សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

អាជ្ញាធរ​ហាម​ពលរដ្ឋ​ជួបជុំ​គ្នា​ការពារ​ព្រៃ​សហគមន៍

120720_04
ពល​រដ្ឋ​ខេត្ត​ស្វាយ​រៀងមកជួបជុំ​គ្នានៅ​ព្រៃ​សហគមន៍​​
ស្វាយរៀងៈ អាជ្ញាធរ​ស្រុក​រមាស​ហែក​បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​តំណាង​ប្រជា​ពលរដ្ឋ ចំនួន​៤​រូប​នៅ​ក្នុង​ឃុំ​ក្រសាំង ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​មិត្តភាព ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​សុំ​បង្កើត​ព្រៃ​សហគមន៍​របស់​ពួក​​គេ ព្រោះ​ជា​សកម្មភាព​អនាធិបតេយ្យ​ខុស​​ច្បាប់​រដ្ឋ។
នៅ​ក្នុង​លិខិត​ដែល​បាន​ចេញ​ដោយ​លោក​ ហែម សុគន្ធ អភិបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា តំណាង​ប្រជា​ពលរដ្ឋ​នៅ​ឃុំ​ក្រសាំង​ចំនួន​បួន​រូប​ដែល​មាន​ឈ្មោះ​ ចាប សុផាត ប៊ូ សាមុត ណិប ធឿន សួន សីហា សូម​បញ្ឈប់​សកម្មភាព​ដែល​ជា​ហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់ សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម ការ​សុំ​បង្កើត​ព្រៃ​សហគមន៍​របស់​ប្រជាពលរដ្ឋ​កន្លង​ទៅ​គឺ​ពុំ​ទាន់​មាន​ការ ទទួល​ស្គាល់​ជា​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ​។ លោក​បាន​បញ្ជាក់​ថា​៖ «សកម្មភាព​ដែល​បាន​ធ្វើ​កន្លង​ទៅ​ដូច​ជា ការ​ហែ​ក្បួន ការ​បោះ​ព្រំ​ដី​ មិន​បាន​ស្តាប់​ការ​អប់រំ​ណែនាំ​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ សកម្មភាព​បែប​នោះ​គឺជា​សកម្មភាព​អនាធិបតេយ្យ​ខុស នឹង​ច្បាប់​របស់​រដ្ឋ​យើង​»។

