នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលកំពុងជាប់ពន្ធនាគារព្រៃសបានអំពាវនាវរកអន្តរគមន៍ពីអន្តរជាតិ ជួយរកយុត្តិធម៌ឲ្យលោករួចផុតពីការចោទប្រកាន់។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ដែលបានចូលសួរសុខទុក្ខ លោក ម៉ម សូណង់ដូ នៅពន្ធនាគារព្រៃស នារសៀលថ្ងៃសុក្រទី២៧ ខែកក្កដានេះ បានឲ្យដឹងថា លោក ម៉ម សូណង់ដូ នៅតែអះអាងថា លោកមិនមានកំហុសដូចការចោទប្រកាន់របស់រដ្ឋាភិបាលទេ។ លោក អ៊ូ វីរៈ បន្តថា អ្វីដែល លោក ម៉ម សូណង់ដូ ធ្វើបទសម្ភាសន៍ក្នុងកម្មវិធីវិទ្យុរបស់លោកកន្លងមក គ្រាន់តែបំពេញតួនាទីជាអ្នកព័ត៌មានឯករាជ្យម្នាក់ប៉ុណ្ណោះ ហើយ លោក ម៉ម សូណង់ដូ សុំឲ្យអន្តរជាតិជួយអន្តរាគមន៍ រកយុត្តិធម៌ករណីនេះ។
យ៉ាងនេះក្តី រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារិទ្ធិ ឆ្លើយតបជាមួយ VOD តាមរយៈសារអេឡិតត្រូនិច ហ្វេសបុក នៅពេលថ្មីៗនេះថា ការចាប់ខ្លួន លោក ម៉ម សូណង់ដូ មិនជាប់ពាក់ព័ន្ធនឹងវិជ្ជាជីវៈអ្នកសារព័ត៌មានទេ។
ក៏ប៉ុន្តែ ក្រោយសាលាដំបូងរាជធានីភ្នំពេញបញ្ជូន លោក ម៉ម សូណង់ដូ ទៅឃុំខ្លួន នៅពន្ធនាគារព្រៃស អង្គការសង្គមស៊ីវិលចំនួន ១០យ៉ាងតិច មានអង្គការលីកាដូ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការសិទ្ធិលំនៅឋាន មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការមួយចំនួនទៀតបានចេញសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញថា ការចាប់ខ្លួនលោក ម៉ម សូណង់ដូ គឺទាក់ទងនឹងសេរីភាពសារព័ត៌មាន។
សេចក្តីថ្លែងការណ៍នោះ អះអាងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ វិទ្យុសំបុកឃ្មុំ ដែលលោក ម៉ម សូណង់ដូ ដើរតួជាអ្នកសារព័ត៌មាន បានផ្សាយអំពី ការទទួលពាក្យបណ្តឹងថ្ងៃទី២២ ខែមិថុនារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ពីបទឧក្រឹដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ការផ្សាយនោះ បូករួមទាំងការសាកសួររបស់លោក ម៉ម សូណង់ ទៅលោក សួន សេរីរដ្ឋា ដែលជាដើមបណ្ដឹង និងជាអ្នកដែលរិះគន់រដ្ឋាភិបាល៕
No comments:
Post a Comment
yes