សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

នាយក​រដ្ឋ​មន្ត្រី​ច្រាន​ចោល​ក្តី​បារម្ភ​របស់​បក្ស​ប្រឆាំង រឿង​សង់​ទំនប់​វារីអគ្គិសនី

120711_04a
លោក សុន ឆ័យ តំណាង​រាស្ត្រគណ​បក្ស​ប្រឆាំង
ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​ច្រានចោល នូវ​ក្តី​បារម្ភ ដែល​លើក​ឡើង​ដោយ​លោក សុន ឆ័យ សមាជិក​សភា​គណបក្ស​សម រង្ស៊ី អំពី​ទំនប់​វារីអគ្គិសនី​មួយ ដែល​គេ​ស្នើ​ឡើង​ស្ថិត​នៅ​ជ្រលង​ភ្នំ​ស្ទឹង​ជ័យ​អារែង ដែល​អាច​ជន់​លិច​ដី​រហូត​ដល់​ ២​ ម៉ឺន​ហិកតា​។
កាល​ពី​ខែ​កុម្ភៈ លោក សុន ឆ័យ បាន​សរសេរ​លិខិត​មួយ ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្រ្តី​ ដោយ​ជំរុញ​ឲ្យ​លោក​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់ នៅ​ខាង​ក្រៅ​តំបន់​កាប់​ព្រៃ​ស្រប​ច្បាប់​ដែល​គេ​ធ្វើ​សម្រាប់​អាង ស្តុក​ទឹក​ទំនប់​ស្ទឹង​តាតៃ នៅ​ខេត្ត​កោះកុង និង​ការ​បំផ្លាញ​បរិស្ថាន ដោយ​សារ​តែ​ទំនប់​ស្ទឹងជ័យ​អារែង ។
គម្រោង​ទំនប់ ១០៩ មេហ្គាវ៉ាត់ នៅ​ជ្រលង​ភ្នំ​ស្ទឹងជ័យ​អារែង គឺ​នឹង​ត្រូវ​សាងសង់ ដោយ​ក្រុមហ៊ុន​ចិន ឈ្មោះ​សាជីវកម្ម Guodian ក្នុង​តម្លៃ ៣២៧ លាន​ដុល្លារ​។
ក្នុង​លិខិត​ឆ្លើយ​តប​មួយ ​ចុះ​ថ្ងៃ​ទី១១ ខែ​មិថុនា ដែល​ភ្នំ​ពេញ​ ប៉ុស្តិ៍​ទើប​ទទួល​បាន​កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយក​រដ្ឋ​មន្រ្តី បាន​ឲ្យ​សញ្ញា​ថា ទំនប់​ដែល​នឹង​ជន់​លិច​ព្រៃ ដែល​គេ​ការពារ​រាប់​ពាន់​ហិកតា​នៅ​កណ្តាល និង​ខាង​ត្បូង​ភ្នំក្រវាញ នឹង​នៅ​តែ​បន្ត​ទោះ​បី​មាន​ការ​តវ៉ា​ពី​លោក​ សុន ឆ័យ និង​ក្រុម​អភិរក្ស​ក៏​ដោយ​។

