សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

សម្ដេចក្រុមព្រះ បញ្ចប់​តួនាទី​លោក សៅ រ៉ានី ជា​អគ្គលេខាធិការ​បក្ស​

ភ្នំពេញ: ​ទីបំផុត​ទៅ លោក សៅ រ៉ានី ដែលជា​អគ្គលេខាធិការ​គណបក្ស និង​សហជីវិន ៥ នាក់​ផ្សេងៗ​ទៀត ដែល​ចង់​ឲ្យ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ យាង​ចេញពី​ជិវិត​នយោបាយ​នោះ ត្រូវបាន​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រេច​បញ្ចប់​តួនាទី​ពី​គណបក្ស នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ ព្រមទាំង​បដិសេធ និង​មិន​ទទួលស្គាល់​នូវ​ការចុះហត្ថលេខា​របស់លោក សៅ រ៉ានី នៅក្នុង​កំណត់ហេតុ​ប្រជុំ ស្ដីពី​ការរួបរួម​គ្នា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ​។ 

​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ក្រោយពី​បានឃើញ​កំណត់ហេតុ​ប្រជុំ ស្ដីពី​ការរួបរួម​គ្នា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ​២០១២ រវាង​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ ហើយ​ដែល​ត្រូវបាន​ផ្សាយ​តាម​បណ្ដាញសារព័ត៌មាន នា​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០១២ គណបក្ស​នរោត្តម រណឫទ្ធិ សូម​ប្រកាស​បដិសេធ និង​មិន​ទទួលស្គាល់​ជាដាច់ខាត នូវ​ការចុះហត្ថលេខា​របស់លោក សៅ រ៉ានី នោះឡើយ​។ 

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា “​គណបក្ស​នរោត្តម រណឫទ្ធិ មិនដែល​បាន​ចាត់តាំង លោក សៅ រ៉ានី ទៅធ្វើ​ការចរចា​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ដីពី​ការរួបរួម​គ្នា​នោះទេ​។ ដូច្នេះ​ការចុះហត្ថលេខា​របស់លោក សៅ រ៉ានី នោះ មិន​តំណាង​ឲ្យ​គណបក្ស​នរោត្តម រណឫទ្ធិ​ឡើយ​”​។​


​សេចក្ដីប្រកាស​បានបញ្ជាក់​បន្តថា “​គណបក្ស​នរោត្តម រណឫទ្ធិ គ្មាន​គម្រោង​អញ្ជើញ​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​សមាជិក​-​សមាជិកា មក​ប្រជុំ​នៅ​ទីស្នាក់ការ​កណ្ដាល​រាជធានី​ភ្នំពេញ​ទ​”​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​២០​កក្កដា​នេះដែរ សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ក៏​បានចេញ​សេចក្ដីសម្រេច បញ្ចប់​តួនាទី​អគ្គលេខាធិការ អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស នរោត្តម រណឫទ្ធិ ដូច​មាន​រាយ​នាម​ខាងក្រោម​៖

១. សហជីវិន សៅ រ៉ានី អគ្គលេខាធិការ ជំនួយ​ដោយ សហជីវិន ឈឹម សៀ​ល​ឡេង​
២. សហជីវិន ផែង ហេង អគ្គលេខាធិការរង​
៣. សហជីវិន ឃឹម សិលា អគ្គលេខាធិការរង​
៤. សហជីវិន ថាវ គីម​ឡុង អគ្គលេខាធិការរង 
៥. សហជីវិន ឡុង លីម អគ្គលេខាធិការរង 
៦. សហជីវិន យស់ សូលី សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​។​

​សូមជម្រាបថា លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ បាន​ចុះហត្ថលេខា​ក្នុង​កំណត់ហេតុ​ប្រជុំ ស្ដីពី ការរួបរួម​គ្នា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ ដើម្បី​ពិភាក្សា​ដំណើរការ​បង្រួបបង្រួម​គណបក្ស​ទាំងពីរ​ឡើ​វិញ ស្របតាម​សេចក្ដីប្រកាស​រួម​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២​។​

​ក្រោយពី​ពិភាក្សាគ្នា​ល្អិតល្អន់​រួចមក ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដូចខាងក្រោម​៖

I. គណបក្ស​ទាំងពីរ​នឹង​រួបរួមគ្នា​ជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តែមួយ ដើម្បី​ចូលរួម​បោះឆ្នោត​សាកល​ឆ្នាំ​២០១៣ ខាងមុខនេះ​។​

