សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 23, 2012

លោក ម៉ម សូណង់ដូ ធ្លាក់​ខ្លួន​ឈឺ​​នៅ​ក្នុង​ពន្ធនាគារ


លោក ម៉ម សូណង់ដូ ត្រូវ​ប្រធាន​ពន្ធនាគារ អនុញ្ញាត​ឲ្យ​ចេញ​ពី​បន្ទប់​ដ៏​តូច​ចង្អៀត​ហើយ នៅ​យប់​ថ្ងៃ​ទី ២១ កក្កដា​នេះ បន្ទាប់​ពី​លោក​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ពី​អ្នក​ទោស​បន្ទប់​រួម​គ្នា។
RFA/Chor Pisethvicheyanandh
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
ស្រប​ពេល​នេះ​ដែរ ភរិយា​របស់​លោក ម៉ម សូណង់ដូ អ្នក​ស្រី ឌិន ផាណារ៉ា សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​សុខភាព​ស្វាមី​របស់​អ្នក​ស្រី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ។ អ្នក​ស្រី​អះអាង​ថា ការ​ស្ថិត​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត អាច​នឹង​ធ្វើ​ឲ្យ​ស្វាមី​អ្នក​ស្រី​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ។
អ្នក​ស្រី ឌិន ផាណារ៉ា ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២២ កក្កដា​ថា ស្វាមី​អ្នកស្រី ត្រូវ​បាន​ប្រធាន​ពន្ធនាគារ​បញ្ជូន​ចេញ​ពី​បន្ទប់​ឃុំឃាំង​តូច​ចង្អៀត ដែល​ផ្ទុក​ទៅ​ដោយ​អ្នក​ទោស​ចំនួន ១៥ នោះ​ហើយ បន្ទាប់​ពី​លោក ម៉ម សូណង់ដូ បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​ធំ​ពី​អ្នក​ទោស​នៅ​បន្ទប់​ជា​មួយ​គ្នា​នោះ​មក។
អ្នកស្រី​លើក​ឡើង​បន្ត​ថា អ្នក​ស្រី​មិន​ទាន់​ដឹង​ប្រាកដ​ថា ស្វាមី​អ្នក​ស្រី ត្រូវ​គេ​អនុញ្ញាត​ឲ្យ​នៅ​បន្ទប់​ថ្មី​រហូត ឬ​គេ​ឲ្យ​គាត់​ត្រឡប់​មក​បន្ទប់​ចាស់​វិញ ឬ​យ៉ាង​ណា​នោះ​ទេ។ តែ​អ្នក​ស្រី​បញ្ជាក់​ថា ប្រហែល​ជា​គេ​អាច​នឹង​យក​គាត់​ត្រឡប់​ទៅ​បន្ទប់​ចាស់​នោះ​វិញ បន្ទាប់​ពី​គាត់​សះ​ស្បើយ​ពី​ជំងឺ​នោះ។

