សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

តុលាការ​ខេត្ត​កណ្តាល​កោះ​ហៅ​ប្រធាន CATU ឲ្យ​ចូល​មក​បំភ្លឺ​បណ្តឹង​ថៅកែ​រោងចក្រ តៃ យ៉ាង

120711_08
ក្រុមកម្មករ​រោង​ចក្រ​ តៃ​ យ៉ាង ​ផ្តុំ​គ្នា​ធ្វើ​​កូដ​កម្ម​មុ​ខរោង​ចក្រ​ទាំង​កណ្តាល​ថ្ងៃ
ភ្នំពេញៈ រោងចក្រ តៃយ៉ាង​ ដែល​ជា​រោងចក្រ​ផ្គត់ផ្គង់​ឲ្យ​ស្លាក​យីហោ​ក្រុមហ៊ុន​បញ្ជា​ទិញ Levis និង​ក្រុមហ៊ុន Gap បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ប្រឆាំង​នឹង​ប្រធាន សម្ព័ន្ធ​សហជីព​កម្ពុជា​(CATU)​ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស ដឹក​នាំ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ។
លោក អ៊ូ ម៉េងហួរ ប្រធាន​គ្រប់គ្រង​រដ្ឋបាល​រោងចក្រ តៃ យ៉ាង បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​ម្សិលមិញ​ថា អគ្គនាយក​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល​តាំង​ពី​ថ្ងៃ​ទី​២៥​មិថុនា ជា​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​កូដកម្ម។
លោក​បាន​ថ្លែង​បញ្ជាក់​ថា៖ «លោក​ KiKi Wang អគ្គនាយក​ក្រុមហ៊ុន​នេះ​បាន​ដាក់​ពាក្យ​ប្ដឹង​ប្រធាន​ CATU ដែល​បាន​ដឹក​នាំ​កម្មករ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ធ្វើ​ឲ្យ​រោងចក្រ​ខាត​បង់​ប្រាក់​ចំណូល​ច្រើន​នៅ​ក្នុង​កិច្ចការ​ជំនួញ​របស់​យើង​រហូត​ដល់​ជាង​១​ម៉ឺន​ដុល្លារ ក្នុង​មួយ​ថ្ងៃៗ»។
លោក អ៊ូ ម៉េងហួរ បាន​ថ្លែង​ ពី​ម្សិលមិញ​ថា មាន​កម្មករ​៧៥​ភាគរយ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ហើយ ខណៈ​មាន​កម្មករ​ជាង​ទៀត​នៅ​បន្ត​ធ្វើ​កូដកម្ម។