II. ធ្វើការ​តែងតាំង​បន្ថែម​សមាសភាព​មកពី​គណបក្ស នរោត្តម រណឫទ្ធិ ឲ្យ​ទទួល​ដឹកនាំ​រចនាសម្ព័ន្ធ​ដែលមាន​ស្រាប់ នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូចជា ៖
​    ​១. អនុប្រធាន​ប្រតិបត្តិ​គណបក្ស ចំនួន ១​រូប (​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានតែ​មួយរូប​)
​    ​២. អគ្គលេខាធិការរង​ទី​១ ចំនួន ១​រូប​
​    ​៣. អគ្គលេខាធិការរង ចំនួន ៣​រូប​
​    ​៤. គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន ៧​រូប​
​    ​៥. គណៈកម្មាធិការ​នាយក និង​ក្រុម​ប្រឹក្សាជាតិ មួយចំនួន​តាម​ការចាំបាច់ និង​សមស្រប​។​
​    ​៦. គណៈកម្មការ​ប្រតិបត្តិ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​-​សង្កាត់ និង​រចនាសម្ព័ន្ធ​ដឹកនាំ​ដទៃ​ផ្សេងទៀត តាម​ករណី​នីមួយៗ ផ្អែក​តាម​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១២​។​

III. បេក្ខភាព​អគ្គលេខាធិការ​នឹងត្រូវ​ពិភាក្សា​នៅពេល​ក្រោយ ដោយ​ផ្អែកលើ​សមត្ថកិច្ច លទ្ធភាព និង​សកម្មភាព​។​

IV. ការកែប្រែ​រចនាសម្ព័ន្ធ​ផ្សេងទៀត ដែល​ប៉ះពាល់​ដល់​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ទុក​ឲ្យ​អង្គសមាជ ដែលមាន​សមាសភាព​ម​ក​ពី​គណបក្ស​ទាំងពីរ ពិនិត្យ និង​សម្រេច​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។​

​សូម​រម្លឹកថា អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក សៅ រ៉ានី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងនាម​លោក​ជា​អគ្គលេខាធិការ​គណបក្ស រួមទាំង​អគ្គលេខាធិការរង​ចំនួន ៦​រូប ផ្សេងទៀត បានធ្វើ​លិខិត​ទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ អំពី​សម្តេចក្រុមព្រះ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ សុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើជា​ចៅ​មហា ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ត្រូវបាន​បរាជ័យ​វិញ​។​

​លោក សៅ រ៉ានី បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​សុំ​អនុញ្ញាត​ពី​លោក ដើម្បី​ឲ្យ​លោក​យាង​សម្រាក​ពី​នយោបាយ​សិន​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ខ្ញុំ ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ​។ បន្ទាប់មក កាលណា​យើង​បាន​បង្រួបបង្រួម​គ្នា​ហើយ ឯកភាពគ្នា​ហើយ នឹង​យាង​លោក មក​ធ្វើជា​ប្រធាន​ទៅ​។ អាហ្នឹង​វាច​ប់ កុំ​ឲ្យ​វា​មាន​ឧបសគ្គ​”​។​

​ជាមួយគ្នា​នោះ លោក សៅ រ៉ានី បាន​អះអាងថា ក្នុងនាម​លោក​ផ្ទាល់ លោក​ក៏បាន​ធ្វើលិខិត​ទូលថ្វាយ​សម្តេចក្រុមព្រះ​ដែរ អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក សៅ រ៉ានី បាន​បន្តថា លោក​ចង់​ឲ្យ​គណបក្ស​ទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ) បង្រួបបង្រួម​គ្នា មានដំណើរ​ការដើរ​ដោយ​រលូន ដើម្បី​ជៀសវាង កុំ​ឲ្យ​កើតមាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង​។​

​លោក សៅ រ៉ានី ក៏បាន​សុំ​ការអនុញ្ញាត​ពី​សម្តេចឪ សម្តេចម៉ែ ឲ្យ​សម្តេចក្រុមព្រះ យាង​សម្រាក​ពី​នយោបាយ ហើយ​លោក​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​លោក​ទៅ​បំពេញ​កិច្ចការ​សង្គមកិច្ច ជាមួយ​ព្រះ​ហា​ក្សត្រ សិន​ទៅ​។​

​លោក សៅ រ៉ានី បាន​ព្យ​ល់​ថា "​បើសិនជា​មិន​ធ្វើ​ចឹ​ង​ទេ វា​អត់​ចេញរួច​។ អត់​មាន​ច្រក​ណា​ដែល​អាច​ដំណើរការ​ទៅមុខ​បាន​។ លោក​ធ្វើ​នេះ គឺ​ចង់​សម្របសម្រួល​ទេ ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ទាំងពីរ​កុំ​មានការ​បែកបាក់​គ្នា ហើយ​សម្របសម្រួល​គ្នា​ទៅ​។ លោក​មើលទៅ​យន្តការ​មាន​មួយ អត់​មួយ វា​អត់​ទៅរួច​ទេ​។ លោក​មិន​ចង់​ឲ្យ​គណបក្ស​ទាំងពីរ​សាបសូន្យ​នៅ​ឆ្នាំ​២០១៣​ទេ​។ បើកាលណា​វា​រួមគ្នា វា​មាន​សំឡេង បើ​បែក​គ្នា វា​អត់​សំឡេង​"​។​

​ចំពោះ​លិខិត​របស់លោក សៅ រ៉ានី ទូលថ្វាយ​សម្តេចក្រុមព្រះ និង​សម្តេចឪ សម្តេចម៉ែ នៅ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​នៅឡើយ​ទេ​៕​

No comments:

Post a Comment

yes