អ្នក​ស្រី ឌិន ផាណារ៉ា៖ «គេ​យក​ទៅ​ដាក់​នៅ​កន្លែង​គិលានដ្ឋាន កន្លែង​អាំងហ្វែរម៉ារី (infirmary) កន្លែង​ហ្នឹង​ស្រួល​បន្តិច មាន​គ្រែ​គេង​ស្រួល។ លោក​ប្រធាន​ពន្ធនាគារ​ហ្នឹង​យក​គាត់​ទៅ​ឲ្យ​សម្រាន្ត​នៅ​កន្លែង​អាំងហ្វែរម៉ារី​ហ្នឹង បាន​ស្រួល​ជាង​មុន អត់​នៅ​ឡូកឡំ​អ៊ីចឹង។ ពីព្រោះ​គាត់​ឈឺ​ផ្ដាសាយ​ធំ​រលាក​បំពង់​ក និយាយ​អត់​ចេញ ហើយ​ក្អក​ខ្លាំង ព្រោះ​ឆ្លង​ផ្ដាសាយ​ពី​អ្នក​ផ្សេងៗ ដែល​នៅ​ច្រើន​គ្នា ពីព្រោះ​បន្ទប់​ហ្នឹង​វា​តូច​ក្អក​ចុះ ក្អក​ឡើង​ឆ្លង​ពេញ​ហ្នឹង»។
អ្នកស្រី ឌិន ផាណារ៉ា ធ្លាប់​មាន​ប្រសាសន៍​ថា ស្វាមី​របស់​អ្នកស្រី អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ បើ​សិន​តុលាការ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ស្វាមី​របស់​អ្នក​ស្រី​នៅ​ក្រៅ​ឃុំ តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ទេ​នោះ។
អ្នក​ស្រី​អះអាង​បន្ត​ថា អ្នក​ស្រី​បាន​ចូល​ជួប​លោក ម៉ម សូណង់ដូ នៅ​គុក​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី ១៩ កន្លង​ទៅ ហើយ​លោក​បាន​ប្រាប់​អ្នក​ស្រី​ថា បន្ទប់​ឃុំ​ខ្លួន​របស់​លោក​មាន​ទំហំ​តូច​ចង្អៀត ហើយ​ដាក់​អ្នក​ទោស​ដល់ ១៥ នាក់​ក្នុង​បន្ទប់​នោះ។ ដូច្នេះ ដោយសារ​ស្ថានភាព​ចង្អៀត​ណែន និង​បរិស្ថាន​មិន​ល្អ ក្នុង​មួយ​យប់​ស្វាមី​អ្នក​ស្រី​សម្រាន្ត​បាន​ត្រឹម​បី​ម៉ោង​ទេ។
អ្នក​ស្រី​បញ្ជាក់​បន្ថែម​ថា បើ​សិន​ស្វាមី​អ្នក​ស្រី នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ជា​បន្ត​ទៀត  អ្នក​ស្រី​ខ្លាច​ថា ស្វាមី​អ្នក​ស្រី​មិន​អាច​ទប់ទល់​ស្ថានភាព​នោះ​បាន​ទេ ព្រោះ​គាត់​មាន​វ័យ​ចំណាស់​គួរ​សម​ដែរ​ហើយ។
ពាក់ព័ន្ធ​ទៅ​នឹង​សុខភាព​លោក ម៉ម សូណង់ដូ នេះ អ្នក​ស្រី ឌិន ផាណារ៉ា ថ្លែង​ថា បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ ស្វាមី​អ្នក​ស្រី​បាន​ឆ្លង​រោគ​ផ្ដាសាយ​ធំ ហើយ​ឥឡូវ​នេះ គាត់​មិន​អាច​និយាយ​បាន​ទេ ដោយសារ​មេរោគ​ផ្ដាសាយ​នោះ។
អ្នក​ស្រី​ឲ្យ​ដឹង​បន្ត​ថា បច្ចុប្បន្ន​ស្វាមី​អ្នក​ស្រី និង​ផ្សេងៗ ទៀត កំពុង​ឆ្លង​រោគ​ផ្ដាសាយ​ត​គ្នា។ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​នេះ​ដែរ អ្នក​ស្រី​កំពុង​ពឹង​មេធាវី ឲ្យ​ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា ស្នើសុំ​តុលាការ​អនុញ្ញាត​ធានា​ខ្លួន​ស្វាមី​អ្នក​ស្រី​ឲ្យ​នៅ​ក្រៅ​ឃុំ។
ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សុក សំអឿន មេធាវី​ការពារ​ក្ដី​លោក ម៉ម សូណង់ដូ អះអាង​ថ្ងៃ​ទី ២០ កក្កដា​ថា លោក​មិន​ទាន់​បាន​ចាត់ចែង​លើ​បញ្ហា​ធានា​ខ្លួន​នេះ​នៅ​ឡើយ​ទេ។ តែ​លោក​បញ្ជាក់​ថា ការ​សុំ​ធានា​ខ្លួន​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន លុះ​ត្រា​ការ​ឃុំ​ខ្លួន​នោះ​រំលង​បាន ១ ខែ បន្ទាប់​ពី​មាន​ការ​ចៅក្រម​ស៊ើបសួរ សម្រេច​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​នោះ​មក។
លោក សុក សំអឿន៖ «មិន​ទាន់​បាន​គិត​គូរ​ទេ កំពុង​តែ​នៅ​ពិភាក្សា​គ្នា​នៅ​ឡើយ ព្រោះ​តាម​ពិត វា​ទាល់​តែ​មួយ​ខែ បាន​យើង​មាន​សិទ្ធិ។ អ៊ីចឹង​ទេ ទាល់​តែ​ឧទ្ធរណ៍»។
លោក ម៉ម សូណង់ដូ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី ១៥ កក្កដា បន្ទាប់​ពី​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ចាប់​ខ្លួន ដោយ​ចោទ​ថា លោក​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នៅ​ពី​ក្រោយ​ខ្នង ក្រុម លោក ប៊ុន រដ្ឋា ដែល​អាជ្ញាធរ​អះអាង​ថា ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍ នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ទោះ​ជា​យ៉ាង​ណា​ក្ដី គេ​នៅ​ចាំ​បាន​ថា លោក ម៉ម សូណង់​ដូ ដែល​ជា​ប្រធាន​វិទ្យុ​សម្បុក​ឃុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ធ្លាប់​បាន​អះអាង​មុន​ពេល​ចាប់​ខ្លួន​ថា លោក​​មិន​ខ្លាច​ការ​ចាប់​ខ្លួន​ទេ ព្រោះ​លោក​បញ្ជាក់​ថា លោក​គ្មាន​ហុស៕

No comments:

Post a Comment

yes