លោក​បាន​ថ្លែងថា៖ «នៅ​ក្នុង​រោងចក្រ​យើង​ មាន​កម្មករ​សរុប​ចំនួន​៤ ៥០០​នាក់​ ហើយ​រហូត​មក​ដល់​ថ្ងៃ​នេះ​មាន​កម្មករ​ស្ទើរ​តែ​ទាំងអស់​បាន​ត្រឡប់​មក​កន្លែង ធ្វើ​ការ​ពួក​គេ​វិញ ដូច្នេះ​មាន​កម្មករ​តែ​ជាង​១០០​នាក់​ប៉ុណ្ណោះ​ កំពុង​ធ្វើ​កូដកម្ម​នៅ​ឡើយ។ អ្វី​ដែល​មេ​សហជីព​បាន​និយាយ​ថា មាន​កម្មករ​រាប់​ពាន់​នាក់​ធ្វើ​កូដកម្ម​នោះ​គឺ​មិន​ត្រូវ​ទេ ហើយ​ពួក​គេ​បាន​ចោទ​ប្រកាន់​យើង​ថា បាន​រំលោភ​សិទ្ធិ​កម្មករ​ និង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​នោះ​ក៏​មិន​ត្រឹម​ត្រូវ​ដែរ»។
លោក អ៊ូ ម៉េងហួរ បាន​ថ្លែង​ទៀត​ថា ក្រុមហ៊ុន​លោក​មិន​ដែល​មាន​បញ្ហា​ទេ តែ​ផ្ទុយ​ទៅ​វិញ​ គឺ​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ ប្រធាន CATU ឯណោះ​វិញ​ទេ​ដែល​បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ធ្វើ ឲ្យ​ក្រុមហ៊ុន​ខាត​បង់​ប្រាក់​ជា​ច្រើន។
លោក អ៊ូ ម៉េងហួរ បាន​លើក​ឡើង​ថា៖«យើង​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​គាត់ ព្រោះ​គាត់​បាន​ញុះញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ខុស​ច្បាប់។ គាត់​បាន​និយាយ​ថា ក្រុមហ៊ុន​យើង​ប្ដូរ​ឈ្មោះ និង​ថៅកែ តែ​តាម​ពិត​យើង​មិន​បាន​ប្ដូរ​ទេ។ នោះ​គឺជា​វិធី​ដែល​គាត់​បាន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​ហើយ»។
លោក​បាន​ថ្លែង​ថា ក្រុមហ៊ុន​លោក​បាន​ផ្ដល់​ប្រាក់​ខែ​ដល់​កម្មករ​ច្រើន​ជាង​រោងចក្រ​ផ្សេង​ ទៀត​ដែល​បាន​ផ្ដល់​ប្រាក់​ខែ​ត្រឹម​តែ​៦១​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែៗ ​ ចំណែក​ក្រុមហ៊ុន​យើង​វិញ ​គឺ​ផ្ដល់​រហូត​ដល់​ ៧០​ដុល្លារ​ ក្នុង​មួយ​ខែៗ ព្រម​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ច្រើន​ទៀត។
ក្រុម​មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល​បាន​ផ្ញើ​ដីកា​កោះ​មាន​ចុះ​ហត្ថលេខា​ដោយ​តំណាង​អយ្យការ សុន សុខាលីដា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពីថ្ងៃ​ម្សិលមិញ ឲ្យ​ប្រធាន CATU ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បំភ្លឺ​លើ​ពាក្យ​បណ្ដឹង​របស់​អគ្គ​នាយក​រោងចក្រ តៃ យ៉ាង ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ និង​បទ​បរិហារកេរ្តិ៍។
ក្នុង​ដីកា​កោះ​នោះ​បង្គាប់​ថា៖ «យើង​ សុន សុខា​លីដា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល អញ្ជើញ​អ្នក​ស្រី យ៉ាង សុភ័ណ្ឌ អាយុ​៣០​ឆ្នាំ​ឲ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១១​កក្កដា​នៅ​ ម៉ោង​៩​ព្រឹក ​ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ពាក្យ​បណ្ដឹង​របស់​លោក KIKI WANG ដែល​បាន​ប្ដឹង​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ដោយ​ឲ្យ​កម្មករ ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់ និង​បរិហារកេរ្តិ៍​ក្រុមហ៊ុន​ជា​សាធារណៈ»។
ដីកា​កោះ​នេះ​គូស​បញ្ជាក់​ដែរ​ថា សាមីជន​ដែល​ពាក់ព័ន្ធ​ត្រូវ​ចូល​បង្ហាញ​ខ្លួន​ទៅ​តាម​ពេល​កំណត់ និង​នាំ​យក​សំណុំ​ឯកសារ​ពាក់ព័ន្ធ​មក​ជាមួយ​ផង។
អ្នក​នាង​ យ៉ាង​ សុភ័ណ្ឌ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​មាន​ប្រសាសន៍​ពីថ្ងៃ​ម្សិលមិញ​ថា គាត់​មិន​អាច​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ​បាន​ទេ​នៅ​ថ្ងៃ​នោះ ​ព្រោះ​គាត់​ត្រូវ​ដឹក​នាំ​កម្មករ​នាំ​យក​ញត្តិ​ទៅ​ដាក់​ជូន​លោក​នាយក​រដ្ឋ មន្ត្រី​ ហ៊ុន សែន។
អ្នក​នាង​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ជម្រាប​ជូន​ទៅ​មន្ត្រី​តុលាការ​រួច​ហើយ​ពី​ការ​ប្ដូរ​កាល បរិច្ឆេទ​នេះ។ ខ្ញុំ​នឹង​ចូល​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​១៧​កក្កដា ខាង​មុខ​នេះ​វិញ»។
អ្នកនាង សុភ័ណ្ឌ ​ថ្លែង​ថា អ្នក​នាង​គ្មាន​ព្រួយបារម្ភ​ ឬ​ភ័យ​ខ្លាច​ពី​ពាក្យ​បណ្ដឹង​នេះ​ទេ ព្រោះ​កម្មករ​បាន​ស្នើ​ឲ្យ​សហ​ជីព​ជួយ​ពួក​គេ ដូច្នេះ​គាត់​មាន​សិទ្ធិ​ជួយ​ពួក​គេ។
អ្នក​នាង​បញ្ជាក់​ដែរ​ថា ៖ «ពួក​គេ​បាន​ផ្ញើ​លិខិត​ឲ្យ​ខ្ញុំ​ ដើម្បី​ជួយ​ពួក​គេ​តាម​នីតិវិធី​ច្បាប់​ ដែល​ខ្ញុំ​មាន​ភារកិច្ច​ត្រូវ​ជួយ​ដល់​កម្មករ កម្មការិនី​ទាំងអស់ ។ ខ្ញុំ​មិន​បាន​ញុះញង់​ពួក​គេ​ឲ្យ​គេ​ធ្វើ​នោះ​ទេ តែ​ពួក​គេ​ធ្វើ​ដោយ​ខ្លួន​ឯង​។ ខ្ញុំ​ក៏​បាន​ជម្រាប​ទៅ​ដល់ រោងចក្រ​តាម​ច្បាប់​ការងារ​ផង​ដែរ អំពី​ការ​ធ្វើ​កូដកម្ម​នេះ»។ អ្នក​នាង​បាន​បន្ថែម​ថា រោងចក្រ​មាន​លុយ​ ដូច្នេះ ​ពួក​គេ​អាច​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​គេ​បាន​។
សម្ព័ន្ធ CATU ​និង​សហព័ន្ធ​សហជីព​កម្ពុជា​(CCU)​បាន​ដើរ​ក្បួន​ធ្វើ​កូដកម្ម​នៅ ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​នាំ​យក​ញត្តិ​ទៅ​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ខណៈ​គណៈ​កម្មាធិការ​ប្រឹក្សា​ការងារ​នៅ​ក្រសួង​ការ​ងារ​ ​កំពុង​ពិភាក្សា​ពី​អត្ថ​ប្រយោជន៍​សម្រាប់​កម្មករ​ទូទាំង​ប្រទេស​​​នៅឯ​​ក្រ ​សួង​ការងារ​៕ PN

No comments:

Post a Comment

yes