ​បង្កើត​សារ​នយោបាយ​រួម​មួយ ភាសា​តែ​មួយ ដើម្បី​យើង​និយាយ​ភាសា​ដូច​គ្នា។ តើ​សារ​នយោបាយ​រួម​របស់​យើង​នោះ​ស្អី​ខ្លះ? នោះ​ហើយ ជា​ចំណុច​ទី​១ ត្រូវ​ធ្វើ​ជា​បន្ទាន់»។
ពលរដ្ឋ ដែល​ចូល​ស្ដាប់​ផល​ប្រយោជន៍ នៃ​ការ​រួបរួម​គ្នា រវាង​គណបក្ស​ប្រឆាំង​ទាំង ២ នោះ អះអាង​ថា ក្រោយ​ពី​ការ​បង្រួបបង្រួម​គ្នា​ហើយ គណបក្ស​ទាំង ២ មិន​ត្រូវ​បែក​គ្នា​វិញ ដែល​នាំ​ឲ្យ​អ្នក​គាំទ្រ​បាត់​បង់​ជំនឿ​ទេ។
សំឡេង​ពលរដ្ឋ៖ «យើង​ប្រមូល​រួបរួម​គ្នា​ហើយ សូម​កុំ​ឲ្យ​ធ្លុះ កុំ​ឲ្យ​មាន​ប្រេះ​ឆា​ទៅ​ថ្ងៃ​ក្រោយ​ទៀត។  បើ​កាល​ណា​មាន​ប្រេះឆា យើង​កំពប់​ខ្ចាត់​ខ្ចាយ​អស់​ហើយ»។
ឆ្លើយ​តប​បញ្ហា​នេះ លោក កឹម សុខា ថ្លែង​ថា ក្រោយ​ពី​ការ​បង្រួបបង្រួម គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ធ្វើ​ចលនា​រួច​ហើយ នៅ​ក្រៅ​ប្រទេស ជា​នយោបាយ​សម្រាប់​បរទេស។  នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ជុំ​គ្នា​គ្រប់​ខេត្ត ជា​ចលនា​ថ្នាក់​ជាតិ ក្នុង​ការ​បង្រួបបង្រួម។ ចំពោះ​ថ្នាក់ មូលដ្ឋាន គឺ​ជួប​ប្រជុំ​ជា​ទៀង​ទាត់ តាម​ស្រុក ឃុំ សង្កាត់ ដើម្បី​ពង្រឹង​នូវ​ការ​គាំទ្រ។
លោក កឹម សុខា៖ «យើង​ត្រូវ​ធ្វើ​កម្មវិធី​នយោបាយ​រួម សម្រាប់​ពេល​ឃោសនា​បោះឆ្នោត។ យើង​និយាយ​តែ​មួយ តើ​យើង​ជួយ​ប្រជា​រាស្ត្រ​យ៉ាងម៉េច? ពេល​យើង​ឈ្នះ ដឹក​នាំ​រដ្ឋាភិបាល​ឆ្នាំ ២០១៣ នេះ តើ​យើង​ជួយ​គាត់​ស្អី​ខ្លះ? យើង​ដោះស្រាយ​បញ្ហា​នយោបាយ​យ៉ាងម៉េច? បញ្ហា​សេដ្ឋកិច្ច​យ៉ាងម៉េច? បញ្ហា​សង្គមកិច្ច​យ៉ាងម៉េច?»។
ជំទប់​ទី​២ ឃុំ​រំចង់ ស្រុក​សំរោង ខេត្ត​តាកែវ លោក ជិន រស្មី សំណូមពរ​ឲ្យ​ពលរដ្ឋ ទៅ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត អាច​ទៅ​បោះឆ្នោត​ផ្ដល់​សំឡេង ឲ្យ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ កើន​សំឡេង​ឆ្នោត នៅ​ឆ្នាំ ២០១៣។
លោក កឹមសុខា បាន​សន្យា​នាំ​មេឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស សិទ្ធិមនុស្ស ទៅ​ធ្វើ​ទស្សនកិច្ច នៅ​បរទេស​តាម​ការ​សន្យា និង​ត្រៀម​ចែក​កុំព្យូទ័រ និង​រថយន្ត តាម​ឃុំ​សង្កាត់ ដែល​គណបក្ស​សិទ្ធិ​មនុស្ស​ជាប់​ឆ្នោត។ លោក​ណែនាំ​ទៀត​ថា កុំព្យូទ័រ និង​រថយន្ត ដែល​ចែក​នោះ មិន​ចាំបាច់​ប្រើ​តែ​មន្ត្រី​របស់​គណបក្ស សិទ្ធិមនុស្ស ទេ គឺ​ជា​របស់​រួម សម្រាប់​បម្រើ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ នៃ​ប្រទេស​កម្ពុជា។
ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​បង្កើត​ឡើង កាល​ពី​ថ្ងៃ ១៧ ខែ​កក្កដា ឆ្នាំ ២០១២ នៅ​ទីក្រុង ម៉ានីល (Manila) ប្រទេស​ហ្វីលីពីន បន្ទាប់​ពី​គណបក្ស​ទាំង ២ បាន​ជាប់​គាំង​នយោបាយ​រៀង​ខ្លួន តាំង​ពី​ឆ្នាំ ២០០៩ ក្នុង​ការ​បង្រួបបង្រួម​គ្នា។
ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នេះ មាន​គម្រោង​បង្កើត​គណបក្ស​ថ្មី​មួយ នៅ​ពេល​ខាង​មុខ ដែល​មិន​ទាន់​កំណត់​ថា មាន​ឈ្មោះ​អ្វី​នៅ​ឡើយ។ ប៉ុន្តែ ជា​បឋម តំណាង​គណបក្ស​ប្រឆាំង​ទាំង ២ បាន​ជួប​ជា​មួយ​អ្នក​គាំទ្រ​នៅ​មូលដ្ឋាន ដើម្បី​បង្កើន​ការ​ទុក​ចិត្ត និង​ប្រមូល​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​បាន​កាន់​តែ​ច្រើន៕

No comments:

Post a Comment

yes