លោក​ចាប សុផាត​ តំណាង​ពលរដ្ឋ​ដែល​ត្រូវ​បាន​ហាម​មិន​ឲ្យ​ជួប​ជុំ​គ្នា​នោះ​បាន​ឲ្យ​ដឹង​ថា​ លោក​មិន​យល់​អំពី​លិខិត​របស់​លោក​អភិបាល​ស្រុក​ដែល​បាន​ចេញ​ហាម​រូប​គាត់​ និង​ពលរដ្ឋ​ផ្សេង​ទៀត​មិន​ឲ្យ​ការពារ​ព្រៃ​សហគមន៍​នោះ​ទេ​។ លោក​មិន​ដឹង​ថា​លោក​អភិបាល​រូប​នោះ​គាត់​ចង់​ធ្វើ​អ្វី​នោះ​ទេ។​ លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ពលរដ្ឋ​ដែល​នាំ​គ្នា​ពុះពារ​ថែរក្សា​ព្រៃ​បែរ​ជា​ត្រូវ​បាន​គេ​ហាម​ទៅ​ វិញ​ ចុះ​ហេតុ​អ្វី​ក៏​លោក​អភិបាល​ស្រុក​មិន​ទៅ​ហាម​ក្រុមហ៊ុន​ដែល​គេ​ឈូស​ ព្រៃ​ម៉េច​ក៏​មិន​ចេញ​លិខិត​ឲ្យ​គេ​ឈប់​ឈូស​ព្រៃ​ផង​»។​
លោក​បាន​ឲ្យ​ដឹង​ថា លោក​នឹង​មិន​បញ្ឈប់​សកម្មភាព​ក្នុង​ការ​ការពារ​ព្រៃ​និង​ថែរក្សា​ព្រៃ​នោះ​ទេ ប្រសិន​អាជ្ញាធរ​នៅ​មិន​ទាន់​សម្រេច​ថា​ព្រៃ​នោះ​ត្រូវ​បាន​ថែរក្សា​ទុក។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖​«ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ច្បាប់​ឬ​នោះ​ទេ​ ខ្ញុំ​គ្រាន់​តែ​ការពារ​ព្រៃ​ប៉ុណ្ណោះ​»។​
លោក ប៊ូ សាមុត តំណាង​ ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ប្រហែល​ជា​មាន​គោល​បំណង​អ្វី​មួយ​ក្នុងការ​ហាម​ពួក​លោក​ដែល​ជា​ តំណាង​នោះ​វា​អាច​មាន​អ្វី​ផ្សេង​នៅ​ពី​ក្រោយ​ការ​ហាម​នោះ​ ពីព្រោះ​អី​ទង្វើ​របស់​ពលរដ្ឋ​ដែល​គ្រាន់​តែ​ការពារ​ព្រៃ​នោះ​វា​មិន​មាន​អី្វ ​ទៅ​ប៉ះពាល់​សន្តិសុខ​សណ្តាប់​ធ្នាប់​នោះ​ទេ​។ ​លោក​បាន​ឲ្យ​ដឹង​ថា​ ៖ «​ខ្ញុំ​មិន​ខ្លាច​ចំពោះ​ការ​ចេញ​លិខិត​នោះ​ទេ​ ហើយ​ក៏​មិន​បាច់​គំរាម​ដែរ ខ្ញុំ​នឹង​ធ្វើ​ការ​ការពារ​រហូត​ដល់​ពួក​ខ្ញុំ​ទទួល​បាន​ព្រៃ​នោះ​មក​ ថែរក្សា​ជា​សម្បត្តិ​រួម​នៅ​ក្នុង​សហគមន៍​»។
ប្រជា​ពលរដ្ឋ ១០​ភូមិ នៅ​ឃុំ​ក្រសាំង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មិត្តភាព​បាន ធ្វើ​ការ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​លើ​ផ្ទៃ​ដី​ចំនួន​៥០០​ហិកតា​ដើម្បី​រក្សា​ព្រៃ សហគមន៍​ចាប់​តាំង​ពី​ខែ មករា ឆ្នាំ ២០០៦។
លោក ហែម សុគន្ធ​ អភិបាល​ស្រុក​រមាស​ហែក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ មូល​ហេតុ​ដែល​លោក​ចេញ​នូវ​លិខិត​នោះ​ដោយសារ​តែ​ឃើញ​ភាព​អនាធិបតេយ្យ​ពេក​ ហើយ​ពួក​គេ​មិន​ស្តាប់​ការ​ហាម​ប្រាម​របស់​អាជ្ញាធរ​ដើរ​ហែក្បូន​ធ្វើ​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ពីព្រោះ​ដី​ព្រៃ​សហគមន៍​របស់​គេ​ពុំ​ទាន់​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ទេ​។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ចេតនា​របស់​ពលរដ្ឋ​ទាំង​នោះ​គ្រាន់​តែ​ចង់​បាន​ដី​នោះ​ហើយ​យក​មក​វាស់​វែង​ ចែក​គ្នា​តែ​ប៉ុណ្ណោះ។​ ខ្ញុំ​គាំទ្រ​នូវឆន្ទៈ​របស់​ពួក​គេ​ដែល​ចង់​ការពារ​ព្រៃ​ ប៉ុន្តែ​នៅ​កន្លែង​នោះ​គ្មាន​ព្រៃ​ទេ​មាន​តែ​ស្មៅ​។ ខ្ញុំ​ស្រឡាញ់​ប្រជាពលរដ្ឋ​ តែ​ពលរដ្ឋ​ត្រូវ​ចេះ​គោរព​អាជ្ញាធរ​ផង​»។​
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ថ្លែង​ថា ​នៅ​ក្នុង​លិខិត​របស់​លោក​អភិបាល​ស្រុក​ដែល​បាន​ចេញ​ហាម​ពលរដ្ឋ​មិន​ឲ្យ​ ប្រជុំ​គ្នា​ធ្វើ​អ្វី​មួយ​នោះ​គឺជា​ការ​គំរាម​មក​លើ​ពលរដ្ឋ​ពី​ព្រោះ​នៅ​ ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ពលរដ្ឋ​មាន​សិទ្ធិ​សម្តែង​ មតិ​តវ៉ា​ ពីព្រោះ​សិទ្ធិ​របស់​គេ​ត្រូវ​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ របស់​កម្ពុជា៕

No comments:

Post a Comment

yes