ក្រុមស្រី១៣នាក់និងអ្នកភូមិបឹងកក់ លើកដៃសំពះអរគុណលោកស្រី គ្លីនតុន
មុខទូតអាមេរិកនៅភ្នំពេញ
ភ្នំពេញៈ អតីតស្ត្រីជាប់ពន្ធនាគារព្រៃស(ម២)១៣នាក់ ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់បឹងកក់ និងអ្នកភូមិប្រមាណជាង ៣០នាក់ កាលពីព្រឹកថ្ងៃអង្គារ បាននាំគ្នាទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីដាក់លិខិតថ្លែងអំណរគុណចំពោះកិច្ចអន្តរាគមន៍របស់លោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីល ឡារីគ្លីនតុន និងអង្គការសហគមន៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសដៃគូអភិវឌ្ឍន៍នានា ដែលបានជួយឲ្យពួកគេរួចផុតពីការឃុំខ្លួននៅពន្ធនាគារ មុនកាលកំណត់របស់សាលាដំបូងរាជធានីភ្នំពេញ។
ក្នុងលិខិតថ្លែងអំណរគុណដែលមានស្នាមផ្ដិតមេដៃរបស់មេដឹកនាំ នៃក្រុមស្ត្រីទាំង១៣នាក់លើកឡើងថា ការអន្តរាគមន៍ និងគាំទ្រដ៏ថ្លៃថ្លាទាំងនេះ ពិតជាបានជួយដល់ពួកគាត់បានជួបជុំកូនចៅ ប្ដីប្រពន្ធ និង បងប្អូនញាតិមិត្ត និងមានសេរីភាពឡើងវិញ។ សកម្មភាពនេះ គឺជាការបង្ហាញនូវសាមគ្គីភាពដ៏ល្អ ដើម្បីជំរុញឲ្យមានការ«គោរពសិទ្ធិមនុស្សសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដដល់សង្គមកម្ពុជាទាំងមូល»។
ក្រុមស្ត្រីទាំងនេះ បានសរសេរនៅក្នុងលិខិតថ្លែងអំណរគុណដែរថា ពួកគាត់បានដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូលហើយដែរ ដើម្បីទាមទារឲ្យលុបការចោទប្រកាន់និងផ្តល់នូវសុចរិតភាពជូន ពួកគាត់វិញ និងបានអំពាវនាវសុំឲ្យមានការគាំទ្រនិងឃ្លាំមើលករណីនេះជាបន្តទៀត។
អ្នកស្រី តុល ស្រីពៅ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី១៣នាក់ ដែលត្រូវរងការដាក់ទោសពីតុលាការ រាជធានីភ្នំពេញ និងត្រូវសាលាឧទ្ធរណ៍បន្ថយទោសឲ្យនៅត្រឹមមួយខែបីថ្ងៃ ពីបទប្រឆាំងមន្ត្រីសាធារណៈនិងកាន់កាប់អចលនវត្ថុរបស់បុគ្គល ក្នុងតំបន់បឹងកក់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាពីម្សិលមិញថា ដោយសារតែការជួយអន្តរាគមន៍ពីលោកស្រី ហ៊ីលឡារី គ្លីនតុន ទើបពួកគាត់មានឱកាសបានមករស់ជួបជុំក្រុមគ្រួសារ ព្រមទាំងប្ដីនិងកូនជាទីស្រឡាញ់វិញ។
អ្នកស្រីបន្តថា៖ «នេះជាហេតុផលដែលយើងខ្ញុំមកទីនេះ ដើម្បីដាក់លិខិតថ្លែងអំណរគុណចំពោះគាត់ [អ្នកស្រី គ្លីនតុន]»។
អ្នកស្រីថ្លែងបញ្ជាក់ថា៖ «យើងខ្ញុំយល់ថា សាលាឧទ្ធរណ៍មិនបានផ្ដល់នូវសុចរិតភាពដល់ពួកខ្ញុំទេ...យើងនៅតែ មានឈ្មោះថាជាអ្នកទោស បើទោះជាពួកយើងខ្ញុំមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះ ក៏ដោយ»។
លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក និងគណៈប្រតិភូមួយចំនួននឹងមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី១១ ខែកក្កដានេះ ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំនានាមួយចំនួនទៀត នៅរាជធានីភ្នំពេញ និងក្រុងអង្គរខេត្តសៀមរាប។ លោកស្រីគ្រោងនឹងលើកឡើងនូវប្រធានបទជាច្រើន ដែលរួមមានបញ្ហាសេដ្ឋកិច្ច សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រី នៅក្នុងកិច្ចប្រជុំមួយនៅក្រុងសៀមរាបអង្គរ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃព្រហស្បតិ៍មុន។
លោកស្រី គ្លីនតុន បានអំពាវនាវ កាលពីថ្ងៃទី១២ ខែមិថុនា សុំឲ្យរដ្ឋាភិបាលកម្ពុជាពិនិត្យសាជាថ្មីលើបញ្ហាវិវាទដីធ្លីនៅកម្ពុជា ដោយសង្កត់ធ្ងន់ថា អាជ្ញាធរមួយចំនួនត្រូវគេរាយការណ៍ថា បានបិទសិទ្ធិសេរីភាពពលរដ្ឋ ក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងជម្លោះដីធ្លីនិងបានចាប់ពលរដ្ឋដាក់ពន្ធនាគារថែមទៀត។ លោកស្រីបានស្នើឲ្យពិនិត្យឡើងវិញពីបញ្ហាចាប់ស្ត្រីបឹងកក់១៣នាក់ និងអ្នកភូមិពីរនាក់ដាក់គុក ព្រោះតែការតវ៉ាក្នុងជម្លោះដីធ្លីនោះផងដែរ៕
No comments:
Post a Comment
yes