លោក ហ៊ុន សែន បាន​សរសេរ​ថា «​អ្នក​ជំនាញ​គ្រប់​ប្រភេទ» បាន​បំពេញ​ទស្សនកិច្ច​កន្លែង​នោះ​​ ក្នុង​អំឡុង​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន រយៈ​ពេល​ ៥ ឆ្នាំ បាន​បញ្ចប់​កាល​ពី​ឆ្នាំ​ ២០០៨ ហើយ​បាន​កំណត់​ថា ការ​បំផ្លាញ​បរិស្ថាន អាច​មាន​ការ​ថយ​ចុះ​​។ លោក បាន​សរ​សេរ​បន្ត​ថា​៖«ប៉ុន្តែ​រដ្ឋាភិបាល បាន​កត់​សម្គាល់​ ចាប់​តាំង​ពី​រដ្ឋាភិបាល បាន​ចាប់​ផ្តើម​អភិវឌ្ឍ​វារី​អគ្គិសនី នៅ​ឯ​កំចាយ គិរីរម្យ អាតៃ តាតៃ ឫស្សី​ជ្រំ​ក្រោម ទន្លេ​សេសាន​ក្រោម II ហើយ​​ដែល​រួម​មាន​ស្ទឹងជ័យ​អារែង បក្ស​ប្រឆាំង​មិន​ដែល​គាំទ្រ​គម្រោង​ទាំង​នេះ​ទេ​»។
លោក​នាយក​រដ្ឋ​មន្រ្តី ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​ពល​រដ្ឋ​ចំនួន ​២៦៣​ គ្រួសារ​ ​ដែល​បាត់​បង់​ដី​របស់​ពួក​គេ នឹង​ត្រូវ​ផ្តល់​សំណង​យ៉ាង​ត្រឹមត្រូវ ​ដោយ​ស្រប​ទៅ​នឹង​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​។
ក្រុម​អភិរក្ស បាន​ប៉ាន់​ស្មាន​ចំនួន​ពលរដ្ឋ​ដែល​នឹង​ត្រូវ​បណ្តេញ​ចេញ​មាន​ប្រមាណ​១៥០០​ គ្រួសារ ហើយ​បាន​លើក​ឡើង​នូវ​ក្តី​បារម្ភ​ជាច្រើន​ដែល​ថា គម្រោង​ ដែល​ចាត់​ទុក​ថា មិន​អាច​សម្រេច​បាន ដោយ​អ្នក​អភិវឌ្ឍកាល​ពី​មុន​ នឹង​បំផ្លាញ​តំបន់​បរិស្ថាន មួយ​ក្នុង​ចំណោម​តំបន់​បរិស្ថាន​ជា​ច្រើន​របស់​កម្ពុជា ដើម្បី​ប្រយោជន៍​តិច​តួច​។ សំណួរ​ក៏​ត្រូវ​បាន​គេ​ចោទ​ថា ហេតុ​អ្វី​បាន​ជា​ការ​វាយ​តម្លៃ​ពី​ផលល​ប៉ះពាល់​សង្គម និង​បរិស្ថាន ត្រូវ​បាន​គេ​អនុម័ត​កាល​ពី​ឆ្នាំ​២០១១​ បន្ទាប់​ពី​គម្រោង​ដែល​បាន​បន្ត​ពី​មួយ​ទៅ​មួយ ​មិន​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​?
លោក សុន ឆ័យ កាល​ពី​ថ្ងៃ​ចន្ទ បាន​ថ្លែង​ថា ការ​ឆ្លើយ​តប​នេះ បាន​បង្ហាញ​ថា លោក​នាយក​រដ្ឋ​មន្រ្តី ​មិន​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ លើ​ក្តី​បារម្ភ​អំពី​ទំនប់​នេះ​ទេ ​ប៉ុន្តែ​គ្រាន់​តែ​ជឿ​សម្តី​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ​។ លោក បញ្ជាក់​ថា​៖ «វា​មាន​សារៈ​សំខាន់​ សម្រាប់​រដ្ឋាភិបាល ដើម្បី​ពន្យល់​រឿង​នេះ​ ឲ្យ​បាន​លម្អិត​ ដល់​សភា​ ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស ដឹង​ច្បាស់​នូវ​អ្វី​ដែល​លោក​ចង់​និយាយ​ក្នុង​ន័យ​នោះ​។ ​អ្វី​ដែល​ខ្ញុំ បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​ គឺ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ដោយ​អង្គការ​ឯករាជ្យ​ជាច្រើន»។
លោក សេង ប៊ុនរ៉ា ប្រធាន​អង្គការ​អភិរក្ស​អន្តរជាតិ ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា កន្លែង​ថ្មី​មួយ ​ដែល​គេ​គ្រោង​សម្រាប់​អ្នក​ភូមិ​ដែល​នឹង​ត្រូវ​បណ្តេញ​ចេញ គឺ​ស្ថិត​នៅ​គន្លង​សត្វ​ដំរី​ ដែល​នឹង​​«​រំខាន​ដល់​ជីវិត​សត្វ​ព្រៃ​ជាច្រើន»។
លោក បញ្ជាក់​ថា​៖ «ជ្រលង​ភ្នំ​អារែង​នេះ សម្បូរ​ទៅ​ដោយ​ជីវចម្រុះ​ហើយ​ប្រសិន​បើ​ទំនប់​ជ្រលង​ភ្នំ​អារែង​នេះ​ ត្រូវ​គេ​សាង​សង់ មិន​ត្រឹម​តែ​សត្វ​ព្រៃ​ប៉ុណ្ណោះ​ទេ ដែល​រង​ការ​បំផ្លាញ ប៉ុន្តែ​វា​ក៏​ប៉ះពាល់ ដល់​សហគមន៍​ផង​ដែរ ហើយ​ខ្ញុំ គិត​ថា បើ​ប្រៀប​ធៀប​នឹង​ទំនប់​តាតៃ​វិញ ផល​ប៉ះ ពាល់​មាន​ច្រើន​ណាស់​»៕

No comments:

Post a Comment

yes