សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 23, 2012

សកម្មជន​សិទ្ធិមនុស្ស៖ អាជ្ញាធរ​​រតនគិរី រំលោភ​សេចក្ដី​ណែនាំ​ក្រសួង​មហាផ្ទៃ


ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​សេចក្ដី​ណែនាំ​ជា​បន្ត​បន្ទាប់ ទាក់ទិន​ទៅ​នឹង​គោលការណ៍​ស្ដីពី​ពិធី​ជួប​ប្រជុំ​របស់​ប្រជា​ពលរដ្ឋ កម្មវិធី​អប់រំ​ផ្សព្វផ្សាយ សិក្ខាសាលា ឬ​ការ​ប្រារព្ធ​វេទិកា​សាធារណៈ​ជាដើម។
ជា​ពិសេស ច្បាប់​ស្ដីពី​បាតុកម្ម​សន្តិវិធី ត្រូវ​បាន​អនុម័ត កាល​ពី​ឆ្នាំ ២០០៩ ដើម្បី​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្ត​ក្រុង​នានា អនុវត្ត​ឲ្យ​បាន​រលូន​ចៀសវាង​ការ​កើត​មាន​បាតុភាព​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល​ថា គាប​សង្កត់​ទៅ​លើ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​របស់​ប្រជា​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល។
ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ឯ​ខេត្ត​រតនគិរី មាន​សេចក្ដី​រាយការណ៍​ថា អាជ្ញាធរ​ខេត្ត​នៅ​តែ​បន្ត​រឹត​បន្តឹង​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល ផ្ទុយ​ទៅ​នឹង​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​នៅ​ឡើយ។
សកម្មជន​ផ្នែក​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០១២ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​រតនគិរី កំពុង​រំលោភ​ទៅ​លើ​សេចក្ដី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ស្ដីពី​គោលការណ៍​ការ​រៀបចំ​វេទិកា​សាធារណៈ​របស់​អង្គការ​សង្គម​ស៊ីវិល។
អ្នក​សម្របសម្រួល​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ រៀបរាប់​ថា អាជ្ញាធរ​ខេត្ត​រតនគិរី បាន​តម្រូវ​ឲ្យ​អង្គការ​លោក សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ប្រារព្ធ​វេទិកា​សាធារណៈ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យ​អង្គការ​នេះ​ប្រារព្ធ​វេទិកា​សាធារណៈ​នោះ​បាន​ឡើយ។

លោក​បន្ត​ថា នេះ​គឺ​ជា​ប្រការ​ខុស​ឆ្គង​ផ្ទុយ​ទៅ​នឹង​សេចក្ដី​សម្រេច​លេខ ០៥២ ចុះ​ហត្ថលេខា​ដោយ​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ឆ្នាំ ២០០៩ ដែល​បាន​ណែនាំ​ថា ការ​ប្រារព្ធ​វេទិកា​សាធារណៈ​របស់​អង្គការ​សង្គម​ស៊ីវិល ត្រូវ​ជូន​ដំណឹង​មក​អាជ្ញាធរ​មូលដ្ឋាន មុន​ពេល​ប្រារព្ធ​ប្រាំពីរ​ថ្ងៃ (៧ថ្ងៃ) និង​ភ្ជាប់​មក​ជា​មួយ​នូវ​កម្មវិធី​នៃ​ការ​រៀបចំ​វេទិកា​តែ​ប៉ុណ្ណោះ។
លោក ឈឹម សាវុធ៖ «គាត់​ថា ដាច់​ខាត គាត់​អត់​ឲ្យ​ធ្វើ។ គាត់​តម្រូវ​ឲ្យ​សុំ​ច្បាប់​អ៊ីចឹង។ បាន​ន័យ​ថា គាត់​អត់​គោរព​នូវ​ច្បាប់ អត់​គោរព​នូវ​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ​ផង​ហ្នឹង។ អ៊ីចឹង​ខាង​ខ្ញុំ​ទទួល​យក​អត់​បាន​ទេ»។
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មាន​គម្រោង​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ភូមិ​សមុទ្រ​ក្រោម ក្នុង​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី ៣០ ខែ​កក្កដា​ខាង​មុខ​នេះ ក្រោម​ប្រធាន​បទ​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍន៍ ដើម្បី​អញ្ជើញ​ប្រជា​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​នៅ​មូលដ្ឋាន អ្នក​តំណាង​រាស្ត្រ ពី​គណបក្ស​នយោបាយ​ចំនួន​ប្រាំ និង​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី ដើម្បី​ចូលរួម​បញ្ចេញ​មតិ​យោបល់​ពី​បញ្ហា​នានា របស់​ប្រជា​ពលរដ្ឋ។
វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​អាទិត្យ ទី ២២ ខែ​កក្កដា ឆ្នាំ ២០១២ មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​រតនគិរី គឺ​លោក ប៉ាវ ហមផាន ដើម្បី​សុំ​សេចក្ដី​អធិប្បាយ​ជុំវិញ​ចោទ​ប្រកាន់​នេះ​បានទេ។
ចំណែក​នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក សេក ហៃ បាន​បិទ​ទូរស័ព្ទ នៅ​ពេល​អ្នក​យក​ព័ត៌មាន​ប្រាប់​ពី​អត្តសញ្ញាណ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​ការិយាល័យ​រដ្ឋបាល​សាលា​ខេត្ត​រតនគិរី លោក សុខ លី ទទួល​ស្គាល់​ថា លោក​បាន​ទទួល​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​បើក​វេទិកា​របស់​តំណាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ហើយ និង​បាន​បញ្ជូន​លិខិត​នោះ​ទៅ​ថ្នាក់​ដឹក​នាំ​លោក​រួច​ហើយ​ដែរ។
លោក សុខ លី៖ «ខ្ញុំ​អត់​ដឹង​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​បញ្ជូន​ទៅ​លើ​ហើយ ពី​ព្រោះ​ខ្ញុំ​គ្រាន់​តែ​រដ្ឋបាល​ទទួល»។
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ កត់​សំគាល់​ឃើញ​ថា ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​ការ​រៀបចំ​ធ្វើ​វេទិកា​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​មិន​តម្រូវ​ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ខេត្ត​គួរ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​សេចក្ដី​ណែនាំ​របស់​ក្រសួង ដើម្បី​បញ្ចប់​បាតុភាព​ស្ដីពី​ការ​គាប​សង្កត់​ទៅ​លើ​សេរីភាព​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។
លោក ប៉ែន ប៊ុណ្ណារ៍៖ «វា​មិន​ជា​ចម្លើយ​មួយ ដែល​សម​ស្រប​ទេ។ ពេល​នេះ ខេត្ត​រតនគិរី​មាន​សុវត្ថិភាព​ត្រឹមត្រូវ។ យើង​គិត​ថា មិន​អាច​យក​លេស​បញ្ហា​សន្តិសុខ​យក​មក​ពាក់ព័ន្ធ​ទេ​ណា!»។
ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដដែល​ឲ្យ​ដឹង​ថា ផ្អែក​ទៅ​លើ​លិខិត​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ដែល​មាន​តម្លៃ​ជា​ធរមាន លោក​នឹង​រៀបចំ​ប្រារព្ធ​វេទិកា​សាធារណៈ​តាម​ការ​គ្រោង​ទុក បើ​ទោះ​បី​មាន​ការ​ប្រឈម​បែប​ណា​ក្ដី៕

No comments:

Post a Comment

yes